
គ្រូពេទ្យបូមវ៉ាក់សាំងស៊ីណូហ្វាម ចាក់ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យកុមារជាតិ នាពេលកន្លងមក។ ហ៊ាន រង្សី
ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ ម៉ឺនដូស ដែលជាជំនួយថ្មីរបស់សាធារណរដ្ឋប្រជាមានិតចិនជូនដល់រាជរដ្ឋាភិបាលកម្ពុជានឹងដឹកមកដល់កម្ពុជានៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ ស្អែកនេះ។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកស្រី យក់ សម្បត្តិ បានលើកឡើងដូចនេះតាមរយៈសារព័ត៌មានហ្វ្រេសញូវថា សាធារណរដ្ឋប្រជាមានិតចិនបានផ្តល់នូវជំនួយជាវ៉ាក់សាំងការពារវីរុសកូវីដ ១៩ ស៊ីណូហ្វាមនេះចំនួន ៣ លើកមកហើយ បើគិតរួមនឹងវ៉ាក់សាំងដែលនឹងមកដល់នៅថ្ងៃស្អែកនេះ។
លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា៖ «ការផ្តល់នេះ គឺដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងធានាការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ ១៩»។
គួរបញ្ជាក់ផងដែរថា សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយនូវវ៉ាក់សាំងការពារវីរុសកូវីដ ១៩ ស៊ីណូហ្វាមនេះចំនួន ២ លើករួចមកហើយ ដោយលើកទី១ នៅថ្ងៃទី ៧ ខែកុម្ភៈ ចំនួន ៦០ ម៉ឺនដូស និងលើកទី២ នៅថ្ងៃទី ៣១ ខែមីនា ដែលមានចំនួន ៧០ ម៉ឺនដូស។
គិតមកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៣ លានដូសរួចមកហើយ រួមមាន វ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់រដ្ឋាភិបាលចិន ១,៣ លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ដែលបានទិញពីរដ្ឋាភិបាលចិនចំនួន ២ លានដូសនិងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) ចំនួន ៣២៤ ០០០ ដូស ជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (Covax Facility) តាមរយៈអង្គការសុខភាពពិភពលោក៕