ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​ថា ដរាប​ណា​លោក​នៅ​មាន​វត្តមាន​គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​រដ្ឋ​ប្រហារ ជា​ដាច់​ខាត​និង​ដាក់​បញ្ជា​ឲ្យ​កម្លាំង​ទាំង​អស់​ត្រូវ​កម្ទេច​ចោល​បដិវត្តន៍​ពណ៌ ក្រុម​ឧទ្ទាម និង​អំពើ​ទាំង​ឡាយ​ដែល​ចង់​ប្លន់​អំណាច​ដោយ​មិន​គោរព​រដ្ឋ​ធម្មនុញ្ញ ដោយ​មិន​ចាំបាច់​មាន​បទ​បញ្ជា​នោះ​ឡើយ ដែល​ការ​ប្រកាស​បែប​នេះ ខណៈ​លោក​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប ២០ ឆ្នាំ​នៃ​ការ​បង្កើត​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​កាល​ពី​ម្សិលមិញ។

ថ្លែង​ក្នុង​ឯកសណ្ឋាន​កងទ័ព​ជាមួយនឹង​ផ្កាយ​មាស ៥ នាយ​ឧត្តម​សេនីយ៍​ផុត​លេខ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់​នៅ​មុខ​មន្ត្រី​ជាន់​ខ្ពស់ តំណាង​អង្គទូត​នានា នាយ​ទាហាន ពល​ទាហាន រាប់ពាន់​នាក់ ដោយ​មាន​ការ​ដាក់​បង្ហាញ នូវ​គ្រឿង​សព្វាវុធ​ទំនើបៗ​ជាច្រើន​នោះ ថា កងទ័ព​ទាំង​អស់​ត្រូវ​តែ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​វាយ​កម្ទេច​ចោល​នូវ​បដិវត្តន៍​ពណ៌ ក្រុម​ឧទ្ទាម​ដែល​ចង់​បំផ្លាញ​ចោល​នូវ​រដ្ឋ​ធម្មនុញ្ញ និង​របប​ប្រជាធិប​តេយ្យ នៅ​កម្ពុជា​ឲ្យ​ទាន់​ពេល​វេលា និង​ត្រូវ​កម្ទេច​ចោល​អំពើ​ទាំង​ឡាយ​ដែល​ចង់​ប្លន់​អំណាច ដោយ​មិន​គោរព​រដ្ឋ​ធម្មនុញ្ញ ដោយ​មិន​ចាំបាច់​មាន​បទ​បញ្ជា​នោះ​ឡើយ។

លោក​បញ្ជាក់ថា៖ «កម្លាំងប្រដាប់អាវុធ​មា​នភារ​កិច្ចការពារ​រ​ដ្ឋ ដូច​នេះ​មិន​មាន​ពាក្យ​អព្យាក្រឹត​ជាមួយ​ពួក​ឧទ្ទាម ទាំង​ឧទ្ទាម​ក្នុង​ព្រៃ និង​ឧទ្ទាម​ទីក្រុង​នោះ​ទេ។ យើង​ត្រូវ​តែ​កម្ទេច​កម្ចាត់​ចោល​ជា​បន្ទាន់​ដោយ​មិន​ចាំបាច់រង់ចាំ​បទ​បញ្ជា​នូវ​ទង្វើ​ណា​ក៏ដោយ ដែល​ប៉ុនប៉ង​ដណ្តើម​អំណាច ក្រៅ​ប្រព័ន្ធ​ប្រជាធិប​តេយ្យ ក្រៅ​ការ​បោះឆ្នោត ដែល​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ»។

លោក​បន្ថែមថា ការបង្កើតឡើង​នូវ​កងកម្លាំង​ប្រដាប់​អាវុធ​ក៏​ដូចជា​រដ្ឋបាល​គ្រប់​ជាន់​ថ្នាក់​គឺ​សំដៅ​ដើម្បី​ការពារ​រដ្ឋ ដូច្នេះ​មិន​ត្រូវ​ទុក​ឲ្យ​អ្នក​ណាមួយ​មក​បំផ្លាញ​រដ្ឋ​នោះ​ទេ។ កងទ័ព​អាច​អព្យា​ក្រឹត​បាន​ជា​មួយ​បក្ស​នយោបាយ និង​បក្ស​នយោបាយ ហើយ​កងទ័ព​ត្រូវ​តែ​អព្យាក្រឹត​ជាមួយ​រាជ​រដ្ឋាភិបាល តែ​មិន​អព្យាក្រឹត​ជាមួយ​ក្រុម​ឧទ្ទាម​ទេ។

លោក​ក៏បាន​សំដៅទៅ​ប្រទេស​បារាំង​ថា សូម្បីតែ​បារាំង​ក៏​បញ្ចេញ​កម្លាំង​ទប់​ស្កាត់​ក្រុម​អា​វកាក់​ពណ៌​លឿង​ថែម​ទៀត​ផង ហើយ​លោក​ចោទ​សួរថា ហេតុអ្វី​បារាំង​អាច​ធ្វើ​បាន? ហេតុអ្វី​កម្ពុជា​ធ្វើ​មិន​បាន ហើយ​ថា ប្រទេស​ខ្លះ​យក​កម្លាំង​ប្រដាប់​អាវុធ​ទៅ​ដណ្តើម​អំណាច? ចុះ​កម្ពុជា​ប្រើ​កងទ័ព​ការពារ​រដ្ឋាភិបាល ហេតុអ្វី​ធ្វើ​មិន​បាន? និង​បាន​អំពាវនាវ​ដល់​កងទ័ព​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រជាជន​ស្រក់​ទឹក​ភ្នែក​នោះ​ទេ ត្រូវ​រក្សា​ភាព​ស្អាតស្អំ ភាព​ថ្លៃថ្នូរ​របស់​កងទ័ព។

ការដាក់​បញ្ជា​នេះ​ធ្វើឡើង ខណៈដែល មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែល​មាន​និន្នាការ​ទៅ​ខាង​លោក​សម រង្ស៊ី បាន​រៀបចំ​ផែនការ​ត្រៀម​ទៅ​ទទួល​ដំណើរ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មក​កម្ពុជា​វិញ។

ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បាន​ទម្លាយ អំពី​ការ​គំរាម​ប៉ុនប៉ង​ទម្លាក់​រូប​លោក​ពី​តំណែង តាមរយៈ​ការ​ចាប់​ឃុំ​រូប​លោក និង​នាយ​ឧត្តម​សេនីយ៍​ប៉ុល សារឿន កាល​ពី​ថ្ងៃទី២ ខែ​មិថុនា ឆ្នាំ ១៩៩៣ ក្នុង​ផ្ទះ​របស់​អ្នក​ដទៃ ហើយ​លោក​អះអាង​ថា ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម លោក​បាន​ប្រាប់​អ្នក​ចាប់​រូប​លោក​ថា លោក​សុខចិត្ត​ចុះ​ចេញ​ពី​តំណែង ហើយ​ឲ្យ​គេ​ធ្វើជា​នាយក​រដ្ឋមន្ត្រី​ជំនួស​រូប​លោក ដោយ​ពួកគេ​មិន​ព្រម​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់។

លោក​បន្តថា​នៅ​ឆ្នាំ១៩៩៤ ក៏មាន​ការប៉ុនប៉ង​ទម្លាក់​រូបលោក​ចេញ​ពី​នាយក​រដ្ឋមន្ត្រី​ម្តង​ទៀត ហើយ​ថា តាមរយៈ ការ​ប៉ុន​ប៉ង​ទាំង​នោះ​ធ្វើ​ឲ្យ​លោក​ពិចារណា និង​រៀបចំ​ផែនការ​ទប់ទល់ និង​ពង្រឹង​រចនា​សម្ព័ន្ធ​កងទ័ព។ លោក​ថា៖ «បញ្ហា​នេះ​ជា​បញ្ហា​ដែល​ខ្ញុំ​ទម្លាយ​អាថ៌​កំបាំង ហើយ​ពាក់ព័ន្ធ​បញ្ហា ដែល​ខ្ញុំ​ត្រូវ​តែ​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ក្នុង​ដំណាក់​កាល​ដែល​ហ៊ុន សែន កាន់​អំណាច​មិន​អនុញ្ញាត​ឲ្យ​មាន​រដ្ឋ​ប្រហារ​កើត​ឡើង​នោះ​ទេ»។

ស្រដៀង​គ្នា​នេះ លោក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុងការ​អនុវត្ត​ឲ្យ​បាន​ជោគ​ជ័យ​ទៅ​តាម​ផែនការ​កំណែ​ទម្រង់ និង​យុទ្ធសាស្ត្រ ដោយ​ប្តេជ្ញា​វាយ​កម្ទេច​រាល់​ការ​ឃុប​ឃិត​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព និង​ឧបាយកល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​លើ​ទឹកដី​កម្ពុជា។

កងទ័ព និងសព្វាវុធដែលចូលរួមបង្ហាញក្នុងពិធីខួប ២០ ឆ្នាំនៃកងទ័ពជើងគោក ម្សិលមិញ។ ហេង ជីវ័ន

លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ប្តេជ្ញា​រក្សា​ភាពស្មោះ​ត្រង់​ដាច់ខាត​ចំពោះ​ជាតិ សាសនា ព្រះមហា​ក្សត្រ និង​ប្តេជ្ញា​ការពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​ព្រះ​មហា​ក្សត្រ ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ការពារ​សុខ​សន្តិភាព អធិបតេយ្យ​ភាព បូរណភាព​ទឹកដី​ឲ្យ​បាន​ស្ថិត​ស្ថេរ​រឹងមាំ​ជា​អមតៈ។

លោក​ថ្លែង​ថា អនុវត្ត​ឲ្យ​បាន​នូវ​កម្មវិធី​នយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល ជាពិសេស បាវចនា ២ គឺ​កែ​ទម្រង់​ខាង​ក្នុង​បង្កើន​មិត្ត​ខាង​ក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ និង​អភិក្រម​ទាំង ៥ គឺ​មុជទឹក ដុស​ក្អែល ឆ្លុះ​កញ្ចក់ ព្យាបាល និង​វះកាត់។ បង្កើន​ការ​សាមគ្គី​ភាព ឯកភាព​ផ្ទៃក្នុង គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​រដ្ឋ សារាចរ សេចក្តី​ណែនាំ សេចក្តី​សម្រេច បទ​បញ្ជា និង​បទ​វិន័យ​ទូទៅ​របស់​កង​យោធ​ពល​ខេមរភូមិន្ទ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។

លោក​ ម៉ា​ណែ​ត ប្តេជ្ញា​ថា៖ «ប្តេជ្ញា​វាយកម្ទេច​រាល់​ការឃុបឃិត​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព ឧបាយកល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​លើ​ទឹកដី​កម្ពុជា និង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ»។

កងទ័ពជើងគោក​មាន​កំណើត រួម​ជាមួយ​នឹង​ថ្ងៃ​បង្កើត​កងយោធពល​ខេមរភូមិន្ទ តាំង​ពី​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ ១៩៥៣ តែ​មិន​ធ្លាប់​មាន​បញ្ជា​ការដ្ឋាន​សម្រាប់​ដឹកនាំ​បញ្ជា​នោះ​ទេ រហូត​ដល់​ថ្ងៃទី ២៤ ខែ​មករា ឆ្នាំ ១៩៩៩ ទើប​មាន​ការ​បង្កើត​នូវ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នេះ ដែល​ស្រប​ទៅ​តាម​គោល​នយោបាយ​ក្នុង និង​ក្រៅ​ប្រទេស​របស់​កម្ពុជា គឺ​ការ​សមាហ​រណ​កម្ម​កម្ពុជា​ទៅ​ក្នុង​សហគមន៍​ក្នុង​តំបន់ និង​ពិភពលោក។

របាយការណ៍​បង្ហាញថា ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើង​គោក​នាគ្រា​នោះ គឺជា​ពេល​វេលា​មួយ​ដ៏​លំបាក​ស្មុគ​ស្មាញ​ជាទី​បំផុត ដោយសារ​ពេល​នោះ កម្ពុជា​ទើប​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល ២៦ ថ្ងៃ ក្រោយ​ការ​អនុវត្ត​ដោយ​ជោគ​ជ័យ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ នា​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ជា​ថ្ងៃ​ដែល​កម្លាំង​ជម្លោះ​គ្រប់​ភាគី​ទាំង​អស់​បាន​វិល​មក​រួម​រស់​ជាមួយ​សង្គម​ជាតិ​វិញ។ ដោយ​កម្លាំង​ជម្លោះ​គ្រប់​ភាគី​ត្រូវ​បាន​សមា​ហរណ​កម្ម​បញ្ចូល​គ្នា​នៅ​ពេល​នោះ ធ្វើ​ឲ្យ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​មាន​រចនា​សម្ព័ន្ធ​ចាត់​តាំង និង​យោធិន​ជិត ១១ ម៉ឺន​នាក់ និង​មាន ៦ យោធ​ភូមិភាគ ១៨ ក្បាល​កងពល​ធំ ៥ កងពល​តូច ៤ កងវរ​សេនា​ធំ ៤ កង​វរសេនា​តូច ព្រម​ទាំង​មាន ២៤ តំបន់​សឹក​រង​ខេត្ត-ក្រុង និង​អង្គភាព​ទ័ព​ជំនាញ​ចំណុះ ជាច្រើន​ទៀត។ ទោះបី​ជា​កាលៈ​ទេសៈ​នោះ មាន​ការ​ជួប​បញ្ហា​លំបាក ភាព​ស្មុគ​ស្មាញ និង​កង្វះ​ខាត​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​អ្វី​ដែល​ជា​សមិទ្ធផល​រួម​ដ៏​ធំធេង​នា​ពេលនោះ គឺ​សន្តិភាព ឯកភាព​ជាតិ ក្រោម​រដ្ឋ​ធម្មនុញ្ញ​តែ​មួយ រាជ​រដ្ឋាភិបាល​តែ​មួយ និង​កងទ័ព​តែ​មួយ។

ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លងទៅនេះ បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក សម្រេច​បាន​សមិទ្ធផល​សំខាន់ៗ​មួយ​ចំនួន ដូចជា ការងារ​កំណែ​ទម្រង់ ការងារ​ចាត់​តាំង ការងារ​ដឹកនាំ​បញ្ជា ការងារ​ហ្វឹកហ្វឺន និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ការងារ​អប់រំ​ចិត្ត​សាស្ត្រ យេនឌ័រ និង​គោល​នយោបាយ ការងារ​ធានា និង​ការ​អភិវឌ្ឍ ការងារ​មនុស្ស​ធម៌ និង​កិច្ច​សហការ​ការពារ​សណ្តាប់​ធ្នាប់ និង​ចុង​ក្រោយ កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ដែល​ចំណុច​នេះ បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ទាំង​ក្នុង​តំបន់ និង​សកល​លោក ដែល​ជា​កិច្ចការ​អាទិភាព​មួយ​របស់​កង​យោធ​ពល​ខេមរភូមិន្ទ សំដៅ​ពង្រីក​ដៃគូ​សន្តិសុខ​ក្នុង​តំបន់ និង​អន្តរជាតិ តាមរយៈ​យន្តការ​ទេ្វ​ភាគី និង​ពហុ​ភាគី​ក្នុង​ជំហរ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា ឬ​មនោគមន៍​វិជ្ជា ដោយ​ឈរ​លើ​គោល​ការណ៍​គោរព​អធិបតេយ្យ​ភាព និង​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ជា​ដៃគូ។

លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា ការ​លើក​ឡើង​របស់ លោក​ ហ៊ុន សែន មិន​មែន​ជាការ​គំរាម​បក្ស​ណាមួយ​នោះ​ទេ។ លោក​ថា៖ «នេះ​គឺជា​ការ​ផ្ញើសារ​ទៅ​កាន់​ជន​ទាំង​ឡាយ​ណា​ដែល​មាន​គំនិត​ទុច្ចរិត​ណាមួយ​ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត»។

អ្នកវិភាគ​នយោបាយ​លោក​ មាស នី និង​លោក​ ឱក សេរី​សោ​ភក្តិ៍ មិនអាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេម្សិលមិញ៕