ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានឲ្យដឹងថា ក្រសួងនឹងបញ្ជូនសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីសហជីពទៅទីស្តីការគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលបានការគាំទ្រពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ស្របពេលដែលកិច្ចពិភាក្សាបានចប់សព្វគ្រប់ ១០០ ភាគរយ។
ការអះអាងយ៉ាងដូច្នេះគឺបន្ទាប់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដឹកនាំដោយលោក ស្រូយ ខេត ប្រធានប្តូរវេន និងជាប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាបានជួបពិគ្រោះពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មនេះកាលពីថ្ងៃពុធជាមួយនឹងប្រតិភូរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ិត សំហេង។
លោក ហេង សួរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជារួមគឺឧត្តមក្រុមប្រឹក្សា និងផ្តល់យោបល់បានគាំទ្រ និងស្វាគមន៍ចំពោះសេចក្តីព្រាងវិសោធនកម្មច្បាប់សហជីពនេះ។
ប៉ុន្តែលោកថា មានសំណើមួយចំនួនត្រូវបានព្រមព្រៀងដកចេញវិញ ដោយសារធ្វើឲ្យប៉ះពាល់ដល់លម្ហនៃសេរីភាពអង្គការវិជ្ជាជីវៈ ចំណែកមួយចំនួនទៀតត្រូវបានទទួលយក។ ដូច្នេះបន្ទាប់ពីទទួលបានការពិភាក្សាក្នុងដំណាក់កាលទ្វេភាគី និងត្រីភាគីចប់រួចរាល់ដោយការដាក់បញ្ចូលនូវធាតុចូលជាច្រើនផងនោះច្បាប់នេះនឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីឆាប់ៗនេះ។
លោកបញ្ជាក់ថា៖ «ក្រោយពីមានការពិភាក្សា និងគាំទ្រពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងទទួលបានអនុសាសន៍ផ្សេងៗទៀតគឺក្រសួងនឹងលើកជាសំណើនេះដើម្បីធ្វើជារបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅក្នុងពេលវេលាណាមួយឆាប់ៗនេះ»។
តាមការអះអាងរបស់ក្រសួងការងារគោលដៅនៃការធ្វើវិសោធនកម្មច្បាប់សហជីពនេះគឺដើម្បីការពារផលប្រយោជន៍ក្រុមនិយោជក និងកម្មករនិយោជិតរួមទាំងធានានូវសិទ្ធិ និងតួនាទីរបស់សហជីពនានាផងដែរ។
ការធ្វើវិសោធនកម្មច្បាប់នេះបានធ្វើឡើងចំនួន ១០ មាត្រាដូចជា មាត្រា ៣ មាត្រា ១៧ មាត្រា ២០ មាត្រា ២១ មាត្រា ២៧ មាត្រា ២៨ មាត្រា ២៩ មាត្រា ៥៤ និងមាត្រា ៥៩ ដែលភាគច្រើនពាក់ព័ន្ធជាមួយសិទ្ធិរបស់កម្មករ និងសហជីពក្នុងការចូលរួមធ្វើបាតុកម្ម។
បើតាមក្រសួងការងារ គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៩ នេះអង្គការវិជ្ជាជីវៈដែលចុះបញ្ជីនៅក្រសួងការងារមានចំនួន ៤ ៩៤៩ ក្នុងនោះសហជីពមូលដ្ឋានមានចំនួន ៤ ៧២២ សហព័ន្ធសហជីពមានចំនួន ១៨៩ សហភាពសហជីពមានចំនួន ២៩ និងសមាគមនិយោជកមានចំនួន ៩។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកដែលបានចូលរួមពិនិត្យសេចក្តីព្រាងច្បាប់នេះ បានស្វាគមន៍ចំពោះសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ បើទោះជាមិនបានដាក់បញ្ចូលនូវសំណើមួយចំនួនរបស់ឧត្តមក្រុមប្រឹក្សាក៏ដោយ។ តែលោកថាលោកនឹងរង់ចាំតាមដានការអនុវត្តច្បាប់បន្ថែមនៅពេលចូលជាធរមាន។
លោកថា៖ «សេចក្តីព្រាងច្បាប់នេះមានចំណុចល្អ និងកែប្រែបានល្អច្រើន ហើយសម្រាប់គណបក្សខ្មែរក្រោកក៏បានឯកភាពជាគោលការណ៍ ដូចប្រធានប្តូរវេនដែរ។ ច្បាប់ល្អហើយសំខាន់ តើការអនុវត្តបែបណា? ដូច្នេះយើងនឹងតាមដានបន្តទៀតលើការអនុវត្ត»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានថ្លែងកាលពីម្សិលមិញថា បើទោះជាក្រសួងបានទទួលយកនូវចំណុចមួយចំនួនរបស់សហជីពទៅដាក់បញ្ចូលក្នុងសេចក្តីព្រាងវិសោនកម្មច្បាប់ក្ដី ប៉ុន្តែភាគរយនៃការទទួលយកមតិយោបល់ដែលសហជីពបានស្នើឡើងនៅតិចបំផុត។ ដូច្នេះលោកជំរុញឲ្យរដ្ឋាភិបាល ជាពិសេសរដ្ឋសភាគួរពិចារណាដាក់បញ្ចូលមតិយោបល់របស់សហជីពទៅក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់សហជីពនេះបន្ថែមទៀត។
លោកថា៖ «ការកែហ្នឹង វាមានចំណុចល្អខ្លះៗ ប៉ុន្តែមិនមែនមានន័យថាច្បាប់នេះ វាអាក្រក់ជាងមុនទេ។ ប៉ុន្តែការស្នើរបស់សហជីពហ្នឹងច្រើនទៅលើ ១០ មាត្រាហ្នឹងផង ទាំងមាត្រាផ្សេងទៀតហើយខាងក្រសួងក៏មិនមានការកែច្រើនដែរតាមអ្វីដែលសហជីពចង់បាននោះគឺតិចតួចប៉ុណ្ណោះ»។
ទន្ទឹមនឹងការធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់សហជីពនេះកាលពីថ្ងៃព្រហស្បតិ៍លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការទី ៨ នៃរដ្ឋសភានៅវិមានរដ្ឋសភាផងដែរ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមដែលនឹងផ្តល់អត្ថប្រយោជន៍ឲ្យដល់និយោជិត៕