ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងថា បច្ចុប្បន្ន​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ស្ទើរតែ ១០០ ​ភាគរយ ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការបំពេញ​ការងារ​នៅក្នុង​ប្រទេស​នេះ​ស្រប​ពេលដែល​ប្រទេស​ថៃ​ជា​ប្រទេស​ទទួល​ពលករ​ពី​កម្ពុជា​ច្រើនជាងគេ​។

លោក អ៊ិត សំហេង បាន​ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ក្រមសីលធម៌​សម្រាប់​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន​កម្ពុជា​កាលពី​ថ្ងៃទី​ ២៩ ខែ​មករា​នៅ​សណ្ឋាគារ​ភ្នំពេញ​ថា មកដល់​ពេល​នេះ​កម្ពុជា ពិតជា​មាន​មោទនភាព ចំពោះ​ភាព​ជោគជ័យ​ក្នុង​ការអនុវត្ត​គោលនយោបាយ​ទេសន្តប្រវេសន៍​។

លោក​បន្តថា​ ក្នុង​រយៈពេល​ ៤ ឆ្នាំ​កន្លងមក​នេះ​កម្ពុជា​បាន​បញ្ចប់​យុទ្ធនាការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលករ​កម្ពុជា​នៅក្នុង​ប្រទេស​ថៃ​ដោយ​ជោគជ័យ ហើយ​មកដល់​ពេល​នេះ​ពលករ​កម្ពុជា​ស្ទើរតែ​ ១០០ ​ភាគរយ​ទៅ​ប្រទេស​ថៃ​គឺ​ទទួល​បាន​នូវ​ភាពស្របច្បាប់​។ លោក​បន្តថា​៖ «​ប្រហែល​ជា​ ៦ ទៅ​ ៧ ​ឆ្នាំ​កន្លងមក​នេះ​អ្នក​ទាំងអស់​គ្នា​ឃើញថា យើង​មាន​បញ្ហា​ប្រឈម​ធំ ដោយសារ​ថា​ពលករ​ទេសន្តប្រវេសន៍​របស់​យើង​ចេញ​ទៅ​ធ្វើការ​ខុសច្បាប់​ជាច្រើន​ក្នុង​ប្រទេស​ថៃ​ក្នុង​ចំណោម​ពលករ​របស់​យើង​នោះ​គឺមាន ៦០ ​ភាគរយ​ដែល​ទៅ​មិនមាន​ឯកសារ​គ្រប់គ្រាន់​។ ផ្តើម​ពី​បញ្ហា​នេះ​រដ្ឋាភិបាល​បាន​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដៃគូ​»​។

ទោះយ៉ាងណា​លោក​ សំហេង ក៏បាន​ទទួលស្គាល់​ផងដែរ ចំពោះ​ការខ្វះចន្លោះ​ដែល​នៅតែ​មាន​ដោយ​ពលករ​កម្ពុជា​មួយ​ចំនួន​តូច នៅតែ​បន្ត​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ដែល​លោក​ថា ក្រសួង​នឹង​ជំរុញ​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​អ្នក​មិន​ស្របច្បាប់​ហ្នឹង​គឺ​មាន​តែមួយ​ចំនួន​ដែល​បន្ត​ធ្វើការ នៅពេល​ដល់​ពេល​កំណត់​នៃ​កិច្ចសន្យា ហើយ​ព្យាយាម​រស់នៅ​បន្ត​ទៀត ដើម្បី​ចង់បាន​ឱកាស​រស់នៅ​ទីនោះ ដោយ​មិន​ព្រម​វិលត្រឡប់​មកវិញ ដោយ​មិន​ព្រម​ធ្វើ​តាម​បែបបទ​នីតិវិធី​ថ្មី​។ យើង​ព្យាយាម​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទទួល​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។

បើ​តាម​ក្រសួង​ការងារ​គិត​ត្រឹម​ដើម​ឆ្នាំ​ ២០២០ ​នេះ​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​បរទេស​ចំនួន ៦ ​ប្រទេស​គឺ​ប្រទេស​ថៃ សាធារណរដ្ឋ​កូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និង​ហុងកុង​ដែល​មាន​ពលករ​សរុប​ចំនួន​ប្រមាណ​ ១ ​លាន​ ២ ​សែន​នាក់​ហើយ​ក្នុង ១ ​ឆ្នាំៗ ពួកគេ​ទាំងនោះ​បាន​ផ្ញើ​ថវិកា​មក​កម្ពុជា ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ក្រុមគ្រួសារ​ប្រមាណ​ជាង ២ ​ពាន់​លាន​ដុល្លារ​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង​ ៦ ដែល​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នោះ​ប្រទេស​ថៃ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​គឺមាន​ជិត​ ១ លាន ២ សែន ខណៈ​ប្រទេស​ផ្សេងៗ​ទៀត​គឺ​មាន​ចំនួន​តិចតួច​។

លោក​បញ្ជាក់ថា​៖ «​ខ្មែរ​នៅ​ថៃ​គឺ​មាន​ជិត​ ១ ​លាន​ ២ សែន​នាក់ ហើយ​ក្រៅពី​នោះ​គឺ​មាន​ ១ ​ពាន់ ២ ​ពាន់ ឬ​ ១ ​ម៉ឺន ២​ ម៉ឺន​នាក់​។ ៦ ​ប្រទេស​បូក​ចូលគ្នា​គឺ​មិន​លើស​ពី​ ១ ​លាន​ ២ ​សែន​នាក់​ដែរ ព្រោះ​នៅ​កូរ៉េ​មាន​ជាង​ ៤ ​ម៉ឺន​នាក់ និង​នៅ​ម៉ាឡេស៊ី​មាន​ជាង ២ ​ម៉ឺន​នាក់​ទេ ហើយ​ក្រៅពី​នោះ​មាន​មិន​ដល់ ១ ​ម៉ឺន​នាក់​ទេ​»​។

កញ្ញា បូ រ៉ា ពលករ​ម្នាក់​កំពុង​ធ្វើការ​នៅ​ថៃ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា បច្ចុប្បន្ន​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ថៃ​ភាគច្រើន​ពិតជា​ទទួល​បាន​សិទ្ធិ និង​ធ្វើការ​ដោយ​ស្របច្បាប់​ពិតមែន ខណៈ​អ្នកធ្វើការ​ដោយ​ខុសច្បាប់​នៅ​មាន​ចំនួន​តិចតួច បើ​ប្រៀបធៀប​នឹង​ប៉ុន្មាន​ឆ្នាំមុន​។

កញ្ញា​បន្តថា​៖ «​ខ្ញុំ​បាន​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​នេះ​រយៈពេល ៦ ឆ្នាំ​មកហើយ​។ ចំពោះ​បច្ចុប្បន្ន​ដូចជា​មិនមាន​បញ្ហា​ចោទ​អ្វី​ទេ សម្រាប់​ពលករ​យើង​គឺ​មាន​លក្ខណៈ​ល្អប្រសើរ​ច្រើន​»​។

លោកស្រី​ មាស សាឮអ៊ីម ​អនុប្រធាន​ផ្នែក​សិទ្ធិ​ស្ត្រី និង​កុមារ​នៃ​សមាគម​អាដហុក​បាន​លើកឡើង​ថា លោកស្រី​មិន​មាន​តួលេខ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ចំពោះ​តួលេខ​ដែល​បង្ហាញ​ដោយ​ក្រសួង​ការងារ​ដែល​ថា ពលករ​កម្ពុជា​ស្ទើរតែ​ ១០០ ​ភាគរយ​នៅ​ប្រទេស​ថៃ​មាន​សិទ្ធិ​ស្របច្បាប់​នោះទេ​។

ប៉ុន្តែ​លោកស្រី​នៅតែ​មើលឃើញ​មាន​ករណី​ពលករ​ចំណាកស្រុក​ត្រូវ​បាន​ចាញ់បោក​មេខ្យល់ ហើយ​បាន​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅតែ​បន្ត​មាន​នៅ​ប្រទេស​ ថៃ​។ ទោះ​យ៉ាងណា​លោកស្រី សាទរ បើសិន​ជា​ពលករ​ភាគច្រើន​ពិតជា​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​បែប​នោះ ហើយ​អត្ថប្រយោជន៍​នានា​របស់​ពលករ​នឹង​ត្រូវ​បាន​ការពារ​។ «​ការផ្តល់​ភាពស្រប​ច្បាប់​នេះ គឺជា​ដំណាក់កាល​ដោះស្រាយ​ដំបូង ហើយ​បញ្ហា​បន្តបន្ទាប់​គឺ​ត្រូវតែ​មាន​ក្នុង​ការបណ្តុះបណ្តាល​ពង្រឹង​បន្ថែម សម្រាប់​ពួកគាត់​ឲ្យ​មាន​ការយល់ដឹង​ពី​សិទ្ធិ​កិច្ចសន្យា​ផ្សេងៗ​ដែល​ពួកគាត់​អាច​នឹង​ត្រូវ​ទទួលបាន​នៅ​មុនពេល​ពួកគាត់​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ទៅ​ធ្វើការ​នៅ​ថៃ​នេះ​ក៏​កាន់តែ​ល្អ​»៕