ភ្នំពេញៈ សង្គមស៊ីវិល និងសកម្មជនការពារព្រៃឈើ ពីម្សិលមិញ បានគាំទ្រការបង្ក្រាបបទល្មើសព្រៃឈើនិងបានជំរុញឲ្យរដ្ឋាភិបាល ដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណាដែលយកតួនាទីទៅប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះមន្ត្រីរដ្ឋាភិបាលជាច្រើនដែលស្អាតស្អំ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសអនុវត្តអភិក្រមទី ៥ «វះកាត់» ចំពោះមន្ត្រីទាំងនោះ។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ ប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា លោកជំរុញឲ្យរដ្ឋាភិបាលដកហូតទ្រព្យសម្បត្តិមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធមួយចំនួនតូចដែលយកតួនាទីរបស់ខ្លួនទៅប្រព្រឹត្តអំពើពុករលួយឈូសឆាយរំលោភយកដីរដ្ឋនិងកាប់បំផ្លាញព្រៃឈើយក មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថា មន្ត្រីរាជការមិនតិចទេដែលកំពុងប្រព្រឹត្តអំពើពុករលួយ។ ប៉ុន្ដែមន្ត្រីតិចណាស់ ដែលត្រូវបានរដ្ឋាភិបាលដកតំណែង ហើយបញ្ហាដកហូតទ្រព្យសម្បត្តិក៏មិនដែលឃើញរដ្ឋាភិបាលដកហូតដែរ»។
លោក គ្រើង តុលា សកម្មជនការពារព្រៃឈើម្នាក់ទៀតបានថ្លែងថា លោកមានសង្ឃឹមតិចណាស់ដែលប្រមុខរដ្ឋាភិបាលប្រកាសចាត់វិធានការមន្ត្រីពុករលួយ និងមន្ត្រីខិលខូចទាំងនេះ។
លោកបន្ថែមថា មួយរយៈចុងក្រោយនេះសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើមានការអនុវត្តល្អប្រសើរ ដោយលោកគាំទ្រចំណាត់ការនេះ។ លោកបន្តថាត្រូវតែចាប់ខ្លួនជនពាក់ព័ន្ធបទល្មើសព្រៃឈើទាំងអស់ ដែលតុលាការបានចេញដីកាកោះហៅសាកសួរទាំង ២០ នាក់នេះ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិពុករលួយរបស់ពួកគេយកមកវិញផងដែរ។
លោក គ្រើង តុលា បញ្ជាក់ថា៖ «ខ្ញុំសូមសរសើរមន្ត្រីយើងដែលបង្ក្រាបបទល្មើសព្រៃឈើមួយរយៈចុងក្រោយនេះ។ ប៉ុន្ដែខ្ញុំនៅមិនទាន់ជឿសម្តីសម្ដេច ហ៊ុន សែន ដែលគាត់លើកឡើងម្ដងហើយម្ដងទៀតហ្នឹង។ ដូចជាមិនសូវអនុវត្តបានយូរអង្វែង គ្រាន់តែអនុវត្តបានមួយឆាវៗ ហើយក៏ស្ងាត់ទៅវិញ។ អ៊ីចឹងបទល្មើសហ្នឹង វាកើតឡើងលើសដើមទៅទៀត»។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគម អាដហុក ថ្លែងថា ការអនុវត្តអភិក្រមទី ៥ (វះកាត់) របស់រដ្ឋាភិបាលត្រូវបានប្រើចំពោះមន្ត្រីពុករលួយមួយចំនួនជាហូរហែ ដូចជា មន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ និងមន្ត្រីមួយចំនួនទៀត ប៉ុន្ដែមិនទាន់ឈាន ដល់ការដកហូតទ្រព្យសម្បត្តិទេ។ លោកថា លោកសង្ឃឹមលើការប្ដេជ្ញាចិត្តរបស់លោក ហ៊ុន សែន ដើម្បីចាត់វិធានការមន្ត្រីខិលខូចមួយចំនួនតូចនេះ ដែលតែងតែធ្វើឲ្យខូចឈ្មោះមន្ត្រីល្អផ្សេងៗទៀត ថែមទាំងបង្ខូចកិត្តិយសរដ្ឋាភិបាលផងដែរ។
លោកបញ្ជាក់ថា៖ «យើងគាំទ្រឲ្យមានការដកហូតទ្រព្យសម្បត្តិរបស់មន្ត្រីរាជការដែលប្រព្រឹត្តបទល្មើសហ្នឹង។ ព្រោះទ្រព្យសម្បត្តិទាំងហ្នឹង គឺវាកើតចេញពីបទល្មើសមជ្ឈិម បទល្មើសឧក្រិដ្ឋ។ អ៊ីចឹងបើយើងនិយាយថាបទល្មើសទាក់ទងបទមជ្ឈិម គឺពាក់ព័ន្ធការលាងសម្អាតប្រាក់ ឬលាងលុយកខ្វក់។ អ៊ីចឹង រដ្ឋត្រូវតែបង្កក ដើម្បីឲ្យទ្រព្យទាំងនោះក្លាយជារបស់រដ្ឋវិញ»។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ម្សិលមិញបដិសេធធ្វើអត្ថាធិប្បាយ ដោយអះអាងថា កំពុងរវល់មិនអាចនិយាយបានទេ។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើប្រធានបទ «វិធាន និងលក្ខណវិនិច្ឆ័យនៃការធ្វើប្រទានទ្រព្យសម្បត្តិរដ្ឋជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ» កាលពីថ្ងៃទី ២ សីហានេះបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តអភិក្រមទី ៥ គឺអភិក្រម «វះកាត់» ដោយព្រមានដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណាយកតួនាទីប្រព្រឹត្តអំពើពុករលួយ កិបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើ រំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ថ្លែងម្សិលមិញថា នាយឧត្តមសេនីយ៍ សៅ សុខា បានចាប់ផ្តើមត្រួតពិនិត្យនៅតាមក្រុមហ៊ុន និងកន្លែងសន្និធិឈើ ព្រមទាំងមធ្យោបាយ។ មុនដំបូងធ្វើឡើងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីរកឲ្យឃើញថា តើទីតាំងស្តុកឈើទាំងនេះមានច្បាប់ត្រឹមត្រូវ និងធ្វើទៅតាមច្បាប់ដែរឬទេ។ បើសិនរកឃើញថា មិនមានច្បាប់ត្រឹមត្រូវ និងដំណើរការខុសច្បាប់នោះ នឹងត្រូវប្រឈមនឹងវិធានការច្បាប់ជាក់ស្តែង។
លោកបញ្ជាក់ថា៖ «ព្រឹកនេះ (ព្រឹកម្សិលមិញ) យើងចុះមើលកន្លែងសន្និធិនៅស្រុកមេមត់ចំនួន ៥ កន្លែង ហើយពេលថ្ងៃ យើងបន្តទៅស្រុកស្នួល ខេត្តក្រចេះមើល ៩ កន្លែងទៀត និងមើលច្រកផ្សេងៗ ដែលពួកគាត់ធ្លាប់នាំឈើចេញនោះ គឺយើងនឹងមើលទាំងអស់ ដើម្បីឲ្យមន្រ្តីនៅក្នុងអន្តរក្រសួងដែលអញ្ជើញមកនេះបានវាយតម្លៃពីភាពខ្វះចន្លោះ និងត្រូវទប់ស្កាត់បន្តទៀត ដើម្បីយើងរក្សាឈើយើងហ្នឹង»។
Fresh News បានផ្សាយកាលពីថ្ងៃអាទិត្យថា កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការដឹកនាំបញ្ជាពីលោក អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ដ សហការជាមួយនគរបាល រដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី ៣ ខែសីហា បានចុះត្រួតពិនិត្យរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់ក្នុងក្រុងស្ទឹងត្រែងចំនួន ១៧ កន្លែង។
ករណីស្រដៀងគ្នានេះ មនុស្សចំនួន ១១ នាក់ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី ត្រូវបានព្រះរាជអាជ្ញាខេត្តនេះ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ នៅអំឡុងខែសីហានេះ៕