ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ទឹកចិត្ត​ដល់​យុវជន​កម្ពុជា​ឲ្យ​ត្រៀម​ប្រវត្តិរូប និង​រៀបចំ​ខ្លួន ដើម្បី​ដាក់ពាក្យ និង​ទទួល​បាន​ការសម្ភាស​ភ្លាមៗ​ដើម្បី​បាន​ធ្វើ​ការងារ​ក្នុង​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ជាតិ​ឆ្នាំ​ ២០១៩ ដែលមាន​ក្រុមហ៊ុន​ឯកជន​ជាតិ និង​អន្តរជាតិ​ជាង​ ១៥០ ​ក្រុមហ៊ុន និង​ឱកាស​ការងារ​ប្រមាណ​ ២ ​ម៉ឺន​កន្លែង​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ពុធ​ថា នេះ​គឺជា​ឱកាស​ការងារ​សម្រាប់​យុវជន​នៅក្នុង​ «​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ប្រចាំ​ឆ្នាំ​ ២០១៩ ចាប់ពី​ថ្ងៃទី​ ២-៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ខាង​មុខ​នេះ​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​រាជធានី​ភ្នំពេញ​ដែល​រៀបចំឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

លោក​ថា​៖ «​នេះ​ជា​ឱកាស​ដ៏ល្អ​បំផុត​សម្រាប់​យុវជន​ដែល​បម្រុង​រក​ការងារ​ធ្វើ​។ ឱកាស​ការងារ​ល្អៗ​គ្រប់​ប្រភេទ​ជាង ២ ម៉ឺន​កន្លែង ពី​ក្រុមហ៊ុន​ធំៗ​ជាង ១៥០ ​កំពុង​រង់ចាំ​យុវជន​យុវនារី​ក៏​ដូចជា​និស្សិត​របស់​យើង នៅក្នុង​ពិព័រណ៍​ការងារ​ប្រចាំ​ឆ្នាំនេះ​»​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​ទាំងនេះ​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ស្តីពី​មុខរបរ និង​ការងារ​ក្នុង​គោលដៅ​​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​ទីផ្សារការងារ​កាត់បន្ថយ​ភាពមិន​ស៊ីគ្នា​រវាង​តម្រូវការ និង​ការផ្គត់ផ្គង់​កម្លាំង​ពលកម្ម​។ លោក​បន្ត​ថា វា​ក៏មាន​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ទីផ្សារការងារ អប់រំ​បណ្តុះបណ្តាល​ជំនាញ និង​ការ​ផ្តល់នូវ​ព័ត៌មាន​ទីផ្សារការងារ​ជាដើម ដើម្បី​ទទួល​បាន​ការងារ​សមរម្យ បង្កើន​ប្រាក់ចំណូល លើកកម្ពស់​ជីវភាព និង​ឈាន​ទៅ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

លោក​បន្តថា​៖ «​ក្មួយៗ​យុវជន​យុវនារី​អាច​ត្រៀម CV និង​រៀបចំ​ខ្លួន ដើម្បី​ដាក់ពាក្យ និង​សម្ភាស​ភ្លាមៗ​នៅ​កន្លែង​តែម្តង​នៅក្នុង​ពិព័រណ៍​ការងារ​នោះ​។ សូម​ជូនពរ​ក្មួយៗ​យុវជន​ទទួល​បាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា​»​។

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​គឺជា​ព្រឹតិ្តការណ៍​មួយ​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ២-៣ ខែ​វិច្ឆិកា ដើម្បី​ផ្តល់នូវ​ទីកន្លែង​ជួបជុំគ្នា​ដោយ​ងាយស្រួល​សម្រាប់​និយោជក អ្នក​ផ្តល់​ការអប់រំ​បណ្តុះបណ្តាល អ្នករក​ការងារ​ធ្វើ​ និង​កម្មករ​និយោជិត​ក្នុង​ការទទួល​បាន​ឱកាស​ការងារ​ជ្រើសរើស​បុគ្គលិក និង​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ថា​នេះ​គឺជា​លើក​ទី​ ៩ ​ហើយ​ដែល​កម្ពុជា​បាន​រៀបចំ​ឲ្យ​មាន​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ បន្ទាប់ពី​លើក​ដំបូង​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០១១ ដែល​ឆ្នាំ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ដោយ​កម្មវិធី​ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ម៉ោង​ ៨ ​ព្រឹក​ដល់​ម៉ោង ៨ យប់​។

លោក ហៃ ហ៊ុនឡេង ប្រធាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ​បាន​លើកឡើង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា ឱកាស​ការងារ​សរុប​ជាង​ ២ ​ម៉ឺន​នឹងត្រូវ​បានផ្តល់​ដោយ​ក្រុមហ៊ុន​/​សហគ្រាស​ធំៗ​ជាង ១៥០ ​មកពី​វិស័យ​សំខាន់ៗ​ដូចជា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ​ និង​បដិសណ្ឋារកិច្ច​ទូរគមនាគមន៍ ការអប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ កម្មន្តសាល និង​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​នៅក្នុង​បញ្ជរ​សរុប​ចំនួន​ ៣០​។

ក្រៅពី​ទទួល​បាន​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង​លោក ហៃ ហ៊ុនឡេង ​ឲ្យ​ដឹង​ដែរ​ថា អ្នក​ចូលរួម​នឹង​ទទួលបាន​ព័ត៌មាន​ពី​ផែនការ​តម្រូវការ​ និង​គោលនយោបាយ​ក្នុង​ការជ្រើសរើស​កម្លាំង​ពលកម្ម​នាពេល​បច្ចុប្បន្ន និង​អនាគត​កម្មវិធីសិក្សា អាហារូបករណ៍ វគ្គ​សិក្សា និង​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន មហា​ព្រឹត្តិការណ៍​នេះ​នឹង​រៀបចំ​ផងដែរ​នូវ​សិក្ខាសាលា​ស្តីពី​ផលិតភាព ដើម្បី​ចូលរួម​លើក​កម្ពស់​ការយល់ដឹង​ពី​ផលិតភាព ការបង្ហាញ​អំពី​វិធីសាស្ត្រ​បំពេញ​ការងារ គំនិត​ច្នៃប្រឌិត​ថ្មី ជំនាញ​និង​ឧបករណ៍​បច្ចេកវិទ្យា​ស្រប​តាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ក្នុង​យុគសម័យ​ឧស្សាហកម្ម​ទី​ ៤ ដែល​ពឹងផ្អែក​ជា​ចម្បង​លើ​ប្រព័ន្ធ​ឌីជីថល​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិមនុស្ស​ថ្លែង​ពី​ម្សិលមិញ​ថា កម្លាំង​ពលកម្ម​​ដែល​ហក់​ចូលក្នុង​ទីផ្សារ​ការងារ​គឺ​មាន​ប្រមាណ​ ៤០ ម៉ឺន​នាក់​ក្នុង​ ១ ​ឆ្នាំៗ ខណៈ​ឆ្នាំ​នេះ​យុវជន​កម្ពុជា​ប្រមាណ ៧ ម៉ឺន​នាក់​បាន​បញ្ចប់​ការសិក្សា​កម្រិត​ទុតិយភូមិ​ដែល​ពួកគេ​ភាគច្រើន​បាន​ហក់​ចូល​ទីផ្សារ​ការងារ​តែម្តង​។

លោក​បន្តថា ដូច្នេះ​ការដែល​យុវជន​បានដឹង​ព័ត៌មាន​ជុំវិញ​ពី​ការងារ​គឺជា​រឿង​សំខាន់​ហើយ​ពិព័រណ៍​ការងារ​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​យុវជន​កម្ពុជា​បាន​ទទួល​ឱកាស​ការងារ និង​ដឹង​ពី​ព័ត៌មាន​ផ្សេងៗ​ផងដែរ​។

ប៉ុន្តែ​លោក​យល់ថា​៖ «​មិនមែន​តែ​រឿង​ពិព័រណ៍​ការងារ​តែមួយ​មុខ​ទេ​ ព្រោះ​អ្នកស្វែងរក​ការងារ​ធ្វើ​គឺ​មាន​ជា​រៀងរាល់​ថ្ងៃ​ដែល​ក្នុង​ ៤០ ​ម៉ឺន​នាក់​ក្នុង​ ១ ​ឆ្នាំៗ​។ កន្លងមក​យើង​ធ្លាប់​ដឹងថា មាន​វេបសាយ​ប្រកាស​ពី​រឿង​ការងារ​នេះ​របស់​ក្រសួង​ការងារ​ខ្លះ​ដែរ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​សម្គាល់​ឃើញ​គឺ​គុណភាព​នៃ​ការងារ​ក្នុង​ន័យ​លក្ខខណ្ឌ​ការងារ​ប្រាក់​ឈ្នួល​។​ល​។ ប្រហែល​ជា​មិន​ទាន់​បាន​ឆ្លើយតប​កម្រិត​របស់​យុវជន​យើង​ទេ​»៕