ព្រៃឡង់ៈ ក្រុមសកម្មជនព្រៃឈើនៅតែអះអាងថា ក្រុមហ៊ុន ស៊ីងបាយអូថេក ខេមបូឌា ខូអិលធីដី (THINK BIOTECH CAMBODAI CO.LTD) បានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់ ជាពិសេសគឺកាប់បំផ្លាញដើមជ័រច្បោះរបស់ប្រជាពលរដ្ឋអស់រាប់ពាន់ដើម ប៉ុន្តែអាជ្ញាធរថាក្រុមហ៊ុននេះស្របច្បាប់។
ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកាលពីខែសីហាបានចុះទៅពិនិត្យទីតាំងក្រុមហ៊ុននេះ ប៉ុន្តែមិនបានរកឃើញមានបទល្មើសដូចពលរដ្ឋ និងសកម្មជនព្រៃឈើចោទប្រកាន់នោះទេ។
យ៉ាងណាក្តីលោក ហេង ស្រស់ សកម្មជនការពារព្រៃឈើថ្លែងពីម្សិលមិញថា កន្លងមកទាំងក្រុមប្រជាពលរដ្ឋ និងសកម្មជនព្រៃឈើតែងសង្កេតឃើញក្រុមហ៊ុន ស៊ីងបាយអូថេក កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃសហគមន៍ និងនៅក្នុងតំបន់ព្រៃឡង់។
លោកថា ជាពិសេសនៅដើមឆ្នាំ ២០១៩ ក្រុមហ៊ុននេះតែងប្រើបុគ្គលិកចុះទៅគំរាមពលរដ្ឋឱ្យលក់ដើមជ័រច្បោះហើយពលរដ្ឋដែលមិនលក់ក៏ក្រុមហ៊ុនលួចកាប់យកដែររហូតធ្វើឱ្យពលរដ្ឋដាក់ពាក្យប្ដឹងទៅអាជ្ញាធរ។ «មានដល់ឡាន ឬគ្រឿងចក្ររបស់ក្រុមហ៊ុនសម្រាប់ប្រើដឹកជញ្ជូនឈើពីព្រៃសហគមន៍ និងព្រៃឡង់ចូលមកក្រុមហ៊ុនបែរជាពួកគេរកអត់ឃើញសោះ។ អ៊ីចឹង!ការចុះត្រួតពិនិត្យ (របស់ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ) ហ្នឹងហាក់មានការរៀបចំទុកជាមុន មុនមានការចុះទៅពិនិត្យហ្នឹងអាហ្នឹងតាមការយល់ឃើញរបស់ខ្ញុំ»។
កាលពីថ្ងៃទី ១៧ ខែសីហា ក្រុមការងារគណៈកម្មការជាតិ បង្ក្រាបបទល្មើសបានចុះទៅពិនិត្យនៅក្រុមហ៊ុន ស៊ីងបាយអូថេក ដែលមានទីតាំងស្ថិតក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
បើតាមកំណត់ហេតុគឺការងារទាំងនេះ ពិនិត្យឃើញឈើហុបមូលចំនួន ៦៧០ កំណាត់នៅក្នុងក្រុមហ៊ុន ស៊ីងបាយអូថេក ប៉ុន្តែកំហុសឆ្គងចំនួន ៣ ចំនុចប៉ុណ្ណោះគឺការទទួលជនបរទេស ៥ នាក់មកធ្វើការដោយគ្មានឯកសារត្រឹមត្រូវ គ្រឿងចក្រទាំងអស់មិនទាន់មានស្លាកសញ្ញារបស់រដ្ឋបាលព្រៃឈើ និងការអនុវត្តសកម្មភាពការងារមិនត្រឹមត្រូវ ផែនការ និងឯកសារគតិយុត្តក្រោយមានការផ្លាស់ប្ដូរម្ចាស់ថ្មី។ ក្រៅពីនេះអាជ្ញាធរបានឱ្យក្រុមហ៊ុនបំពេញបែបបទឯកសារច្បាប់ឱ្យគ្រប់គ្រាន់ចំពោះកំហុសឆ្គងទាំងនេះ ហើយត្រូវសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។
កញ្ញា ឈាង លី តំណាងសហគមន៍ព្រៃឡង់នៅក្នុងខេត្តស្ទឹងត្រែងថ្លែងថា នាងមិនជឿថា ក្រុមហ៊ុន ស៊ីងបាយអូថេក មិនជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើឡើយ ព្រោះកញ្ញាលើកឡើងថា តាមការចុះពិនិត្យកន្លងមករបស់សហគមន៍គឺក្រុមហ៊ុននេះបានឈូសឆាយដីព្រៃហួសព្រំប្រទល់ដីសម្រាប់វិនិយោគចូលទៅដែនអភិរក្សជាច្រើនកន្លែង។ លើសពីនេះដើមជ័រច្បោះប្រហែល ២ ពាន់ដើមរបស់ប្រជាពលរដ្ឋជាង ៣០ គ្រួសារ នៅក្នុងខេត្តស្ទឹងត្រែងក៏ត្រូវបានក្រុមហ៊ុននេះកាប់បំផ្លាញដែរ។
កញ្ញាថា៖ «សុំឱ្យពួកគាត់ (គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ) ចុះទៅពិនិត្យក្រុមហ៊ុនហ្នឹងម្ដងទៀតហើយមើល (ទំហំដី) ក្រុមហ៊ុនកាប់ហ្នឹងថាបានហួសព្រំប្រទល់ ឬមិនហួស»។
លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបដិសេធធ្វើអធិប្បាយដោយជំរុញឱ្យទៅសួរខាងតុលាការវិញ ខណៈអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តក្រចេះលោក ជា សុភ័ក្រ មិនអាចទាក់ទងបានដោយសារទូរស័ព្ទរបស់លោកមិនមានអ្នកទទួលខណៈលោក ធុច បញ្ចៈ សន្តិភាព ព្រះរាជអាជ្ញារងបានប្រាប់ថា លោកកំពុងជាប់រវល់នៅក្នុងសវនាការ។
ជាមួយគ្នានេះលោក នួន ពៅរតនា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះក៏មិនអាចទាក់ទងសុំអធិប្បាយបានដែរខណៈលោក សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានប្រាប់យ៉ាងខ្លីថា ក្រុមហ៊ុនស៊ីងបាយអូថេក គឺជាក្រុមហ៊ុនស្របច្បាប់។
ជាមួយគ្នានេះបើតាមកំណត់ហេតុដដែលគឺលោក ជា ពៅ តំណាងក្រុមហ៊ុនស៊ីងបាយអូថេកបញ្ជាក់ថា ថ្វីដ្បិតក្រុមហ៊ុនមានសិទ្ធិគ្រប់គ្រងដីសរុប ៣៤-០០៧ តាមឯកសារច្បាប់ក្ដី ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានគ្រប់គ្រងតែ ២៥០០០ ហិកតាប៉ុណ្ណោះដោយត្រូវកាត់ដីប៉ះពាល់ជាមួយសហគមន៍វិញ។ កន្លងមកនេះក្រុមហ៊ុនបានទទួលស្គាល់ថា បានទិញដើមជ័រច្បោះពីពលរដ្ឋពិតមែន ប៉ុន្តែមិនគំរាមឱ្យប្រជាពលរដ្ឋទាំងនោះលក់ឡើយ៕