ភ្នំពេញៈ វិស័យ​ឯកជន​ជាច្រើន និង​សហព័ន្ធ​សហភាព​កម្មករ​មួយ​ចំនួន​កាលពី​ថ្ងៃ​សុក្រ​បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​បាន​ព្យួរ​ប្រមាណ​ ២០ ​ភាគរយ​ នៃ​ទំនិញ​កម្ពុជា​នាំចូល​ទីផ្សារ​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែង​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​របស់ខ្លួន​ដដែល​។

វិស័យ​ឯកជន​ចំនួន​ ២០ រួមមាន​ទាំង​សភាពាណិជ្ជកម្ម​កម្ពុជា សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា សភាពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សុក្រ​ដោយ​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្រាប់​ប្រទេស​កាលពី​ថ្ងៃទី​ ១២ កុម្ភៈ​កន្លងទៅ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា ការយកពន្ធ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១២ ខែ​ សីហា ឆ្នាំ​ ២០២០ តទៅ​លើ​ផលិតផល​ដែល​ព្យួរ​ប្រមាណ​ ២០ ​ភាគរយ​នោះ​ ស្មើ​ទឹកប្រាក់​ប្រមាណ​ ១,៣ ​ពាន់​លាន​ដុល្លារ ​ក្នុង​ចំណោម​ទឹកប្រាក់​សរុប​ប្រមាណ​ ៥,៨ ​ពាន់​លាន​ដុល្លារ ​ដែល​កម្ពុជា​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​។ ការយកពន្ធ​នេះ​នឹង​យកទៅ​លើ​ផលិតផល​សម្លៀកបំពាក់​ជាក់លាក់​ចំនួន​ ២០ ​ភាគរយ ផលិតផល​ស្បែកជើង​ជាក់លាក់​ ៣០ ​ភាគរយ​។ ចំណែកឯ​ការយកពន្ធ​លើ​សម្ភារ​សម្រាប់​ធ្វើ​ដំណើរ និង​ស្ករស​គឺ​ទាំងស្រុង​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​វិស័យ​ឯកជន​បាន​លើកឡើង​ថា វិធីសាស្ត្រ​ដែល​កំណត់​យកពន្ធ​ប្រមាណ​ ២០ ​ភាគរយ​នេះ​នឹង​ធ្វើឲ្យ​តម្លៃ​ទំនិញ​ដែល​បានជ្រើសរើស​មាន​ការកើនឡើង​ប្រមាណ​ ១៤០ ​លាន​ដុល្លារ​អាមេរិក​។

សេចក្ដី​ប្រកាស​ព័ត៌មាន​សរសេរ​ថា​៖ «​ថ្ងៃ​អនាគត​ប្រទេស ​កម្ពុជា​ នឹង​បន្ត​ទទួលបាន​អត្ថប្រយោជន៍​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ចំនួន​ ៨០ ​ភាគរយ ​នៃ​ការនាំចេញ​របស់​ខ្លួន​ទៅកាន់​សហភាព​អឺរ៉ុប​។ ដូច្នេះ​យើង​សូម​អំពាវនាវ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ​និង​រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ចូលរួម​ក្នុង​កិច្ចសន្ទនា​អំពី​បញ្ហា​នានា​ដែល​លើកឡើង​នៅក្នុង​ការត្រួតពិនិត្យរ​បស់​គណៈកម្មការ​អឺរ៉ុប​»​។

វិស័យ​ឯកជន​បន្តថា ​នឹង​ប្ដេជ្ញា​សហការ​ជាមួយ​ផ្នែក​នានា​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការសម្រេចចិត្ត​នេះ​ហើយ​នឹង​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ពង្រឹង និង​លើកកម្ពស់​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ស្រប​តាម​ឧត្តមានុភាព​អន្តរជាតិ​។

បើទោះ​ជា​លើកឡើង​ពី​ដើម​ថា ពួកគេ​មាន​ការសោកស្ដាយ​ក៏ដោយ ក៏​វិស័យ​ឯកជន​ទាំងនេះ​បាន​អះអាង​ថា​ការដក​ផ្នែក​ខ្លះ​នេះ «​ក៏​ជា​ឱកាស​មួយ​ក្នុង​ការចាប់ផ្ដើម​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​បន្ថែម​ទៀត​ដែល​នឹង​ជួយ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ការកាត់បន្ថយ​ការប្រកួតប្រជែង​មិន​ស្មើភាព និង​អាច​នឹង​ជួយ​ពន្លឿន​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​កម្ពុជា ទីផ្សារ​នាំចេញ និង​ប្រភព​នៃ​ការវិនិយោគ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ថ្លែងថា​ក្នុង​រយៈពេល​ ១២ ​ខែ​ចុង​ក្រោយនេះ រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​កំណែទម្រង់​រចនាសម្ព័ន្ធ​ស៊ីជម្រៅ​ដោយ​លុបបំបាត់​បន្ទុក​មិន​ចាំបាច់ និង​សម្រួល​ដល់​ការធ្វើ​​ធុរកិច្ច​នៅ​កម្ពុជា​។ ដូច្នេះ​ផលប៉ះពាល់​អាច​ត្រូវបាន​កាត់កង​តាមរយៈ​កំណែទម្រង់​នេះ និង​ការត្រៀម​ទុនបម្រុង​ ៣ ​ពាន់​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​។

ក្រៅ​ពីនេះ​សម្ព័ន្ធ​សហភាព​ និង​សហភាព​សហជីព​ចំនួន​ ៣ ដែល​តំណាង​ឲ្យ​កម្មករ​រាប់ម៉ឺន​នាក់​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រហាក់ប្រហែល​គ្នា​ដោយ​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​។ សហជីព​ទាំងនេះ​រួមមាន​សហព័ន្ធ​សហជីព​ដើម្បី​សិទ្ធិ​ការងារ សហព័ន្ធ​សហជីព​សុវត្ថិភាព​កម្មករ និង​សហភាព​ពលកម្ម​ជាតិ​កម្ពុជា​។

សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​ពលកម្ម​ជាតិ​កម្ពុជា​ដែល​តំណាង​ឲ្យ​កម្មករ ជាង ៣៦ ០០០ ​នាក់​ បាន​សរសេរ​ថា​៖ «​វិធានការ​នេះ​គឺ​មិន​សមស្រប​ជាមួយ​នឹង​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​បន្តថា​៖ «​ដោយឡែក​បើ​ប្រៀបធៀប​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ដទៃទៀត​របស់​សហភាព​អឺរ៉ុប យើងខ្ញុំ​ចាត់ទុក​ថា សេចក្ដី​សម្រេច​ដកហូត​បណ្ដោះអាសន្ន​នូវ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺជា​ការអនុវត្ត​ស្តង់ដា​ពីរ​របស់​សហភាព​អឺរ៉ុប​ដែល​បាន​ជំរុញ​ដោយហេតុផល​នយោបាយ​។ ការសម្រេច​ដោយ​មាន​ភាពលម្អៀង និង​មិនបាន​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​អំពី​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​ជីវភាព​របស់​បងប្អូន​កម្មករនិយោជិត​ខ្មែរ​»​។

សម្ព័ន្ធ​សហភាព និង​សហភាព​ទាំង​ ៣ ក៏បាន​អំពាវនាវ​ឲ្យ​កម្មករ​និយោជិត​គ្រប់រូប​បន្ត​ចូលរួម​គោរព​ និង​អនុវត្ត​ច្បាប់ និង​គាំទ្រ​ដល់​កម្មវិធី​ និង​វិធានការ​របស់​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើត​មាន​ជាយថាហេតុ​។

ទោះ​យ៉ាងណា​ក៏ដោយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយចោល​នៅក្នុង​ប្រទេស​ដែល​ធ្លាប់​គាំទ្រ​ជំហរ​សហភាព​អឺរ៉ុប​ក្នុង​ការព្យួរ EBA នេះ​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​ថា ការព្យួរ​ ២០ ​ភាគរយ​ ដោយ​សហភាព​អឺរ៉ុប​គឺជា​សំណាងល្អ​ទៅវិញ​ទេ សម្រាប់​ឲ្យ​កម្ពុជា​មាន​ឱកាស​ធ្វើ​កំណែទម្រង់​ចាំបាច់​ខ្លះ​ជាបន្ទាន់​។

លោក​ថា ដើម្បី​ឲ្យ​ឧស្សាហកម្ម​កម្ពុជា​ដំណើរការ​ដោយ​គ្មាន EBA ត្រូវ​ដោះស្រាយ​បញ្ហា​ ២ គឺ​ទី​១ លើកកម្ពស់​លទ្ធភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​។ ទី​២ លើកកម្ពស់​ផលិតភាព​នៃ​ឧស្សាហកម្ម គឺ​ត្រូវ​ផលិត​ទំនិញ​មាន​គុណភាព​ល្អ​សមរម្យ​ក្នុង​តម្លៃ​ទាប​សមរម្យ ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​មកពី​ប្រទេស​ដទៃទៀត​ដែល​មាន​លក់​ដូចគ្នា​លើ​ទីផ្សារ​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​ដើម្បី​លើកកម្ពស់​ផលិតភាព​នៃ​ឧស្សាហកម្ម​កម្ពុជា យើង​ត្រូវតែ​បំបាត់​អំពើពុករលួយ​គ្រប់​ជាន់ថ្នាក់​ដែល​ធ្វើឲ្យ​តម្លៃ​ទំនិញ​យើង​ថ្លៃ​លើសគេ ហើយ​ត្រូវ​តែ​កែលម្អ​ប្រព័ន្ធ​សុខាភិបាល ប្រព័ន្ធ​អប់រំ និង​ប្រព័ន្ធ​សង្គមកិច្ច ព្រមទាំង​សេវាសាធារណៈ​ទាំងអស់​ដែល​សព្វថ្ងៃ​មាន​ភាព​រយីករយាក ហើយ​មិន​អាច​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​បានឡើយ​»​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ឆ្លើយតប​នឹង​ផលប៉ះពាល់​នៃ​ការដក EBA ដែល​ជា​ការបង់ពន្ធ​សម្រាប់​ទំនិញ​នាំចូល​ទីផ្សារ​អឺរ៉ុប ហើយ​ការដក​នេះ​មិនមែន​មាន​ន័យ​ថា កម្ពុជា​បាត់បង់​ទីផ្សារ​អឺរ៉ុប​ទេ​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​បាន​រៀបចំ​កំណែទម្រង់​មុតស្រួច​តាំងពី​ការចំណាយ​ដែល​មិនចាំបាច់ កាត់បន្ថយ​ការត្រួតត្រា​តាម​ព្រំដែន​តាម​ច្រកចូល​អន្តរជាតិ ការកាត់បន្ថយ​ពន្ធ នោះ​ហើយ​ជា​ការចូលរួម​បន្ថែម​នៃ​ការទទួល​ខុសត្រូវ​នៃ​ការដំឡើង​ពន្ធ​របស់​សហភាព​អឺរ៉ុប​។ ដូច្នេះ​យើង​មើលទៅ មិនមែន​ជា​មូលដ្ឋានគ្រឹះ​ណាមួយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​យើង​ទេ​»​។

ចំពោះ​ការសម្រេចចិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​លោក​ថ្លែងថា កម្ពុជា​មានការ​សោកស្ដាយ ហើយ​ជា​រឿង​អយុត្តិធម៌ ដែល​សហភាព​អឺរ៉ុប​យក​រឿង​សិទ្ធិមនុស្ស និង​ទិដ្ឋភាព​នយោបាយ​មក​ជំនួស​។

លោក​បន្តថា សហភាព​អឺរ៉ុប​កំពុង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ផ្សេងទៀត​ដែល​មាន​កំណត់ត្រា​សិទ្ធិមនុស្ស​មិនល្អ​។

លោក​ថ្លែងថា​៖ «​ជំហរ​របស់​រាជរដ្ឋាភិបាល​គឺ​នៅ​ដដែល​។ យើង​មិនមែន​គ្រាន់តែ​យក​ការអនុគ្រោះ​ពន្ធ​ដើម្បី​ធ្វើឲ្យ​យើង​មាន​បដិវត្តិន៍ ឬ​រឿង​ផ្សេង​ទៀត​ប៉ះពាល់​ដល់​ឯករាជ្យ​ក៏ដូចជា​អធិបតេយ្យភាព​របស់​កម្ពុជា​គឺ​យើង​អត់​ធ្វើ​ទេ​។ សារ​ដ៏រឹងមាំ​ដែល​សម្ដេច​អគ្គមហាសេនាបតី​តេជោ​បាន​លើកឡើង គឺថា​មិនមាន​ការផ្លាស់ប្ដូរ​ជំហរ​ណា​ដើម្បី​បំពេញចិត្ត​បរទេស​មួយណា​ឡើយ​។ ប៉ុន្តែ​ទោះយ៉ាងណា​កិច្ចសហប្រតិបត្តិការ​ក្នុង​នាម​ជា​ដៃគូ យើង​នៅតែ​បន្ត​ទៅមុខទៀត​។ សហប្រតិបត្តិការ​ជា​ដៃគូ​មិនមែន​ជា​កិច្ចសហប្រតិបត្តិការ​រវាង​ចៅហ្វាយ និង​កូនចៅ​ទេ​បាទ​»៕