ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យក្រសួងព័ត៌មាន លុបបំបាត់ការផ្សាយព័ត៌មានមិនពិតជុំវិញការផ្ទុះឡើងវីរុសកូរ៉ូណា ខណៈលោកបានស្ដីបន្ទោសខ្លាំងៗដល់ស្ថាប័នសារព័ត៌មាន អ្នកផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម និងអ្នកលេងហ្វេសប៊ុកមួយចំនួនដែលបានផ្សាយខុសអំពីវីរុសកូរ៉ូណាដែលជាហេតុធ្វើឱ្យពលរដ្ឋទទួលបានព័ត៌មានមិនពិត មានការភ័យខ្លាចអំពីវីរុសកូរ៉ូណាកើតឡើងនៅកម្ពុជា។
លោក ហ៊ុន សែន បានស្នើឱ្យក្រសួងព័ត៌មានត្រូវចាត់វិធានការចាំបាច់ក្នុងការទប់ស្កាត់ការផ្សាយព័ត៌មានខុសពីការពិត ខណៈលោកបានស្ដីបន្ទោសដល់សារព័ត៌មានដើមអំពិលការផ្សាយព័ត៌មានតាមបណ្ដាញសង្គមរបស់លោក ឃឿន សូឡា ហៅ K01 និងលោក ហេង ឡុង ប្រធានសមាគមសិល្បៈខ្មែរថាបានផ្សាយព័ត៌មានខុសពីការពិត និងគ្មានការទទួលខុសត្រូវដែលនាំឱ្យប្រជាពលរដ្ឋមានការភិតភ័យខ្លាំងហួសហេតុអំពីការកើតមានវីរុសកូរ៉ូណានៅកម្ពុជា។
លោកថា៖ «ជាអកុសលណាស់ សូម្បីតែអាដើមអំពិលរបស់ សយ សុភាព នេះវាធ្វើទៅរួច។ វិជ្ជាជីវៈគ្រាន់បើនឹងគេដែរ ឥឡូវក៏ធ្វើជាអ្នកអត្ថាធិប្បាយនៅ BTV ហើយខ្ញុំកំពុងតែគិតថា តើលោក សយ សុភាព សមហេតុសមផល ដើម្បីធ្វើជាអ្នកអត្ថាធិប្បាយនៅទូរទស្សន៍មួយដែលជំនាញខាងផ្នែកព័ត៌មានដែរឬទេ? ខ្ញុំនឹងពិចារណាលើបញ្ហានេះ ហើយនេះចេះមិនធ្វើអត្ថាធិប្បាយលើ BTV បំផ្លាញកេរ្តិ៍ឈ្មោះរបស់ BTV ប៉ុន្តែគ្រាន់តែជាការបំផ្លាញកេរ្តិ៍របស់ដើមអំពិលប៉ុណ្ណោះ ហើយខ្លួនក៏បានសុំទោសលើបញ្ហានេះហើយដែរ»។
លោក ហ៊ុន សែន បន្តថា៖ «សុំឱ្យក្រសួងព័ត៌មានចាត់វិធានការចាំបាច់ចំពោះព័ត៌មានក្លែងក្លាយ។ ឃើញដូចជាម៉ាឡេស៊ីចាប់អ្នកសារព័ត៌មានចំនួន ៣ នាក់ យើងអត់ទាន់មានចាប់ទេ ប៉ុន្តែប្រសិនបើមិនរាងចាលទេ ក៏ត្រូវតែធ្វើដែរ។ ខេត្តសៀមរាប និងពោធិ៍សាត់ដែលផ្សាយព័ត៌មានមិនពិតមកផូស្ត (តាមហ្វេសប៊ុក) ក៏ត្រូវបានគេ (ប៉ូលិស) យកមកចុះហត្ថលេខាទទួលកំហុសហើយ ហើយក៏សូមបញ្ជាក់ថា ព័ត៌មានដែលអាចយកបានគឺក្រសួងសុខាភិបាលជាអ្នកនាំចេញ ឬផ្ដល់ព័ត៌មាន មិនមែនប្រតិកម្មរហ័ស មិនមែនក្រសួងព័ត៌មាន ឬក្រសួងណាក្រៅពីស្ថាប័នដែលច្បាប់បានប្រគល់នោះទេ»។
លោកនាយករដ្ឋមន្ត្រីបន្តថា ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការធ្វើអត្ថាធិប្បាយហួសហេតុរបស់អ្នកសារព័ត៌មានតាមបណ្ដាញសង្គមទាំងនេះ គឺជាហេតុធ្វើឱ្យពលរដ្ឋមានការភ័យខ្លាចខ្លាំងដែលមិនមែនជារឿងពិត។ លោកបន្តថា ការបំពុលព័ត៌មានគឺធ្វើឱ្យពលរដ្ឋត្រូវខាតបង់ពេលវេលា បំពេញការងារ ខណៈពលរដ្ឋគ្រប់រូបគឺអាចបញ្ចៀសការឆ្លងមេរោគគ្រប់ប្រភេទបានរួមទាំងវីរុសកូរ៉ូណាជាដើមតាមរយៈការធ្វើអនាម័យក្នុងការរស់នៅ ទទួលទាន និងការធ្វើដំណើរជាដើម។
លោកថា៖ «មិនអាចមានការភ័យខ្លាចហើយបិទស្ថាប័នធ្វើការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អ៊ីចឹងទេ! ស្ថាប័នរដ្ឋទាំងអស់ រោងចក្រ សហគ្រាស ផ្សារលក់ដូរ វត្តអារាម ទាំងព្រះពុទ្ធ អ៊ិស្លាម និងគ្រិស្ដ គឺមិនត្រូវបិទទេ។ អាណាព្យាបាលត្រូវបញ្ជូនកូនមករៀនធម្មតា។ ត្រូវរៀបចំអនាម័យឱ្យបានល្អតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត។ ក្រសួងអប់រំត្រូវសហការជាមួយក្រសួងសុខាភិបាលចុះអប់រំតាមសាលា»។
លោកបន្តថា៖ «បញ្ហាសំខាន់នៅពេលនេះគឺនៅតាមសាលាត្រូវមានអនាម័យឱ្យបានល្អបំផុត ដើម្បីផ្ដល់ជំនឿទុកចិត្តទៅដល់មាតាបិតា អាណាព្យាបាលសិស្ស ហើយខ្ញុំសូមកោតសរសើរអាណាព្យាបាលសិស្សដែលកន្លងទៅទោះបីជាមានពាក្យចចាមអារ៉ាមបំភិតបំភ័យ ប៉ុន្តែនៅតែបញ្ជូនកូនទៅរៀនសូត្រហើយសង្ឃឹមថា អ្នកមានការភ័យខ្លាចក៏សូមឱ្យបញ្ឈប់ការភ័យខ្លាចហើយបញ្ជូនកូនចៅទៅទទួលបានការរៀនសូត្រឡើងវិញ»។ លោក ហ៊ុន សែន ក៏បានអំពាវនាវកុំឱ្យមានការឆ្លៀតឱកាសលក់ម៉ាស់ឡើងថ្លៃ ហើយបានស្នើឱ្យរោងចក្រជួយដេរម៉ាស់លក់ឱ្យរដ្ឋ ឬជួយដល់ប្រជាជនដែលមានតម្រូវការ។
កាលពីថ្ងៃម្សិលមិញលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងថា ក្រសួងព័ត៌មានគឺយកវិធានការអប់រំជាចម្បងចំពោះស្ថាប័នដែលផ្សាយព័ត៌មានខុស ហើយក្រសួងក៏បានចេញសេចក្ដីជូនដំណឹងរួចហើយដែរ ចំពោះការផ្សព្វផ្សាយព័ត៌មានអំពីវីរុសកូរ៉ូណាមិនបានត្រឹមត្រូវ។ លោកថា៖ «ដូចប្រសាសន៍សម្ដេចព្រឹកមិញ (ថ្ងៃព្រហស្បតិ៍) អ៊ីចឹង គឺយើងយកវិធានការអប់រំជាចម្បង»។
សេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានចេញពីថ្ងៃទី ២៩ ខែមករាសរសេរថា៖ «ចំពោះស្ថាប័ន អង្គភាពសារព័ត៌មានសូមមានការប្រុងប្រយ័ត្ននៅក្នុងការផ្សាយព័ត៌មានអំពីការឆ្លងរីករាលដាលជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យបានច្បាស់លាស់មុននឹងចេញផ្សាយ និងត្រូវធ្វើការកែតម្រូវឱ្យបានទាន់ពេលវេលារាល់ព័ត៌មានដែលបានផ្សព្វផ្សាយមិនត្រឹមត្រូវគ្មានប្រភពច្បាស់លាស់អាចឈានទៅដល់មានភាពចលាចលក្នុងសង្គម។ ជនណាដែលផ្សព្វផ្សាយព័ត៌មាន ឬចែកផ្សាយបន្ត (Share) នូវព័ត៌មានមិនពិត ឬអង្គភាពសារព័ត៌មានដែលមិនព្រមកែតម្រូវនូវការផ្សាយព័ត៌មានមិនពិតនឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន»។
លោក ណុប វី នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លើកឡើងថា ដើម្បីកាត់បន្ថយព័ត៌មានមិនពិត គឺរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធត្រូវតែមានការផ្សព្វផ្សាយបន្ថែមពីក្រមសីលធម៌ ឬវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ «មិនត្រឹមតែមានការកែតម្រូវទេ ប៉ុន្តែខ្ញុំគិតថាភាគីពាក់ព័ន្ធទាំងរដ្ឋាភិបាលទាំងអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយឱ្យបានកាន់តែច្រើនអំពីការអប់រំ ក្រមសីលធម៌ វិជ្ជាជីវៈ និងតួនាទីរបស់អ្នកសារព័ត៌មាន រួមទាំងច្បាប់ផ្សេងទៀត...»៕