ភ្នំពេញៈ សកម្មជន​បរិស្ថាន និង​​ក្រុម​សង្គម​ស៊ីវិល​ចំនួន​ ៥ ស្ថាប័ន ​សម្ដែង​ក្ដីបារម្ភ​ជុំវិញ​​បម្រែប​ម្រួល​អាកាសធាតុ​នៅ​កម្ពុជា​ ដោយ​​អះអាងថា ​ស្ថានភាព​នេះ​កំពុង​ជះឥទ្ធិ​ពល​អវិជ្ជ​មាន​ដល់​​សុខុមាលភាព​ ជីវភាព ​ការប្រកប​មុខ​របរ និង​ការធ្វើ​កសិកម្ម​តាម​រដូវ​របស់​ពលរ​ដ្ឋ​កាន់តែ​លំបាក​ពី ១ ​ឆ្នាំ ទៅ​ ១ ​ឆ្នាំ ​ប៉ុន្ដែ​មន្ត្រី​ជំរុញ​ឲ្យ​មានការចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់​គ្នា។

ការ​បារម្ភ​នេះ ​ធ្វើ​ឡើងក្នុង​កម្មវិធី​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ ២០១៩ ពី​ម្សិលមិញ ​ក្រោម​ប្រធានបទ ​«ការពារ​ភពផែនដី​ដើម្បី​ទាំងអស់​គ្នា» ដែលរៀបចំ​ដោយ​បណ្តាញ​យុវជន​កម្ពុជា (CYN)​ សហការ​ជាមួយ​អង្គការ​សមធម៌​កម្ពុជា (EC) អង្គការ​ស្ម័​គ្រ​ចិត្ត​ដើម្បី​សង្គម (CVS) ​អង្គការ Change Maker ​និង​អង្គការ ​N1M ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ៣០០ នាក់ ​ដើម្បី​លើក កម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន និង​ផលប៉ះពាល់​នៃ​បរិស្ថាន​ដល់​យុវជន ​និង​សាធា​រណជន​ទូទៅ ​នៅ​សាល Factory Phnom Penh ​(ចាក់​អង្រែ)។

លោក​ ទឹម ម៉ាឡៃ ​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា (CYN) ​ថ្លែងថា ​កម្មវិធី​នេះ ​សម្រាប់​យុវជន​បញ្ចេញមតិ​អំពី​បញ្ហា​បរិស្ថាន ​និង​ធ្វើ​ឲ្យ​សំឡេង ​និង​បញ្ហា​ប្រឈម​របស់​យុវជន​លេចឡើង ​យកមក​ពិភាក្សា ​និង​ស្វែងរក​ដំណោះ​ស្រាយ​ដែល​អាច​ធ្វើបាន ​ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាស​ធាតុ​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា​ ព្រមទាំង​ស្នើ​ឲ្យ​មាន​សកម្មភាព​រួមគ្នា​នៅ​គ្រប់​កម្រិត​ក្នុង​កិច្ចការពារ​បរិស្ថាន​ពី​សាធារណជន​ទូទៅ​ វិស័យ​ឯកជន ​និង​រដ្ឋាភិបាល។

លោក​បន្តថា ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​ គេ​សង្កេត​ឃើញថា ​​កម្ពុជា​បាននិង​កំពុង​ទទួលរ​ង​ផលប៉ះពាល់​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​សកល​រួមមាន​ រដូវប្រាំង​មាន​រយៈពេល​វែង ខ្យល់​កន្ត្រាក់ និង​ជាពិសេស​ការ​កើន​ឡើង​កម្ដៅ។

លោក ម៉ាឡៃ ​បញ្ជាក់ថា​៖ «ការ​ប្រែប្រួល​អាកាសធាតុ​នេះ ​គឺ​ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ ​និង​ពិភពលោក​ដែរ។ ព្រោះ​វិនាស​កម្មនេះ ​វា​បាន​កើនឡើង​ពី ១ ឆ្នាំ ទៅ​ ១ ឆ្នាំ​ ឥត​ឈប់​ទេ​បើ​គ្មាន​វិធានការ​ទប់ស្កាត់ ​ហើយ​ការ​ទប់ស្កាត់​នេះ ​គឺ​ចេញពី​ខ្លួន​យើង​ទាំងអស់​គ្នា​ហ្នឹង​ហើយ»។

លោក​បន្ថែមថា​ កត្តា​ទាំងនេះ ​បណ្ដាល​ឲ្យ​មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅតាម​តំបន់​មួយចំនួន ​និង​ការផ្គត់ផ្គង់​អគ្គិសនី ដោយសារ​រដ្ឋាភិបាល​ពឹងផ្អែក​ខ្លាំង​ទៅលើ​ថាមពល​ទំនប់​អគ្គិសនី។ ចំណែក​ការកើនឡើង​កម្ដៅ និង​រដូវប្រាំង​មាន​រយៈ​ពេល​វែង​នេះធ្វើ​ឲ្យ​ទឹក​ទន្លេ ​និង​អាង​ស្ដុក​ទឹក​មាន​កម្រិត​ទាប ​ហើយ​ទំនប់​វា​រី​អគ្គិសនី​មិន​អាច​​ផលិត​អគ្គិសនី​គ្រប់គ្រាន់​ទេ។

លោក​ស្រី ណុប ណាវី ​ប្រធាន​គម្រោង​បន្សាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៃ​អង្គការ BBC Media Action ​ថ្លែងថា​ មួយរយៈ​ចុងក្រោយ​នេះ ​គេ​ឃើញ​មាន​ក្រុមបណ្ដាញ​យុវជន​បញ្ចេញ​សកម្ម​ភាព​ជួយ​ថែរក្សា ​ការពារ​បរិស្ថាន ប៉ុន្ដែ​គេ​សង្កេត​ឃើញ​ថា​ចំណេះ​ដឹង​របស់​ពលរដ្ឋ​ យុវជន​ចំពោះ​ការប្រែ​ប្រួល​អាកាសធាតុ ​និង​សកម្មភាព​ចូលរួម​ដោយផ្ទាល់​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​ បរិស្ថាន ​និង​ការរួមចំណែក​ក្នុងការ​ទប់ស្កាត់​បញ្ហា​នៃ​ការប្រែប្រួល​អា​កាស​ធាតុ​នេះ ​គឺ​នៅមាន​កម្រិត​នៅ​ឡើយ។

លោកស្រី​និយាយថា​៖ «កន្លង​មកនេះ ​ខាង​អង្គការ​ខ្ញុំ និង​ក្រសួង​បរិស្ថាន​បានធ្វើការ​ជាមួយគ្នា​ច្រើន​លើ​ការងារ​នេះ ​ហើយ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ដែរថា ​បើ​ចង់បាន​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​គឺ​យើង​ខ្លួនឯង​ម្នាក់ៗ​ហ្នឹង ​គឺ​ត្រូវ​បណ្ដុះ​ឆន្ទៈ​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន។ បន្ទាប់មក​និយាយប្រាប់​មិត្តភក្ដិ ​ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង ​ហើយក៏​ចាប់ផ្ដើម​កែប្រែ​សង្គម​មួយ​យ៉ាង​ងាយ ស្រួល»។

លោក ឯក សុ​វណ្ណា ​សកម្មជន​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ​ថ្លែង​ថា​ ការបាត់បង់​ព្រៃឈើ​ក៏​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​មានការ​ប្រែ​ប្រួល​អាកាសធាតុ​ដែរ ​ជាក់ស្ដែង​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ​ត្រូវបាន​ជនខិលខូច​ចូលទៅ​កាប់​ជា​ហូរហែ បើទោះបី​​សម​ត្ថ​កិច្ច​បង្ក្រាប​ជា​បន្ត​បន្ទាប់​ក៏ដោយ។ ក្រៅពី​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ​ព្រៃឈើ​ក៏​ជា​ជីវិត និង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ក្នុង​តំបន់​ដែរ ​ព្រោះ​ពលរដ្ឋ​តែងតែ​ទៅរក​អាស្រ័យ​ផល​តាម​បែប​ធម្មជាតិ។

យុវជន​រូបនោះ​និយាយថា​៖ «​រឿ​ង​បាត់​ព្រៃឈើ​ហ្នឹង ពួក​ខ្ញុំ​តែងតែ​ចុះ​ល្បាត។ ក្រោយពី​ល្បាត ក៏​នាំគ្នា​ធ្វើ​របាយការណ៍ ពេល​យើង​ធ្វើ​របាយការណ៍​ថា ​មាន​ចំនួន​បទ​ល្មើស​ព្រៃ​ច្រើន​ខាង​មន្ត្រី​បរិស្ថាន ​គេ​មិនសូវ​ស​ប្បា​យ​ចិត្ត​ជាមួយ​យើង។ ពេល​ខ្លះ​គេ​ប្រាប់​យើង​កុំ​ចូលចិត្ត​និយាយ​ការ​ពិត​ពេក»។

កញ្ញា​ រឿន ស្រី​នាង ​អាយុ ១៨ ​ឆ្នាំ ​​និស្សិត​ឆ្នាំ​ទី១ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​ផ្នែក​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ​និយាយថា​ កម្មវិធី​នេះ​ពិតជា​ល្អ​សម្រាប់​យុវជន ​ដើម្បី​ពួកគាត់​អាច​បញ្ចេញមតិ​ជុំវិញ​បញ្ហា​ដែល​កើត​មាន​ឡើង​ចំពោះ​បរិស្ថាន​។ ​ការ​ប្រែប្រួល​អាកាសធាតុ​​ខណៈ​នេះ ​បង្ក​ផលប៉ះពាល់​​ខ្លាំង​ចំពោះ​ពល​រដ្ឋ​ខ្មែរ ​ជាពិសេស​អ្នក​រស់នៅ​តាម​ជនបទ​ដែល​គ្មាន​គ្រឿង​ឧបករណ៍​ប្រើប្រាស់​ទំនើបៗ​ដូច​អ្នក​ទីក្រុង។

កញ្ញាបន្តថា៖ «ខ្ញុំ​ពិតជា​មានការ​អាណិតអាសូ​រ​ដល់​ពលរដ្ឋ​យើង​នៅតាម​ជនបទ ជាក់ស្ដែង​ដូច​ខ្ញុំ​ធ្លាប់​ចុះទៅ​តំបន់​អា​រ៉ែ​ង​ពួកគាត់​លំបាក​​ខ្លាំង​ក្នុង​ជីវភាព ខ្វះ​ទឹក គ្មាន​​អគ្គិសនី ខ្វះ​ស្រូវ​អង្ករ ​គឺគាត់​ត្រឹមតែ​អាច​អាស្រ័យ​ផល​ក្នុង​ព្រៃ»។

លោក​ លាង សុផល​ ប្រធាន​ការិ​យា​​ល័យ​សារពើភ័ណ្ឌ ​និង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៃ​នាយកដ្ឋាន​ប្រែប្រួល​អា​កាស​ធាតុ​តំណាងឲ្យ​ក្រសួង​បរិស្ថាន ​ថ្លែងថា​ការប្រែប្រួល​អាកាសធាតុ ​គឺជា​បញ្ហា​សកល ​មិន​ត្រឹមតែ​កម្ពុ​ជា​មួយ​ទេ ​ដែល​រង​ផល​ប៉ះពាល់​ឥទ្ធិពល​នេះ។​ ប៉ុន្ដែ​លោក​ជំរុញ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ​ការ​ប្រើប្រាស់​ឧស្ម័នផ្ទះ​កញ្ចក់ ​ការកាត់បន្ថយ​ចំហេះ​ឥន្ធនៈ ​និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​ការ​ប្រែប្រួល​អាកាស​ធាតុ។

លោក​ថា​៖ «កម្ពុជា​យើង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​អ៊ីចឹង​វា​ងាយ​រងគ្រោះ​ពេល​មានការ​ប្រែ​ប្រួលអា​កា​ស​ធាតុ​ម្ដងៗ​ ហើយ​កម្ពុជា​ក៏បាន​ដាក់ចេញ​វិធានការ​ជាច្រើន​ដែរ ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​សកល​។ ​យើង​ក៏បាន​ចូលរួម​ជាមួយ​អង្គការ​អន្តរជាតិ​នានា​ជាច្រើន​ដែរ​។ បញ្ហា​នេះ​ យើង​មិន​អាចធ្វើ​ម្នាក់ឯង​បានទេ ​គឺ​សុំ​ឲ្យ​មានការ​ចូល​រួម​ទាំងអស់​គ្នា​យ៉ាង​ផុសផុល»។

ទិវា​បរិស្ថាន​ពិភពលោក ​ត្រូវ​បាន​​ប្រារព្ធ​តាម​វិធីសាស្ត្រឬ​ទម្រង់​ផ្សេងៗ​គ្នា​លើ​ពិភពលោក ​ដោយ​សកម្មភាព​នោះ​រួមមាន ការជួប​ជុំគ្នា​នៅ​តាម​​ទីសាធារណៈ​ ការដើរ​ក្បួន ​ការ​ប្រគំ​តន្ត្រី​ ការដាំ​ដើមឈើ ​យុទ្ធនា​ការ សម្អាត​ និង​ស្ដារ​បរិស្ថាន ​និង​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត៕