ពោធិ៍សាត់ៈ បទល្មើស​ព្រៃឈើ និង​ការកាប់​រាន​ដីព្រៃ​នៅតែ​កើតមាន​ច្រើន​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ក្នុង​ខេត្តពោធិ៍សាត់ ប៉ុន្តែ​បញ្ហា​នេះ​មន្ត្រី​បរិស្ថាន​មិនសូវ​យកចិត្តទុកដាក់​ក្នុង​ការចុះបង្ក្រាប​។ នេះ​បើតាម​សកម្មជន​ព្រៃឈើ លោក​ ជា ហ៊ាន​។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ហ៊ាន ថ្លែង​ពី​ម្សិលមិញ​ថា លោក​កំពុង​ចុះទៅ​អង្កេត​បទល្មើស​ធនធាន​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។ ជា​លទ្ធផល បទល្មើស នៅតែ​កើតឡើង ជាក់ស្តែង​មាន​គោយន្ត​ដឹកឈើ​មាន​រថយន្ត​ និង​ម៉ាស៊ីន​រ៉ៃ​មួយចំនួន​ដាក់​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ប៉ុន្តែ​មន្ត្រី​បរិស្ថាន​មិន​ចុះបង្ក្រាប​។

សកម្មជន​ព្រៃឈើ​រូបនេះ​ថ្លែងថា​៖ «​បើតាម​ការសង្កេត​ខ្ញុំ​ឃើញថា​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ក៏​ដូចជា​តំបន់​ដែន​ជម្រក​ពេល​ចូលដល់​ក្នុង​ព្រៃ​ទើប​ដឹងថា​ម៉ាស៊ីន​អារឈើ​បញ្ចេញ​សំឡេង​ពេញ​ព្រៃ​។ តែ​មន្ត្រី​អភិរក្ស​ដែល​ប្រចាំការ​នៅ​គោលដៅ​ដូចជា​មិនមាន​ការយកចិត្ត​ទុកដាក់​ក្នុង​ការទប់ស្កាត់​បទល្មើស​ទេ នៅតែ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ ហើយ​ថា​អត់​មាន​បទល្មើស​ព្រៃឈើ​»​។

លោក​បន្តថា ជនល្មើស​បាន​លាក់ទុក​ឈើ​រាយប៉ាយ​នៅ​កន្លែង​ជាច្រើន ជាមួយ​គ្នា​នោះ​ក៏មាន​ការរកឃើញ​ការកាប់​រាន​ព្រៃ​ផងដែរ​។ ប៉ុន្តែ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា មាន​ឈើ​ចំនួន​ប៉ុន្មាន​ត្រូវបាន​គេ​កាប់ និង​ព្រៃឈើ​ប៉ុន្មាន​ដែល​ត្រូវគេ​រាន​នោះទេ​។

លោក​ថា​៖ «​ពួកគេ​ដាក់ពង្រាយ​ឈើ​ ១ ​កន្លែង​ ១០ ​ទៅ​ ២០ ​ឬ​ ៣០ ​សន្លឹក​។ អ៊ីចឹង​យើង​មិនទាន់​បូកសរុប​ដឹងថា មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគុប​នៅឡើយ​ទេ​ព្រោះ​កំពុង​បន្ត​រុករ​កទៀត​។ ចំពោះ​ការរាន​ព្រៃ បើ​តាម​ការប៉ាន់ប្រមាណ គឺមាន​ច្រើន ប៉ុន្តែ​យើង​ក៏​មិនទាន់​បាន​សរុប​ដែរ រង់ចាំ​ដល់​ដំឡើង​ផែនទី​ហើយ​សិន ទើប​ខ្ញុំ​បញ្ចេញ​របាយការណ៍​ទាំងអស់​គឺ​នៅពេល​ដែល​ចប់​បេសកកម្ម​នៃ​ការអង្កេត​នេះ​»​។

លោក​ ជា ហ៊ាន បន្ត​ថា​នៅពេល​ឱ្យ​មន្ត្រី​ឧទ្យានុរក្ស​ចុះទៅ​ជាមួយ​មិនអាច​រកឃើញ​បទល្មើស​ទេ ដោយសារ​តែ​បែក​ព័ត៌មាន​។ ហេតុនេះ ការចូល​ទៅដោយ​មិនឱ្យ​មន្ត្រី​បរិស្ថាន​ដឹង​ទើប​អាច​ប្រមូល​ភ័ស្តុតាង​បាន​។ ទោះ​យ៉ាងណា​លោក​បញ្ជាក់ថា នៅតែ​បន្ត​មាន​កិច្ចសហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស ក្រោយ​ប្រមូល​ភ័ស្តុតាង​បទល្មើស​គ្រប់គ្រាន់​នឹង​អញ្ជើញ​មន្ត្រី​ជំនាញ​ទៅពិនិត្យ​ជាក់ស្តែង​។

លោក​ ជា ហ៊ាន សំណូមពរ​ឱ្យ​ក្រសួងបរិស្ថាន​បើក​ទូលាយ​ចំពោះ​អង្គការ ក៏ដូចជា សហគមន៍ ព្រះសង្ឃ និង​ពលរដ្ឋ ដើម្បី​ពួកគេ​អាច​ចូលរួម​ក្នុង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​។

លោក​ថ្លែងថា​៖ «​កុំ​យក​មាត្រា​ច្បាប់​មួយចំនួន​ដែល​ចែងថា តំបន់ ការពារ​ពុំមាន​បុគ្គល​ណា​ម្នាក់​អាច​រំលោភបំពាន​។ អាហ្នឹង​ខ្ញុំ​យល់​ហើយ ថា​ការបំពាន​ជា​ទង្វើ​ខុសច្បាប់​។ ប៉ុន្តែ​គួរ​ចែង​ឱ្យបាន​ច្បាស់​ថា មិនមែន​អាង​តែ​មាត្រា​ច្បាប់​ហើយ​ទៅ​ចាប់ចង​អ្នក​សកម្មជន​ការពារ​ព្រៃឈើ​នោះទេ​»​។

លោក​ គង់ ពុទ្ធីរ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បដិសេធ​អធិប្បាយ​ដោយ​ថា​ជាប់រវល់​ប្រជុំ​។

លោក​ នេត្រ ភក្ត្រា ជា​អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែងថា​៖ «​អ្វីដែល​សំខាន់​យើង​គិតគូរ ទី​១ គឺ​សុវត្ថិភាព​របស់​ពួកគាត់ ​ដោយសារ​ជនល្មើស​ក៏មាន​អាវុធ​ដែល​អាច​នឹង​ប្រឈម​ទៅដល់​ពួកគាត់ អ៊ីចឹង​ហើយ​បានជា​ចាំបាច់​ឱ្យ​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​។ ទី​២ គឺ ពួកគាត់​មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ទេ ការចូល​ទៅ​បង្ក្រាប​ក្នុង​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​ឧទ្យានុរក្ស​ជា​ការអនុវត្ត​ខុសច្បាប់​»៕