ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ កុំឱ្យ​មាន​ការ​តក់​ស្លុត ចំពោះ​ជំងឺ​ឆ្កែ​ឆ្កួត រហូត​ដល់​សម្រុក​ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​នេះ ស្ទើរ​តែ​មិន​អាច​ផ្តល់​សេវា​ជូន​ទាន់ ខណៈ​ដែល​ក្នុង​មួយ​ថ្ងៃៗ​មាន​ពលរដ្ឋ​ប្រមាណ​ពី ៥០០ ទៅ ៦០០ នាក់​បាន​សម្រុក​ទៅ​ចាក់​វ៉ាក់សាំងការពារ​ជំងឺឆ្កែ​​ឆ្កួត​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ។

ការ​អំពាវ​នាវ​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​អបអរ​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី៧ នៅ​សណ្ឋាគារ​សុខា​ភ្នំ​ពេញ ​កាលពី​ម្សិលមិញ​។

លោក​ថ្លែង​ថា៖ «អំពាវនាវ​ចំពោះ​​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស សុំ​កុំ​ឲ្យ​មាន​ការ​តក់ស្លុត និង​ភ័យ​ខ្លាច​​រហូត​ទៅដល់​វិទ្យាស្ថាន​ប៉ា​ស្ទ័រ និង​ទី​កន្លែង​នានា ដែលមាន​មនុស្ស​ទៅ​កកកុញ ដើម្បី​ទទួល​យក​​​សេវា​វ៉ាក់សាំង ដែល​មិន​មែន​ជា​សេចក្តី​ត្រូវការ​ចាំបាច់​របស់​ខ្លួន»។

លោក​បន្ត​ថា អ្នក​ដែល​មិន​មាន​​ឆ្កែ​ខាំ ក៏​ទៅរក​ចាក់​វ៉ា​ក់​​សាំ​ងនេះ​ដែរដែ​ល​ធ្វើ​ឲ្យ​មានការ​កក​ស្ទះ​ បើ​ទោះ​​ជា​​ក្រសួង​សុខា​ភិបាល​ ធ្លាប់​បាន​ធ្វើការ​អំពាវនាវ​រួចមកហើយ ថា​ ពលរដ្ឋ​មួយ​ចំនួនដែល​សម្រុក​​​មកចាក់​វ៉ាក់សាំង​នេះ មិន​មាន​រោគសញ្ញា​នៃ​ជំងឺ​នេះ​ទេ។

លោក​ថា៖ «អ្វី​ដែ​ល​សំខា​ន់ គឺ​អ្នក​ដែល​មិន​មាន​ឆ្កែ​ខាំ ឬ​ឆ្មា​ខាំ​នោះបែរជា​នាំគ្នា​ទៅ​កកកុ​ញ​​​កន្លែង​ទទួល​វ៉ាក់​សាំ​​ង ហើយ​រហូត​ទៅដល់​ប្រទេចផ្ដា​សា ជេរ​បញ្ចោរ ទៅ​លើ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ និង​ទិតៀន​ទៅ​លើ​ក្រសួង​សុខាភិបាល​ផង»។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​៖ ​«អ៊ី​ចឹ​ង​បាន​ថា​ នេះគឺ​ដូច​ទៅ​ហ្នឹង​ក្រសួងសុខាភិបាល​បាន​អំពាវនាវ ការការពារ​កុំ​ឲ្យ​មាន​ជំងឺឆ្កែឆ្កួត ឬ​សត្វ​ខាំ វិធី​ដែល​ល្អ​ជាងគេ គឺ​កុំ​ឲ្យ​ឆ្កែ​ខាំ អាហ្នឹង​គឺមាន​តែ​ប៉ុណ្ណឹង​ទេ គឺ​ល្អ​ជាង​គេ​ហើយ។ កុំទៅ​ប្រ​ឡែង​ជាមួ​យ​​​ឆ្កែជា​សត្វ​ដែលមាន​ពិសនិយា​យ​​យ៉ាង​ដូច្នេះ ចៀសវាង​មិនបាន​ទេ ជួនកាល​នៅ​ទីជន​បទ គឺ​ឆ្កែ​វា​ការពារ​កូន​របស់​វា ក៏​វា​ចេញ​មក​ខាំ​ក៏មាន ដែល​អ្នក​ទាំង​អស់​​​ហ្នឹង​ហើយ​ដែល​ត្រូវការ​បន្ទាន់»។

ក្រៅពី​អំពាវនាវ​ទៅកាន់​ពលរដ្ឋ លោក​នាយក​រដ្ឋ​មន្ត្រី​ ក៏​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល ពង្រាយ​នូវ​សេវា​នេះ សម្រាប់​មន្ទីរ​ពេទ្យ​មួយ​ចំនួន ដែល​មាន​លទ្ធភាព​ផ្តល់​សេវានេះ ហើយ​ក៏​អាច​ផ្តល់​លទ្ធភាព​ ទៅ​ឲ្យ​គ្លីនិ​ក​ឯកជន​ ដើម្បី​ជួយផ្តល់​សេវា​វ៉ាក់សាំង​ទាំងនេះ​ផង​ដែរដោ​យ​ត្រូវ​ផ្តល់​សេវា​ពិគ្រោះ​យោបល់​ឲ្យ​បានល្អ​ត្រឹម​ត្រូវ​ជូន​ពលរដ្ឋ ចៀសវាង​ឲ្យ​ពួកគាត់​មាន​ភាព​តក់​ស្លុត ដូច​ករណី​ស្លាប់​​កុមារី​ម្នាក់នៅ​ខេត្ត​ស្វាយ​រៀង​កាល​ពីថ្មីៗ​នេះ។

បើ​តាម លោក លី សុវត្ថិ វេជ្ជ​បណ្ឌិតផ្នែក​សុខភាព​សាធារណៈ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ជា​​រៀង​រាល់ថ្ងៃ ក៏ដូចជា​កាលពី​ថ្ងៃ​ម្សិល​មិញ​ដែរ វិទ្យា​ស្ថាន​ប៉ាស្ទ័រ មាន​មនុស្ស​យ៉ាង​ណែន​តាន់​តាប់ ចន្លោះ​ពី ៥០០ ទៅ ៦០​០ នាក់​បាន​សម្រុក​មក​ទទួល​សេវា​​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្កួត បន្ទាប់ពី​មាន​ព័ត៌មាន​ក្មេង​ស្រី​អាយុ ១០ ឆ្នាំ​ម្នាក់បាន​ទទួល​មរណភាព​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​មាន​ប្រវត្តិ​ឆ្មា​ខ្វាច​តាំង​ពី​ខែ​​ធ្នូ​ឆ្នាំ​មុន។

ដោ​យ​​សារ​តែ​ចំនួន​ប្រជា​ពលរដ្ឋនៅតែ​សម្រុក​មក​ទទួល​សេវា​នេះ លោក លី សុវត្ថិ ​បញ្ជាក់​ថា​៖ «ខ្ញុំ​កំពុង​ដាក់​ផែនការ​សម្រាប់​ថ្ងៃស្អែក (ថ្ងៃ​នេះ​) ដោយសារ​យើង​រៀបចំ​កន្លែង​ថ្មី​សម្រាប់​ទទួល​ពួក​គាត់​ឲ្យ​​បាន​ទូលាយ​ជាង​មុន ព្រោះ​មាន​អ្នក​មក​ច្រើន ​ពេញ​កន្លែង​ហ្នឹង ច្រើន​រយ​នាក់»។

ចំណែក​លោក​ លី សុ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បានឲ្យ​ដឹង​យ៉ាងខ្លី​ថា ក្រសួង​សុខាភិបាល​​ ​ទើប​​ពង្រីក​សេវា​ចាក់​វ៉ាក់សាំង​នេះនៅ​ខេត្ត​បាត់ដំ​បង និង​ខិតខំ​ពង្រីក​បន្ថែម​ទៀត​ក្នុង​ពេល​អនាគត។

បើ​តាម​លិខិត​​របស់​ក្រសួង​សុខា​ភិបាល ដែល​កាលពី​ថ្ងៃ​ទី​ ២៣ ខែ​កុម្ភៈ បាន​ណែនាំ​ជាថ្មី​ ​ដល់​ពល​រដ្ឋ​​ដែលមាន​ហានិភ័​យ​​ខ្ពស់ ដូចជា​អ្នក​ដែល​ត្រូវ​បាន​​សត្វ​ឆ្កែ ឬ​ឆ្មា​ខាំ មាន​រោគសញ្ញា​ហានិភ័យ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​ត្រូវ​ចាក់​ទៅតាម​កាលវិភាគ​នៃ​ដូ​ស​វ៉ាក់​សាំង នឹង​ទទួលបាន​នូវ​ការ​ចាក់​វ៉ាក់សាំង​នេះ ដូច​តាម​ការ​ណែនាំ។

ចំណែក​អ្នក​ដែល​មិន​ទាន់​មាន​សត្វ​ខាំ ឬ​ខាំ​យូរ​ថ្ងៃ​​មកហើយ ដែល​មិន​មាន​រោគ​សញ្ញា​ហានិភ័យ​អ្វី​នោះ ក្រសួង​ស្នើ​ឲ្យ​ពួកគេ​រង់ចាំ​បន្តិច​សិន ដើម្បី​ចៀស​វាង​កុំ​ឲ្យ​មាន​ការ​រង់ចាំ​កក​កុញ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នេះ​យូរ​ពេក។

​វិទ្យាស្ថាន​ប៉ាស្ទ័រ​ ដែលជា​កន្លែង​ផ្តល់​ការចាក់​វ៉ាក់សាំង​នេះ ក៏​ធ្លាប់​បាន​​អំពាវនាវ​ឲ្យ​ពលរដ្ឋ​យោគ​យល់​​ នៅពេល​រង់ចាំ​យូរ​ក្នុង​ការ​មក​ទទួល​សេវា​នេះ​។

តាម​របាយ​ការណ៍​រប​ស់​អង្គការសុខភាព​ពិភព​លោក WHO ជា​រៀង​រាល់​ឆ្នាំ ជំងឺ​ឆ្កែឆ្កួតបាន​សម្លាប់​មនុស្ស​ពី ៣៥ ០០០ ទៅ ៥០ ០០០ នាក់ នៅ​ទូទាំង​ពិភពលោក។

ចំពោះ​កម្ពុជា​វិញ ការ​សិក្សា​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​រក​ឃើញ​ថា ក្នុង​មួយ​ឆ្នាំៗ​ មាន​មនុស្ស​ប្រមាណ ៦ សែន​នាក់ ​ត្រូវបាន​ឆ្កែ​ខាំ​ខណៈ​ដែល​​វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​ផ្តល់​វ៉ាក់​​សាំង​បានត្រឹម​តែ ២២ ០០០ នាក់​ប៉ុណ្ណោះ បន្ទាប់​ពី​ពលរដ្ឋ​ត្រូវ​បាន​ឆ្កែ​ខាំ៕