ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មានជាក្រុមមានអាទិភាពក្នុងការទទួលបាននូវវ៉ាក់សាំងកូវីដ ១៩ ដែលការលើកឡើងនេះត្រូវបានស្វាគមន៍ និងសាទរពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានមួយចំនួនក្នុងការទទួលបាននូវវ៉ាក់សាំងនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២១ បន្ទាប់ពីទទួលបានវ៉ាក់សាំងកូវីដ១៩ចំនួន ៦០ ម៉ឺនដូស ពីសាធារណរដ្ឋប្រជាមានិតចិន លោក ហ៊ុន សែន បានស្នើឱ្យក្រសួងសុខាភិបាលចាត់ទុកក្រុមអ្នកយកព័ត៌មានជាក្រុមដែលត្រូវទទួលវ៉ាក់សាំងកូវីដ ១៩ នេះ ដោយសារអ្នកយកព័ត៌មានក៏ជាក្រុមដែលមានហានិភ័យមួយដែរ ដែលពួកគាត់ត្រូវស្វះស្វែងរកព័ត៌មាននៅគ្រប់ទីកន្លែង។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «អ៊ីចឹង! ខ្ញុំសុំឱ្យអ្នកសារព័ត៌មានទាំងអស់ដែលមានអាយុត្រឹម ៥៩ ឆ្នាំចុះមកទទួលយកវ៉ាក់សាំងកូវីដ ១៩ ដោយធ្វើការចុះឈ្មោះតាមអនឡាញ ហើយត្រូវមើលនៅក្នុងលក្ខខណ្ឌមួយចំនួនសម្រាប់អ្នកដែលមិនអាចទទួលវ៉ាក់សាំងនេះបាន»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងសុខាភិបាលធ្វើការជាមួយនឹងក្រសួងព័ត៌មានដើម្បីធ្វើការលើរឿងនេះ ប៉ុន្តែលោកគិតថាប្រសិនបើអ្នកសារព័ត៌មានទាំងឡាយផ្តួចផ្តើមធ្វើកិច្ចការងារនេះជាមួយនឹងស្ថាប័នរបស់ខ្លួនជាមួយនឹងក្រសួងសុខាភិបាលផ្ទាល់ក៏បានក្នុងការទទួលបាននូវវ៉ាក់សាំងនេះ។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា លោកនាយរដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ទៅដល់អ្នកសារព័ត៌មាន ដែលនេះជាកិច្ចការសំខាន់ និងជាការលើកទឹកចិត្តដ៏ធំសម្រាប់អ្នកសារព័ត៌មាន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមសាទរចំពោះអ្នកសារព័ត៌មានទាំងអស់ផងដែរដែលទទួលបានការយកចិត្តទុកដាក់ពីសម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅក្នុងក្រុមអាទិភាពចាក់វ៉ាក់សាំងការពារកូវីដ១៩នេះ»។
លោក ហ៊ុយ វណ្ណៈ បានធ្វើការអំពាវនាវទៅដល់អ្នកសារព័ត៌មានទាំងអស់ដែលមានគ្រប់លក្ខខណ្ឌតាមក្រសួងសុខាភិបាលទៅទទួលយកការចាក់វ៉ាក់សាំងនេះ។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញ ដោយថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងខាងក្រសួងព័ត៌មានដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាពចំពោះក្រុមអ្នកសារព័ត៌មាន។
លោកបានប្រាប់ថា៖ «នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ដល់សុវត្ថិភាពរបស់អ្នកសារព័ត៌មាន។ ខេមបូចានឹងបន្តសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីផ្តល់ព័ត៌មានទៅដល់សមាជិករបស់យើង»។
លោក ណុប វី បានបន្តថា លោកនឹងផ្តល់ការសម្រេច ឬការស្ម័គ្រចិត្តទៅទទួលយកវ៉ាក់សាំងដល់បងប្អូនអ្នកសារព័ត៌មានដែលជាសមាជិករបស់ខេមបូចា។
លោកថា វាអាស្រ័យលើការសម្រេចចិត្តរបស់សមាជិកដើម្បីទៅទទួលយកវ៉ាក់សាំង។
លោក សម សារ៉ន ការីនិពន្ធរបស់វេបសាយ First News ក៏បានបង្ហាញពីអំណរគុណទៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ទៅលើសុខភាពរបស់អ្នកសារព័ត៌មាន ប៉ុន្តែលោកមិនទាន់សម្រេចចិត្តថានឹងចាក់វ៉ាក់សាំងនេះឬយ៉ាងណានៅឡើយទេ។
លោកបានប្រាប់ថា៖ «ក្នុងនាមជានាយករដ្ឋមន្ត្រីដែលគិតគូរពីអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានជួរមុខដែលចេញយកព័ត៌មាន ប៉ុន្តែក្នុងនាមប្រមុខរដ្ឋាភិបាលគួរតែពិចារណាចំពោះវ៉ាក់សាំងដែលត្រូវចាក់ឱ្យពួកគាត់ (អ្នកសារព័ត៌មាន)។ គួរតែជ្រើសរើសយកវ៉ាក់សាំងណាដែលមានប្រសិទ្ធភាពខ្ពស់»។
សម្រាប់លោក សម សារ៉ន គឺនៅមានការស្ទាក់ស្ទើរចំពោះការសម្រេចចិត្តថាតើលោកនឹងចាក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន។ លោកបានប្រាប់ពីមូលហេតុថាវ៉ាក់សាំងកូវីដស៊ីណូហ្វាមនេះមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការនៅឡើយហើយប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ ក៏មិនទាន់ដឹងថាមានប្រសិទ្ធភាពកម្រិតណាផងដែរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី ៨ ខែកុម្ភៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយបានកំណត់នូវពេលវេលា និងទីកន្លែងចំនួន ៤ ទីតាំង សម្រាប់ធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩។ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ នឹងរៀបចំកម្មវិធីចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជំងឺកូវីដ ១៩ ជូនដល់ឥស្សរជនជាន់ខ្ពស់ដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ ឆ្នាំ ដោយការស្ម័គ្រចិត្ត។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ «ការចាក់វ៉ាក់សាំងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ នៅតាមទីតាំងចំនួន ៤ ផ្សេងគ្នា ក្នុងនោះនៅមន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។ នៅមន្ទីរពេទ្យអង្គឌួងសម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ»។
លោកបានបន្តថា សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តនឹងចាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឯទីតាំងទី ៤ គឺនៅមន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន៕