កណ្ដាល: អភិបាលខេត្ត​កណ្ដាល​លោក គង់ សោភ័ណ្ឌ បាន​ថ្លែង​ពី​ម្សិលមិញ​ថា វៀតណាម​បាន​រុះរើ​តង់​ចំនួន​ ៧ បន្ថែម​ទៀត​ចេញពី​តំបន់​ព្រំដែន ដែល​មិនទាន់​មាន​ការឯកភាព​គ្នា ខណៈ​ដែល​កម្ពុជា​នៅតែ​ទាមទារ​ឲ្យ​វៀតណាម​រុះរើ​តង់​ដែល​ទើប​សង់​ទាំងអស់​នោះ​ចេញ​ឲ្យ​បាន​ឆាប់​បំផុត​។

លោក គង់ សោភ័ណ្ឌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា វៀតណាម​បាន​បន្ទន់​ឥរិយាបថ​ខ្លះ ដោយ​បាន​យល់ព្រម​រុះរើ​តង់​ចំនួន ៧ តង់​ក្នុងចំណោម​តង់​ដែល​នៅសល់​ចំនួន​ ២២ ខណៈ​មាន​ការរំកិល​តង់​ចំនួន ៤ ចេញ​ពី​ទីតាំង​ចាស់​ចូល​ទៅក្នុង​ទឹកដី​ខ្លួន​ដែល​មាន​ចម្ងាយ​ជាង​ ១០០ ​ម៉ែត្រ​ពី​ព្រំដែន​។ លោក​ថ្លែងថា កម្ពុជា​នៅ​តែ​ជំរុញ​ឲ្យ​ភាគី​វៀតណាម​បន្ត​រុះរើ​តង់​ដែល​នៅ​សេសសល់​ទាំងអស់​ចេញពី​តំបន់​ព្រំដែន បើទោះបី​ជា​វៀតណាម​ឆ្លើយតប​សុំ​ដាក់​ក្នុងដំណាក់កាល​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ​។

លោក​បញ្ជាក់​ថា​៖ «​ប្រសិន​គាត់​ (​វៀតណាម​) ​នៅ​តែ​បន្ត​មិន​ព្រម​រុះរើ​តង់​ទាំងអស់​ចេញពី​តំបន់​នោះទេ​យើង​នៅតែ​ប្រើប្រាស់​វិធានការ​ច្បាប់​គឺ​យើង​មិនគួរ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​មក​ដោះស្រាយ​បញ្ហា​ទេ ព្រោះ​យើង​ជា​ប្រទេស​ជា​មិត្ត ហើយ​កន្លងមក​យើង​ក៏​មិន​ដែល​ប្រើប្រាស់​ហិង្សា​ដាក់​គ្នា​ដែរ​។ យើង​ចង់​ឲ្យ​ទីតាំង​ព្រំដែន​ទាំងនេះ​ក្លាយ​ជា​ទីកន្លែង​អភិវឌ្ឍន៍ កន្លែង​សន្ដិភាព សន្ដិសុខ​ល្អ សណ្ដាប់ធ្នាប់​ល្អ និង​កិច្ចសហប្រតិបត្តិការ​ល្អ​នឹង​គ្នា​»​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នកទទួល​។

ប៉ុន្តែ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចុះ​ថ្ងៃទី​ ២ ខែមិថុនា ឲ្យ​ដឹង​ថា​ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី ១៣ ខែ​ឧសភា​ បាន​ធ្វើ​កំណត់​ទូត តវ៉ា​អំពី​ការបោះ​តង់​របស់​វៀតណាម​ចំនួន​ ៣១ ​កន្លែង​លើ​តំបន់​ព្រំដែន ដែល​មិនទាន់​ឯកភាព​គ្នា​ក្នុង​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា​ជាប់នឹង​ខេត្ត​អាន​យ៉ាង​នៃ​ប្រទេស​វៀតណាម​ដោយ​ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ទាំងនោះ​ចេញ និង​បញ្ឈប់​សកម្មភាព​នានា​ដើម្បី​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ នៅក្នុង​តំបន់​នេះ​ស្រប​តាម​សេចក្តី​ប្រកាស​រួម​ចុះ​ថ្ងៃទី​ ១៧ ខែ​ មករា ឆ្នាំ​ ១៩៩៥ សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​ ២០០៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា ក្រសួង​ការបរទេស​វៀតណាម​នៅ​ថ្ងៃទី ២៨ ខែឧសភា បាន​ធ្វើ​កំណត់​ទូត​ឆ្លើយតប ដោយ​អះអាង​ថា​ការបោះតង់​នៅតាម​ព្រំដែន​នៃ​ខេត្ត​អានយ៉ាង​នេះ​គឺជា​វិធានការ​បណ្តោះអាសន្ន​ចាំបាច់​ដើម្បី​ទប់ស្កាត់​ឲ្យ​ទាន់​ពេលវេលា​នូវ​ការធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺឆ្លង​​កូវីដ​ ១៩ ហើយ​ការបោះតង់​ទាំងនោះ​មិន​មាន​ផលប៉ះពាល់​ដល់ការ​ខណ្ឌសីមា​ និង​ការបោះបង្គោល​ព្រំដែន​លើ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​នេះ​ទេ​។ អាជ្ញាធរ​វៀតណាម​បាន​សន្យាថា នឹង​ធ្វើការ​រុះរើ​តង់​ដែល​បាន​បោះ​ជា​បណ្តោះអាសន្ន​ទាំងអស់​ចេញពី​តំបន់​នោះ​។

តាម​លិខិត​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ចុះ​ថ្ងៃទី​ ៣ ខែមិថុនា​ បាន​ឲ្យ​ដឹងថា លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​នៅ​ថ្ងៃទី​ ១ ខែ​មិថុនា​ បាន​អញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​មក​ជួប​ពិភាក្សា​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​។ ភាគី​ទាំង​ ២ ​បាន​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

ស្ថានទូត​វៀតណាម​បន្តថា វៀតណាម​បាន​ជម្រាប​អំពី​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ទៅ​ភាគី​កម្ពុជា​ដោយ​វៀតណាម​ប្រាប់​ភាគី​កម្ពុជា​ថា ការបោះតង់​គ្រាន់តែ​ជា​វិធាន​បណ្តោះអាសន្ន​ចាំបាច់​ក្នុង​អំឡុងពេល​ជំងឺឆ្លង​កូវីដ​១៩ ហើយ​ការបោះតង់​ទាំងនោះ​មិនមាន​ផលប៉ះពាល់​ដល់​ការខណ្ឌសីមា​ និង​បោះបង្គោល​ព្រំដែន​លើ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​នេះ​ទេ​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ប្រសិន​វៀតណាម​សាងសង់​សំណង់​អ្វីមួយ​ចេញពី​ព្រំដែន​ចម្ងាយ​ជាង​ ១០០ ​ម៉ែត្រ គឺ​ស្របតាម​ច្បាប់​ហើយ​ដោយ​ច្បាប់​បាន​ចែងថា ប្រទេស​ទាំង​ ២ ​អាច​សាងសង់​សំណង់​ខ្លះ​ដែល​ចេញ​ពី​ព្រំដែន​ចម្ងាយ​ ១០០ ​ម៉ែត្រ​។

លោក​បញ្ជាក់ថា​៖ «​ប្រសិន​វៀតណាម​មិន​ព្រម​រុះរើ​តង់​ទាំងអស់​ចេញពី​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាព​គ្នា​ទេ គឺ​វៀតណាម​មិន​ចង់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា​។ វៀតណាម​គួរតែ​វិលត្រឡប់​ទៅតាម​អ្វី​ដែល​ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ទាំង​ ២ ​កន្លងមក​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ក៏​ថ្លែង​ដែរ​ថា ឥរិយាបថ​ជុំវិញ​ការបោះតង់​ជា​លក្ខណៈ​យោធា​នេះ​គឺ​វៀតណាម​បាននិង​កំពុង​រំលោភ​លើ​សន្ធិសញ្ញា​នានា​ដែល​ធ្លាប់បាន​ចុះហត្ថលេខា​កន្លងមក​ជាមួយ​កម្ពុជា ហើយ​ក៏​អាច​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​កន្លងមក​ផងដែរ​។

លោក​ថា​៖ «​វៀតណាម​គឃ្លើន​ដែល​បានមក​បោះតង់​នៅតាម​តំបន់​ព្រំដែន ដែល​មិនទាន់​បាន​ឯកភាព​គ្នា​ទាំងស្រុង ហើយ​ចំពោះ​វៀតណាម​យក​លេស​ដែលថា ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ គឺ​មិន​សមហេតុផល​ទាល់តែ​សោះ​។ ខ្ញុំ​យល់ថា វៀតណាម គួរតែ​ផ្ដល់​តម្លៃ​ឲ្យ​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ជិតខាង និង​ធ្លាប់មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ជាយូរ​ឆ្នាំ​មកហើយ​»៕