សៀមរាបៈ វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី ២៧ បានបើកកិច្ចប្រជុំនៅថ្ងៃអង្គារនេះដោយផ្តោតអំពីបញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងព្រមទាំងបញ្ហាផ្សេងទៀត បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកានេះ កាលពីម្សិលមិញនៅខេត្តសៀមរាបដឹកនាំដោយប្រធានរដ្ឋសភាកម្ពុជាលោក ហេងសំរិន។
លោក ឈាង វុន ប្រធានគណៈកម្មការការបរទេស និងសហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មានរដ្ឋសភាកម្ពុជា និងជាអនុប្រធានគណៈកម្មការអចិន្រៃ្តយ៍រៀបចំវេទិកានេះបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា កិច្ចប្រជុំវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក លើកទី ២៧ នេះ គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមអធិបតីភាព លោក ហេង សំរិន ដែលនឹងពិភាក្សាអំពីបញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាជម្លោះសមុទ្រចិន ខាងត្បូង ដែលមានបណ្តាប្រទេសជាសមាជិក អាស៊ាន មួយចំនួនពាក់ព័ន្ធក្នុងជម្លោះនោះ និងបញ្ហាសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោកបញ្ជាក់ថា៖ «វិស័យមួយទៀតដែលយើងនឹងជជែកគ្នាដែរគឺវិស័យនយោបាយនិងសន្តិសុខហើយវិស័យនេះគឺមានសារៈសំខាន់ណាស់ដោយសារពិភពលោកសព្វថ្ងៃនេះមានការលំបាក និងមានភាពប្រឈមច្រើន...។ យើងនៅមានចំណុច ២ ឬ ៣ ដែលត្រូវដោះស្រាយ ដូចជា ទំនាស់ដែនទឹក ដែនគោករវាងប្រទេសអាស៊ានខ្លះជាមួយនឹងប្រទេសចិន យើងមានភាពប្រឈមក្នុងឧបទ្វីបកូរ៉េដែលយើងត្រូវតែជជែកគ្នាដែរ។ យើងមានបញ្ហាបន្តិចបន្តួចតែបញ្ហាហ្នឹងវារាងធ្ងន់ធ្ងរប៉ះពាល់ដល់សិទ្ធិមនុស្សនៅប្រទេសភូមា.ទាំងអស់នេះសុទ្ធតែប្រធានបទដែលយើងត្រូវយកមកជជែកគ្នា»។
ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង លោក ឈាង វុន បានបញ្ជាក់ថា អាស៊ានមានជំហររួមរួចហើយដោយអនុវត្តតាមសេចក្តីសម្រេច DOC&COC និងលើកទឹកចិត្តឲ្យប្រទេសភាគីពាក់ព័ន្ធដោះស្រាយវិវាទដោយសន្តិវិធី។
ដោយឡែកបញ្ហាជម្លោះក្នុងឧបទ្វីបកូរ៉េ គឺអាស៊ាន មានគោលជំហរដូចអង្គការសហប្រជាជាតិហើយថា បញ្ហាឧបទ្វីបកូរ៉េគឺកម្ពុជាស្នើឲ្យកូរ៉េខាងជើង និងសហរដ្ឋអាមេរិកដែលជាតួអង្គជម្លោះចូលតុចរចាឲ្យបានច្រើនដងកាន់តែល្អដើម្បីមានដំណោះស្រាយវិជ្ជមានហើយបញ្ហានេះមានពន្លឺខ្លះដោយសារអាមេរិកក៏បានព្យាយាមបន្តជួបចរចាជាមួយមេដឹកនាំកូរ៉េខាងជើងដែរ។ នេះបើតាមការបញ្ជាក់ពី លោកឈាង វុន។
ទាក់ទងនឹងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី ២៧ នេះ កាលពីថ្ងៃ ១៣ មករា គេហទំព័ររដ្ឋសភាកម្ពុជាបានឲ្យដឹងថា ពិធីបើកជាផ្លូវការត្រូវធ្វើនៅថ្ងៃទី ១៥ ខែមករា ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខ និងកាអភិវឌ្ឍប្រកបដោយចីរភាព» ដោយមានការចូលរួមពីប្រទេសចំនួន ២១ និងមានគណៈប្រតិភូបរទេស សរុបប្រមាណ ៣០០ នាក់។
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី ១១ ខែមករា លោក ឈាង វុន ក៏បានថ្លែងនៅលើគេហទំព័ររដ្ឋសភាដែរថា ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏សំខាន់របស់អង្គការសភានេះគឺជាការចូលរួមចំណែករបស់សភាកម្ពុជាក្នុងការកសាងសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោកតាមរយៈយន្តការសភាដែលយកការជជែក និងការចរចាជាធំ។
លោកបានបន្ថែមថា៖ «ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានលើកយកប្រធានបទសំខាន់គឺការពង្រឹងតួនាទីសភាដើម្បីជំរុញសន្តិភាព សន្តិសុខ និងការអភិវឌ្ឍដោយចីរភាពក្នុងបំណងចែករំលែកដល់បណ្តាសមាជិកសភានៃវេទិកាកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិកស្ដីពីសន្តិភាពដែលព្រះរាជាណាចក្រកម្ពុជាទទួលបានពីនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
កាលពីឆ្នាំ ២០១៨ កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ហៅកាត់ថា APPF លើកទី ២៦ បានធ្វើឡើងនៅទីក្រុងហាណូយប្រទេសវៀតណាមដោយមានសមាជិកចូលរួម ២១ ប្រទេសរួមទាំងអ្នកសង្កេតការណ៍ និងអង្គការសភាជាដៃគូធំៗសរុបប្រមាណ ៤០០ នាក់ ដោយបានពិភាក្សា និងរកគន្លឹះដោះស្រាយបញ្ហារួមនៅក្នុងវិស័យសេដ្ឋកិច្ច បរិស្ថាន ការប្រែប្រួលអាកាសធាតុ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម លើកកម្ពស់សមភាពយេនឌ័រ ទេសចរណ៍ វប្បធម៌ និង សិទ្ធិមនុស្ស។
វេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក (APPF ) នេះ បានបង្កើតឡើងនៅទីក្រុងតូក្យូប្រទេសជប៉ុន កាលពីឆ្នាំ ១៩៩៣ ហើយសភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិកាលពីឆ្នាំ ១៩៩៥ ខណៈបច្ចុប្បន្ន APPF នេះមានសមាជិកពេញសិទ្ធិចំនួន ២៧ ប្រទេស៕