ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ពីម្សិលមិញ ​បាន​ស្នើសុំ​ឲ្យភាគី​ចិន ​ជួយ​សហការ​បណ្ដុះ​​បណ្ដាល​ធនធាន​មនុស្ស ​ដោយសហការ​ជាមួយ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​និង​ក្រ​សួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​ដើម្បី​ជំរុញ​វិស័យ​ទាំង​នេះ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅមុខ។

ការស្នើ​ឡើង​របស់​លោក​ ហ៊ុន សែន ​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​លោក​ Wang Gang ​អនុប្រធាន​សភា​ប្រឹក្សា​ប្រជាជន​ចិន​ និង​ជាអតីត​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ ​និង​បច្ចេកវិទ្យា​ចិន។

លោក ហ៊ុន សែន ​បានបញ្ជាក់​ក្នុង​ហ្វេសប៊ុកថា​៖ «ទំនាក់​ទំនង​មិត្តភាព​ និងកិច្ច​សហប្រតិ​បត្តិ​ការ​រវាង​ប្រទេស​ទាំង ២ គឺ​រឹងមាំ​ដូច​ដែកថែប ​ដែលប្រទេស​យើង​បន្ត​គាំទ្រ ​និង​ជួយ​គ្នា​ទៅវិញ​ទៅមក​ដូចជា​បងប្អូន»។

លោក​នាយករដ្ឋមន្ត្រី​ ប្រាប់​លោក​ Wang Gang ថា ​កម្ពុជា​កំពុងតែ​តម្រង់​ទិស​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាង​ណាឲ្យ​សម្រប​ទៅ​តាម​ចរន្ត​យុគសម័យ​ឌីជីថល ​(Digital)​ និង​បដិវត្តន៍​ឧស្សា​ហកម្ម​ទី៤ ​ដែល​ត្រូវការ​បណ្ដុះ​​បណ្ដាល​​មនុស្ស​ឱ្យ​កាន់​តែ​ច្រើន។

ហ្វេស​ប៊ុក​លោក​ ហ៊ុន សែន ​បញ្ជាក់ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Wang Gang មាន​គោល​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង ២ ​ជាពិសេស​លើ​វិស័យ​វិទ្យាសាស្ត្រ ​និង​បច្ចេក​វិទ្យា។ កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើវិស័យ​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា ​គឺ​ចាំបាច់​ត្រូវការ​ធនធាន​មនុស្ស ​ការស្រាវជ្រាវ​ និង​ជំរុញ​ការអភិវឌ្ឍ​ក្នុង​យុគ សម័យ​ឌីជីថល ​ឬក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ នេះ ​ដែល​ចាំបាច់​ណាស់​ត្រូវមាន​ការសិក្សា​ ការស្រាវ​ជ្រាវ។

ប្រទេស​ កម្ពុជា ​ក៏បាន​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​និង​វិទ្យាសាស្ត្រ​នេះ​ផងដែរ។ ជាមួយ​គ្នានេះ ​តាម​ហ្វេសប៊ុក​លោក ​ហ៊ុន សែន ​ក៏បាន​ស្រង់​សម្តី​ លោក​ Wang Gang ថា​ លោក​ ពេញចិត្ត ​និង​រីករាយ​យ៉ាង​ខ្លាំង​ដែលបាន​ឃើញ​កម្ពុជា​មានការរីកចម្រើន ​ជាមួយ​ស្ថិរភាព​នយោបាយ ​និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ល្អ ​នៅក្រោម​ការដឹក​នាំ​របស់​លោក​ ហ៊ុន សែន។

ហ្វេស​ប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ​បាន​ស្រង់​សម្តី ​លោក​ Wang Gang ​បញ្ជាក់​ទៀត​ថា ​លោក​ ហ៊ុន សែន ​គឺជា​ថ្នាក់​ដឹកនាំ​ដែលទទួល​បាន​ការគោរព​ស្រ​ឡាញ់​យ៉ាង​ជ្រាលជ្រៅ​បំផុត​អំពី​រដ្ឋាភិបាល ​និង​ប្រជាជន​ចិន។ កម្ពុជា ​គឺជា​បង​ប្អូន​ និង​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុង​ជ្រោយ​របស់​ប្រទេស​ ចិន។

លោក​ Wang Gang ថ្លែងថា​៖ «មិត្ត​ចិន​បាន​អរគុណ​ដល់​កម្ពុជា ​ដែលបាន​ជួយ​ផ្សា​រភ្ជាប់​នូវ​ទំនាក់​ទំនង​ដ៏ល្អ​រវាង​ចិន​និង​សហ​គមន៍​អាស៊ាន​ផងដែរ​ ហើយ​និង​ការជួយ​ជ្រោមជ្រែង​ដល់​ដំណោះ​ស្រាយ​ដោយ​សន្តិភាព​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង»។

លោក ​ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ម្សិលមិញថា​ ជំនួប​រវាង​លោក ​ហ៊ុន សែន ​និង​លោក​ Wang Gang ​គឺ​ល្អ​នៅពេល​ដែលភាគី​កម្ពុជា-ចិន​ បាន​ជជែកគ្នា ​និង​ធ្វើឱ្យ​ភាគី​ទាំង​ ២​ យល់​គ្នា​ទៅ​វិញ​ទៅ​មក។ ជាពិសេស​នៅ​ពេល​ដែល​ខ្យល់​ព្យុះ​នៃភាព​ប្រឈម​រវាង​ចិន ​និង​អាមេរិក។

លោក​ ផៃ ស៊ីផាន ​បញ្ជាក់ថា​៖​ «ចំពោះ​ជំហរ​កម្ពុជា​យើង ​គ្មាន​អ្វី​ក្រៅតែ​ពី​សុំឱ្យ​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​ហ្នឹង​ស្វែងរក​ដំណោះស្រាយ​ណាមួយ​ដើម្បី​ជាផល​ប្រយោជន៍​ពិភពលោក»។

លោក​គិន ​ភា​ ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​ នៃ​រាជ​បណិ្ឌត្យ​សភា​កម្ពុជា​ ថ្លែងថា​ រាជបណ្ឌិត្យ​សភា​កម្ពុជា​ ជា​ស្ថា​ប័ន​អភិវឌ្ឍន៍​ធនធាន​មនុស្ស ​ប៉ុន្តែ​ត្រូវ​ការ​កិច្ចសហការ​បន្ថែម​ពី​ភាគី​ចិន​ ទៅ​លើ​ការ​ផ្តល់​មូលនិធិ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ផ្សេងៗ។ ​

លោក​​បញ្ជាក់ថា​៖ «​ក៏ប៉ុន្តែ ​យើង​​ត្រូវការ​ឱ្យ​មាន​ការសិក្សា​ស្រាវជ្រាវ​រួមគ្នា​ទៀត។ អាហ្នឹង​ចំណុច​ដោយ​ឡែក​សម្រាប់​​រាជបណ្ឌិត្យ​សភា​កម្ពុជា ​ហើយ​សម្រាប់​ការ​ស្នើ​របស់​សម្តេច​ឱ្យ​ចិន​ជួយការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ហ្នឹង​ គឺ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​យើង​មិន​រង់ចាំទទួល​ជំនួយ​ពី​បណ្តា​ប្រទេស​នានា ​ដោយ​មិន​អភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស​របស់​ប្រទេស​បាន​ទេ»៕