ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​ចិត្ត​លុបចោល​ការធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ ២ ដាច់​ដោយឡែក​ពីគ្នា​ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ ដោយ​ហេតុ​ម្ដាយក្មេក​របស់​លោក​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​សង្គ្រោះបន្ទាន់ ដែល​លោក​ពិនិត្យ​ឃើញ​ថា​ពិបាក​នឹង​សង្គ្រោះ​។

លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​ជា​សាធារណៈ​កាលពី​ថ្ងៃទី​ ២៣ ខែ​វិច្ឆិកា​ ថា​៖ «​ពេលនេះ ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏លំបាក ដោយសារ​ម្តាយក្មេក​ជាទី​គោរព​ស្រឡាញ់​របស់​ខ្ញុំ កំពុង​ស្ថិតនៅ​សង្គ្រោះបន្ទាន់ និង​ពិនិត្យ​ឃើញ​ថា ពិបាក​នឹង​សង្គ្រោះ​បាន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ចំពេល​ដែល​ខ្ញុំ​ត្រៀម​ចាកចេញ​ទៅ​ប្រជុំ​អាស៊ាន-កូរ៉េ​, មេគង្គ-កូរ៉េ នៅ​ទីក្រុង ប៊ូសាន​នៃ​សាធារណរដ្ឋ​កូរ៉េ​»​។

លោក​ក៏បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ដោយ​បំពេញ​ភារកិច្ច​ជា​កូន ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែពី​សុំទោស​ប្រធានាធិបតី​កូរ៉េ មូន ជេអ៊ីន និង​ឯកឧត្តម ប្រាយុធ ចាន-អូចា នាយករដ្ឋមន្ត្រី​ថៃ​ដែល​ជា​ប្រធាន​អាស៊ាន និង​ថ្នាក់ដឹកនាំ​អាស៊ាន​ផ្សេងទៀត ចំពោះ​ការអាក់ខាន​របស់​ខ្ញុំ​សម្រាប់​កិច្ចប្រជុំ​ដ៏មាន​សារៈសំខាន់​នេះ​។ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​តំណាង​​ឱ្យ​ខ្ញុំ​នៅក្នុង​កិច្ចប្រជុំ​ទាំង​ ២ ​ខាង​​លើ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​៖ «​គាត់​ (​ម្ដាយក្មេក​សម្ដេចតេជោ​) ​ចាស់​អាយុ​ ៩៧ ​ឆ្នាំ ហើយ​គាត់​មាន​ជំងឺ​ចាស់ជរា​។ ខ្ញុំ​អត់​ដឹង​ទេ​ខ្ញុំ​គ្រាន់តែ​ដឹងថា សម្តេច​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​សម្តេច​ថា (​ម្តាយក្មេក​របស់​លោក​) គាត់​កំពុងស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះបន្ទាន់​។ គាត់​ (​សម្តេច​) មិន​ហ៊ាន​ទៅណា​ (​ដោយហេតុ​) ដើម្បី​នៅ​លើក​ទឹកចិត្ត​ម្ដាយ​លោក​»​។

លោក ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដែល​ទទួល​បាន​ការតែងតាំង​ពី​នាយករដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​បាន​ដឹកនាំ​គណៈប្រតិភូ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង ប៊ូសាន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន កូរ៉េ និង​មេគង្គ​កូរ៉េ​ជា​បន្ត​ចាប់ពី​ថ្ងៃទី​ ២៤ ដល់​ថ្ងៃ​ទី​ ២៧ វិច្ឆិកា​។

លោក ​ឡុង ឌីម៉ង់ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​​កូរ៉េ​ខាង​ត្បូង​បាន​អះអាង​ថា៖ «(​កិច្ចប្រជុំ​) ​ដំណើរការ​រលូន​ធម្មតា​អត់​មាន​បញ្ហា​អ្វី​ទេ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ​ជំនួស​មុខ​តំណាង​សម្តេចតេជោ​ដើម្បី​មក​ចូលរួម​កម្មវិធី​ដូច្នេះ​មិន​មាន​អ្វី​ផ្លាស់ប្តូរ​ទេ​»​។

លោក ឌីម៉ង់ ថ្លែងថា​៖ «​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ បាន​និង​កំពុង​ស្វះស្វែងរក​លទ្ធភាព​លើក​កម្ពស់​កម្រិត​ទំនាក់ទំនង​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ពង្រីក​នូវ​សក្តានុពលភាព​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ការវិនិយោគ និង​ការធ្វើ​ពាណិជ្ជកម្ម​ជាដើម​»​។

លោក​បាន​បន្ត​ថា​៖ «​ឥឡូវនេះ​យើង​កំពុង​ស្ថិត​នៅ​លើផ្លូវ​ឆ្ពោះទៅរក​ការបង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ ២​។ ពិតណាស់​មក​ដល់​ពេល​នេះ​យើង​មិនទាន់​ក្លាយ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ ប៉ុន្តែ​យើង​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្នា​លើ​ច្រើន​វិស័យនេះ ហើយ​ត្រូវការ​ទៅវិញ​ទៅមក​។ យើង​គិតថា មិនយូរ​មិនឆាប់​ទេ លទ្ធភាព​រៀបចំ​ឱ្យទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​​ប្រទេស​ទាំង​ ២ ​នេះ​មិនអាច​ខកខាន​បាន​ទេ ព្រោះ​សព្វថ្ងៃ​នេះ​ប្រទេស​អាស៊ាន​ស្រប​នឹង​នយោបាយ​ទិស​ខាងត្បូង (New Southern Policy) របស់​កូរ៉េ​នេះ យើង​នឹង​មាន​ការឈាន​ទៅ​ចាប់ដៃ​គ្នា​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹងថា តំណាង​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ថ្លែង​សុន្ទរកថា​អំពី​ទិសដៅ​អនាគត​ក្នុង​កិច្ចខិតខំ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមាហរណកម្ម​តំបន់ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅក្នុង​វិស័យ​​នយោបាយ-សន្តិសុខ សេដ្ឋកិច្ច​ និង​សង្គម​វប្បធម៌​នឹង​ថ្លែង​ពី​ផែនការ​ឆ្ពោះ​ទៅ​មុខ​ដែល​ស្រប​ជាមួយ​គោលនយោបាយ​ភាគ​ខាងត្បូង​ថ្មី​។ ព្រឹត្តិការណ៍​ដ៏សំខាន់​បន្ថែម​ទៀត ដើម្បី​ជំរុញ​បន្ថែម​នូវ​ភាពជា​ដៃគូ​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​មេគង្គ-សាធារណរដ្ឋ​កូរ៉េ សម្រាប់​ប្រយោជន៍​ប្រជាជន​ខ្លួន​»៕