ស្ទឹងត្រែងៈ ក្រុមសកម្មជនការពារព្រៃឈើបានសម្ដែងក្ដីសាទរចំពោះលទ្ធផលនៃការចុះបង្ក្រាប ទីតាំងរោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ជាង ១៥០ កន្លែង របស់គណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ នាពេលថ្មីៗនេះ។ ប៉ុន្តែពួកគេក៏បានសម្ដែងក្ដីចម្ងល់ផងដែរថា ហេតុអ្វីបានជាអាជ្ញាធរខេត្តស្ទឹងត្រែង និងអាជ្ញាធរមូលដ្ឋាននៃខេត្តនេះបណ្ដែតបណ្ដោយឲ្យរោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះកើតមាន។
កញ្ញា ឈាង លី ប្រធានក្រុមបណ្ដាញសហគមន៍ការពារ ព្រៃឡង់ខេត្តស្ទឹងត្រែង នៅថ្ងៃម្សិលមិញ បានសម្ដែងការគាំទ្រយ៉ាងអស់ពីចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ដែលបានចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបទីតាំងអាជីវកម្មអារកែច្នៃឈើខុសច្បាប់ទាំងនោះ។ នាងបាននិយាយថា ព្រៃឈើនៅកម្ពុជាអាចនឹងវិនាសបង់ ប្រសិនបើគ្មានការបង្ក្រាបរោងសិប្បកម្មអារកែច្នៃឈើខុសច្បាប់ទាំងនោះឲ្យបានទាន់ពេលវេលា។
កញ្ញា លី បាននិយាយថា៖ «យ៉ាងណាក៏ដោយ អាជីវកម្មអារ និងកែច្នៃឈើខុសច្បាប់ទាំងនោះ បានកើតមានជាយូរឆ្នាំមកហើយ និងបានដំណើរការយ៉ាងគគ្រឹកគគ្រែង និង យ៉ាងបើកចំហ ប៉ុន្តែហេតុអ្វីបានជាគ្មានការចុះត្រួតពិនិត្យ និងបង្ក្រាបដោយអាជ្ញាធរមូលដ្ឋាន?»។ ខណៈសកម្មជនការពារព្រៃឈើម្នាក់ទៀតក្នុងស្រុកសៀមប៉ាង លោក ទិត្យ ភេម បាននិយាយថា គ្មានការបើកអាជីវកម្មណាមួយដែលអាជ្ញាធរមូលដ្ឋានមិនដឹងថា មានច្បាប់ ឬគ្មានច្បាប់នោះទេ ប៉ុន្តែការចុះបង្ក្រាប ឬមិនបង្ក្រាបនោះ គឺវាអាចពាក់ព័ន្ធនឹងផលប្រយោជន៍និងភាពមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងបុគ្គល និងបុគ្គល ដែលជាម្ចាស់ទីតាំងអាជីវកម្ម និងមន្ត្រីនៃសមត្ថកិច្ចមូលដ្ឋាននោះ។
លោក ភេម បាននិយាយថា៖ «ខ្ញុំជឿថាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ លោកដឹងច្បាស់អំពីរឿងនេះ ទើបលោកដឹកនាំក្រុមការងារចុះប្រតិបត្តិការបង្ក្រាបលើករណីនេះដោយផ្ទាល់ ដើម្បីការពារព្រៃឈើដែលនៅសេសសល់ចុងក្រោយរបស់យើង។ អាជីវកម្មអារកែច្នៃឈើខុសច្បាប់នេះ វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងបទល្មើសកាប់បំផ្លាញព្រៃឈើ»។
កាលពីម្សិលមិញ នាយកស្ដីទីខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក អន ច័ន្ទសុជាតិ បានបដិសេធផ្ដល់ការអត្ថាធិប្បាយជុំវិញករណីនេះ។ ប៉ុន្តែលោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបាននិយាយថា នៅពេលនេះរោងសិប្បកម្មកែច្នៃឈើចំនួន ១៥១ កន្លែង ក្នុងចំណោម ១៦២ កន្លែង ដែលត្រូវបានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ ចុះបង្ក្រាប និងតម្រូវឲ្យបិទបណ្ដោះអាសន្ន ក្រោយពីរកឃើញគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះ កំពុងស្ថិតក្រោមនីតិវិធីនៃការត្រួតពិនិត្យបន្ថែមដោយគណៈកម្មការជំនាញថ្នាក់ជាតិ និងថ្នាក់ខេត្ត។
លោកថ្លែងថា៖ «ការពិត មិនមែនម្ចាស់រោងសិប្បកម្មអារកែច្នៃឈើទាំងនោះ បើកដំណើរការអាជីវកម្មរបស់ខ្លួនដោយអត់ច្បាប់តាំងពីដំបូងនោះឡើយ។ អ្វីដែលគណៈកម្មការជំនាញយើងបានរកឃើញនោះ គឺនៅពេលចាប់ផ្ដើមបើកដំណើរការអាជីវកម្មអារកែច្នៃឈើជាលើកដំបូង ម្ចាស់អាជីវកម្មទាំងនោះ បានសុំច្បាប់អនុញ្ញាត និងទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មត្រឹមត្រូវ ពីសមត្ថកិច្ចជំនាញទៅតាមទំហំនៃអាជីវកម្មរបស់ពួកគេ។ ប៉ុន្តែក្រោយពេលអាជ្ញាប័ណ្ណរបស់ពួកគេផុតសុពលភាព ពួកគេភាគច្រើនមិនបានទៅសុំបន្តសុពលភាពនោះទេ ដែលធ្វើឲ្យអាជីវកម្មរបស់ពួកគេខុសច្បាប់»។
លោក គង់ ថ្លែងថា ម្ចាស់សិប្បកម្មអារកែច្នៃឈើធ្វើគ្រឿងសង្ហារិម ដែលមានអាជ្ញាប័ណ្ណអាជីវកម្ម ផុតសុពលភាពក្នុងរយៈពេលខ្លី នឹងត្រូវបានអនុញ្ញាតឲ្យដាក់ពាក្យស្នើសុំបើកអាជីវកម្មសាជាថ្មីបាន។ ប៉ុន្តែសម្រាប់អ្នកមានអាជ្ញាប័ណ្ណអាជីវកម្ម ផុតសុពលភាពអស់រយៈពេលច្រើនឆ្នាំ នឹងមិនត្រូវបានអនុញ្ញាតនោះទេ។
លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលនេះក្រុមគណៈកម្មការកំពុងបន្តអនុវត្តនីតិវិធីក្នុងការចុះស្រាវជ្រាវលើករណីដូចគ្នានេះ ទៅកាន់បណ្ដាខេត្តមួយចំនួនទៀតក្នុងភូមិភាគឦសាន ប៉ុន្តែលោកមិនបានបញ្ជាក់អំពីខេត្តដែលនឹងត្រូវចុះប្រតិបត្តិការបន្តនោះជាខេត្តមួយណានោះទេ។
លោកថ្លែងថា៖ «ក្រោយបញ្ចប់ការអនុវត្តនីតិវិធីនៃការពិនិត្យអង្កេត លើសំណុំរឿងនៃបទល្មើសធនធានធម្មជាតិក្នុងខេត្តស្ទឹងត្រែង គណៈកម្មការយើងនឹងបន្តចុះប្រតិបត្តិការដូចគ្នានេះនៅខេត្តផ្សេងទៀត»៕