ភ្នំពេញៈ «​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​» ​ដែល​បង្កើតឡើង​ដោយ​បញ្ញវន្ត​ខ្មែរ​មួយក្រុម​រួមមាន សាស្ត្រាចារ្យ អ្នកវិភាគ​នយោបាយ និង​សង្គម និង​អតីត​មេដឹកនាំ​សង្គម​ស៊ីវិល​មួយចំនួន ដើម្បី​លើកកម្ពស់ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ បន្ទាប់ពី​​ទទួល​បាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​នៅ​ដើម​ឆ្នាំ​នេះ ។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ទីតាំង​វិទ្យាស្ថាន​នេះ​មាន​ការិយាល័យ​នៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​​លោក​ថា ការសម្ពោធ​នេះ​បាន​រៀបចំ​ឡើង​ជា​លក្ខណៈ​ឯកជន​ដោយ​មាន​ការចូលរួម​ពី​សហស្ថាបនិក​ប៉ុណ្ណោះ ដោយសារ​ពេលនេះ​ជា​ដំណាក់កាល​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​​ ១៩ តែ​មាន​ការផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​របស់​វិទ្យាស្ថាន​។

លោក​ថា​៖ «​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ (​ធនាគារ​គំនិត​) ​មិន​រកប្រាក់​ចំណេញ និង​​មិន​ប្រកាន់​និន្នាការ​នយោបាយ​ដែល​ធ្វើការ​ដើម្បី​គាំទ្រ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ដែល​ជា​គោលការណ៍​គ្រឹះ​សម្រាប់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​នយោបាយ​នៅ​ប្រទេស​កម្ពុជា​»​។

លោក​បាន​ឲ្យ​ដឹងថា វិទ្យាស្ថាន​នេះ​បង្កើតឡើង​កាល​ថ្ងៃទី​ ២៣ ខែ តុលា ឆ្នាំ​ ២០១៩ និង​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​តាំងពី​ដើម​ខែមករា​ឆ្នាំ​ ២០២០ ​មក​។ លោក​ថា សហស្ថាបនិក​វិទ្យាស្ថាន​នេះ មើល​ឃើញ​ថា មាគ៌ា​ប្រសើរ​សម្រាប់​សង្គមជាតិ និង​ដំណើរ​នយោបាយ​​នៅ​កម្ពុជា​មិន​អាច​ដើរ​ហួស​ ឬ​ខុស​​គន្លង​ប្រជាធិបតេយ្យ​បានទេ​។

លោក​បាន​បន្ថែមថា ការបង្កើត​វិទ្យាស្ថាន​នេះ​ក៏​ដើម្បី​ជួយ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ពិសេស​ទាក់ទង​នឹង​ការបណ្ដុះបណ្ដាល ការពិភាក្សា ក៏ដូចជា​ការលើក​ទឹកចិត្ដ​ពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​សង្គម នយោបាយ និង​ក្នុង​វិស័យ​ដទៃទៀត​។ ព្រោះ​ប្រសិន​បើ​សង្គម​មួយ​មាន​ពលរដ្ឋ​យល់​ពី​ប្រជាធិបតេយ្យ​នោះ អ្នកដឹកនាំ​នយោបាយ​ក៏​ដើរ​តាម​គន្លង​នោះដែរ​។

លោក​បន្តថា ប៉ុន្ដែ​បើ​ពលរដ្ឋ​ និង​អ្នកនយោបាយ ខ្វះ​ចំណេះ​ជំនាញ ឥរិយាបថ គុណ​តម្លៃ​ក៏​​ដូចជា ផ្នត់គំនិត​ផ្នែក​ប្រជាធិបតេយ្យ​ក៏​មិន​អាច​ធ្វើឲ្យ​សង្គម​ ឬ​​ក៏​ប្រព័ន្ធ​ដឹកនាំ​ប្រទេសមួយ​ឆ្ពោះ​​ទៅមុខ​បានដែរ​។

បើ​តាម​លោក ប៉ា ចន្ទរឿន ការងារ​ស្នូល​សំខាន់​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាង​មុខ វិទ្យាស្ថាន​ប្រជាធិបតេយ្យ​នឹង​ធ្វើ​ទៅ​លើ​ការស្រាវជ្រាវ និង​ការផ្ដល់​យោបល់ ទាក់ទង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​ក៏មាន​កម្មវិធី ១ ​ទៀត ​គឺ​បណ្ដុះបណ្ដាល​អ្នកដឹកនាំ​អ្នកនយោបាយ​វ័យក្មេង​គឺ​បណ្ដុះបណ្ដាល​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ឲ្យ​នាំគ្នា​គិតគូរ​អំពី​វប្បធម៌​នយោបាយ​ថ្មី​ដែល​អាចជួយ​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅមុខ កុំ​ឲ្យ​ជួបប្រទះ​នឹង​ព្យុះ​ដូចដែល​យើង​ធ្លាប់​ជួបប្រទះ​នាពេល​កន្លងមក​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​លើក​ឡើង​កាលពី​ម្ស៊ិលមិញ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បើកទ្វារ​ចំហ​ជា​យូរណាស់​មកហើយ​ក្នុង​ការសហការ​ជាមួយ​អង្គការ សមាគម​មិនមែន​រដ្ឋាភិបាល ហើយ​សព្វថ្ងៃ​នេះ​មាន​អង្គការ សមាគម ក្រៅ​រដ្ឋាភិបាល​រហូត​ដល់​ជាង​ ៤ ​ពាន់​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​​ឃើញថា ការបើកទ្វារ​វិទ្យាស្ថាន​បែបនេះ តិច​ ឬ​ច្រើន​គឺជា​ការល្អ ឲ្យ​តែ​វិទ្យាស្ថាន​នេះ​ធ្វើ​ការងារ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ការលើកតម្កើង​សិទ្ធិមនុស្ស​នៅ​កម្ពុជា នេះ​គឺជា​រឿង​ល្អ​សម្រាប់​កម្ពុជា​។ ក៏ប៉ុន្ដែ​ប្រសិន​បើ​ពួកគាត់​គ្រាន់តែ​ប្រើប្រាស់​ស្លាក​វិទ្យាស្ថាន​នេះ​ហើយ​បម្រើ​គោលដៅ​នយោបាយ​ណាមួយ​ទេ គឺ​មិន​បាន​ផ្ដល់​ផលប្រយោជន៍​ណាមួយ​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា​ឡើយ​»​។

លោក អំ សំអាត អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ស្វាគមន៍​ចំពោះ​ការអនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បើក​ដំណើរការ​លោក​ថា ជា​ការបង្ហាញ​ពី​ភាព​ជា​ដៃគូ​រវាង​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល ប៉ុន្តែ​លោក​នៅ​មាន​មន្ទិល​ពី​លម្ហ​នៃ​ការធ្វើ​សកម្មភាព​។

លោក​ថា​៖ «​ការបើក​ឲ្យ​មាន​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ច្រើន​មិនមែន​មានន័យ​ថា ជា​លម្ហ​លទ្ធិប្រជាធិបតេយ្យ​​ទេ​គឺ​ទាល់​មាន​លម្ហ​ខាង​សេរីភាព​បំពេញ​ការងារ​របស់​គេ​​ផង​ដែរ​»៕