ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​ ៥ ខែមេសា បាន​ផ្ញើលិខិត​អបអរសាទរ លោក ង្វៀង សួនហ៊្វុក ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​វៀតណាម ហើយ​ជាមួយ​គ្នា​នេះ លោកនាយក​រដ្ឋមន្ដ្រី​បាន​ប្ដេជ្ញា​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អ្នក​បន្តវេន ដើម្បី​លើកកម្ពស់​ភាពជា​ដៃគូ​យូរអង្វែង​រវាង​ប្រទេស​ទាំង​ ២​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​តាមរយៈ​លិខិត​ថា​៖ «​ខ្ញុំ​ជឿជាក់ថា ទោះបី​ជា​នៅក្នុងពេល​បច្ចុប្បន្ននេះ យើង​មាន​តួនាទី​ផ្សេងគ្នា​ក៏ដោយ​ទំនាក់ទំនង​ដ៏ស្និទ្ធស្នាល​របស់​យើង​នឹង​នៅតែ​រឹងមាំ និង​បន្ត​ជា​កត្តា​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង ២ ​ឱ្យ​កាន់តែ​មាន​វិសាលភាព​ធំធេង​ជាង​មុន​»​។

លោក​ថ្លែងថា ការទទួល​បាន​នូវ​តំណែង​ថ្មី​នេះ​បាន​បង្ហាញ​អំពី​ជំនឿ​ជឿជាក់ និង​ទំនុកចិត្ត​យ៉ាងខ្លាំង​របស់​បក្ស​កុម្មុយនីស្ត និង​ប្រជាជន​វៀតណាម​ទាំងមូល​មកលើ​ភាព​ជា​អ្នកដឹកនាំ​ដ៏វាងវៃ​របស់​លោក ង្វៀង សួនហ៊្វុក​។

លោកនាយក​រដ្ឋមន្ដ្រី​ជឿជាក់​ថា ក្រោម​ការគ្រប់គ្រង និង​ការដឹកនាំ​ដ៏ឈ្លាសវៃ​របស់​លោក ង្វៀង សួនហ៊្វុក សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នឹង​បន្ត​ទទួល​បាន​នូវ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​កាន់តែ​ធំធេង​ថែមទៀត ឈាន​ទៅ​សម្រេចបាន​នូវ​គោលដៅ​ក្លាយ​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ ២០៤៥ និង​បន្ត​បំពេញ​តួនាទី​ដ៏សកម្ម​ទាំង​នៅលើ​ឆាក​តំបន់ និង​អន្តរជាតិ​។

លោក​ ហ៊ុន សែន បាន​សម្តែង​នូវ​អំណរ​អរគុណ​ចំពោះ​លោក ង្វៀង សួនហ៊្វុក​ ដែល​បាន​ថែរក្សា​ពូន​ផ្តុំ​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ និង​ធ្វើឲ្យ​កាន់តែ​សម្បូរបែប​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​របស់​ប្រទេស​ទាំង​ ២ ​នៅក្នុង​អាណត្តិ​លោក​សួនហ៊្វុក​ជា​នាយករដ្ឋមន្ត្រី​។

លោក​បន្ដថា​៖ «​ខ្ញុំ​សូម​អះអាង​ជាថ្មី នូវ​ការប្តេជ្ញាចិត្ត​ដ៏មុតមាំ​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​បន្តវេន​របស់​ឯកឧត្តម ដើម្បី​លើកកម្ពស់​ភាព​ជា​ដៃគូ​យូរអង្វែង​ផ្អែកលើ​ស្មារតីភាព​ជា​អ្នកជិតខាង​ល្អ សាមគ្គីភាព​ការយោគយល់​គ្នា​ និង​កិច្ចសហប្រតិបត្តិការ ដែល​មាន​ផលប្រយោជន៍​ទៅវិញ​ទៅមក ជាពិសេស​ការជម្នះ​បាន​នូវ​បញ្ហា​ប្រឈម​នានា ដែល​មិន​ធ្លាប់បាន​ជួបប្រទះ​កន្លងមក បណ្តាល​មកពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩»​។

លោក​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា ការប្ដេជ្ញា​នេះ​គឺ​ដើម្បី​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​វិបុលភាព​របស់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ ២ តំបន់ និង​សកលលោក​ទាំងមូល​។

លោក ង្វៀង សួនហ៊្វុក អតីត​នាយករដ្ឋមន្ត្រី​វៀតណាម​ត្រូវបាន​សភា​វៀតណាម​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានាធិបតី​វៀតណាម​នៅ​ថ្ងៃទី​ ៥ ខែមេសា​ឆ្នាំ​ ២០២១ ​បន្ទាប់ពី​លោក​បានបញ្ចប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​។ ការបោះឆ្នោត​នេះ​បាន​ធ្វើឡើង​ក្នុង​សម័យ​ប្រជុំ​លើក​ទី​ ១៤ នៃ​រដ្ឋសភា​វៀតណាម​។ នេះ​យោងតាម AFP ចេញផ្សាយ​កាលពី​ម្សិលមិញ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យសភា​កម្ពុជា​លើកឡើង​ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ចាប់ពី​ក្រោយ​ឆ្នាំ​ ១៩៧៩ ​មក​គឺជា​ទំនាក់ទំនង​បែប​ប្រពៃណី និង​ប្រវត្ដិសាស្ដ្រ​នៃ​អ្នក​ជិតខាង​ល្អ​។ ប៉ុន្ដែ​ក្នុងនាម​ជា​ប្រទេស​ជិតខាង គឺ​ត្រូវគោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​គ្នា​ទៅវិញទៅមក​។

លោក​ថ្លែងថា​៖ «​យើង​ឃើញថា តាមរយៈ​ឯកសារ​ និង​ការអះអាង​ផ្លូវការ​គ្រប់​ជំនាន់​នៃ​មេដឹកនាំ​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ទាំង​ក្របខ័ណ្ឌ​បក្ស និង​ក្របខ័ណ្ឌ​រដ្ឋ គឺ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ តែងតែ​ប្ដេជ្ញាចិត្ដ​ប្រឹង​រឹតចំណង​មិត្ដភាព​ និង​កិច្ចសហប្រតិបត្ដិការ​នៃ​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​រឹងមាំ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​»​។

លោក គិន ភា សង្កេតឃើញ​ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​គ្មាន​សញ្ញា​ណាមួយ​ធ្លាក់ចុះ​ជា​អវិជ្ជមាន​នោះទេ គឺ​នៅ​រក្សា​ភាពរឹងមាំ​ដដែល ថ្វីបើ​ប្រទេស​ទាំង​ ២ ​ជួបប្រទះ​បញ្ហា​មិនប្រក្រតី​ខ្លះ​ទៅលើ​បញ្ហា​តំបន់​។

លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​តែងតែ​ចាត់ទុក​ប្រទេស​ជិតខាង​ជា​ប្រទេស​ដែលមាន​កិច្ចសហប្រតិបត្ដិការ​ល្អ​ទាំង​នយោបាយ សេដ្ឋកិច្ច ជាពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​»៕