ភ្នំពេញៈ វិស័យ​ឯកជន ក្រសួង​សុខាភិបាល និង​សាកល​វិទ្យាល័យ​ពុទ្ធសាស្ដ្រ កាលពី​ថ្ងៃ​ពុធ​ទី​ ៦ ខែវិច្ឆិកា បាន​សហការ​គ្នា​បើក​វគ្គ​ «​ការបណ្ដុះបណ្ដាល​ជំនាញ​គិលានុបដ្ឋាក ការ​គ្រប់គ្រង​ថែទាំ​អ្នកជំងឺ​» ​ដល់​បុគ្គលិក​ជា​គិលានុបដ្ឋាក​មកពី​ស្ថាប័នរដ្ឋ និង​និស្សិត​នៅ​សាកលវិទ្យាល័យ​នានា​រយៈពេល​ ៦ ​ខែ គិត​ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ ដើម្បី​ផ្ដល់​ជំនាញ​បន្ថែម​ទៀត​ដល់​ពួកគេ ។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​ការបើក​វគ្គ​បណ្ដុះបណ្តាល​នេះ​បាន​បង្ហាញថា ការបណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត​ម៉ាច់​ (MUCH Mobile Health Care) ​ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​បង្កើតឡើង​ដោយ​កូន​ខ្មែរ​ និង​កំពុង​បម្រើសេវា​ថែទាំ​ចាស់ជរា អ្នកជំងឺ​រ៉ាំរ៉ៃ អ្នកជំងឺ​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ និង​ថែទាំ​ក្រោយ​ចេញពី​មន្ទីរពេទ្យ ដូចជា​​ថែទាំ​មាតុភាព​ដល់​គេហដ្ឋាន និង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​វេជ្ជបណ្ឌិត​ជំនាញ​ជាដើម​។

លោក អ៊ុន សាន ប្រធាន​គណៈគិលានុបដ្ឋាក​កម្ពុជា​នៃ​ក្រសួង​សុខាភិបាល​ថ្លែងថា ការផ្ដើម​បង្កើត​ការបណ្ដុះបណ្ដាល​នេះ​គឺជា​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​គិលានុបដ្ឋាក​ក្នុងការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​សំដៅ​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​នៅក្នុង​សង្គម​ជាតិ​តាមរយៈ​ការចូលរួម​ដោះស្រាយ​បញ្ហា​សុខភាព​ចម្បងៗ​ដែល​កំពុង​ប្រឈម​ដូចជា កំណើន​នៃ​ជំងឺមិនឆ្លង ការបង្ក​រោគ ជំងឺ​មនុស្ស​ចាស់ជរា និង​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​គិលានុបដ្ឋាក​នៅ​​ពេលបច្ចុប្បន្ន​ក៏ដូចជា​ថ្ងៃ​អនាគត​ក្នុងប្រទេស​ក្នុង​តំបន់ និង​​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។

លោក​បាន​ថ្លែងថា​៖« គិលានុបដ្ឋាក​គឺជា​កម្លាំង​ពលកម្ម​ធំ​ជាង​​គេ​ដែល​មាន​ចំនួន​ ៦០ ​ភាគរយ ​នៅក្នុង​ប្រព័ន្ធ​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​ទាំងមូល​។ គិលានុបដ្ឋាក​ក៏​ជា​កម្លាំង​ចលករ​របស់​ក្រសួងសុខាភិបាល​ដែល​ជា​អ្នកជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល​ក្នុង​ការផ្តល់​សេវា​ថែទាំ​ប្រកប​ដោយ​គុណភាព និង​លើកកម្ពស់​សុខភាព​អ្នកជំងឺ និង​ប្រជាពលរដ្ឋ​»​។

លោក អ៊ុន សាន បាន​បញ្ជាក់ថា​៖ «​ការបណ្តុះបណ្តាល​នេះ​បាន​ផ្សារភ្ជាប់​តម្រូវការ​វិជ្ជា​ជីវៈ​សំដៅ​បង្កើន​កម្រិត​នៃ​ជំនាញ​វិជ្ជាជីវៈ​ថែទាំ​របស់​គិលានុបដ្ឋាក​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​ក្នុង​ការដោះស្រាយ​បញ្ហា​កង្វះខាត​ធនធាន​គិលានុបដ្ឋាក​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​»​។

លោក​បាន​អះអាង​ថា ប្រព័ន្ធ​សុខាភិបាល​កម្ពុជា និង​ពិភពលោក​មិនអាច​ទទួល​ជោគជ័យ​បានឡើយ បើ​គ្មាន​គិលានុបដ្ឋាក​ និង​ការចូលរួម​យ៉ាង​សកម្ម​ពី​​ពួកគេ​ក្នុង​ការងារ​គ្រប់​កម្រិត​នៃ​ប្រព័ន្ធ​សុខាភិបាល​។ គិលានុបដ្ឋាក​គឺជា​អ្នក​នៅជាប់​ជាមួយ​អតិថិជន និង​ពលរដ្ឋ​គ្រប់​កម្រិត​នៃ​គ្រឹះស្ថាន​ថែទាំ​សុខភាព​គ្រប់​ស្រទាប់សង្គម​។

លោក ប៉ិច សុភា ប្រធាន​ចាត់ការ​ទូទៅ​ក្រុមហ៊ុន​ថែទាំ​​សុខភាព​ចល័ត​ម៉ាច់​បាន​ថ្លែងថា​​វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​រយៈពេល​ ៦ ​ខែ ដើម្បី​ផ្តល់​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​ដល់​សិក្ខាកាម​ដែល​ជា​ការឆ្លើយតប​នឹង​តម្រូវការ​លើ​ជំនាញ​នេះ​នាពេល​បច្ចុប្បន្ន និង​អនាគត​ក្នុង​វិស័យ​សុខាភិបាល​។

លោក​ថ្លែងថា​៖ «​ប្រទេស​យើង​មាន​ច្បាប់ ព្រះរាជក្រម​ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល អនុលោម​តាមច្បាប់​នេះ គណៈគិលានុបដ្ឋាក​មាន​តួនាទី​ជា​និយតករ​ក្នុងការ​បង្កើត​លក្ខខណ្ឌ​តម្រូវ​នានា​សម្រាប់​អ្នក​វិជ្ជាជីវៈ និង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ក្នុង​ការផ្តល់​សេវា​ប្រកបដោយ​សុវត្ថិភាព​»​។

យ៉ាងណាក្ដី​លោក​ ប៉ិច សុភា បាន​អះអាង​ថា​បច្ចុប្បន្ន​ការចុះឈ្មោះ​ចូល​រៀន​របស់​និស្សិត​កម្ពុជា​នៅមាន​កម្រិត​តិចតួច​​នៅ​ឡើយ ខណៈ​វិជ្ជាជីវៈ​នេះ​កំពុង​​មាន​តម្រូវការ​ច្រើន ។

លោក សុភា បាន​បញ្ជាក់​ថា​៖ «​យើង​ជា​ក្រុមហ៊ុន​ឯកជន យើង​ធ្វើ​ទៅ​គឺ​មាន​ការគាំទ្រ​ពី​អតិថិជន​ច្រើន​មាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ យើង​ផ្តល់​សេវា​គឺ​គុណភាព​របស់​យើង​ត្រូវ​បាន​គេ​ទទួលស្គាល់​។ ដូច្នេះ​យើង​បាន​ជជែក​ជាមួយ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ​ដើម្បី​យក​បទពិសោធ​នៃ​ការអនុវត្ត​ល្អៗ​​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​ដើម្បី​ឲ្យ​ការអប់រំ​របស់​យើង​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​»​។

បើតាម​លោក​ សុភា វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំ​ ២០២០ ដោយ​ក្នុង​ ១ ​វគ្គ​មាន​រយៈពេល​ ៦ ​ខែ​ ដែល​​ត្រូវការ​និស្សិត​ពី​ ៦០ ​ដល់​ ១០០ ​នាក់​។ រីឯ​ការសិក្សា​នឹង​ដំណើរការ​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ ចុង​សប្ដាហ៍ ។ លោក​បន្ត​ថា សិក្ខាកាម​ដែល​បញ្ចប់​ការសិក្សា និង​មាន​សមត្ថភាព​ពេញលេញ​អាច​​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ថែទាំ​សុខភាព​ចល័ត​ម៉ាច់​ ឬ​ដៃគូ​របស់​​ក្រុមហ៊ុន​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ហើយ​ថែម​ទាំង​អាច​ទៅ​ធ្វើការ​នៅ​តាម​ស្ថាប័នរដ្ឋ​ផ្សេងៗ​ទៀត​ផង​ដែរ​៕