ព្រៃឡង់ៈ ​សកម្មជន​ព្រៃឈើ​អះអាង​ថា ពួកគេ​សង្កេតឃើញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​កំពុង​កើនឡើង​ខ្លាំង​ជាង​មុន​ចាប់តាំងពី​មាន​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ ​១៩ ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ចំនួន​ ៣ បាន​ប្រើ​កម្មករ​ចូល​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​បាន​យ៉ាង​រលូន ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ឡើយ ប៉ុន្តែ​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​បដិសេធ​ការលើកឡើង​នេះ​។

លោក​ ហេង ស្រស់ សកម្មជន​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមហ៊ុន ស៊ីងបាយអូថេក​ (Think BIOTECH CAMBODA) ក្រុមហ៊ុន​អង្គរ​ប្លាយវូដ (Angkor Plywood) និង​ក្រុមហ៊ុន ធីង៉ា កំពុង​ប្រើ​ក្រុមកម្មករ​ចូល​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​ដោយ​កាប់​ផ្ដួលរំលំ​ដើមឈើ ហើយ​ដឹកឈើ​ទាំងនោះ​ទៅ​ចូល​រោងចក្រ​ដែល​ស្ថិត​នៅក្បែរ​តំបន់​ព្រៃឡង់​រួចហើយ​ដឹកជញ្ជូន​ឈើ​ដែល​អារច្រៀក​រួច​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ធំ​។

លោក​អះអាង​ថា​៖ «​ពួក​អ្នក​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃឡង់​អត់​មាន​ខ្លាច​រោគ​ឆ្លង​អី​ទេ ហើយ​ខ្ញុំ​សង្កេតឃើញ​មិន​ក្រោម​ពី ១០ ​ទៅ​ ២០ ​ឡាន​ទេ​ក្នុង​ ១ ​ថ្ងៃ ដែល​ដឹកឈើ​ចូល​ទៅក្នុង​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ ហើយ​យើង​ដឹង​ហើយ​ថា​ក្រុមហ៊ុន​នេះ​គឺ​ទទួលបាន​សិទ្ធិ​ក្នុង​ការនាំ​ឈើ​ចេញ​ពី​កម្ពុជា ទៅ​លក់​នៅក្រៅ​ប្រទេស​។ ក្នុង​មួយ​ឡាន​គឺ​ដឹកឈើ​ចាប់ពី​ ៥០ ​ទៅ​ ៧០ ​ម៉ែត្រគុប​»​។

លោក​បន្តថា​៖ «​តាម​ខ្ញុំ​ដឹង មន្ត្រី​ទាំងអស់​ហ្នឹង​ (​មន្ត្រី​ក្រសួងបរិស្ថាន​) ហាក់បី​ដូចជា​ត្រូវ​ថ្នាំ​គេ ពីព្រោះ​មន្ត្រី​ទាំង​ហ្នឹង​បាន​ឃាត់​ និង​រារាំង​សកម្មជន​ និង​ប្រជាពលរដ្ឋ​មិនឱ្យ​ចូល​ទៅក្នុង​តំបន់​ព្រៃឡង់​នេះ​ទេ ដោយសារ​ខ្លាច​ឃើញ​ក្រុមហ៊ុន​កំពុង​ធ្វើការ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​។ មន្ត្រី​ទាំងអស់​ហ្នឹង​មិនបាន​ការពារ​ហើយ​ក៏​មិនបាន​អើពើ​ដើម្បី​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទេ ប៉ុន្តែ​បាន​កាង​ការពារ​ឱ្យ​ក្រុមហ៊ុន​ចូលទៅ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​យ៉ាង​រលូន​ទៅវិញ​»​។

លោក​បន្តថា ព័ត៌មាន​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ទាំងនេះ​គឺ​លោក​ទទួលបាន​តាមរយៈ​ក្រុម​បណ្ដាញ​នៅក្នុង​តំបន់​ព្រៃឡង់​ទាំង​ ៤ ​ខេត្ត​តាមរយៈ​ក្រុមកម្មករ​របស់​ក្រុមហ៊ុន​ដែល​ស្គាល់គ្នា និង​ការចុះទៅ​អង្កេត​ផ្ទាល់​អំពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចូល​ទៅក្នុង​ក្រុមហ៊ុន​ជាដើម​។

លោក​បញ្ជាក់ថា ទីតាំង​ដែល​កំពុង​រង​ការកាប់បំផ្លាញ​ខ្លាំងជាងគេ​គឺ​នៅក្នុង​តំបន់​ព្រៃឡង់​ស្ថិត​ក្នុង​ស្រុក​សំបូរ​ខេត្តក្រចេះ​ចំណុច​អូរឡង់​នៅក្នុង​ខេត្តស្ទឹងត្រែង​ និង​ស្ថិតក្នុង​ខេត្តព្រះវិហារ​។

លោក​បន្តថា​៖ «​ខ្ញុំ​ចុះទៅ​អង្គុយ​រាប់ឡាន​ដឹកឈើ​ចូលទៅក្នុង​ក្រុមហ៊ុន​គឺ​អង្គុយ​សំកុក​ចាំ​រាប់​តាំងពី​ព្រឹក​រហូតដល់​ម៉ោង​ ១ ​ទៅ​ ២ ​យប់​ ហើយ​បើ​ខ្ញុំ​ទទួលបាន​ព័ត៌មាន​ពី​កម្មករ​នៅ​ខាងក្នុង​ក្រុមហ៊ុន​គឺ​មាន​ការដឹកជញ្ជូន​ឈើ​ចូល​ក្រុមហ៊ុន​ប្រហែល​ ២០ ​ឡាន (​ក្នុង​ ១ ​ថ្ងៃ​)»​។

លោក ហេង ស្រស់ បញ្ជាក់ថា​កាលពី​ដើម​ខែមីនា​នេះ​គេ​បាន​ប្រទះឃើញ​ដើមឈើ​ធំៗ​ជាច្រើន​ក្នុង​តំបន់​ព្រៃឡង់​ត្រូវបាន​គេ​កាប់​ផ្ដួលរំលំ​ដែលមាន​មុខកាត់​រហូត​ជាង​ ២ ​ម៉ែត្រ​។

ចំណែក​លោក ឃុត សឿម សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ក្នុង​ខេត្តព្រះវិហារ​ក៏​អះអាង​ដែរ​ថា តំបន់​ដែល​កំពុងមាន​ការកាប់​ឈើ​ខ្លាំងជាងគេ គឺ​ស្ថិត​នៅក្នុង​ឃុំ​រៀបរយ​ដែល​ស្ថិត​នៅក្បែរ​តំបន់​វិនិយោគ​ដោយ​ក្រុមហ៊ុន​ធីង៉ា​។ លោក​បន្តថា ការកើនឡើង​នេះ​គឺ​ស្របពេល​មាន​ភាពវឹកវរ​ដែល​ពលរដ្ឋ​មិន​សូវ​ហ៊ាន​ចេញ​ពី​ផ្ទះ ដោយសារ​ផ្ទុះឡើង​ជំងឺ​កូវីដ​ ១៩​។

លោក​ថា​៖ «​ក្រសួងបរិស្ថាន​អត់ឱ្យ​ពួក​ខ្ញុំ​ចុះ​ល្បាត​ទេ​ហើយ​ពួក​ខ្ញុំ​ក៏​មិនបាន​ចុះ​ល្បាត​ដែរ​ប៉ុន្តែ​មាន​អ្នក​ទៅ​ព្រៃ គេ​ប្រាប់​ពួក​ខ្ញុំ​ថា មានការ​កាប់​ឈើ​ច្រើន​»​។

សហគមន៍​ព្រៃឡង់​ត្រូវ​ក្រសួងបរិស្ថាន​ឈប់​អនុញ្ញាត​ឱ្យចូល​ដើរល្បាត​នៅ​ក្នុងព្រៃ​បន្ទាប់ពី​សហគមន៍​នេះ​កាលពី​ថ្ងៃទី ៣ ខែ​កុម្ភៈ​ បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដោយ​អះអាង​ថា ចាប់ពី​ឆ្នាំ​ ២០០១ ដល់​ឆ្នាំ​ ២០១៨ ព្រៃឈើ​ជាង​ ៤ ​ម៉ឺន​ហិកតា​ ឬ​ស្មើ​ជិត ១០ ភាគរយ​ នៃ​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ដែល​មាន​ទំហំ​សរុប​ជាង​ ៤ ​សែន​ហិកតា​ត្រូវ​បាត់បង់​។

ប៉ុន្តែ​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​តេឡេក្រាម​កាលពី​ថ្ងៃអាទិត្យ​ថា លោក​មិន​ឆ្លើយតប​ជាមួយ​ការលើកឡើង​ដោយ​សកម្មជន​ព្រៃឈើ​នេះ​ទេ ដោយ​លោក​ហៅ​ពួកគេ​ថា ក្រុម​សកម្មជន​នយោបាយ​ដែល​ជ្រក​ក្រោម​ស្លាក​អ្នកស្រឡាញ់​បរិស្ថាន​ និង​ធនធានធម្មជាតិ ហើយ​ព្យាយាម​ដាក់ខ្លួន​នៅក្រៅ​ច្បាប់​ទេ​។

ទោះយ៉ាងណា​លោក​ថា មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​ឈរជើង​នៅតាម​តំបន់ការពារ​ធម្មជាតិ​នានា​កំពុង​បន្ត​អនុវត្ត​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ សហការ​ជាមួយ​សមាជិក​នៃ​សហគមន៍​តំបន់ការពារ​ធម្មជាតិ​ដែល​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ការ​លួច​កាប់​ឈើ​ខុសច្បាប់​ក៏ដូចជា​សកម្មភាព​បរបាញ់​ និង​ដាក់​អន្ទាក់​ចាប់​សត្វ​ខុសច្បាប់​។ លោក​ថា គ្មាន​ជនល្មើស​ណា​ម្នាក់​អាច​គេច​ពី​សំណាញ់​ច្បាប់​បានឡើយ​។

លោក​ថា​៖ «​ជាក់ស្តែង​កាលពី​ឆ្នាំ​ ២០១៩​កន្លងទៅ​មន្ត្រី​ឧទ្យានុរក្ស​ទាំង ​១ ២០០​ នាក់ ​ដែល​ឈរជើង​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន ៤ ៧៤៦ ​ករណី និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ៤៨៧ ​ករណី​ រឹបអូស​រណារយន្ត​បាន ២ ៥៣១ ​គ្រឿង​។ បច្ចុប្បន្ន​មន្ត្រី​ឧទ្យានុរក្ស​ និង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​បាននិង​កំពុង​បន្ត​សកម្មភាព​ចុះ​ល្បាត​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៅក្នុង​តំបន់​របស់ខ្លួន​»​។

យ៉ាងណាក្តី​លោក ភក្ត្រា បញ្ជាក់ថា​ក្រសួង​ទទួលស្គាល់​ថា​មាន​បទល្មើស​ធនធានធម្មជាតិ​ខ្នាតតូច​នៅ​កើតមាន​នៅតាម​តំបន់​ការពារ​ធម្មជាតិ​នានា ប៉ុន្តែ​មិនមាន​បទល្មើស​ខ្នាត​ធំ​ឡើយ ដោយ​បទល្មើស​ទាំងនោះ​បង្កឡើង​ភាគច្រើន​ដោយ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ការពារធម្មជាតិ​ដែលមាន​មុខរបរ​ចូល​កាប់​ឈើ និង​បរបាញ់​សត្វ​ជា​ប្រពៃណី​តែប៉ុណ្ណោះ​។

ក្រុមហ៊ុន​ ស៊ីងបាយអូថេក និង​ក្រុមហ៊ុន​អង្គរប្លាយវូដ មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​៕

វីដេអូ៖