ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ១ ៥០០ លានរៀល សម្រាប់ផ្គត់ផ្គង់ដល់ខេត្តចំនួន ៤ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីទំនុកបម្រុងដល់ពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តទាំងនោះ។ ស្របពេលជាមួយគ្នានេះដែរយុទ្ធនាការចាក់វ៉ាក់សាំងរហូតមកដល់ពេលនេះបានចំនួន ៥ ថ្ងៃដែលមានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ១៩ ចំនួនជាង ៧ ០០០ នាក់។
នៅថ្ងៃម្សិលមិញនេះដែរ ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌បានប្រជុំពិភាក្សាក្នុងការពិនិត្យកែសម្រួលអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរីករាលដាលជាអន្តរជាតិនៃជំងឺកូវីដ ១៩ នៅតាមច្រកចេញចូលទៅតាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃម្សិលមិញថា ខេត្តចំនួន ៤ នៅជាប់នឹងព្រំដែនកម្ពុជា-ថៃត្រូវបានផ្តល់ថវិកា និងសម្ភាររួមនឹងស្បៀងបន្ថែមសម្រាប់រៀបចំធ្វើចត្តាឡីស័កដល់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។
លោកស្រីបញ្ជាក់ថា ថវិកាដែលលោកនាយករដ្ឋមន្ត្រីផ្តល់ជូនមានចំនួន ១ ៥០០ លានរៀល និងសម្ភារមួយចំនួនទៀត សម្រាប់ផ្តល់ជូនខេត្តបាត់ដំបងចំនួន ៣០០ លានរៀល, ទឹកសុទ្ធ ១ ០០០ កេស និងមីកញ្ចប់ ១ ០០០ កេស, ខេត្តបន្ទាយមានជ័យចំនួន ៣០០ លានរៀល និងកញ្ចប់សម្ភារចំនួន ១ ០០០ សម្រាប់, ខេត្តឧត្ដរមានជ័យចំនួន ៤០០ លានរៀល, កញ្ចប់សម្ភារ ៥០០ សម្រាប់ និងទឹកសុទ្ធ ១ ០០០ កេស និងខេត្តប៉ៃលិនចំនួន ៥០០ លានរៀល, ទឹកសុទ្ធ ១ ០០០ កេស និងមីកញ្ចប់ចំនួន ១ ០០០ កេស។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងផងដែរថា អ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនមានចំនួនជាង ២ ០០០ នាក់ ក្នុងរយៈពេល ៥ ថ្ងៃ។
លោកស្រី ឱ វណ្ណឌីន បានប្រាប់ថា សរុបអ្នកស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ ១៩ ចាប់ពីថ្ងៃទី ១០ ដល់ ១៥ ខែកុម្ភៈ មានចំនួន ២ ៦៧៨ នាក់ ក្នុងនោះមនុស្សចំនួន ៥៥៦ នាក់ ត្រូវបានបដិសេធ ដោយសារបញ្ហាសុខភាពរបស់ពួកគេ។
យោងតាមតួលេខរបស់ក្រសួងការពារជាតិបានឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ មានកម្លាំងប្រដាប់អាវុធចំនួន ៤ ៩៦៩ នាក់ បានចាក់វ៉ាក់សាំងកូវីដ ១៩ ដោយក្នុងនោះមានទាហាន កងរាជអាវុធហត្ថ និងនគរបាលជាតិ។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យចំនួន ៥ សម្រាប់ចាក់វ៉ាក់សាំងកូវីដ ១៩ ស៊ីណូហ្វាមមាន មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យព្រះកេតុមាលា។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងទៅដល់ពលករខ្មែរទាំងអស់នៅក្នុងប្រទេសថៃ មិនត្រូវលួចឆ្លងដែនដោយខុសច្បាប់ចូលក្នុងប្រទេសកម្ពុជា ដែលអាចប្រឈមនឹងហានិភ័យខ្ពស់ចំពោះអាយុជីវិតខ្លួនឯង និងអាចនាំជំងឺឆ្លងចូលទៅក្នុងប្រទេសកម្ពុជា ផងដែរ។
ស្ថានទូតបានបន្តថា៖ «ពលករត្រូវអនុវត្តការធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត បើមានការចាំបាច់ចូលប្រទេសកម្ពុជា។ ករណីគេចវេះមិនធ្វើចត្តាឡីស័កនឹងត្រូវទទួលពិន័យជាប្រាក់ ១ លានរៀល ឬលើសពីនេះ និងទទួលការផ្តន្ទាទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន»។
ស្ថានទូតកម្ពុជាក៏បានស្នើឱ្យពលករខ្មែរទាំងអស់ត្រូវចូលរួមសហការផ្តល់ព័ត៌មានដល់ស្ថានទូតនៅទីក្រុងបាងកក ស្ថានអគ្គកុងស៊ុលនៅខេត្តស្រះកែវ ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងមេខ្យល់ដែលសន្យានាំពួកគេឆ្លងដែនចេញ-ចូលខុសច្បាប់តាមបណ្តាច្រកព្រំដែនកម្ពុជា-ថៃ។
យោងតាមមន្ត្រីនៃក្រសួងយុត្តិធម៌បានឱ្យដឹងថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចូលរួមកិច្ចប្រជុំបន្ទាន់ជាមួយតំណាងក្រសួងសុខាភិបាល ដែលដឹកនាំដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ និងកែសម្រួលអនុក្រឹត្យស្តីពីវិធានសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។ លទ្ធផលនៃកិច្ចប្រជុំនេះមិនទាន់ត្រូវបានបង្ហាញនៅឡើយកាលពីម្សិលមិញ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោកស្រី យក់ សម្បត្តិ កាលពីម្សិលមិញមិនអាចទាក់ទងសុំការអធិប្បាយបានទេអំពីកិច្ចប្រជុំនោះ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួង ២ គឺក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ឱ្យធ្វើការរៀបចំធ្វើវិសោធនកម្មអនុក្រឹត្យលេខ ១២៩ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដោយលោកឱ្យបង្កើននូវចំនួនប្រាក់ផាកពិន័យឱ្យបានខ្ពស់ជាងមុនផងដែរទៅលើអ្នកដែលគេចចេញពីការធ្វើចត្តាឡីស័ក៕