ភ្នំពេញៈ បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​កម្ពុជា និង​ពិភពលោក​រង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្ដិ​កូវីដ​ ១៩ ស្រប​ពេលនេះ​វិស័យ​ទេសចរណ៍​ជនបទ​បាន​ចូលរួម​ទប់ស្កាត់​ចំណាកស្រុក​របស់​ពលរដ្ឋ តាមរយៈ​ការបង្កើត​ការងារ ការអភិរក្ស និង​លើកកម្ពស់​វប្បធម៌ បេតិកភណ្ឌ​ និង​ទំនៀមទម្លាប់​ប្រពៃណី ការពារ ថែរក្សា​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា នេះ​បើ​តាម​ប្រមុខ​រដ្ឋាភិបាល​។

ក្នុង​ឱកាស​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ក្រោម​ប្រធានបទ​ «​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជនបទ​» ​ពី​ម្សិលមិញ ប្រមុខ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ថ្លែង​ថា វិបត្តិ​កូវីដ​ ១៩​ ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ ចំណង់​ចំណូលចិត្ត​របស់​ទេសចរ​ឲ្យ​ងាក​ទៅរក​ការដើរ​កម្សាន្ត តាម​តំបន់​ជនបទ សហគមន៍​ទេសចរណ៍ តំបន់​អេកូទេសចរណ៍ និង​តំបន់​ធម្មជាតិ​នានា​កាន់តែ​ខ្លាំង​ឡើង​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​វិស័យ​ទេសចរណ៍​ជនបទ​បាន​ចូលរួម​ទប់ស្កាត់​ចំណាកស្រុក​តាមរយៈ​ការបង្កើត​ការងារ​ការអភិរក្ស និង​លើកកម្ពស់​វប្បធម៌ បេតិកភណ្ឌ និង ទំនៀមទម្លាប់​ប្រពៃណី ការពារ និង ថែរក្សា​ធនធាន​ធម្មជាតិ ព្រមទាំង នាំមក​នូវ​នវានុវត្តន៍ និង​គំនិត​ច្នៃ​ប្រឌិត​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​»​។

ប្រមុខ​ដឹកនាំ​លើកឡើង​ទៀត​ថា ការចាប់ផ្តើម​ឡើងវិញ​នៃ​ការធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក​តាម​បណ្តា​គោលដៅ​ទេសចរណ៍​នានា ពេញ​ផ្ទៃ​ប្រទេស ដោយ​តម្កល់​សុវត្ថិភាព និង​សុខភាព​សាធារណៈ​ជា​អាទិភាព ជា​ឱកាស​នៃ​ការស្តារ​វិស័យសេដ្ឋកិច្ច​ជាតិ​ឡើងវិញ​។ ដូចនេះ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ត្រូវ​កំណត់​យក​វិស័យ​ទេសចរណ៍​ជា​សសរស្តម្ភ​យុទ្ធសាស្ត្រ​មួយ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជនបទ ដែល​ត្រូវ​មាន​ផែនការ​អភិវឌ្ឍន៍​ជាក់លាក់​ស្របតាម​សក្តានុពល​ទេសចរណ៍​នៃ​តំបន់​នីមួយៗ ដោយ​មាន​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ក្នុង​ទម្រង់​ភាព​ជា​ដៃគូ​រដ្ឋឯកជន​ប្រជាជន​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​សាទរ​ចំពោះ​វិស័យ​ទេសចរណ៍​ឆ្នាំ​ ២០១៩ ​កន្លងទៅ​ដែល​ពិភពលោក​បានទទួល​ទេសចរ​អន្តរជាតិ​រហូត​ដល់​ ១,៥០០ ​លាន​នាក់​ ក្នុង​អត្រា​កំណើន​ ៤% ​ចូលរួម​បង្កើត​ការងារ​ប្រមាណ​ ៣៣០ ​លាន​នាក់​ត្រូវ​ជា​ ១០% ​នៃ​ការងារ​សរុប​។ បង្កើត​ចំណូល​ចូល​សេដ្ឋកិច្ច​ប្រមាណ​ ១០.៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក (World GDP) តំណាង​ឲ្យ​ ៧% នៃ​ការនាំចេញ​សរុប​របស់​ពិភពលោក និង​ប្រមាណ​ ២៩% ​នៃ​ការនាំចេញ​សរុប​ផ្នែក​សេវាកម្ម​។

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី វិស័យ​ទេសចរណ៍​កម្ពុជា​មាន​កំណើន​គួរ​ជាទី​មោទនៈ​ដោយ​កើន​ពី​ការទទួល​ទេសចរ​អន្តរជាតិ​ចំនួន​តែ​ជាង​ ២៨ ​ម៉ឺន​នាក់​ឆ្នាំ​ ១៩៩៨ រហូតដល់​ ៦,៦ ​លាន​នាក់​ នៅ​ឆ្នាំ​ ២០១៩​។ បាន​បង្កើត​ការងារ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ជាង​ ៦៣ ​ម៉ឺន​នាក់ និង​ការងារ​មិនផ្ទាល់​រាប់សិប​ម៉ឺន​នាក់​ថែមទៀត​។ ចាប់ពី​ដើម​ឆ្នាំ​ ២០២០ រហូតដល់​ពេលបច្ចុប្បន្ន កម្ពុជា​ក៏ដូចជា​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ ផងដែរ​។

តាម​លោកនាយក​រដ្ឋមន្ដ្រី​ដដែល​នា​អំឡុង​ថ្ងៃ​ឈប់សម្រាក​សង​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ​ពលរដ្ឋ​ក្នុងប្រទេស​ប្រមាណ​ ១,៥ ​លាន​នាក់​ បាន​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា និង​ចូលរួម​បង្កើត​ចំណូល​ដល់​មូលដ្ឋាន​យ៉ាងតិច​ ១០០ ​លាន​ដុល្លារ​អាមេរិក​។

លោក​ថ្លែងថា ការបើក​ទេសចរណ៍​ក្នុង​ស្រុក​ប្រកបដោយ​ការទទួល​ខុសត្រូវ​នេះ ទទួល​បាន​ការកោតសរសើរ​ពី​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO) ​ផងដែរ​។ ដោយឡែក​កាលពី​ថ្ងៃ​ឈប់សម្រាក បុណ្យ​ភ្ជុំបិណ្ឌ ពលរដ្ឋ​កម្ពុជា​ក៏បាន​ធ្វើ​ដំណើរ​កម្សាន្ត ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធាន​អនាម័យ និង​សុខភាព គួរ​ជា​ទី​ពេញចិត្ត​ផងដែរ​។

លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នា​ថ្ងៃទី​ ២៥ កញ្ញា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​កូវីដ​ ១៩​ សម្រាប់​ឆ្នាំ​ ២០២០-២០២៥​។ លោក​ថ្លែងថា​៖ «​តាមរយៈ​ផែនការ​នេះ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ នឹង​ចាប់​យក​មកវិញ​នូវ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ ៧ ​លាន​នាក់ និង​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​ពី​ការចូលរួម​របស់​វិស័យ​ទេសចរណ៍​ក្នុង​សេដ្ឋកិច្ច និង​សង្គម​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា តាមរយៈ​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ដាក់ចេញ​វិធាន​គោលនយោបាយ​អន្តរាគមន៍​ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង​ជា​ ៣ ​ដំណាក់កាល​សំខាន់ៗ​។ គោល​នយោបាយ​នោះ​រួមមាន ទី​ ១ ដំណាក់កាល​ទី​ ១ ការគ្រប់គ្រង​វិបត្តិ​ក្នុង​ដំណាក់កាល​ប្រក្រតីភាព​តាម​ទម្លាប់​ថ្មី និង​រៀបចំ​ផែនការ​សម្រាប់​ការ​ស្តារឡើងវិញ (​ឆមាស ទី​ ២ ឆ្នាំ​ ២០២០ ដល់​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១)​។ ទី​ ២ ​ដំណាក់កាល​ទី​ ២ ​ការជំរុញ និង​ការស្តារ​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ (​ឆមាស​ទី​ ២ ឆ្នាំ​ ២០២១-២០២២)​។ ​ទី​ ៣ ដំណាក់កាល​ទី​ ៣ ​ការរៀបចំ​ឆ្ពោះ​ទៅ​កាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ (២០២៣-២០២៥)៕