ភ្នំពេញ: លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រកាស​ផ្ដល់​ថវិកា​សរុប​ចំនួន ៨៣ ​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​ការបន្ត​ការសាងសង់​​អគារ​កម្ពស់​ ១២ ​ជាន់​ដែល​មន្ទីរពេទ្យ​នេះ​កំពុង​ដំណើរការ​សាងសង់​បាន ១៧ ​ភាគរយ​លើ​គម្រោង​ដែល​មាន​ស្រាប់​ ៣៩ ​លាន​ ៧ ​សែន​ដុល្លារ ហើយ​នឹង​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យបង្អែក​របស់​ជាតិ​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ថវិកា​សប្បុរសជន​ចំនួន​ ៥៣ ​លាន​ដុល្លារ​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាលម៉ែត​ឱ្យ​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​បង្អែក​របស់​ជាតិ​កម្ពុជា ហើយ​ថវិកា​ ៣០ ​លាន​ដុល្លារ​ថែម​ទៀត​ សម្រាប់​សាងសង់​។

លោក ហ៊ុន សែន បាន​ថ្លែង​នៅលើ​គេហទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ថា​៖ «៣ ​ថ្ងៃ​រួច​មក​ហើយ​ដែល​ខ្ញុំ​មក​កំដរ​ម្តាយក្មេក​ខ្ញុំ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដែល​ខ្ញុំ​ពិនិត្យ​ឃើញ​ថា មន្ទីរពេទ្យ​នេះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការពិនិត្យ និង​ព្យាបាល​ជូន​ប្រជាជន ប៉ុន្តែ​មន្ទីរពេទ្យ​ក៏ដូចជា​ក្រសួង​សុខាភិបាល​ខ្វះ​លទ្ធភាព​ខាង​ថវិកា​សម្រាប់​ការសាងសង់​អគារ​ថ្មី និង​ទិញ​សម្ភារ​សម្រាប់​បំពាក់​ទាំង​អគារ​ថ្មី​ និង​អគារ​ដែល​មាន​រួច​មក​ហើយ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ខ្ញុំ​សូម​អរគុណ និង​កោតសរសើរ​ចំពោះ​វេជ្ជបណ្ឌិត​គ្រូពេទ្យ​គ្រប់​ជំនាញ និង​បុគ្គលិក​នៅ​ក្នុង​មន្ទីរពេទ្យ​ទាំងអស់​ដែល​បាន​បំពេញ​ការងារ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និង​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​។ បើទោះ​ជា​ជីវិត​ម្តាយក្មេក​ខ្ញុំ​ដែល​កំពុង​ស្ថិត​ក្នុងដំណាក់កាល​សង្គ្រោះបន្ទាន់​វិវឌ្ឍ​ទៅកាន់​ស្ថានភាព​បែបណា​ក៏ដោយ​ក៏​ពួកយើង​ខ្ញុំ​ជា​កូន​ជា​ចៅ ចៅទួត​អស់ចិត្ត​ដែរ​ព្រោះ​បើ​មិន​មាន​គ្រូពេទ្យ​ខ្មែរ​ដ៏​ពូកែ​ជួយ​ទាន់​ពេលវេលា​ទេ​ម្ល៉េះ​សម​ម្តាយក្មេក​ខ្ញុំ​បាន​លាចាក​លោក​នេះ​តាំង​ពីថ្ងៃ​ម្សិលមិញ​មក​ម្ល៉េះ​ព្រោះ​នៅឯ​គេហដ្ឋាន​របស់​ខ្ញុំ​បាន​រៀបចំ​​រួចរាល់​ហើយ​សម្រាប់​បុណ្យសព​ម្តាយក្មេក​ខ្ញុំ តែ​ដោយសារ​ភាព​ជំនាញ​របស់​គ្រូពេទ្យ​នោះ​ហើយ​ដែល​ធ្វើឱ្យ​ម្តាយក្មេក​ខ្ញុំ​បន្ត​រស់នៅ​ជាមួយ​កូនចៅ​មួយរយៈ​ទៀត​»​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ​បាន​ថ្លែង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការផ្ដល់​ជំនួយ​សម្រាប់​សាងសង់​មន្ទីរពេទ្យ ប៉ុន្ដែ​លោកស្រី​បាន​សរសេរ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សុខាភិបាល​ថា លោកស្រី​បាន​មក​ប្រើប្រាស់​សេវា​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ដោយ​មាន​ការជឿជាក់​លើ​សមត្ថភាព​ជំនាញ​នៃ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​នេះ​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវ:​ពេទ្យ​។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀតថា​៖​ «​ខ្ញុំ​នឹង​បន្ត​ប្រើប្រាស់​សេវា​ផ្តល់​ដោយ​ក្រុមគ្រូពេទ្យ​ខ្មែរ​ជា​បន្តទៀត ហើយ​ក្នុង​ពេល​សម្រាក​ព្យាបាល ខ្ញុំ​ក៏បាន​ពិនិត្យឃើញ​ផងដែរ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ជាច្រើន​កុះករ​បាននិង​កំពុង​ប្រើប្រាស់​សេវា​នៅ​មន្ទីរពេទ្យ​នេះ ដែល​បានបង្ហាញ​ពី​ទំនុកចិត្ត​របស់​បងប្អូន​យើង​លើ​សមត្ថភាព​ក្រុមគ្រូពេទ្យ​ខ្មែរ​យើង​»​។

លោក ឡូ វាសនាគិរី ប្រធាន​នាយកដ្ឋាន​ផែនការ និង​ព័ត៌មាន​នៃ​ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការផ្ដល់​ជំនួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោក វាសនាគិរី ថ្លែង​ថា​៖ «​ខ្ញុំ​កំពុង​រវល់​ខ្លាំងណាស់​»​។

លោក ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត​ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​៕

វីដេអូ៖