
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកាលពីកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា ការកែប្រែច្បាប់ស្ដីពីការងារដោយបន្ថយប្រាក់ឈ្នួលវេនយប់លុបចោលថ្ងៃឈប់សង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺដើម្បីទាក់ទាញការវិនិយោគឧស្សាហកម្មគន្លឹះ និងធានាថាពលរដ្ឋកម្ពុជានឹងមិនប្រឈមការអត់ការងារធ្វើដូចប្រទេសខ្លះទេ។ ប៉ុន្តែសហជីពខ្លះថារដ្ឋាភិបាលគួរទាក់ទាញការវិនិយោគប្រភេទនេះតាមវិធីសាស្ដ្រផ្សេងវិញ។
លោក អ៊ិត សំហេង ជារដ្ឋមន្ត្រីក្រសួងមួយនេះបានលើកឡើងថា កម្ពុជាដែលពឹងផ្អែកលើតម្លៃពលកម្មទាបសម្រាប់ដណ្ដើមវិនិយោគទុនបរទេស និងទីផ្សារពិភពលោក គឺកាន់តែមានលក្ខណៈស្រួចស្រាល់ឡើង។
លោកថា ការកើនឡើងប្រាក់ឈ្នួលយ៉ាងឆាប់រហ័ស និងការវិវឌ្ឍបច្ចេកវិទ្យាដ៏ជឿនលឿនរួមទាំងបញ្ហាខាងក្រៅដូចជាភាពតានតឹងសង្គ្រាមពាណិជ្ជកម្ម ជម្លោះភូមិសាស្ដ្រនយោបាយ ចលាចលក្នុងប្រទេសមួយចំនួនការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិជាដើមបានធ្វើឱ្យកម្ពុជាបាត់បង់ជាបណ្ដើរៗនូវឧត្តមភាពប្រកួតប្រជែងដណ្ដើមយកការវិនិយោគ និងទីផ្សារពិភពលោកដែលជះឥទ្ធិពលអវិជ្ជមានដល់កំណើនការងារ។
លោកថា៖ «ទោះបីពេលនេះកម្ពុជាកំពុងតែផ្ដល់ស្ថានភាពសេដ្ឋកិច្ចល្អ ប៉ុន្តែដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចក៏បានឈានដល់ការប្រឈមនឹងបញ្ហាផ្សេងៗទៀតដែលមានភាពខុសគ្នាខ្លះទៅអតីតកាលដែលតម្រូវឱ្យយើងត្រូវខិតខំជម្នះដើម្បីបត់បែនទៅតាមសំដៅរក្សាកំណើនសេដ្ឋកិច្ចខ្ពស់បង្កើតការងារ និងមុខរបរឱ្យបានច្រើន...ព្រមទាំងធានាថា យុវជនជំនាន់ក្រោយរបស់យើងនឹងមិនក្លាយជាអ្នករងហានិភ័យធ្ងន់ធ្ងរដោយសារអត់ការងារធ្វើ...»។
ការលើកឡើងរបស់លោក អ៊ិត សំហេង នេះធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារនៅសណ្ឋាគារសាន់វ៉េរាជធានីភ្នំពេញកាលពីម្សិលមិញដែលមានអ្នកចូលរួមពីភាគីរដ្ឋាភិបាល និយោជក កម្មករ និងដៃគូពាក់ព័ន្ធដូចជា អង្គការ ILO ជាដើម។ នេះគឺជាសិក្ខាសាលាលើកទី ១ បន្ទាប់ពីក្រសួងការងារប្រកាសធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារនេះ។
លោក អ៊ិត សំហេង បន្តថាការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារនេះគឺដើម្បីឱ្យស្របតាមបរិបទសេដ្ឋកិច្ចសង្គម និងដើម្បីទាក់ទាញការវិនិយោគឧស្សាហកម្មគន្លឹះ ខណៈការវិនិយោគទាំងនោះគឺភាគច្រើនត្រូវការកម្លាំងពលកម្មធ្វើការលើសពី ១ វេន។
លោកថា៖ «ការកែប្រែនេះគឺទី ១ ដើម្បីទាក់ទាញឧស្សាហកម្មគន្លឹះ ដូចជា រោងចក្រផលិតបរិក្ខារអគ្គិសនី គ្រឿងអេឡិចត្រូនិក និងការកែច្នៃម្ហូបអាហារជាដើម។ ទី ២ បង្កើនការងារជូនប្រជាពលរដ្ឋទៅតាមជម្រើស និងតម្រូវការជាក់ស្ដែងរបស់ពួកគេ ដើម្បីទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើង។ សូមបញ្ជាក់ថា រោងចក្រ សហគ្រាស និងគ្រឹះស្ថានដែលធ្វើការលើសពី ១ វេនម្ដងម្កាលត្រូវបន្តអនុវត្តបទប្បញ្ញត្តិដែលមានជាធរមាន»។
លោកបញ្ជាក់ថា៖ «ការលុបចោលថ្ងៃឈប់សងចំថ្ងៃអាទិត្យ ដូចអនុវត្តចំពោះមន្ត្រីសាធារណៈទូទៅក៏ដូចជា ប្រទេសមួយចំនួននៅក្នុងតំបន់ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រីកភាពប្រកួតប្រជែងរបស់កម្ពុជាទៅនឹងប្រទេសក្នុងតំបន់ និងសកល។ ក្រសួងនឹងពិនិត្យឱ្យគ្រប់ជ្រុងជ្រោយដើម្បីធានាថា ផលប្រយោជន៍កម្មករនឹងមិនត្រូវបានកាត់បន្ថយឡើយ»។
លោកបានបន្ថែមថា ចំពោះការកែប្រែច្បាប់ដើម្បីពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទការងារបុគ្គលដោយមូលហេតុថា នេះជាក្រុមការងារដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការដែលទទួលបានការទុកចិត្តពីគ្រប់ភាគី។
លោកបានបញ្ជាក់ថា ចំនួនវិវាទបុគ្គលដែលក្រសួងការងារទទួលបានក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ មានចំនួន ៩៨៥ សំណុំរឿងដែលភាគច្រើនត្រូវបានដោះស្រាយបញ្ចប់ដោយមិនមានភាគីណាប្ដឹងទៅតុលាការឡើយ។
ចំណែកលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានលើកឡើងថា ការកែប្រែច្បាប់ស្ដីពីការងារចំនួន ៣ មាត្រានេះនឹងធ្វើឱ្យបាត់បង់ផលប្រយោជន៍សម្រាប់កម្មករ។ លោកថា ខណៈរដ្ឋាភិបាលចាត់ទុកការធ្វើវិសោធនកម្មនេះគឺជាកំណែទម្រង់មួយដើម្បីទាក់ទាញវិនិយោគ គឺនឹងត្រូវបានអនុម័តក្នុងរយៈពេលដ៏ខ្លីបំផុតប្រសិនបើគ្មានការប្រឆាំងពីមហាជន ឬកម្មករនោះ។
លោកថា៖ «ខ្ញុំគិតថាច្បាប់នេះនឹងត្រូវចេញហើយ ព្រោះស្ថានភាពនេះគឺខាងរដ្ឋាភិបាលបានបញ្ជាក់ហើយគឺជាកំណែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅរបស់រដ្ឋាភិបាលដើម្បីទាក់ទាញអ្នកវិនិយោគ ហើយសូម្បីថ្ងៃឈប់បុណ្យ ៦ ថ្ងៃ ត្រូវបានកាត់ហើយ ការងារវេនយប់ និងថ្ងៃឈប់ចំថ្ងៃអាទិត្យត្រូវបានស្នើសុំធ្វើវិសោធនកម្មទៀត អ៊ីចឹងខ្ញុំគិតវាប្រាកដជាប៉ះពាល់ហើយ ហើយពួកយើងជាសហជីពអត់នឹកឃើញការជជែកគ្នាមួយដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់កម្មករទេ»។
លោក អាត់ ធន់ បន្តថាក្រុមកម្មករដែលធ្វើការងារ ២ វេនគឺស្មើនឹង ២៤ ម៉ោងគឺជាក្រុមកម្មករធ្វើការតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអ្នកបម្រើការងារខាងផ្នែកអគ្គិសនីជាដើម ខណៈកម្មករក្នុងវិស័យវាយនភណ្ឌដែលធ្វើការវេនយប់មានប្រហែលជាង ២ ភាគរយ។
លោកបន្ថែមថា ដើម្បីទាក់ទាញវិនិយោគមែនរដ្ឋាភិបាលគួរប្ដូរយុទ្ធសាស្ដ្រផ្សេងជាជាងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារដែលនាំឱ្យកម្មករត្រូវបាត់បង់ប្រយោជន៍បែបនេះ។
លោកថា៖ «ខ្ញុំគិតថា ផ្នែកមួយនៃការកំណែទម្រង់ផ្នែកវិស័យឧស្សាហកម្ម និងសេវាកម្មរបស់រដ្ឋគឺវាអត់ខុសទេ ត្រូវហើយ។
ប៉ុន្តែផ្នែកផ្សេងទៀតដូចជា ការកាត់បន្ថយការិយាធិបតេយ្យ ឬអំពើពុករលួយនៅតាមកន្លែងផ្សេងៗក៏ត្រូវពិនិត្យដែរ ហើយការរក្សាទុក EBA ឱ្យនៅគង់វង្សក៏ជាវិធីសាស្ដ្រមួយដើម្បីជួយទៅដល់ការបង្កើតការងារច្រើនដែរ...»។
លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជាបានលើកឡើងថា ការកែប្រែច្បាប់ការងារនេះនឹងធ្វើឱ្យប៉ះពាល់ទាំងកម្មករ និងនិយោជក ប៉ុន្តែគាំទ្រឱ្យមានការធ្វើវិសោធនកម្មច្បាប់នេះ ព្រោះវានឹងជួយឱ្យកម្ពុជាក្នុងការបង្កើនលទ្ធភាពប្រកួតប្រជែងដណ្ដើមយកអ្នកវិនិយោគថ្មី។
លោកថា៖ «កែសម្រួលច្បាប់នេះគឺដើម្បីទាក់ទាញអ្នកវិនិយោគថ្មីបង្កើនផលិតភាព និងបង្កើនការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនេះ គឺប្រយោជន៍រួមរបស់រដ្ឋាភិបាលរបស់យើង»។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានបញ្ជាក់ទៀតថា ក្រសួងនឹងបង្កើតឱ្យមានយន្តការត្រីភាគី និងយន្តការត្រីភាគីបូកដូចជា បូកជាមួយ ILO និងដៃគូពាក់ព័ន្ធផ្សេងៗទៀតដើម្បីពិភាក្សាលើការកែប្រែច្បាប់ស្ដីពីការងារចំនួន ៤ មាត្រារហូតឈានដល់ការឯកភាពគ្នា ទើបបញ្ជូនបន្តទៅឱ្យយន្តការរដ្ឋាភិបាលអនុម័តសម្រេចនាពេលខាងមុខ។
លោកបញ្ជាក់ថា គោលនយោបាយដ៏ត្រឹមត្រូវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកំណត់យកសុខសន្ដិភាព និងស្ថិរភាពជាមូលដ្ឋានគ្រឹះបានធ្វើឱ្យកម្ពុជាមានសក្ដានុពលវិនិយោគ និងពាណិជ្ជកម្ម។
លោកបន្ថែមថា ការអនុវត្តគោលនយោបាយពាណិជ្ជកម្មតាំងពីឆ្នាំ ១៩៩៦ បានធ្វើឱ្យឧស្សាហកម្មសម្លៀកបំពាក់ និងផលិតស្បែកជើង រីកចម្រើនពីរោងចក្រប្រហែល ៦០ និងកម្មករ ៨ ម៉ឺននាក់ កើនដល់ជិត ១ ពាន់រោងចក្រ និងកម្មករជិត ៨១ ម៉ឺននាក់នាពេលបច្ចុប្បន្ន៕