ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ បាន​សម្ដែង​ការធុញទ្រាន់​នឹង​ប្រទេស​ខ្លះ និង​អ្នកប្រឆាំង​ខ្លះ​ដែល​អះអាង​ថា កម្ពុជា​អនុញ្ញាត​ឱ្យ​ចិន​បោះ​មូលដ្ឋាន​យោធា​នៅក្នុង​ដែនដី​កម្ពុជា​។ លោក​ប្រាប់​ឱ្យ​អ្នក​ដែល​ចោទប្រកាន់​បែបនេះ​ត្រូវ​បង្ហាញ​ភ័ស្តុតាង​ឱ្យបាន​ច្បាស់​។

លោក​បាន​ថ្លែង​ដូច្នេះ​ក្នុង​ពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេបាសាក់​ ពី​តំបន់​កោះពេជ្រ​ទៅ​កាន់​ទីក្រុង​រណប​កោះនរា និង​ពី​កោះនរា​ទៅ​ផ្លូវជាតិ​លេខ​ ១​។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «​តើ​ចិន​មាន​កងទ័ព​នៅ​កម្ពុជា​ទេ​? កម្ពុជា​ឱ្យ​សិទ្ធិ​ចិន​បោះទ័ព​នៅ​កម្ពុជា​ពី​អង្កាល់ណា​? ​ខ្ញុំ​បញ្ជាក់​ឡើងវិញ ខ្ញុំ​ធុញទ្រាន់​ជាមួយ​ជនបរទេស​មួយចំនួន​បូក​នឹង​ខ្មែរ​យើង​រុញ​អាសភាពការណ៍​ហ្នឹង​។ សូមបញ្ជាក់​ណា យើង​ធុញទ្រាន់​ណាស់​ហើយ អស់​លោក​អ្នក​។ នាយករដ្ឋមន្ត្រី​និយាយ​មិន​ស្ដាប់ លោក​ឯង​មាន​ភ័ស្តុតាង​ឯណា បញ្ចេញ​មក ថា​កម្ពុជា​មាន​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​នឹង​ចិន ប្រើប្រាស់​ផ្ដាច់មុខ​នូវ​កំពង់ផែ​រាម​រយៈពេល​ ៣០ ​ឆ្នាំ​។ ចេញមក បញ្ចេញ​ភ័ស្តុតាង​នោះមក​! បើ​អ្នកឯង​មិន​បញ្ចេញ​ភ័ស្តុតាង​ហ្នឹង មាន​ន័យ​ថា អ្នកឯង​ភូតកុហក​»​។

លោក​បន្តថា​៖ «​ហើយ​រឿងនេះ​នៅក្នុង​ពេល​ប្រជុំ​គណៈរដ្ឋមន្ត្រី ខ្ញុំ​បាន​និយាយថា កុំ​ភ្លេច​ណា ឆ្នាំ ១៩៧០ ទម្លាក់​ព្រះករុណា​បិតា ដោយ​រដ្ឋប្រហារ​ឆ្នាំ​ ១៩៧០ ក្រោម​ហេតុផល​ប្រឆាំង​យៀកកុង​នៅលើ​ទឹកដី​កម្ពុជា ឥឡូវ​អ្នកឯង​ប៉ុនប៉ង​ធ្វើ​អី​ចំពោះ​ខ្ញុំ បាន​ជា​ម្ដង​ហើយ​ម្ដងទៀត វត្តមាន​ចិនៗ ហើយ​ពួក​អាក្រុម​ក្បត់ជាតិ​នេះ​បង្ខំ​មនុស្ស​ឱ្យធ្វើ​សកម្មភាព ប្រឆាំង​ទូត​ចិន​នៅ​ភ្នំពេញ​ក៏​វា​ធ្វើ​»​។

លោក ហ៊ុន សែន បាន​បញ្ចេញ​ឈ្មោះ​លោក ហូរ វ៉ាន់ អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​កំពូល​រំលាយ​ថា​ជា​អ្នក​ដែល​បញ្ជា​ឱ្យធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​ចិន និង​ស្ថានទូត​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​ ២៣ តុលា ទៅ​ប្រឆាំង​នឹង​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា បើ​ទោះបី​ជា​គ្មាន​យោធា​ចិន​នៅ​កម្ពុជា​ក៏ដោយ​។

លោក​ថ្លែង​ដោយ​សម្ដី​ធ្ងន់ៗ​ថា​៖ «​រឿង​អី​អាហែង​មក​បញ្ជា​ធ្វើ​បាតុកម្ម​ប្រឆាំង​ទូត​ចិន ប្រឆាំង​វត្តមាន​យោធា​ចិន​? ពួកអាហែង​ឆ្កួត ប្រយ័ត្ន​ប្រពន្ធ​អាហែង កូន​អាហែង​ដេក​អត់​សុខ កំពុង​តែ​ភ័យ​។ អាហែង​ឈប់​បាន ឈប់​ទៅ ចំណាស់​ប៉ុណ្ណឹង​ហើយ បើទោះបី​អាហែង​ដណ្ដើម​អំណាច​បាន គេ​ក៏​មិន​ឱ្យ​អាហែង​ធ្វើ​កុងសី​ដែរ​»​។

លោក​ថា​៖ «​ពិត​ហើយ​កូនប្រុស​របស់ខ្ញុំ​ក៏​ធ្លាប់​ទៅ​លេង​ជាមួយ​ប្រពន្ធ​ ហូ វ៉ាន់ ប៉ុន្តែ​ឯង​ត្រូវ​ដឹង​ណា ប្រពន្ធ​កូន​អាហែង​កំពុងតែ​នៅ​ភ្នំពេញ អាហែង​ជា​មេខ្លោង​នៃ​អំពើ​ក្បត់ អ៊ីចឹង​រឿង​អី​ដែល​មិន​ចាត់ការ​ពួក​អាក្បត់​នៅ​ខាងក្នុង បើ​អាពួក​ក្បត់​នៅ​ខាងក្នុង​ទទួល​បទបញ្ជា​ពី​អាមេ​ក្បត់​។ អ៊ីចឹង អាជ្ញាធរ ឬ​តុលាការ​គេ​ចាត់ការ អាហ្នឹង​រឿង​ត្រឹមត្រូវ​តាមច្បាប់​ព្រោះ​អាមេ​ចោរ រត់គេចខ្លួន​ដល់​បញ្ជា​កូនចោរ​ធ្វើ​សកម្មភាព​មិន​អាកូន​ចោរ​ជាប់គុក​។ អ៊ីចឹង អាហែង​កុំរុញ​គេ​ឱ្យ​ជាប់គុក​ណា​! អាហែង​ត្រូវ​ចាំ​»​។

លោក​បន្តថា​៖ «​មាន​អាមួយ​នោះ​ដែលមាន​ប្រពន្ធ​ដូរ​លុយ​នៅ​ផ្សារ​ក៏ត្រូវ​ប្រយ័ត្ន​ដែរ​អាហែង ប្រពន្ធ​កូន​អាហែង​នៅ​ភ្នំពេញ​នៅឡើយ និយាយ​ចឹង ថា​ទេ​យក​ពួកវា​ធ្វើ​ចំណាប់ខ្មាំង គំរាម​ក្រុមគ្រួសារ​គេ អត់​ទេ​ប្រពន្ធ​កូន​អាហែង​នៅ​នេះ បាន​សេចក្ដី​សុខ​តើ​»​។

លោក​បាន​ចាក់​សំឡេង​លោក ហូរ វ៉ាន់ ដែល​បាន​បញ្ជា​ដល់​អ្នកតវ៉ា​នៅមុខ​ស្ថានទូត​ចិន និង​នៅមុខ​ទូត​សហរដ្ឋអាមេរិក​ឱ្យ​ទៅ​ធ្វើបាតុកម្ម ដោយ​មាន​ការបន្ថែម​ប្រាក់​ឱ្យ​ពួកគេ​ចំនួន ២០០ ​ដុល្លារ​។ ទោះយ៉ាងណា លោកនាយក​រដ្ឋមន្ត្រី​សង្ឃឹមថា ភរិយា​របស់​លោក ហូរ វ៉ាន់ មិន​ធ្វើជា​ភ្នាក់ងារ​បែងចែក​លុយ​ដល់​ពួកឧទ្ទាម​ក្នុងស្រុក​នោះទេ​។

លោក​ចាត់ទុក​ការចោទប្រកាន់​រឿង​វត្តមាន​យោធា​ចិនថា ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​ផ្ដួលរំលំ​រដ្ឋាភិបាល ប្រសិន​បើ​ពួកគេ​ប្រមូល​កម្លាំង​បាន​។ លោក ហ៊ុន សែន បញ្ជាក់​ច្បាស់​ថា គ្មាន​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​ទេ មាន​តែ​អ្នកជំនួញ និង​អ្នក​វិនិយោគិន​ចិន ដូច​នៅ​ប្រទេស​ផ្សេងទៀត​ដែរ​។ លោក​ដាច់ខាត​ត្រូវតែ​ការពារ​សន្តិភាព​ឱ្យខាង​តែ​បាន​។

លោក យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ​ថ្លែងថា មកទល់​ពេល​នេះ​លោក​មិនទាន់​អាច​សន្និដ្ឋាន​ថា វា​ជា​ការពិត​ឬ​យ៉ាងណាទេ​ចំពោះ​ការចោទប្រកាន់​បែបនេះ​។ ប៉ុន្តែ​ការចោទប្រកាន់​បែបនេះ​នាំឱ្យ​មាន​ការយល់​ខុស និង​មាន​ទំនាស់​ផ្ទៃក្នុង​។

លោក​ស្នើឱ្យ​រដ្ឋាភិបាល​ពន្យល់​ឱ្យបាន​ច្បាស់​។ ប្រសិន​បើ​រដ្ឋាភិបាល​បាន​ពន្យល់​ច្បាស់លាស់​ហើយ លោក​ឯកភាព​ជាមួយ​លោក ហ៊ុន សែន ដែល​ទាមទារ​ឱ្យ​អ្នកធ្វើការ​ចោទប្រកាន់​នោះ​ត្រូវ​បង្ហាញ​ភ័ស្តុតាង​។ ប៉ុន្តែ លោក​មិន​យល់ស្រប​ទេ​ចំពោះ​ការចាប់ខ្លួន​ពលរដ្ឋ​នៅពេល​ពួកគេ​ធ្វើ​ការតវ៉ា​ប្រឆាំង​នឹង​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា ប្រសិន​បើ​ដឹងថា មាន​មេខ្លោង​នៅ​ពីក្រោយ រដ្ឋាភិបាល​គួរតែ​ចាប់​មេខ្លោង​នោះ​។

លោក​ថ្លែងថា​៖ «​វា​ទាមទារ​ឱ្យមាន​ការអប់រំ ការពន្យល់​គាត់ ដើម្បី​កុំឱ្យ​គាត់​មាន​ការយល់​ខុស​។ ដូច្នេះ​បើ​រដ្ឋាភិបាល​និយាយថា​មិន​ពិត មិន​មាន​វត្តមាន​យោធា​ចិន​លើ​ទឹកដី​ខ្មែរ បើ​ពលរដ្ឋ​និយាយ​មិន​ពិត រដ្ឋាភិបាល​ត្រូវ​ពន្យល់​គាត់​ថា រឿងនេះ​មិន​ពិត ហើយ​អប់រំ​ណែនាំ​គាត់​ទៅ​។ មិនបាច់​ចាប់ មិន​បាច់​ចង​គាត់​ទេ ព្រោះ​គាត់​ធម្មតា​គាត់​ចេះតែ​ឮ​តពី​គេ ហើយ​ការឮត​គ្នា​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​គឺជា​បញ្ហា​»​។

លោក គង់ គាំ អតីត​ទីប្រឹក្សា​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​បច្ចុប្បន្ននេះ​ជា​ប្រធាន​កិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ប្រៀបធៀប​ការចោទប្រកាន់​នេះ​ទៅនឹង​សុភាសិត​ខ្មែរ​មួយ​ដែលថា «​ចោទ​ឆ្កែ​ថា​ឆ្កួត​ដើម្បី​វាយ​ឆ្កែ​ជា​»​។ លោក​ពន្យល់ថា បរទេស​បាន​ចោទ​កម្ពុជា​ថា មាន​មូលដ្ឋាន​យោធា​ចិន ប៉ុន្តែ​ការពិត​មិនមាន​ទេ វា​គ្រាន់តែ​ជាការ​ស្មាន និង​សង្ស័យ ឬ​ជាការ​ទស្សន៍ទាយ​សម្រាប់​ពេល​អនាគត​ដែល​គ្មាន​មូលដ្ឋាន​ជាក់ស្ដែង​។ ការចោទប្រកាន់​នេះ​គឺជា​ការបន្លាច និង​ជា​ការបំភិតបំភ័យ​។

លោក​បន្តថា សហរដ្ឋអាមេរិក​ដែលមាន​និន្នាការ​ទៅ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដែល​បំពង​សំឡេង​ដើម្បី​ចោទប្រកាន់​កម្ពុជា​។ យ៉ាងណា​ក៏ដោយ លោក​ថា​មានតែ​ពលរដ្ឋ​ខ្មែរ​ទេ​ជា​អ្នកកំណត់​ការពិត ដោយ​មិន​ប្រែប្រួល​ទៅតាម​ខ្យល់​នៃ​មហាអំណាច​ដែលមាន​គំនិត​ប្រឆាំង​កម្ពុជា​។ កម្ពុជា​ត្រូវមាន​ភាពច្បាស់លាស់ ប្រកាន់​ស្មារតី​រដ្ឋធម្មនុញ្ញ មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស​ណា​នៅលើ​ទឹកដី​ខ្លួន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អំពាវនាវ​ដល់​ក្រុម​អ្នក​មនុស្ស​ភ្នែក​ភ្លឺ​តែ​ធ្វើ​ខ្វាក់ មនុស្ស​ត្រចៀក​ឮ​តែ​ធ្វើ​ថ្លង់ និង​មនុស្ស​ដែល​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ចោទប្រកាន់​ផ្ដេសផ្ដាស​នោះ​ឱ្យ​ឈប់​គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ងាក​មក​គិតពី​ប្រទេសជាតិ និង​គិតពី​ប្រជាពលរដ្ឋ​ភាគច្រើន​ទូទៅ​នៅក្នុង​ប្រទេស​ដែល​គេ​មិន​បម្រើ​បរទេស​អំពី​ការចោទប្រកាន់​រឿង​វត្តមាន​យោធា​ចិន​នេះ​។ សូមកុំ​ប្រើប្រាស់​បញ្ហា​នេះ​ដើម្បី​បំផ្លាញ​សេចក្ដីសុខ​ប្រជាពលរដ្ឋ​ខ្លួនឯង​»​។

លោក ម៉ៅ មុន្នីវណ្ណ អតីតតំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ យល់ឃើញ​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​នូវ​អព្យាក្រឹតភាព​មិន​ចូល​បក្ស​សម្ព័ន្ធ​។ ដូច្នេះ​កម្ពុជា​ត្រូវគោរព​តាម​រដ្ឋធម្មនុញ្ញ​របស់ខ្លួន ហើយ​មេដឹកនាំ​វៃឆ្លាត​ត្រូវ​ចេះ​ទាញ​ប្រយោជន៍​ពី​មហាអំណាច​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា លោក​មិនអាច​សន្និដ្ឋាន​ថា មាន​ឬ​គ្មាន​វត្តមាន​មូលដ្ឋានទ័ព ឬ​យោធា​ចិន​នៅ​កម្ពុជា ដូច​ការសង្ស័យ​ទេ​។ លោក​ស្នើថា ប្រសិន​បើ​កម្ពុជា​កំពុង​ជាប់ផុង​នៅក្នុង​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋអាមេរិក និង​ចិន​នោះ វា​អាច​ជា​ការប្រសើរ​ប្រសិនបើ​កម្ពុជា​ស្នើ​សហប្រធាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឱ្យ​បង្កើត​គណៈកម្មាធិការ​អព្យាក្រឹត​សម្រាប់​កម្ពុជា​។ គណៈកម្មការ​នេះ​មាន​ភារកិច្ច​ពិនិត្យ​ការអនុវត្ត​លក្ខខន្តិកៈ​នៃ​កិច្ចព្រមព្រៀង​អំពី​អព្យាក្រឹតភាព ស្ដីពី​ការហាម​មិន​ឱ្យមាន​មូលដ្ឋាន​យោធា និង​ទ័ព​បរទេស​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​វា​អាចមាន​ប្រសិទ្ធភាព​ក្នុងការ​រំដោះខ្លួន​ចេញ​ពី​ភក់ជ្រៅ​ដែល​កម្ពុជា​បានជាប់​ចាប់តាំងពី​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ​មក​»​។

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​លោក ឌៀប សុផល ពន្យល់ថា ការចោទប្រកាន់​ថា​មាន​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា ប្រៀប​បាន​នឹង​ការចោទប្រកាន់​កាលពី​ឆ្នាំ​ ១៩៧០ អំពី​វត្តមាន​ពួក​យៀកកុង​នៅ​កម្ពុជា​ដើម្បី​ទម្លាក់​សម្ដេចព្រះ​នរោត្តម​សីហនុ​ពី​អំណាច​។ ការចោទប្រកាន់​ទាំង​ ២ ​នេះ​មាន​គោលដៅ​ដូចគ្នា គឺ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​។ ប៉ុន្តែ​ភាពខុសគ្នា​នោះ​គឺ​កាលពី​ឆ្នាំ​ ១៩៧០ ពិត​ជាមាន​វត្តមាន​ពួក​យៀកកុង​នៅលើ​ដី​កម្ពុជា​មែន ខណៈ​ពេល​ដែល​ការចោទប្រកាន់​បច្ចុប្បន្ន​វិញ មិនមាន​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា​ទេ​។

លោក​ថា​៖ «​អ្នក​ដែល​ចោទ​នោះ​សុទ្ធតែ​មាន​ទិសដៅ​។ អ្នកចោទ​ពីមុន គឺ​ដើម្បី​ទម្លាក់​សម្ដេចព្រះ​នរោត្តម​សីហនុ​ពី​តំណែង ចុះ​ឥឡូវ​ចោទ​ហើយ ហើយ​ត្រូវបាន​បង្ហាញថា​អត់​មាន​ទេ ម៉េច​ក៏​នៅតែ​ចោទ​ទៀត​?»​។ លោក​បាន​រំឭក​អំពី​ការចោទប្រកាន់​របស់​សហរដ្ឋអាមេរិក​ថា​អ៊ីរ៉ាក់​មាន​អាវុធ​ប្រល័យ​លោក ប៉ុន្តែ​ក្រោយមក​រក​មិនឃើញ​អាវុធ​នោះទេ​។

លោក​ថ្លែងថា​៖ «​តើ​កម្ពុជា​អាច​អ៊ីចឹង​ដែរ​អត់​? វា​អាស្រ័យ​លើ​អាមេរិក​ទេ ហើយ​និង​អាស្រ័យ​លើ​មនសិការ​របស់​ខ្មែរ​យើង​។ បើសិនជា​អត់​មាន​ហើយ​នៅតែ​និយាយ​អ៊ីចឹង​ទៀត តើ​អ្នកនោះ​មានបំណង​អី​? មាន​បំណង​ចង់​កម្ទេច​ប្រទេស​ខ្មែរ​ដូច​អ៊ីរ៉ាក់​ឬ​យ៉ាងម៉េច​?»​។

ភ្នំពេញ​ ប៉ុស្តិ៍​ បាន​សុំ​ការអត្ថាធិប្បាយ​ពី​សំណាក់​លោក ហូរ វ៉ាន់ និង​លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​លោក​មិន​ឆ្លើយតប​៕