ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ព្រមាន​ថា មន្ត្រីរាជការ​ដែល​គេចវេះ​មិន​ព្រម​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូវីដ​១៩ ប្រហែល​មិនអាច​អនុញ្ញាត​ឱ្យចូល​កន្លែង​ធ្វើការ ឬ​អាច​បាត់បង់​ការងារ​តែម្តង ដោយសារ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​បារម្ភ​ពី​ការឆ្លង​មេរោគ​ពី​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​។

យោងតាម​សារ​សំឡេង​ពិសេស​មួយ​របស់​លោក​ ហ៊ុន សែន នៅ​យប់​ថ្ងៃទី​ ៦ ខែ​មេសា លោក​បានប្រកាស​ទៅដល់​មន្ត្រី​នៅតាម​ក្រសួង​ស្ថាប័ន​ទាំងអស់​ថា ថ្មីៗ​នេះ ដំណើរការ​ចាក់​វ៉ាក់សាំង​បាននិង​កំពុង​ចាក់​ជូន​មន្ត្រីរាជការ​នៅ​ថ្នាក់ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ ហើយ​នៅក្នុង​ដំណើរ​ការចាក់​វ៉ាក់សាំង​នេះ លោក​ឃើញ​មាន​មនុស្ស​ ២ ​ប្រភេទ​បានកើត​ចេញ​។ ប្រភេទ​ទី​១ ​គឺ​អ្នក​ដែល​ចង់​ចាក់​វ៉ាក់សាំង​យ៉ាង​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដោយសារ​កង្វល់​អត់​មាន​វ៉ាក់សាំង​ចាក់ ហើយ​មន្ត្រី​ប្រភេទ​ទី​២ ​គឺជា​មន្ត្រី​ដែល​គេចវេះ​ពី​ការចាក់​វ៉ាក់សាំង​តែម្តង​។

លោក​បញ្ជាក់ថា៖ «​ខ្ញុំ​សូម​បញ្ជាក់ជូន​ថា ពិតមែនតែ​វ៉ាក់សាំង​ចាក់​លើ​គោលការណ៍​ស្ម័គ្រចិត្ត​តែ​ពេល​ខាងមុខ​គឺ​ច្បាស់​ណាស់​ថា វ៉ាក់សាំង​ក្លាយជា​វ៉ាក់សាំង​កាតព្វកិច្ច​តែម្តង​។ ជាពិសេស​ជំហាន​ដំបូង​នេះ​ក្នុង​កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ស៊ីវិល​របស់​យើង​ទាំងអស់​តែម្តង​»​។

លោក​បន្តថា៖ «​ខ្ញុំ​សូម​ជម្រាប​ដល់​មន្ត្រីរាជការ ដែល​មិន​ចង់​ចាក់​វ៉ាក់សាំង​ឱ្យបាន​ជ្រាបថា នៅពេល​ណាមួយ​ដែល​ស្ថាប័ន​ចាក់​វ៉ាក់សាំង​បាន​ពី​ ៧០% ​ឡើង មន្ត្រី​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ប្រហែល​ជា​មិនអាច​ចូល​ធ្វើការ​មិន​បាច់​ចូលរួម​ប្រជុំ​ទេ សុំ​ដេក​ផ្ទះ​ចុះ​។ ព្រោះ​គ្រាន់តែ​វ៉ាក់សាំង​ចាក់​ដើម្បី​ការពារ​ជីវិត​ខ្លួនឯង និង​ចូលរួម​ការពារ​ប្រយុទ្ធ​នឹង​កូវីដ​១៩​ធ្វើ​មិនបាន​ផង តើ​ចាំបាច់​បន្ត​ធ្វើជា​ទាហាន ជា​ប៉ូលិស ឬ​ជា​មន្ត្រីរាជការ​ធ្វើ​អ្វី​​តទៅទៀត វា​មិនមាន​ការចាំបាច់​ទេ​»​។

វ៉ាក់សាំង​មិនមែន​ជា​ថ្នាំពេទ្យ​ ឬ​ទំនិញ​ដែល​រើស​តាម​ផ្សារ​តាម​ឱសថស្ថាន​បានទេ ហើយ​រាជរដ្ឋាភិបាល​កំពុង​តែ​យកចិត្ត​ទុកដាក់​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ហើយ​ប្រសិនបើ​ពុំ​មកចាក់​ដោយ​ការស្ម័គ្រចិត្ត​ទេ ថ្ងៃក្រោយ​មន្ត្រី​ទាំងនេះ​នឹង​គ្មាន​ឱកាស​ចូលរួម​ប្រជុំ និង​ចូលទៅ​កាន់​ក្រសួង​ទៀត​ដែរ​។

លោក​ ហ៊ុន សែន ​បាន​ស្នើឱ្យ​រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ទាំងអស់ គ្រប់គ្រង​ពិនិត្យ និង​បូកសរុប​ចំនួន​មន្ត្រី​របស់ខ្លួន​មាន​ប៉ុន្មាន​ភាគរយ​ដែល​បាន​ចាក់​រួចហើយ ហើយ​នៅសល់​ប៉ុន្មាន​នាក់​បន្ទាប់ពី​ចាក់​ដូស​ទី​២​។

លោក​ ហ៊ុន សែន ក៏បាន​ដាក់​កំហិត​ចំពោះ​គ្រប់​ក្រសួង​ផងដែរ ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​មន្ត្រី​ថ្មី​ក៏ត្រូវ​តម្រូវ​ជា​ចាំបាច់​ថា ត្រូវតែ​ចាក់វ៉ាក់សាំង​រួចហើយ​ទើប​ឱ្យ​ជ្រើសរើស​ ឬ​ប្រឡង​ចូល​ក្របខ័ណ្ឌ​ក្រសួង​។ ជាមួយ​គ្នា​នេះដែរ ទាក់ទង​នឹង​មន្ត្រី​ដែល​មិនអាច​ចាក់​វ៉ាក់សាំង​បាន គឺ​លុះត្រាតែ​មាន​ការបញ្ជាក់​ពី​ក្រុមគ្រូពេទ្យ​ថា បុគ្គល​នោះ​មិន​អាច​ចាក់​វ៉ាក់សាំង​បានទេ​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ដើម្បី​ចៀសវាង​ការឃុបឃិត​រវាង​គ្រូពេទ្យ និង​អ្នក​មិនចាក់​វ៉ាក់សាំង មន្ត្រី​នៅ​ថ្នាក់​ខេត្ត​ត្រូវតែ​មាន​ការបញ្ជាក់​ពី​មន្ទីរ​សុខាភិបាល​ទើប​អាច​ជឿជាក់ថា គ្មាន​ការឃុបឃិត​គ្នា ហើយ​ដូចគ្នា​ដែរ សម្រាប់​ក្រសួង និង​ស្ថាប័ន​នៅ​រាជធានី​ភ្នំពេញ​»​។ លោក​ក៏បាន​ពិនិត្យ​ផងដែរ នៅពេល​ខាងមុខ ក្រៅពី​មាន​ការបញ្ជាក់​ពី​ស្ថាប័ន​សុខាភិបាល​ហើយក៏​គួរតែ​មាន​បណ្ណ​សម្គាល់​ណាមួយ​ថា បុគ្គល​នោះ​ពិតជា​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​រួចហើយ​ដែរ​។

លោក​ ហ៊ុន សែន ​ថា​៖ «​បញ្ហា​ទាំងនេះ គឺ​មិនមែន​ជា​ការរើសអើង​រវាង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង និង​អ្នក​មិនបាន​ចាក់​ទេ តែ​អ្វី​ទាំងអស់​នេះ​គឺ​សំដៅ​ចង់ឱ្យ​អ្នក​ទាំងអស់​គ្នា​រួមចំណែក​ដើម្បី​ទប់ស្កាត់​កូវីដ​ ១៩ ហើយ​មិន​ត្រូវឱ្យ​អ្នក​ណាមួយ​អន្តរាយខ្លួន​ដោយ​មិនបាន​ដាស់តឿន​នោះទេ​»​។

នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឱ្យ​គ្រប់​ក្រសួង​ទាំងអស់​រាយការណ៍​ពី​ចំនួន​មន្ត្រី ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​ទៅ​ក្រសួង​មុខងារ​សាធារណៈ ហើយ​ក្រសួង​មុខងារ​សាធារណៈ​ត្រូវ​បូកសរុប​អំពី​ចំនួន​មន្ត្រី​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​មក​នាយករដ្ឋមន្ត្រី ដើម្បី​គ្រប់គ្រង​ជា​ព័ត៌មាន​សម្រាប់​ការធ្វើជំរឿន ធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ស្វះស្វែងរក​វ៉ាក់សាំង​បន្ថែមទៀត​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី មកដល់​ពេល​នេះ​កងកម្លាំង​ប្រដាប់អាវុធ ជាពិសេស​កងយោធពល​ខេមរភូមិន្ទ​ដែល​បាន​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ក្នុង​ដំណើរការ​ចាក់​វ៉ាក់សាំង ដោយ​រដ្ឋមន្ត្រី​ការពារជាតិ លោក​ ទៀ បាញ់ ​ដែល​លទ្ធផល​មកដល់​ពេល​នេះ​កងទ័ព​ស្ទើរតែ ១០០% ​ដែល​បាន​ចាក់​វ៉ាក់សាំង​នូវ​ដូស​ទី​១ ហើយ​ប្រហែល​ជា​ជិត​ ៧០% ​ទៅ​៨០% បាន​ទទួល​នូវ​ដូស​ទី​២​។

លោក​ ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​បាន​ផ្ញើលិខិត​ទៅកាន់​គ្រប់​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន អង្គភាព​នានា​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ រួម​នឹង​អភិបាល​រាជធានី-ខេត្ត ស្នើសុំ​ផ្តល់​ជាបន្ទាន់​នូវ​ចំនួន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ឱ្យ​បាន​មុន​ថ្ងៃទី​ ១២ ខែ មេសា ឆ្នាំ​ ២០២១ ​ខាងមុខ​។

លោក​ ព្រុំ សុខា បញ្ជាក់​ក្នុង​លិខិត​នេះ​ថា​៖ «​តាម​មតិ​ណែនាំ​របស់​សម្តេចតេជោ​ ហ៊ុន សែន ខ្ញុំ​សូមជម្រាបថា ដើម្បី​អនុវត្តតាម​មតិ​ណែនាំ​នេះ ក្រសួង​មុខងារ​សាធារណៈ ស្នើសុំ​ផ្តល់​ជាបន្ទាន់​នូវ​ចំនួន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា​របស់​ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល​រាជធានី-ខេត្ត ដែល​នៅ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង ដោយ​គិត​ត្រឹម​ថ្ងៃទី​ ១១ ខែមេសា នេះ​»​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ម្សិលមិញ​ថា មន្ត្រីរាជការ​នៃ​ក្រសួង​ការងារ​លើស​ ១០០% ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ ​១៩ ​រួចហើយ លើកលែង​តែ​មន្ត្រី​ចំណាស់ ១ ​រូប​ ដែល​កំពុង​រង់ចាំ​ចម្លើយ​ពី​ក្រុមគ្រូពេទ្យ​ថា តើ​គាត់​អាច​ចាក់​វ៉ាក់សាំង​បាន​ឬ​អត់​?​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ចន្ទរឿន ថ្លែង​ពី​ម្សិលមិញ​ថា លោក​ស្នើឱ្យ​រដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ប្រើ​វិធានការ​ត្រជាក់​សិន ដោយ​ធ្វើការ​ផ្សព្វផ្សាយ អប់រំ និង​ផ្តល់ព័ត៌មាន​ឱ្យ​ប្រជាពលរដ្ឋ​ពី​សារៈសំខាន់​នៃ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​ទូលំទូលាយ​សិន​។

លោក​បញ្ជាក់ថា ៖ «​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បង្ហាញ​នូវ​ព័ត៌មាន​ដែល​គួរឱ្យ​ទុកចិត្តបាន​ពី​ប្រភព​ផ្សេងៗ​ជា​លក្ខណៈ​បច្ចេកទេស​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដែល​ប្រជាពលរដ្ឋ​នឹង​ទទួល​ដើម្បីឱ្យ​ពួកគាត់​ស្ងប់ចិត្ត ក្នុង​ការទទួល​វ៉ាក់សាំង​នេះ ដែល​ជា​មធ្យោបាយ​ក្នុង​ការកាត់ផ្តាច់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះ​»​។

លោក ប៉ា ចន្ទរឿន បន្តថា ប្រសិនបើ​រដ្ឋាភិបាល​ប្រើប្រាស់​វិធានការ​ក្តៅ​ដែល​ឈាន​រហូតដល់​ការបណ្តេញ​ចេញ​ពី​ការងារ ឬ​មិន​ផ្តល់​ការងារ​ដល់​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង នៅពេលនេះ គឺ​ពិតជា​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ការគាំពារ​ពី​រដ្ឋធម្មនុញ្ញ ហើយ​អង្គការ​សុខភាព​ពិភពលោក​ក៏បាន​ចែង​ផងដែរ ពី​ការចាក់​វ៉ាក់សាំង​នេះ គឺជា​ការស្ម័គ្រចិត្ត មិនមាន​ការបង្ខំ​នោះទេ​។

ជាមួយ​គ្នា​នេះដែរ នៅ​ថ្ងៃទី​ ៧ ​មេសា ក្រសួង​ការងារ​បានចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​កម្មករ-និយោជិត ដែល​ក្រសួង​រំពឹង​ថា ថ្ងៃ​ដំបូង​អាច​នឹង​ចាក់​បាន​ដល់ ៣ ៨០០ ​នាក់​។

លោក​ ហេង សួរ ​ថ្លែង​ថា៖ «​នៅ​ថ្ងៃ​សុក្រ​ខាងមុខនេះ​យើង​នឹង​បើក​ ៤ ​គោលដៅ​ទៀត សម្រាប់​ចាក់​វ៉ាក់សាំង​ជូន​កម្មករ ដែល​យើង​ក៏​រំពឹងថា នឹង​បាន​ចំនួន ៣ ៨០០ ​នាក់​ទៀត​ក្នុង​ ៤ ​គោលដៅ​នេះ​...»​។

លោក​ គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លើកឡើង​ថា ជាគោលការណ៍ ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ត្រូវធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​អាច​ត្រូវធ្វើ​ឡើង​ជា​ចាំបាច់ ចំពោះ​បុគ្គល​មួយចំនួន ដោយ​ផ្អែកលើ​ស្ថានភាព​នៃ​ការងារ​ ឬ​ស្ថានភាព​នៃ​មុខរបរ​របស់​បុគ្គល​នោះ​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​យោងតាម​មាត្រា​ ១៦ នៃ​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាល​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​៕

វីដេអូ៖