ភ្នំពេញៈ ​នៅ​ទីបំផុត​មាន​មនុស្ស​ចំនួន​ ៤ ​នាក់​ដែល​រួមមាន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្ត​តាកែវ និង​បងប្រុស ឡាយ ណារិទ្ធ អតីត​ស្នងការរង​ខេត្ត ត្រូវ​បាន​តុលាការ​ធ្វើការ​ចោទប្រកាន់​កាលពី​ល្ងាច​ម្សិលមិញ​ពី​បទ​ «​ឃាតកម្ម​» និង​ពី​បទ​ «​លាក់បាំង​តម្រុយ​» ​ពាក់ព័ន្ធ​នឹង​ការស្លាប់​ដ៏អាថ៌កំបាំង​ដែល​ត្រូវ​បាន​គេ​បំប្លែង​ទៅ​ជា​ករណី​អត្តឃាតកម្ម​ទៅ​លើ​បុគ្គលិក រដ្ឋសភា​អ្នកស្រី​ ចេវ សុវឌ្ឍនា កាលពី​ខែ​មករា​ក្រោយពី​មាន​ការ​បញ្ជា​ឲ្យ​សើរើ​សំណុំ​រឿង​នេះ​ឡើង​វិញ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​។ នេះ​បើ​តាម​មន្ត្រី​តុលាការ និង​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​។

ជន​ត្រូវ​ចោទ​លោក ឡាយ វណ្ណៈ និង​បងប្រុស​របស់​លោក​គឺ​លោក ឡាយ ណារិទ្ធ ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ «​ឃាតកម្ម​» ដែល​ទោស​នេះ​តាម​ក្រមព្រហ្មទណ្ឌ​អាច​ប្រឈមមុខ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ១៥ ​ឆ្នាំ​បើ​តុលាការ​រកឃើញ​ថា​មាន​កំហុស​។

ជន​ត្រូវ​ចោទ ឈ្មោះ ម៉េន សាម៉ៃ និង ជឹម វុធ ត្រូវ​ចោទ​ពី​បទ​ «​លាក់បាំង​តម្រុយ​» ដែល​អាច​ប្រឈម​ទោស​ដល់​ទៅ ៣ ឆ្នាំ​បើ​តុលាការ​រកឃើញ​កំហុស​។

លោក លី សុផាណា អ្នក​នាំពាក្យ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​ថា៖ «​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ ឡាយ វណ្ណៈ និង​ឈ្មោះ ឡាយ ណារិទ្ធ ពី​បទ​ឃាតកម្ម​តាម​មាត្រា ១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ ម៉េន សាម៉ៃ និង​ឈ្មោះ ជឹម វុធ ពី​បទ​លាក់បាំង​តម្រុយ​តាម​មាត្រា ៥៣២ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បាន​សម្រេច​បញ្ជូន​បុគ្គល​ទាំង​នេះ និង​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​»​។

ទោះ​យ៉ាង​ណា​មនុស្ស​ ២ ​នាក់​ទៀត​មាន​ឈ្មោះ ចាន់ រី (​ប្រពន្ធ ជឹម វុធ​) ដែល​ជា​អ្នកបម្រើ​នៅ​ផ្ទះ​អ្នកស្រី ចេវ សុវឌ្ឍនា និង តាក់ រតនា (​អ្នក​បើក​ឡាន​ឲ្យ ឡាយ ណារិទ្ធ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​តាំងពី​ចុង​សប្តាហ៍​មុន​ជាមួយ​លោក ឡាយ ណារិទ្ធ មិន​ទាន់​ដឹង​ថា​តុលាការ​បាន​ធ្វើការ​ចោទប្រកាន់ ឬ​បាន​សម្រេច​ធ្វើការ​ដោះលែង​នោះ​ឡើយ​។

លោក ឡាយ វណ្ណៈ ដែល​គេ​ដឹង​ថា​មាន​ភរិយា​ជា​ព្រះរាជអាជ្ញារង ខេត្ត​កណ្តាល និង​ត្រូវ​ជា​កូនប្រសារ​របស់​លោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​ចាប់​ខ្លួន​ពី​ខេត្ត​តាកែវ​កាលពី​ថ្ងៃ​អាទិត្យ​ទី​ ១ ខែ​មេសា និង​បញ្ជូន​ភ្លាមៗ​មក​កាន់​ក្រសួង​មហាផ្ទៃ​ដោយ​សង្ស័យ​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​ការសម្លាប់ អ្នកស្រី សុវឌ្ឍនា ដែល​ជា​ស្រី​កំណាន់​របស់​លោក វណ្ណៈ កាលពី​យប់​ថ្ងៃទី​ ២៦ នា​ខែ​មករា​ឆ្នាំ​ ២០១៨​។ អ្នកស្រី ចេវ សុវឌ្ឍនា គឺជា​មន្ត្រី​នៅ​រដ្ឋសភា​ផ្នែក​ពិធីការ​ដែល​បន្ទាប់ពី​ការស្លាប់​នោះ​របាយការណ៍​សមត្ថកិច្ច​ខេត្ត​តាកែវ​បាន​ដាក់​ថា អ្នកស្រី សុវឌ្ឍនា បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​។

លោក ឡាយ ណារិទ្ធ ជា​អតីត​ស្នងការរង​ខេត្ត​តាកែវ​ជា​បងប្រុស និង​មនុស្ស ៤ ​នាក់​ផ្សេង​ទៀត​មាន​ ២ ​នាក់​ជា​អ្នកបម្រើ​ក្នុង​ផ្ទះ​អ្នកស្រី សុវឌ្ឍនា និង​ ២ ​នាក់​ទៀត​ជា​តៃកុង​ឡាន​លោក​ វណ្ណៈ និង​លោក​ ណារិទ្ធ ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ចុង​​សប្តាហ៍​មុន​ក្រោយ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ លើ​ករណី​ដែល​គេ​សង្ស័យ​ថា​មិនមែន​ជា​ការធ្វើ​អត្តឃាត​របស់​ជនរងគ្រោះ​នោះ​ទេ​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ដើមហេតុ​នៃ​ការសើរើ​នូវ​ករណី​ឃាតកម្ម​ដែល​បំប្លែង​ជា​ករណី​អត្តឃាត​ដ៏អាថ៌កំបាំង​តាំងពី​ខែ​មករា​មក​នេះ​គឺ​ដោយសារ​មាន​បណ្តឹង​សុំ​សើរើ​ពី​ក្រុម​គ្រួសារ​សព និង​ដោយសារ​មាន​បញ្ជា​ពី​លោក​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​។

លោក​​ សុភ័គ បាន​ថ្លែង​ថា​៖ «​សម្តេច​នាយក​រដ្ឋមន្ត្រី និង​សម្តេច​ក្រឡាហោម បាន​បញ្ជា​ឲ្យ​អគ្គស្នងការដ្ឋាន​ (​នគរបាលជាតិ​) សើរើ​ឡើង​វិញ​»​។ លោក​បន្ត​ថា លោក ឡាយ វណ្ណៈ និង​បងប្រុស​នៅ​តែ​បន្ត​បដិសេធ​នៅ​មុខ​ការសាកសួរ​របស់​សមត្ថកិច្ច​ហើយ​នៅ​តែ​ថា នេះ​ជា​ករណី​ «​អត្តឃាត​» បើ​ទោះបី​ជា​មាន​ការ​ឆ្លើយ​ដាក់​ពី​អ្នក​បើកបរ​របស់​លោក និង​អ្នកបម្រើ​ជនរងគ្រោះ​ក៏ដោយ​។ អ្នក​នាំពាក្យ​រូប​នេះ​ឲ្យ​ដឹង​ថា៖ «​ឡាយ វណ្ណៈ គាត់​ប្រកែក​ថា​មិន​ដឹង​ទេ​... បង​គាត់​ប្រកែក​ថា មិន​ដឹង​ដែរ ថា​ជា​ករណី​អត្តឃាត​ដែរ​»​។

លោក លី សុផាន់ណា បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​តេឡេក្រាម​កាលពី​យប់មិញ​ថា បន្ទាប់ពី​បាន​ពិនិត្យ​ឯកសារ​សំណុំ​រឿង​ និង​កិច្ចពិភាក្សា​ដេញដោល​ចំពោះ​មុខ​រួច​មក ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​ឈ្មោះ ឡាយ វណ្ណៈ និង​ឈ្មោះ ឡាយ ណារិទ្ធ ពី​បទ​ឃាតកម្ម​តាម​មាត្រា​ ១៩៩ ​នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ឈ្មោះ​ ម៉េន សាម៉ៃ និង​ឈ្មោះ​ ជឹម វុធ ពី​បទ​លាក់បាំង​តម្រុយ​តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ និង​បាន​បញ្ជូន​បុគ្គល​ទាំង​នេះ​ទៅ​មណ្ឌល​ឃុំ​ខ្លួន​តាម​នីតិវិធី​។

នៅ​មុន​ពេល​ចាប់​ខ្លួន​លោក ឡាយ វណ្ណៈ បាន​បង្ហោះ​តាម​ហ្វេសប៊ុក​របស់​លោក​ថា លោក​ពិត​ជា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​ស្ត្រី​មេម៉ាយ​កូន ៣ ឈ្មោះ ចេវ សុវឌ្ឍនា ពិត​មែន​ហើយ​លោក​ក៏​បាន​បង្ហោះ​រូបថត​ស្និទ្ធស្នាល​ជាច្រើន​សន្លឹក​ជាមួយ​ស្ត្រី​មេម៉ាយ​រូប​នេះ​ផង​ដែរ​។ ទោះ​យ៉ាង​ណា​លោក​បាន​បដិសេធ​ថា​លោក និង​បងប្រុស​របស់​លោក​មិន​បាន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​នោះ​ទេ ប៉ុន្តែ​លោក​ថា ការស្លាប់​របស់​នាង ចេវ សុវឌ្ឍនា គឺ​មកពី​ការ​ធ្វើ​អត្តឃាត​ដែល​លោក​អះអាង​ថា នាង​បាន​ប៉ុនប៉ង​សម្លាប់​ខ្លួន​ជាច្រើន​លើក​មក​ហើយ​។

កាលពី​យប់​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ​ ២០១៨ អ្នកស្រី ចេវ សុវឌ្ឍនា អាយុ ៣៦ ឆ្នាំ មាន​កូន ៣ នាក់​ក្នុង​បន្ទុក​ដែល​ជា​បុគ្គលិក​ផ្នែក​ពិធីការ​នៅ​រដ្ឋសភា​ជាង​ ១០ ឆ្នាំ​មក​ហើយ​នោះ​ត្រូវ​បាន​អ្នក​បម្រើ​ប្រទះ​ឃើញ​ចងក​ស្លាប់​នៅ​ក្នុង​បន្ទប់​ដេក នៅ​ក្នុង​ផ្ទះ​វីឡា​មួយ​កន្លែង​នា​ភូមិ​ផ្សារ​តាកោរ សង្កាត់​រកាក្នុង ក្រុង ដូនកែវ ខេត្ត​តាកែវ​៕