ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីធីត​កាលពី​ថ្ងៃទី​ ១៣ ​ខែ​មីនា​បានបង្ហាញ​នូវ​បច្ចេកវិទ្យា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ទំនើប​ដល់​ភ្ញៀវ​ពិសេស​របស់ខ្លួន​។

វីង​បាន​ក្លាយជា​យីហោ​មួយ​ក្នុងចំណោម​យីហោ​របស់​កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់​ច្រើនជាងគេ​បំផុត​ក្នុង​រយៈពេល​ ១១ ​ឆ្នាំ​មកនេះ ដោយ​ក្នុងនោះ​មាន​ភ្នាក់ងារ​ជាង​ ៧ ៥០០ ​កន្លែង​នៅ​ទូទាំងប្រទេស​។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​របៀប​ ដែល​វីង​បានដាក់​ពង្រាយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ និង​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីកចម្រើន​តាមរយៈ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​»​។

ឯកឧត្តម​បាន​បន្ថែមថា​៖ «​ដំណោះស្រាយ​នៃ​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​គឺជា​និន្នាការ​សកល​មួយ​ដែល​មាន​សារៈសំខាន់​បំផុត​ក្នុង​ការលើកកម្ពស់​កំណើន​រួម​ប្រកបដោយ​ចីរភាព​»​។

វីង​មាន​ដៃគូ​សហការ​ជាង​ ៤ ​ម៉ឺន​ពាណិជ្ជករ​រាប់​ចាប់តាំងពី​អាជីវករ​នៅ​តំបន់​ជនបទ​រហូតដល់​មជ្ឈមណ្ឌល​លក់ទំនិញ​ធំៗ​នៅ​ទីក្រុង​។

លើស​ពី​នេះ​វីង​ក៏បាន​សហការ​ជាមួយ​សហគ្រាស​ធំៗ​នៅក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​នោះ​រួមមាន Mastercard, Western Union, MoneyGram, Wechat និង Alipay ដើម្បី​ពង្រីក​សេវាកម្ម​របស់ខ្លួន​ឲ្យ​កាន់តែ​ធំ​ទូលាយ​។

ចំពោះ​អតិថិជន​ចំនួន​ ៥ ​លាន​នាក់​របស់​វីង​ដែល​ភាគច្រើន​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ​នោះទេ​។ កាលពី​ឆ្នាំមុន វីង​បាន​គាំទ្រ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ដោយ​ជួយ​សម្រួល​ដល់​ការធ្វើ​ប្រតិបត្តិការ​មាន​តម្លៃ​ជិត​ ៩០ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​តាមរយៈ​ការធ្វើ​ប្រតិបត្តិការ​ជាង​ ១៣០ ​លាន​ដង​។

អ្នកឧកញ៉ា​ គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ឯកទេស​វីង​ថ្លែងថា​៖ «​ក្នុង​នាម​ជា​អ្នកផ្តល់​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា យើង​មាន​សេចក្តី​រីករាយ​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំថ្ងៃ​របស់​យើង​បាន​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ទាំង​ក្នុងពេល​បច្ចុប្បន្ន​ក៏ដូចជា​នាពេល​អនាគត​»​។

អ្នកឧកញ៉ា​បន្ថែមថា​៖ «​វីង​កំពុងតែ​បន្តដំណើរ​ជាមួយ​ចក្ខុវិស័យ​ក្នុងការ​ផ្តល់ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​ប្រកបដោយ​ភាពងាយស្រួល​មាន​ការធានា និង​រហ័ស​ក្នុងការ​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​កាន់តែ​ល្អប្រសើរ​»​។

ក្រៅពី​ផ្តល់​សេវាកម្ម​ការផ្ទេរ​ប្រាក់ ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ ដក​ប្រាក់ និង​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត​តាមរយៈ​ប្រព័ន្ធ​អេកូ​ឡូហ្ស៊ី​ចល័ត​ដ៏រឹងមាំ វីង​ក៏​ផ្តល់​សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅ​ប្រទេស​ដូចជា ហ្វីលីពីន វៀតណាម ថៃ និង​កូរ៉េខាងត្បូង​ផង​ដែរ​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីធីត ថ្លែងថា​៖ «​សហគ្រាស​ធុន​តូច​ និង​មធ្យម (SMEs) គឺជា​អ្នក​ចូលរួម​ចំណែក​យ៉ាងសំខាន់​ជួយ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាពរឹងមាំ​ និង​មាន​ស្ថិរភាព​។ វីង​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ជាច្រើន​ដើម្បី​ផ្តល់​ដំណោះស្រាយ​តាម​តម្រូវការ​ជាពិសេស​បំពេញតម្រូវការ​របស់​អាជីវកម្ម​ខ្នាតតូច​នៅ​កម្ពុជា​។

លោក ម៉ានូ រ៉ាចាន់ បាន​បន្ថែមថា​៖ «​តាមរយៈ​ភាពជា​ដៃគូ​ទាំងនេះ យើង​អាច​រួមបញ្ចូល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ជាមួយ​នឹង​សេវាកម្ម​ដែល​ផ្តល់​ឧបករណ៍​សម្រាប់​វិស័យ SMEs និង អតិថិជន​របស់ SME ដើម្បី​គ្រប់គ្រង​អាជីវកម្ម​របស់​ពួកគេ​ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល​»​។

អគ្គនាយក​វីង​រូបនេះ​ក៏បាន​បង្ហាញ​ផងដែរ​ថា ក្រុមហ៊ុន​របស់​លោក​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Tinh Tinh ដែល​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ពង្រីក​វេទិកា​របស់ខ្លួន និង​ដើម្បី​ទាក់ទាញ​អ្នកទិញ​ទំនិញ​តាម​អនឡាញ​ឲ្យ​បាន​កាន់តែ​ច្រើន ហើយ​បាន​សហការ​ជាមួយ​ការិយាល័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ចំនួន​ ២៨ ​នៅ​ទូទាំង​ប្រទេស​។

លោក ម៉ានូ បន្តថា​៖ «​យើង​ជឿជាក់​ថា​នឹង​អាច​ធ្វើឱ្យ​មាន​ភាពខុសគ្នា​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ស្តង់ដា​រស់នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ធ្វើការ​ឆ្ពោះទៅ​សម្រេច​តាម​គោលដៅ​របស់​យើង​ក្នុង​ការបង្កើត​សង្គម​ដែល​មិន​ប្រើ​សាច់ប្រាក់ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​កម្ពុជា​»៕