ភ្នំពេញៈ ក្រោយពីបើកសវនាការជំនុំជម្រះជិតមួយម៉ោងកាលពីម្សិលមិញ តុលាការកំពូលបានសម្រេចដោះលែងជនត្រូវចោទជាជនជាតិវៀតណាម ៨ នាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្នជាថ្នូរនឹងការតម្កល់លុយ ៣០ លានរៀល។
លោកចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងសាលដីកាថា៖ «យោងមាត្រា ២០៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌអំពីការឃុំខ្លួនបណ្តោះអាសន្នក្នុងបទមជ្ឈិមជនត្រូវចោទទាំង ៨ នាក់បើគិតពីថ្ងៃឃុំខ្លួនគឺមានរយៈពេលជាង ៦ ខែហើយ។ ហេតុដូច្នេះតុលាការកំពូលសម្រេចឲ្យជនត្រូវចោទទាំង ៨ នាក់នៅក្រៅឃុំបណ្តោះអាសន្ន និងបដិសេធសាលដីការបស់សាលាឧទ្ធរណ៍ដែលមិនអនុញ្ញាតឲ្យពួកគេនៅក្រៅឃុំចោល។ តុលាការកំពូលយល់ព្រមឲ្យជនត្រូវចោទត្រូវតម្កល់ប្រាក់ធានា ៣០ លានរៀលនៅតុលាការ និងលិខិតឆ្លងដែនហើយត្រូវបង្ហាញមុខនៅប៉ុស្តិ៍នគរបាលមូលដ្ឋានក្នុង ១ ខែម្តង»។
យោងតាមកំណត់សមត្ថកិច្ចបង្ហាញថា បុរសជនជាតិវៀតណាមទាំង ៨ នាក់នេះត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី ១០ មករា ២០១៨ នៅតំបន់ដែនជម្រកសត្វព្រៃស្រែពកក្នុងភូមិឡៅល្មៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ជនជាតិវៀតណាមដែលបានធ្វើសកម្មភាពកាប់ផ្តួលរំលំដើមឈើរាប់ពាន់ដើមនោះបានប្រើប្រាស់គ្រឿងចក្រដែលមានបិទស្លាករបស់ក្រុមហ៊ុន ដួង ស្រួចគ្រុប។
នៅពេលសមត្ថកិច្ចចុះទៅដល់ទីតាំងនោះ គេបានប្រទះឃើញគំនរឈើធំៗចំនួន ៧ កន្លែងដែលមានឈើប្រមាណជិត ១០០០ ដើមដែលត្រូវបានគេកាត់គល់កាត់ចុងរាយប៉ាយពេញព្រៃ។
សំណុំរឿងនេះត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរីចោទប្រកាន់ពីបទប្រមូលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត និងឃុំខ្លួនពួកគេ។ ជនជាប់ចោទសុទ្ធតែជាជនបរទេសហើយពួកគេត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៨មក។
ដោយមិនសុខចិត្តជនត្រូវចោទទាំង ៨ នាក់បានប្តឹងទាស់មកសាលាឧទ្ធរណ៍ហើយត្រូវឧទ្ធរណ៍បើកសវនាការ និងប្រកាសសាលដីកានៅថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០១៨ សម្រេចមិនព្រមដោះលែងជនទាំង ៨ នាក់នោះទៀត។
ក្នុងអំឡុងពេលកំពុងជំនុំជម្រះក្នុងសវនាការនេះដែរលោក កៅ សុភ័ក្ត្រា ជាមេធាវីការពារសិទ្ធិឲ្យជនទាំង ៨ នាក់បានថ្លែងថាកូនក្តីរបស់លោកត្រូវបានក្រុមហ៊ុនឈ្មោះដួងស្រួចគ្រុបជួលពួកគេឲ្យមកធ្វើការក្នុងក្រុមហ៊ុនដោយឲ្យប្រាក់ឈ្នួលពី ៥ លានដុងទៅ ១០ លានដុងក្នុងម្នាក់ហើយពួកគេចូលមកប្រទេសកម្ពុជា សុទ្ធតែមានលិខិតឆ្លងដែនត្រឹមត្រូវទៀតផងក្រុមហ៊ុននេះបានទទួលដីសម្បទានពីរដ្ឋក្នុងការអភិវឌ្ឍកសិកម្មដែលមានលិខិតទទួលស្គាល់ពីក្រសួងកសិកម្មនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៧ និងលិខិតចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧រួមលិខិតចុះថ្ងៃទី ១៣ វិច្ឆិកា ២០១៧។
លោកថ្លែងទៅកាន់ចៅក្រមថា៖ «ដូច្នេះកូនក្តីរបស់ខ្ញុំពុំមានបទល្មើសអ្វីទេខ្ញុំសូមឲ្យតុលាការកំពូលដោះលែងពួកគេវិញ ដោយពួកគេសន្យាដាក់ប្រាក់តម្កល់នៅតុលាការចំនួន ៣០ លានរៀល និងលិខិតឆ្លងដែនដើម្បីធានាខ្លួនបាននៅក្រៅឃុំបណ្តោះអាសន្ន»។
លោកព្រះរាជអាជ្ញា វ៉េង ប៊ុនធឿន តំណាងមហាអយ្យការសន្និដ្ឋានដែរថា ជនជាប់ចោទសុទ្ធតែជាជនបរទេសហើយពួកគេបានឃុំខ្លួនតាំងពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៨ មក។ បើតាមអង្គហេតុគឺចម្លើយរបស់ជនត្រូវចោទទាំង ៨ នាក់នោះបានឆ្លើយប្រហាក់ប្រហែលគ្នាថា ពួកគេមកធ្វើការនៅក្នុងក្រុមហ៊ុនដួងស្រួចគ្រុបមែន។ ដូច្នេះក្រុមប្រឹក្សាពិចារណាតាមច្បាប់។
លោក ក្រើង តុលា ជាទីប្រឹក្សានៃបណ្តាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីដែលមិននៅក្នុងតុលាការបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការសម្រេចរបស់តុលាការវាបង្ហាញនូវភាពអយុត្តិធម៌។
លោកថា៖ «ចំពោះអ្នកខំការពារព្រៃឈើអស់ទាំងថវិកាមានតាំងពីគេប៉ុនប៉ងសម្លាប់សព្វបែបយ៉ាង ហើយបើគាត់មានទោសត្រូវឲ្យគាត់អនុវត្តទោសទៅតាមនោះទៅអ៊ីចឹងទើបអ្នកការពារព្រៃឈើមានចិត្តការពារបន្តទៀត»៕