ភ្នំពេញៈ វេទិកាអនាគត និងមូលនិធិខុនរ៉ាត់អាដេណៅអ័រ របស់អាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានសម្ពោធសៀវភៅ «កម្ពុជាឆ្នាំ ២០៤០» ផ្នែកទី ២ ដែលផ្ដោតលើវប្បធម៌ និង សង្គមប្រព្រឹត្តទៅនៅភោជនីយដ្ឋាន La Croisette ក្នុងទីក្រុងភ្នំពេញ។
សៀវភៅ «កម្ពុជាឆ្នាំ ២០៤០» រៀបរាប់អំពីថាតើប្រទេសកម្ពុជា នឹងវិវត្តទៅជាបែបណានៅក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ សៀវភៅនេះលើកឡើងនូវកត្តាសំខាន់ៗទាំងវិជ្ជមាន និងអវិជ្ជមានដែលនឹងនាំទៅដល់សេណារីយោទាំងនោះ ដែលចងក្រងឡើងដោយអ្នកជំនាញជាច្រើនដោយប្រើប្រាស់វិធីសាស្ត្រដូចគ្នា។
សេចក្ដីប្រកាសព័ត៌មានរបស់វេទិកាអនាគត និងមូលនិធិខុនរ៉ាត់អាដេណៅអ័រ សរសេរថា៖ «សំណួរថាតើយើងនឹងអាចសម្រេចបាននូវសេណារីយោទាំងនោះយ៉ាងដូចម្ដេចនោះ គឺជាផ្នែកមួយមានសរសេរនៅក្នុងការបោះពុម្ពផ្សាយនេះ ហើយវាក៏រួមបញ្ចូលទាំងស្ថានភាពនៅឆ្នាំ ២០៤០ ដូចមាននៅក្នុងទស្សនៈនានាចេញពីការវិភាគ។ វាបញ្ជាក់ពីលទ្ធផលចេញពីសម្មតិកម្មដែលលើកឡើង ប្រសិនបើការអនុវត្តដូចសព្វថ្ងៃនៅតែបន្ត»។
លោក Robert Hör ប្រធានកម្មវិធីផ្នែកឌីជីថល និងគោលនយោបាយបរទេសនៃមូលនិធិខុនរ៉ាត់អាដេណៅអ័រ បានថ្លែងប្រាប់តាមអ៊ីមែលថាជំពូកនានាក្នុងការបោះពុម្ពផ្សាយផ្នែកទី ២ នេះផ្ដោតជាពិសេសទៅលើវប្បធម៌ និងសង្គមដែលរួមមាន អត្តសញ្ញាណ វប្បធម៌ មរតក សមភាពផ្នែកយែនឌ័រ សុខភាពបន្តពូជ ការអប់រំ សុខភាព ចំណីអាហារ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាគ្មានប្រាក់ និងទេសចរណ៍នៅកម្ពុជា។
ទាំងអស់នេះមាន ២៤០ ទំព័រសរសេរដោយអ្នកនិពន្ធ ១០ រូបនៅកម្ពុជា។ លោកបានបន្តថា សៀវភៅនេះបានបញ្ចូលគ្នានូវទស្សនវិស័យរបស់អ្នកសិក្សាស្រាវជ្រាវក្មេងៗទៅក្នុងការពិភាក្សាអំពីអនាគតរបស់ប្រទេសកម្ពុជា។
«កម្ពុជា ២០៤០» ត្រូវបានបែងចែកជា ៣ ផ្នែកដោយផ្នែកទី ១ ផ្ដោតលើការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ផ្នែកទី ២ ដែលសម្ពោធពីម្សិលមិញផ្ដោតលើវប្បធម៌និងសង្គម ចំណែកផ្នែកទី ៣ ដែលនឹងសម្ពោធនៅចុងឆ្នាំនេះផ្ដោតលើអភិបាលកិច្ច។
លោក Robert Hör ថ្លែងថា៖ «សៀវភៅនេះបង្ហាញពីសេណារីយោថាតើកម្ពុជាអាចមានសភាពដូចម្ដេចនៅឆ្នាំ ២០៤០?»។
លោកបន្ថែមថា ផ្នែកទី ២ នេះជាផ្នែកពិសេសពីព្រោះវាបង្ហាញពីការតស៊ូរបស់ពលរដ្ឋកម្ពុជាក្មេងៗ ជាពិសេសទាក់ទិននឹងទម្លាប់ផ្នែកយែនឌ័រ និងអយុត្តិធម៌ផ្នែកយែនឌ័រ វិធីសាស្ត្រនៅក្នុងការអប់រំតាមបែបប្រពៃណីដែលហួសសម័យ។ វាក៏រៀបរាប់ពីការតស៊ូរបស់យុវជនកម្ពុជាក្នុងការកំណត់អត្តសញ្ញាណរបស់ខ្លួនក្នុងសម័យឌីជីថល និងសម័យសកលភាវូបនីយកម្ម ក៏ដូចជាប្រពៃណីរបស់កម្ពុជា។
លោកបន្តថា៖ «សៀវភៅនេះត្រូវបានចងក្រងឡើងដើម្បីជំរុញទឹកចិត្តដល់ពលរដ្ឋកម្ពុជាទាំងក្មេងទាំងចាស់ឲ្យដោះស្រាយបញ្ហានានា ដើម្បីបង្កើតនូវប្រទេសកម្ពុជាមួយដែលពួកគេមានអារម្មណ៍ថាមានផាសុកភាព។ ស្របពេលជាមួយគ្នានេះ សៀវភៅនេះក៏បង្ហាញពីសក្ដានុពល និងអ្វីដែលអាចសម្រេចបាន នៅពេលដែលមនុស្សគ្រប់ជំនាន់ ទាំងកម្ពុជា ទាំងអន្តរជាតិចង់ឲ្យមានការផ្លាស់ប្ដូរ និងការធ្វើឲ្យប្រសើរឡើង»៕