ភ្នំពេញៈ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​ នឹង​មកដល់​កម្ពុជា​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ ២០២១ ខណៈ​ដែល​ក្រសួង​សុខាភិបាល​បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មី​ ២ ​នាក់​ទៀត​ដែលជា​ករណី​នាំចូល​។

ក្រៅពី​ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ក្នុង​ការចូលរួម​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងពី​ម្សិលមិញ​ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ របស់​ក្រុមហ៊ុន​ស៊ីណូហ្វាម​ដែល​រដ្ឋាភិបាល​ចិន​ផ្តល់​ជូន​កម្ពុជា​នឹង​មកដល់​កម្ពុជា​នា​អំឡុង​ខែកុម្ភៈ ឆ្នាំ​ ២០២១​។ លោកស្រី​បន្ត​ថា ជា​ដំណាក់កាល​ដំបូង​នេះ​ ចិន​នឹង​បញ្ជូន​វ៉ាក់សាំង​ចំនួន ៣០ ​ម៉ឺន​ដូស​មក​ដល់​កម្ពុជា​ជា​មុន​សិន​។

បើតាម​លោកស្រី ឱ វណ្ណឌីន វ៉ាក់សាំងប្រឆាំង​ជំងឺ​កូវីដ​ ១៩ របស់​ក្រុមហ៊ុន​ស៊ីណូហ្វាម គឺជា​វ៉ាក់សាំង​មួយ​ដែល​មាន​កម្រិត​ប្រសិទ្ធភាព​រហូតដល់​ទៅ​ ៧៩,៣៤ ​ភាគរយ​។ ​បច្ចុប្បន្ន​វ៉ាក់សាំង​នេះ​ត្រូវ​បាន​ដាក់ឱ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) ​ហើយ​អាច​នឹងមាន​ការវាយតម្លៃ និង​អនុញ្ញាតឱ្យ​ប្រើប្រាស់​នាពេល​ខាងមុខ​។

កាលពី​យប់​ថ្ងៃទី​ ១៥ ខែ មករា ឆ្នាំ​ ២០២១ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​ចិន​តាមរយៈ​ក្រសួង​ការពារ​ជាតិចិន និង​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ​របស់​ក្រុមហ៊ុន​ស៊ីណូហ្វាម​ដល់​កម្ពុជា​ចំនួន ១​ លានដូស ដើម្បី​ចាក់​ប្រជាពលរដ្ឋ​ចំនួន​ ៥០ ​ម៉ឺន​នាក់​។

ជាមួយ​គ្នា​នេះ​លោក​ប្រកាសថា​លោក​ផ្ទាល់​នឹង​ចាក់​វ៉ាក់សាំង​នេះ​មុនគេ ដើម្បី​បង្ហាញ​ពី​ភាពជឿជាក់​នៅពេល​វ៉ាក់សាំង​មកដល់​កម្ពុជា​។

គិត​ត្រឹម​ម៉ោង​ ៧ ព្រឹក​ថ្ងៃទី​ ១៩ ខែ មករា ឆ្នាំ​ ២០២១ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូវីដ​១៩ សរុប​ចំនួន ៤៤១ ​នាក់​ ក្នុង​នោះ​មាន​អ្នក​ទើប​ឆ្លង​ជំងឺ​កូវីដ​ ១៩ ថ្មី​ចំនួន​ ២ ​នាក់​ ដែល​ជា​ការនាំ​ចូល​ពី​បរទេស ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ទាំង​ ២ ​នាក់​ម្នាក់​ត្រូវបាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ និង​ម្នាក់ទៀត​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មេរោគ​របេង និង​ហង់សិន​រាជធានី​ភ្នំពេញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា​៖ «​អ្នក​ឆ្លង​កូវីដ​ ១៩ ថ្មី​ទាំង​ ២ ​នាក់​នោះ​មាន​កុមារា​ជនជាតិ​ឥណ្ឌូនេស៊ី អាយុ​ ១ ​ឆ្នាំ ស្នាក់នៅ​ខេត្តសៀមរាប​ជា​កូនប្រុស​របស់​បុរស​អាយុ​ ៣៤ ​ឆ្នាំ និង​ស្ត្រី​អាយុ​ ៣៣ ​ឆ្នាំ​ដែល​វិជ្ជមាន​កូវីដ ​១៩ កាលពី​ថ្ងៃទី​ ១៣ ខែ មករា ឆ្នាំ​ ២០២១»​។

ចំណែក​អ្នក​ឆ្លង​ម្នាក់ទៀត​គឺ​ស្ត្រី​ជនជាតិ​ខ្មែរ អាយុ​ ៣១ ​ឆ្នាំ​ ស្នាក់នៅ​ភូមិ​គោរដ្ឋាន សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ​ មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១៥ ខែ​ មករា ឆ្នាំ​ ២០២១»៕

វីដេអូ៖