
សមាជិកសហគមន៍និងសកម្មជនបរិស្ថាននៅមជ្ឈមណ្ឌលសហគមន៍អារ៉ែង។ រូបថត សហគមន៍
កោះកុងៈសកម្មជនបរិស្ថានឯករាជ្យម្នាក់ និង សមាជិកនៃសហគមន៍អារ៉ែង នៅក្នុងវីដេអូថ្មីមួយ ដែលចេញបង្ហាញជាសាធារណៈ កាលពីល្ងាចថ្ងៃចន្ទ បានជំរុញឲ្យអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង អន្តរាគមន៍ ចំពោះបទបញ្ជារបស់អាជ្ញាធរឃុំជុំនាបដែលបញ្ជាឲ្យរុះរើ មជ្ឈមណ្ឌលរបស់សហគមន៍ ត្រឹមថ្ងៃទី ២៥ ខែមេសា។
វីដេអូនេះ ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អង្គការមាតាធម្មជាតិ រួមជាមួយនឹងការបង្ហោះមួយអមជាមួយវីដេអូនេះ បង្ហាញថា កញ្ញា លីម គីមស័រ «ឥឡូវនេះ ជាសកម្មជនបរិស្ថានឯករាជ្យ»។
វីដេអូនេះ បានបង្ហាញថា កញ្ញា គីមស័រ និងសមាជិកសហគមន៍ មិនយល់ស្របតាមការបញ្ជាឲ្យរុះរើមជ្ឈមណ្ឌលនេះចេញទេ។ ពួកគេក៏និយាយផងដែរ អំពីតម្លៃដែលមជ្ឈមណ្ឌលនេះ ផ្តល់ដល់ពួកគេ និង អត្ថប្រយោជន៍សេដ្ឋកិច្ច ដែលវាផ្តល់ដល់គ្រួសារប្រជាពលរដ្ឋមូលដ្ឋាន ពីភ្ញៀវទេសចរ ដែលទៅលេងទីនោះ។ កញ្ញា គីមស័រ បានលើកជាសំណួរមួយ ទៅលោកស្រី ភូថង នៅចុងបញ្ចប់នៃវីដេអូ។
អ្នកស្រីបានសួរថា៖ «តើអ្នកនិងមន្រ្តីខេត្តរបស់អ្នក មិនដឹងអំពីបញ្ហានេះទេឬ?»។ «ឬប្រហែលជាអ្នកដឹង ហើយកំពុងមិនអើពើ ដោយចេតនា ដើម្បីរារាំងសមត្ថភាពរបស់សហគមន៍មូលដ្ឋាន ក្នុងការចូលរួមក្នុងការតស៊ូមតិ ដោយបំភ័យពួកគេ និងកាត់ផ្តាច់ប្រភពមួយនៃប្រភពចំណូលរបស់ពួកគេ?»។
កាលពីល្ងាចថ្ងៃចន្ទ លោកស្រី ភូថង បានសុំឲ្យផ្ញើសំណួរដែលសួរទៅលោកស្រីតាមរយៈសារ ប៉ុន្តែលោកស្រីមិនបានឆ្លើយតបមកវិញទេ។
កញ្ញា គីមស័រ បានថ្លែងថា ក្តីសង្ឃឹម គឺថា វីដេអូនេះ នឹងធ្វើឲ្យមានចំណាត់ការទាន់ពេលវេលា ពីលោកស្រី ភូថង។ កញ្ញាបានថ្លែងនៅក្នុងសារមួយថា៖ «បន្ទាប់ពីមើលវីដេអូនេះ ខ្ញុំសង្ឃឹមថា គាត់នឹងគិតពិចារណា រក្សាទុកមជ្ឈមណ្ឌលនេះ។ គម្រោងរបស់យើង គឺដើម្បីឲ្យអាជ្ញាធរខេត្ត អន្តរាគមន៍លើបញ្ហានេះ»។
កាលពីខែមុន អាជ្ញាធរឃុំ ជុំនាបបាន បានគំរាមចាត់វិធានការ ប្រសិនបើមជ្ឈមណ្ឌលនេះ មិនត្រូវបានរុះរើតាមកាលកំណត់។ ពួកគេអះអាងថា ត្រូវការដីដើម្បីសាងសង់អគារឃុំថ្មីមួយ។
ការសាងសង់មជ្ឈមណ្ឌលនេះ បាននាំឲ្យមានការចាប់ខ្លួនលោក វែន វន កាលពីឆ្នាំ ២០១៥ ដែលជាអតីតក្រុមប្រឹក្សាឃុំ ជំនាបរបស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកគាំទ្រខ្លាំងក្លាម្នាក់ ចំពោះមជ្ឈមណ្ឌលនេះ។
កាលពីឆ្នាំ ២០១៦ សាលាដំបូងខេត្តកោះកុង បានរកឃើញថា វែន វន មានទោសពាក់ព័ន្ធនឹង «បទល្មើសព្រៃឈើ» និងផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងព្យួរទោស ៧ ខែ៕ PS