ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា បានកោះហៅសកម្មជនការពារព្រៃឈើ និងបរិស្ថាន លោក គ្រើង តុលា ពីម្សិលមិញ ឲ្យមកបំភ្លឺករណីរិះគន់ពីសកម្មភាពជីកកកាយថ្មពណ៌ខៀវមានតម្លៃ ដោយខុសច្បាប់យកទៅលក់ឱ្យឈ្មួញជនជាតិចិន និងវៀតណាម នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ប៉ុន្ដែមិនមានការឃាត់ខ្លួនទេ។
លោក ឡោ សុខា ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីម្សិលមិញថា លោកបានកោះហៅលោក គ្រើង តុលា មកសាកសួរជុំវិញករណីដែលសកម្មជនរូបនេះបានសរសេររិះគន់អាជ្ញាធរតាមបណ្ដាញសង្គមហ្វេសប៊ុក អំពីសកម្មភាពគាស់កកាយយកថ្មពណ៌ខៀវមានតម្លៃម្យ៉ាងលក់ឱ្យឈ្មួញជនជាតិចិន និងវៀតណាម។ ប៉ុន្ដែលោកមិនបានបញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួនលោក គ្រើង តុលា ទេ។
លោកថាសកម្មជនព្រៃឈើរូបនេះបានសរសេរពាក្យពេចន៍មួយចំនួនខុសពីការពិតដែលថា អាជ្ញាធរគ្មានចំណាត់ការទៅលើក្រុមឈ្មួញនិងជនខិលខូចទាំងនោះ។ ប៉ុន្ដែជាក់ស្ដែង មន្ត្រីជំនាញបានចុះទៅស៊ើបអង្កេតនិងស្រាវជ្រាវនៅទីតាំងនោះយ៉ាងយកចិត្តទុកដាក់។ ករណីនេះមិនមានសកម្មភាពដូចអ្វីដែលលោក តុលា បានសរសេរនៅលើហ្វេសប៊ុកនោះទេ។
លោកថ្លែងថា៖ «ខ្ញុំឱ្យគាត់ទៅផ្ទះវិញហើយ គឺយើងគ្រាន់តែឱ្យគាត់មកបំភ្លឺរឿងដែលគាត់បានសរសេរបង្ខូចកិត្តិយសថ្នាក់ដឹកនាំខេត្តយើង។ យើងបានឱ្យគាត់និយាយបំភ្លឺ និងធ្វើកិច្ចសន្យាហើយ ព្រោះគាត់សរសេរពាសទឹកពាសដី គ្មានភ័ស្តុតាង គ្មានការពិត គ្មានឯកសារយោងឱ្យបានត្រឹមត្រូវ ដូច្នេះគាត់ត្រូវតែធ្វើកិច្ចសន្យាអ៊ីចឹងហើយ»។
ស្នងការរូបនេះបញ្ជាក់ថា៖ «ប្រសិនមានលើកក្រោយទៀត គាត់ត្រូវតែរាយការណ៍មកអាជ្ញាធរឱ្យបានត្រឹមត្រូវ កុំសរសេរបែបនេះទៀត»។
មេឃុំសុខដុម លោក ពៅ សុផាត ថ្លែងពីម្សិលមិញថា លោកបានចាត់មន្ត្រីជំនាញ និងអាជ្ញាធរភូមិចុះទៅពិនិត្យនៅទីតាំងនោះផ្ទាល់រួចរាល់ហើយ។ ករណីនេះពិតជាការជីកកកាយយកថ្មពណ៌ខៀវម្យ៉ាងនោះមែន ប៉ុន្ដែលោកមិនដឹងច្បាស់ថា ពលរដ្ឋយកថ្មពណ៌ខៀវនេះទៅលក់ឱ្យឈ្មួញ ឬបុគ្គលណានោះទេ។
លោកបញ្ជាក់ថា៖«អ្នកភូមិនៅក្នុងតំបន់នោះ គឺជាអ្នកជីក ដោយសារមានឈ្មួញពីខាងក្រៅមកចាំទទួលទិញថ្មពីពួកគាត់។ ដូច្នេះពួកគាត់ក៏នាំគ្នាទៅជីកយកថ្មហ្នឹងលក់ដោយមិនបានយល់ដឹងពីច្បាប់។ អាជ្ញាធរបានហាមឃាត់ពួកគាត់ និងពន្យល់ពាក់ព័ន្ធផ្លូវច្បាប់ប្រាប់ពួកគាត់ហើយ»។
ប៉ុន្តែបើតាមលោក គ្រើង តុលា ដែលបានចូលបំភ្លឺជុំវិញការសរសររបស់លោកនោះ គឺមិនមែនជាការរិះគន់ ឬធ្វើឱ្យខូចកិត្តិយសរបស់ថ្នាក់ដឹកនាំណាម្នាក់ទេ។ ក្នុងន័យនោះលោកជំរុញឱ្យអាជ្ញាធរចុះបង្ក្រាបសកម្មភាពប្រមូលផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាតត្រឹមត្រូវប៉ុណ្ណោះ។
លោកឲ្យដឹងថា ក្រុមពលរដ្ឋបាននាំគ្នាចូលទៅជីកយកថ្មមានពណ៌នេះតាំងពី ១ ខែមុន ដោយសារពួកគាត់ខ្វះការយល់ដឹងអំពីច្បាប់ និងមានឈ្មួញជនជាតិចិន និងវៀតណាមរង់ចាំទទួលទិញពីពួកគាត់។ ប៉ុន្ដែអាជ្ញាធរហាក់គ្មានចំណាត់ការទៅលើសកម្មភាពបំផ្លាញធនធានធម្មជាតិទាំងអស់នេះទេ។
លោក គ្រើង តុលា បញ្ជាក់ថា៖ «លោកស្នងការស្នើឱ្យពួកខ្ញុំចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរាយការណ៍ពីសកម្មភាពល្មើសច្បាប់នានា ប៉ុន្ដែគាត់មិនចង់ឱ្យពួកខ្ញុំសរសេររិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុកទេ គឺគាត់ឱ្យទាក់ទងទៅអាជ្ញាធរផ្ទាល់ៗតែម្ដង»។
សកម្មជនព្រៃឈើរូបនេះបន្តថា៖ «ហើយខ្ញុំបានឆ្លើយតបទៅវិញដែរថា បើសិនខ្ញុំរាយការណ៍ប្រាប់សមត្ថកិច្ច ហើយសមត្ថកិច្ចចាត់វិធានការភ្លាមៗ អាហ្នឹងអត់អីទេ។ ប៉ុន្ដែបើគ្មានចំណាត់ការទេ គឺខ្ញុំនៅតែសរសេររិះគន់លើបណ្ដាញសង្គមហ្វេសប៊ុកដដែល»។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារសិទ្ធិមនុស្សអាដហុកថ្លែងថា បើការសរសេររិះគន់នេះជាការពិត អាជ្ញាធរមិនត្រូវកោះហៅពលរដ្ឋទៅសាកសួរបែបនេះទេ ព្រោះវាជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ អាជ្ញាធរត្រូវតែស៊ើបអង្កេតស្រាវជ្រាវរកការពិត ប្រសើរជាងគំរាមកំហែង ឬបំភិតបំភ័យពលរដ្ឋដែលនិយាយការពិត។
លោកថា៖ «ប្រសិនមានការរិះគន់បែបនេះ អាជ្ញាធរត្រូវតែប្រញាប់ចុះទៅបង្ក្រាប ឬចុះស្រាវជ្រាវបន្ទាន់ ដោយមិនមែនកោះហៅអ្នករិះគន់មកសួរនាំបែបនេះទេ។ កន្លងមកខ្ញុំសង្កេតឃើញពលរដ្ឋរិះគន់ច្រើនពីចំណាត់ការរបស់អាជ្ញាធរ ពោលគឺវិធានការអាជ្ញាធរយឺតយ៉ាវ ដូច្នេះពលរដ្ឋអត់ទ្រាំមិនបាន ហើយក៏នាំគ្នារិះគន់តាមបណ្ដាញសង្គមនានាតែម្ដង»។
គួររំឭកថា ជនជាតិដើមភាគតិចព្នងរស់នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ កាលពីថ្ងៃទី ៤ មករា បានស្នើឱ្យអាជ្ញាធរខេត្តមណ្ឌលគិរី ចាត់មន្ត្រីជំនាញចុះទៅពិនិត្យ និងបង្ក្រាបករណីជនល្មើសជីកយកថ្មពណ៌ខៀវមានតម្លៃម្យ៉ាងដោយខុសច្បាប់យកទៅលក់ឱ្យឈ្មួញជនជាតិចិននិងវៀតណាម៕