ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ បាន​ព្រមាន​ដាក់​ទណ្ឌកម្ម ពិន័យ​ចំពោះ​មន្ត្រី​ជា​ក្បាល​ម៉ាស៊ីន​រាជរដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​បែក​ធ្លាយ​នូវ​សារ​ជា​សំឡេង​របស់​លោក ស្ដីពី​ការ​បិទ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ក្នុង​រយៈពេល ១៤ ថ្ងៃ ដែល​ការ​ធ្វើ​ឱ្យ​បែក​ធ្លាយ​នេះ បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​​ភិតភ័យ និង​ចលាចល​ពេញ​ផ្ទៃ​ប្រទេស ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ កាន់​តែ​ច្រើន​ឡើង។

លោក​បាន​ថ្លែង​ថា សំឡេង​ដែល​បាន​បែក​ធ្លាយ​ទៅ​នោះ មិន​ទាន់​គ្រប់​ជ្រុងជ្រោយ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ខុស​ពី​បំណង​ដើម​របស់​លោក ក៏​ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​បាន​ថ្លែង​បញ្ជាក់​ថា៖ «ខ្ញុំ​សោកស្តាយ​ជា​ទី​បំផុត​នៅ​ពេល​ខ្ញុំ​បាន​ដាក់​ចេញ​បទ​បញ្ជា​សម្រាប់​ការ​រៀបចំ​នេះ បែរ​ជា​លេច​ធ្លាយ​ដោយ​បុគ្គល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ហើយ​ការ​លេច​ធ្លាយ​នេះ បាន​ធ្វើ​ឱ្យ​ប៉ះ​ទង្គិច​នូវ​អារម្មណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខុស​ពី​វត្ថុ​បំណង​របស់​ខ្ញុំ របស់​រាជរដ្ឋាភិបាល​ដែល​បិទ​ខ្ទប់។

ប៉ុន្តែ​មាន​ការ​ផ្គត់ផ្គង់​រៀបចំ​ត្រឹមត្រូវ​មិន​ឱ្យ​បងប្អូន​ដាច់​បាយ មិន​ឱ្យ​បងប្អូន​ដាច់​ភ្លើង ដាច់​ទឹក​នោះ​ទេ។ សេវាកម្ម​ទាំង​ប៉ុន្មាន​រាប់​ទាំង​សេវាកម្ម​ប្រមូល​សំរាម​ចេញ​ពី​ផ្ទះ ចេញ​ពី​កន្លែង​បងប្អូន​នៅ​តែ​អាច​ធ្វើ​បាន សូម្បី​តែ​ការ​ហាត់ប្រាណ​ក៏​នៅ​តែ​អាច​ធ្វើ​បាន»។

កាល​ពី​ល្ងាច​ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ សារ​ជា​សំឡេង​ខ្លី​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ពី​ការ​បិទ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ទម្លាក់​ទៅ​ក្នុង​ក្រុម​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​នោះ ត្រូវ​បាន​គេទ​ម្លាយ និង​យក​ទៅ​ចែកចាយ​យ៉ាង​ព្រោងព្រាត​តាម​បណ្តាញ​សង្គម។ ក្រោយ​បែក​ធ្លាយ​សំឡេង​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ទិញ​ទំនិញ​កកកុញ​នៅ​តាម​ទីផ្សារ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​សារភាព​ដោយ​ត្រង់​ថា សកម្មភាព​នោះ​នឹង​ត្រូវ​ទទួល​នូវ​វិន័យ​នៅ​ពេល​ក្រោយ នៅ​ពេល​ដែល​យើង​រក​ឃើញ»៕