ភ្នំពេញៈ លោក អ៊ូ ច័ន្ទប្ញទ្ធិ អតីតតំណាងរាស្រ្តខេត្តកណ្តាល នៃអតីតគណបក្សសង្គ្រោះជាតិ បានបដិសេធថា ការប្រកាសវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី មិនមែនធ្វើឡើងដើម្បីប្រមូលលុយនោះទេ ពីព្រោះក្រុមមេដឹកនាំបានកំណត់ពេលជាក់លាក់នៃការវិលចូលស្រុកនេះរួចហើយ។
លោក ច័ន្ទប្ញទ្ធិ ត្រូវបានតែងតាំងកាលពីថ្ងៃចន្ទ ដើម្បីធ្វើជាអ្នកនាំពាក្យនៃគណៈកម្មការដែលរៀបចំការវិលត្រឡប់របស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំផ្សេងទៀតរបស់អតីតគណបក្សសង្គ្រោះជាតិមកកាន់កម្ពុជា។ កាលពីថ្ងៃអាទិត្យ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ បានប្រកាសថា ក្រុមមេដឹកនាំគណបក្សនឹងវិលត្រឡប់មកកម្ពុជាវិញនាខែសីហា ឬខែកញ្ញា។
លោក ច័ន្ទប្ញទ្ធិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា ការចោទប្រកាន់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបានប្រមូលលុយសម្រាប់ចំណាយផ្ទាល់ខ្លួនរបស់ពួកគេ ជាការលាបពណ៌ សំដៅបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកគេប៉ុណ្ណោះ។
លោក ច័ន្ទប្ញទ្ធិបានថ្លែងថា៖ «យើងមានប្រព័ន្ធគ្រប់គ្រងថវិកាមួយ។ អ្នកទាំងនោះ ដែលចង់ឃើញការផ្លាស់ប្តូរ [នៅកម្ពុជា] បានរួមចំណែកជាមួយគណបក្សសង្គ្រោះជាតិ។ ប្រសិនបើពួកគេជឿថា យើង និងឯកឧត្តម សម រង្ស៊ី បោកប្រាស់លុយរបស់ពួកគេ ពួកគេប្រហែលជាមិនជួយយើងទេ។ ពួកគេមិនល្ងង់ដល់ថ្នាក់នោះទេ»។
លោក ច័ន្ទប្ញទ្ធិ បានចាត់ទុកអ្នកដែលថា ការរៃអង្គាសប្រាក់គឺដើម្បីយកមកចាយផ្ទាល់ខ្លួន គឺជាការ «ញុះញង់»។
លោក ច័ន្ទប្ញទ្ធិបន្តថា៖ «លុយ (រៃអង្គាស) នេះ គឺសម្រាប់សកម្មជន និងការវិលត្រឡប់មកវិញ។ វាមិនមែនប្រើដើម្បីទិញសំបុត្រយន្តហោះសម្រាប់ សម រង្ស៊ី ឬសម្រាប់ខ្ញុំទេ។ យើងអាចមានលទ្ធភាពទិញសំបុត្រយន្តហោះបាន តែការវិលត្រឡប់មកវិញពាក់ព័ន្ធនឹងមនុស្សច្រើន វាក៏ទាមទារលុយច្រើនដែរ»។
ទាក់ទងនឹងកាលបរិច្ឆេទពិតប្រាកដនៃការវិលត្រឡប់នេះ លោក ច័ន្ទប្ញទ្ធិ បានលើកឡើងថា ក្រុមថ្នាក់ដឹកនាំនាពេលថ្មីៗនេះបានបង្កើតគណៈកម្មការ និងអនុគណៈកម្មការដែលមានភារកិច្ចរៀបចំកិច្ចប្រជុំជាច្រើន។
លោកបានបញ្ជាក់ថា៖ «យើងបានកំណត់ថ្ងៃខែនៃការវិលមកវិញរួចហើយ តែយើងពុំអាចលាតត្រដាង ដល់សាធារណជននៅឡើយ ដោយសារយើងនៅមានការងារបច្ចេកទេសខ្លះដែលយើងត្រូវធ្វើបន្ថែមទៀត។ យើងនឹងមានកិច្ចប្រជុំបន្ថែម ហើយនឹងអនុញ្ញាតឲ្យសាធារណជនដឹងអំពីកាលបរិច្ឆេទនោះ»។
លោក ច័ន្ទប្ញទ្ធិបន្តថា លោកបានរំពឹងទុកថា អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនឹងមកស្វាគមន៍ពួកគេនៅពេលត្រឡប់មកវិញដែលនឹងកើតឡើងក្រោមអ្នកអង្កេតការណ៍អន្តរជាតិ។
លោកបន្ថែមថា៖ «យើងមានកង្វល់អំពីការចាប់ខ្លួន តែយើងត្រូវតែវិលត្រឡប់ដូចមាន (បញ្ជាក់) នៅក្នុងសេចក្តីថ្លែងការណ៍ដើម្បីស្តារប្រជាធិបតេយ្យដើម្បីចៀសវាងបញ្ហាធ្ងន់ធ្ងរបន្ថែមសម្រាប់ ប្រទេសកម្ពុជា»។
លោក ច័ន្ទប្ញទ្ធិ បានពន្យល់ថា កាលបរិច្ឆេទនៃការវិលមកវិញមិនអាចកំណត់មុនពេលយូរបានទេ ខណៈដែលពួកគេត្រូវរង់ចាំសម្រាប់ពេលវេលា និងស្ថានភាពអំណោយផល។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិទាំងនោះ អាចវិលត្រឡប់នៅពេលណាក៏បាន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា លោកមិនជឿថា ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនឹងវិលត្រឡប់មកវិញឆាប់ៗនេះទេ។ លោកបន្ថែមថា ពួកគេគ្រាន់តែធ្វើការប្រកាស ដើម្បីធ្វើឲ្យអ្នកគាំទ្រសង្ឃឹម និងប្រមូលលុយបន្ថែមប៉ុណ្ណោះ។
លោក គិន ភា បញ្ជាក់ថា៖ «នោះគ្រាន់តែធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេមិនភ្លេចពួកគេប៉ុណ្ណោះ។ ដូច្នេះពេលនេះ យើងឃើញថា ពួកគេកំណត់ពេលវេលា តាមដែលខ្ញុំដឹង ថ្ងៃទី ១៩ ខែ កក្កដា តែខ្ញុំគិតថា ពួកគេនឹងមិនវិលមកវិញនៅពេលនោះទេ»។
លោកបន្តថា៖ «ប្រសិនបើពួកគេវិលមកវិញ ពួកគេនឹងប្រឈមមុខការអនុវត្តច្បាប់ ជាពិសេសដីកាពីតុលាការ។ នេះមិនអាចលើកលែងបានទេ»។
លោកភាបន្ថែមថា ពួកគេកំពុងតែប្រមូលលុយពីអ្នកគាំទ្រ តែការប្រមូលលុយនេះ គឺមិនបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការវិលត្រឡប់មកវិញនោះទេ៕