បន្ទាយមានជ័យៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាថ្មីទៀត ឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ ១៩ បើទោះបីជាកន្លងមករដ្ឋាភិបាលបានត្រួតត្រាសភាពការណ៍បានយ៉ាងល្អក្នុងការទប់ស្កាត់ជំងឺនេះក្តី ខណៈក្រសួងសុខាភិបាលបានប្រកាសពីម្សិលមិញថា បុរសជនជាតិប៉ូឡូញ អាយុ ៤៧ ឆ្នាំម្នាក់ទៀតត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩។
លោកនាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងឱកាសចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យកាលពីម្សិលមិញថា៖ «សម្រាប់យើង យើងបានត្រួតត្រាសភាពការណ៍នេះបានល្អហើយ តែខ្ញុំនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើង មិនថានៅទីនេះ ឬនៅកន្លែងណាទេ គឺត្រូវខិតខំបន្តទៅទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាលដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ»។
លោកបន្តថា ទន្ទឹមនឹងដោះស្រាយទឹកជំនន់នៅទីនេះ ទាំងអ្នកជួបនឹងគ្រោះទឹកជំនន់ ទាំងអ្នកជួយអន្តរាគមន៍ក៏ត្រូវប្រយ័ត្នប្រយែងដោយសារកូវីដមិនរើសមុខទេ រួមទាំងនាយករដ្ឋមន្ត្រី ប្រធានាធិបតី រដ្ឋមន្ត្រីនៅតាមប្រទេសនានាឆ្លងច្រើនណាស់។
លោកថ្លែងថា៖ «ទោះបីជាខ្លួនខ្ញុំជានាយករដ្ឋមន្ត្រី មិនប្រាកដថា មិនមានលទ្ធភាពឆ្លងកូវីដទេដូចនេះកុំទុកចិត្តខ្ញុំពេក។ យើងមិនប៉ះដៃគ្នា មិនមែនបានន័យថា យើងមិនរាប់អានគ្នានោះទេ...។ យើងត្រូវរួមគ្នាបន្តប្រយុទ្ធនឹងជំងឺកូវីដ១៩បន្ថែមទៀត»។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលពីម្សិលមិញបុរសជនជាតិប៉ូឡូញម្នាក់ដែលមានអាសយដ្ឋានស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលនេះគឺវិជ្ជមានជំងឺកូវីដ ១៩។
បច្ចុប្បន្នបុរសរូបនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រៅពីនេះអ្នកដំណើរតាមយន្តហោះជាមួយជនជាតិប៉ូឡូញរូបនេះ សរុបមានចំនួន ៥៨ នាក់ដែលមានលទ្ធផលតេស្តអវិជ្ជមានត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅក្នុងសណ្ឋាគារផ្សេងៗគ្នាក្នុងក្រុងភ្នំពេញ និងនៅមណ្ឌលកងទ័ពជើងអាកាស។
បើតាមក្រសួងសុខាភិបាល គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ២១ ខែតុលា ចំនួនអ្នកព្យាបាលជាសះស្បើយពីជំងឺកូវីដសរុបទូទាំងប្រទេសមានចំនួន ២៨០ នាក់ (ស្មើនឹង ៩៧,៩០%) ក្នុងចំណោមអ្នកជំងឺសរុប ២៨៦ នាក់។ បច្ចុប្បន្នមានអ្នកជំងឺចំនួន ៦ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងនោះមានបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ បុរសខ្មែរ ២ នាក់ ស្ត្រីខ្មែរម្នាក់ ស្ត្រីបារាំងម្នាក់ និងបុរសប៉ូឡូញម្នាក់៕
វីដេអូ៖