ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នៅ​ថ្ងៃទី ៨ ឧសភា​នេះ​បាន​អំពាវនាវ​តាមរយៈ​សារ​ពិសេស​ផ្ញើជូន​ជនរួមជាតិ​ដែល​នៅមាន​លទ្ធភាព​កុំទៅ​ដណ្តើម​ជំនួយ​ពី​អ្នក​អត់​ ខណៈ​រាជរដ្ឋាភិបាល​កំពុង​បន្ដ​ចុះ​ចែកជូន​ស្បៀង​ដល់​ពលរដ្ឋ​ខ្វះខាត​ក្នុង​អំឡុងពេល​នៃ​ការបិទខ្ទប់​នេះ។

លោកនាយក​រដ្ឋមន្ដ្រី​បាន​លើកឡើង​ថា លោក​បាន​ទទួល​ព័ត៌មាន​ និង​រូបភាព​មួយចំនួន​បង្ហាញថា ពលរដ្ឋ​មួយចំនួន​នៅ​តំបន់​បិទខ្ទប់​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទ្រទ្រង់​ជីវភាព ប៉ុន្ដែ​ពួកគេ​នៅតែ​ទាមទារ​ជំនួយ​ពី​អាជ្ញាធរ។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «អ្នក​ដែលមាន​លទ្ធភាព​កុំមក​ដណ្តើមយក​ជំនួយ​អ្នក​ដែល​ត្រូវ​ការជួយ​កំពុង​ទាមទារ​ឱ្យជួយ​ក្នុង​ពេល​យើង​មាន​លទ្ធភាព​គ្រប់គ្រាន់​ហើយ បែរជា​ទាមទារ​សមធម៌។ នេះ​ជា​ការគួរ​ឱ្យ​ខ្មាសអៀន​សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព»។

បើតាម​ការបញ្ជាក់​ពី​លោកនាយក​រដ្ឋមន្ដ្រី ការចែក​ស្បៀងអាហារ​នេះ​មិន​ងាយស្រួល​នោះទេ ដើម្បី​ចែក​ស្បៀង​ជូន​ពលរដ្ឋ​ឱ្យបាន​មួយ​ថ្ងៃ​ ២ ម៉ឺន​គ្រួសារ​គឺ​ប្រើ​កម្លាំង​ជាច្រើន​ក្នុង​ការវេចខ្ចប់ និង​ដឹកជញ្ជូន​ឱ្យបាន​ដល់​ពលរដ្ឋ។

យ៉ាងណាក្ដី លោក​នាយក​រដ្ឋន្ដ្រី​សង្ឃឹមថា អ្នក​ដែលមាន​លទ្ធភាព​នឹងមិន​ដណ្តើម​ជំនួយ​នោះឡើយ​ ដើម្បី​ទុកឱ្យ​អាជ្ញាធរ​អាច​ចែកជូន​អ្នក​ខ្វះ​លទ្ធភាព​បាន​លឿន។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​សូម​ការយោគយល់​ពី​ពលរដ្ឋ​ដែល​មិនទាន់​បាន​ជំនួយ​ផងដែរ ព្រោះ​ថា​ការចែក​មាន​ចំនួន​ច្រើន​ និង​មាន​ការលំបាក​ ព្រោះ​កន្លែង​ចែក​មាន​ច្រើន និង​ប្រឈម​ការឆ្លង​ជំងឺ​កូវីដ១៩​ខ្លាំង៕