ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដាក់ចេញ​វិធានការ​ចាំបាច់​មួយចំនួន ដើម្បី​ឆ្លើយតប​នឹង​គ្រោះទឹកជំនន់​ដែល​អាច​នឹង​កើតមាន​នៅតាម​តំបន់​ប្រឈម​មួយចំនួន​តាម​ដង​ទន្លេមេគង្គ ទន្លេសាប​ ឬ​ជំនន់​ដោយ ទឹកភ្លៀង​នា​រដូវវស្សា​ខាងមុខនេះ​។

វិធានការ​ទាំងនេះ​ត្រូវ​បាន​មន្ត្រី​នៃ​អន្តរក្រសួង​ប្រជុំពិភាក្សា​រយៈពេល​ ១ ​ខែ​មុន​នឹង​ត្រូវ​ដាក់ចេញ​ក្នុង​កិច្ចប្រជុំ​រៀបចំ​ផែនការ​បម្រុង​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ និង​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ «​វេទិកា​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍​ (​ព្រីសឹម PRISM)» ​កាល​ចុង​សប្តាហ៍​មុន​។

លោក​ គន់ គីម អនុប្រធាន​ទី​ ១ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្លែង​ក្នុង​ពិធី​នោះ​ថា​ការរៀបចំ​ផែនការ​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ក៏​ដូចជា​គ្រោះទឹកជំនន់​ក្នុង​រដូវវស្សា​នេះ​គឺជា​រឿង​ចាំបាច់ និង​ត្រូវ​យកចិត្ត​ទុកដាក់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​លើ​ប្រជាពលរដ្ឋ​។

ដើម្បី​ត្រៀម​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ក៏ដូចជា​គ្រោះទឹកជំនន់ នេះ​លោក​ គន់ គីម ប្រកាស​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ដោយ​ក្នុងនោះ​រួមមាន​ «​ការប្រកាស​ឱ្យដឹង​មុន​អំពី​គ្រោះទឹកជំនន់​ដែល​នឹង​កើតមាន​ការត្រៀម​កម្លាំង​មធ្យោបាយ សម្ភារ ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ការកាត់បន្ថយ​ហានិភ័យ​ឲ្យ​មាន​កម្រិត​ទាប​បំផុត និង​ការចាត់វិធានការ​ស្តារ​ឡើងវិញ​ក្រោយ​ទឹក​ស្រក​»​។

លោក​ ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការប្រើប្រាស់​ប្រព័ន្ធ​ «​វេទិកា​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍​ (​ព្រីសឹម PRISM)» គឺជា​ការស្នើ​ដល់​គ្រប់​នាយកដ្ឋាន​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​ត្រូវ​ជួយ​ពិនិត្យ និង​ផ្ដល់យោបល់​ឲ្យ​បាន​ទាន់ពេលវេលា​។ លោក​បន្តថា​ក្នុងនោះ​ភាគី​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​សិក្សា និង​ឆ្លើយតប​នូវ​ផែនការ​របស់​ខ្លួន​ឲ្យ​បាន​ទាន់​ពេលវេលា​ទៅលើ​ចំណុច​ជាក់ស្ដែង​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន នៅពេល​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។

លោក​ថា​៖ «​រដូវភ្លៀង​គឺ​ចាប់ផ្តើម​ពី​ខែ​ ៦ ​ទៅ​ដោយ​ក្នុង​ពេលនេះ យើង​មិនទាន់​អាច​ព្យាករ​បាន​ច្បាស់​ទេ​ថា ក្នុង​អំឡុង​រដូវវស្សានា​ឆ្នាំ​នេះ​មាន​លក្ខណៈ​កម្រិតណា​? គ្រាន់តែ​យើង​អាច​វាយតម្លៃ​បាន​ថា​ទឹកជំនន់​អាច​នឹង​កើតមាន​ខ្លាំង​ក្នុង​ចន្លោះ​ខែ​ ៨ ​និង​ខែ​ ៩ ​ដែល​យើង​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​។ នៅតាម​ផែនការ​គឺ​ត្រូវមាន​ការត្រៀម​ទីតាំង​ជម្លៀស មធ្យោបាយ​ជួយសង្គ្រោះ ជាពិសេស​ធនធាន​ដែល​ត្រូវ​មាន ព្រោះ​បើ​ទំហំ​ប៉ះពាល់​ប៉ុណ្ណឹង​ថ្នាក់​ខេត្ត​ត្រូវធ្វើ​ម៉េច ហើយ​បើ​ខ្ពស់ជាង​នេះ ថ្នាក់ជាតិ​ត្រូវធ្វើ​យ៉ាងម៉េច​?»​។

លោក​ ឃុន សុខា ឲ្យ​ដឹងថា ការវាយតម្លៃ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក៏ដូចជា​បាតុភាព​ទឹកជំនន់​ដែល​កើតមាន​រាល់​ឆ្នាំ តំបន់​ដែល​ប្រឈម​អាច​នឹងរង​នូវ​ផលប៉ះពាល់​ទឹកជំនន់​នេះ គឺ​ភាគច្រើន​តំបន់​ជាប់​ទន្លេមេគង្គ ទន្លេសាប ហើយ​មាន​ផ្នែក​ខ្លះ​ក៏​អាច​នឹងរង​ជំនន់​ទឹកភ្ញៀង​ផងដែរ​។

លោក​ក៏បាន​អះអាង​ដែរ​ថា បើទោះ​ជា​ពេលនេះ​ស្ថានភាព​ទឹក​នៅ​មាន​ភាពល្អ​ប្រសើរ​នៅ​ទូទាំង​ប្រទេស​ក៏ដោយ ប៉ុន្តែ​គណៈកម្មាធិការ​នៅ​បន្ត​តាមដាន និង​ឃ្លាំមើល​ជាប្រចាំ ដើម្បី​ប្រាកដថា​អាច​ប្រកាសអាសន្ន​ដល់​ពលរដ្ឋ​បាន​ទាន់ពេលវេលា​។

លោក​ ជុំ ហួត ប្រធាន​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និង​សង្គម​លើក​ឡើង​ថា កន្លងទៅ នៅពេល​មាន​គ្រោះថ្នាក់​មហន្តរាយ​ដោយ​ទឹកជំនន់ គឺ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​មិន​សូវ​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​នោះទេ​។ បើ​ក្នុង​ករណី​ខាងមុខនេះ ការរៀបចំ​ផែនការ​ដោយ​ថ្នាក់ក្រោម​ជាតិ គ្មាន​ការចុះពិនិត្យ​ស្ថានភាព​ពី​មន្ត្រី​ថ្នាក់ជាតិ​នោះ គឺ​បញ្ហា​ដដែលៗ​អាច​នឹង​បន្ត​កើតមាន​ដដែល​។

លោក​ថា​៖ «​ដោយសារ​តែ​កន្លងទៅ​មន្ត្រី​ថ្នាក់​ក្រសួង​ហ្នឹង​ពឹង​តែ​ថ្នាក់ក្រោម ហើយ​មិន​ចុះ​ទៅ​ផ្ទាល់ ដើម្បី​ស្រង់​របាយការណ៍ នៅពេល​មាន​ប្រជាពលរដ្ឋ កំពុងតែ​រងគ្រោះ​នោះទេ ហើយ​ពឹង​តែ​លើ​ថ្នាក់ក្រោម ហើយ​វា​មិនសូវមាន​ប្រសិទ្ធភាព ព្រោះ​ផែនការ​មិន​ស៊ីចង្វាក់​គ្នា​មាន​ចំណុច​ចន្លោះ​ប្រហោង​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ទទួល​រងគ្រោះ​ដដែលៗ​»​។

លោក​បន្តថា បើ​ចង់​កាត់បន្ថយ និង​ទប់ស្កាត់​ហានិភ័យ​ដែល​កើតមានឡើង​ដោយ​គ្រោះ​ទឹកជំនន់ អាជ្ញាធរ​ត្រូវតែ​ជូនដំណឹង​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ឲ្យ​បាន​ទាន់ពេលវេលា និង​ត្រូវមាន​វិធានការ​ជួយសង្គ្រោះ​ឲ្យ​បាន​សមស្រប​។ លោក​ថា បើ​វិធានការ​ដែល​ដាក់ចេញ​អាច​ធ្វើ​បាន គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់​អាច​នឹង​ដោះស្រាយ​បាន​៕