រតនគិរីៈ សកម្មជន​ព្រៃឈើ​ម្នាក់​ដែល​អះអាងថា ត្រូវបាន​គេ​ព្រួត​វាយ​បណ្តាល​ឲ្យ​រងរបួស​យ៉ាងដំណំ​នៅក្នុង​វេទិកា​សាធារណៈ​មួយ ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ស្រុក​លំផាត់​បាន​ឡើងមក​ព្យាបាល​របួស​នៅ​ភ្នំពេញ​។ ការអះអាង​នេះ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ ប៉ុន្តែ​មន្ត្រី​សង្គមស៊ីវិល​ស្នើឱ្យ​ថ្នាក់ជាតិ​ចុះ​ស្រាវជ្រាវ​ករណីនេះ​។

លោក ឆន ផល្លា ដែល​ជា​សកម្មជន​ការពារ​ព្រៃឈើ​ជនជាតិដើម​ភាគតិច​ទំពួន​នៅ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃ​ ១៣ កក្កដា​ ថា ​កាលពី​ថ្ងៃទី​ ៩ ខែ​កក្កដា ​លោក​ត្រូវបាន​ក្រុមគ្រួសារ​នាំចេញ​ពី​មន្ទីរពេទ្យ​ខេត្ត ដើម្បី​មក​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ ក្រោយពី​រូបលោក​ត្រូវ​ក្រុម​ពលរដ្ឋ​ជាច្រើន​នាក់​ព្រួត​គ្នា​វាយដំ​ឱ្យ​រងរបួស​ធ្ងន់​នៅក្នុង​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ស្រុក​លំផាត់​កាលពី​ថ្ងៃទី​ ៨ ​ខែ​កក្កដា​។

លោក ផល្លា បញ្ជាក់​ថា នៅពេល​លោក​បាន​ឡើង​ថ្លែង​អំពី​ទុក្ខ​កង្វល់​របស់​លោក​ពាក់ព័ន្ធ​នឹង​ការបាត់បង់​ព្រៃឈើ​នៅក្នុង​វេទិកា​នេះ គឺ​ស្រាប់​តែ​មាន​ក្រុម​ពលរដ្ឋ​ដែល​លោក​ធ្លាប់​ប្ដឹង​ពីបទ​បំផ្លាញ​ព្រៃឈើ និង​ទន្ទ្រាន​ដី​រដ្ឋ ដោយ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​ក្នុងស្រុក​គឺ​បាន​នាំគ្នា​ព្រួត​វាយ​រូបលោក​រហូត​ស្ទើរ​ដួលសន្លប់​នៅ​នឹង​កន្លែង ហើយ​គ្មាន​មន្ត្រី​ណាមួយ​នៅក្នុង​វេទិកា​នោះ​ជួយ​ហាមឃាត់​ឡើយ​។

លោក​ថា​៖ «​ខ្ញុំ​ក៏​ជា​ពលរដ្ឋ និង​មាន​សិទ្ធិ​ចូលរួម​ដែរ ដោយ​បាន​ចុះ​វត្តមាន​ចូលរួម​វេទិកា​ និង​មាន​អ្នក​ឱ្យ​ក្បាល​មេក្រូ​និយាយ​ទៀតផង​។ អ្នក​វ៉ៃ​គឺជា​អ្នក​ដែល​ខ្ញុំ​ធ្លាប់​ប្ដឹង​ចាប់ពី​ឆ្នាំ​ ២០១៧ ​មក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ និង​ការយក​ដីព្រៃ​រដ្ឋ​លក់ ដូចជា​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ ដី​កប់​សព ដី​តំបន់​ទេសចរណ៍​និង​ដី​សហគមន៍​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ជនជាតិ​ដើម​ភាគតិច ប៉ុន្តែ​ត្រូវបាន​លក់ដូរ​ឱ្យ​ក្លាយ​ជា​សម្បត្តិ​របស់​​បុគ្គល​អស់ហើយ​»​។

លោក​បន្ថែម​ថា​៖ «​នៅពេល​គេ​វ៉ៃ​ហ្នឹង ខ្ញុំ​ខំ​រត់​ទៅកាន់​អាជ្ញាធរ​ឱ្យជួយ​ហើយ​បាន​ទៅ​ដល់​កន្លែង​របស់​អភិបាល​ស្រុក​លោក នូ ថេរ ឱ្យជួយ​។ ប៉ុន្តែ​នៅពេល​រត់​ទៅដល់​កន្លែង​លោក នូ ថេរ គាត់​បាន​សួរថា តើ​អ្នកណា​ឱ្យ​ខ្ញុំ​ប្ដឹង​? ហើយ​ខ្ញុំ​បាន​រៀបរាប់​ថា​ខ្ញុំ​ប្ដឹង​តាម​ផ្លូវ​ច្បាប់​។ ក្រោយមក​ក៏​មាន​គេ​ (​ពលរដ្ឋ​) ​មក​វ៉ៃ និង​ដក​ទូរស័ព្ទ​ទៀតហើយ​ម្ដង​ហ្នឹង គឺ​ខ្ញុំ​បាន​ដេក​ដួល​លើដី​នៅ​នឹង​មុខ​លោក នូ ថេរ ហ្នឹង​»​។

លោក​បញ្ជាក់​ទៀត​ថា នៅពេល​ដួល​លោក​បាន​ខំប្រឹង​ដោយ​ខ្លួនឯង ដើម្បី​ងើប​ និង​រក​ផ្លូវ​រត់​ចេញ​ពី​កន្លែង​ដែលមាន​ការព្រួត​វាយ ដើម្បី​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ​។ នៅពេល​ទៅ​ដល់​ផ្ទះ​បាន​មួយ​សន្ទុះ ដើម្បី​ឱ្យ​ប្រពន្ធ​ដាំទឹក​ថ្នាំផឹក កុំ​ឱ្យ​គ្រាំ​ក្នុង ស្រាប់​តែ​មាន​ប៉ូលិស​ប៉ុស្ដិ៍ និង​ពលរដ្ឋ​ជាច្រើន​នាក់​បាន​នាំគ្នា​ទៅ​ព័ទ្ធ​ផ្ទះ​របស់​លោក​ថែមទៀត​។

សកម្មជន​ដដែល​នេះ​អះអាង​ថា ការ​មក​សម្រាក​ព្យាបាល​របួស​នៅ​ភ្នំពេញ​គឺ​ដោយសារ​លោក​មាន​ជំងឺ​ប្រចាំកាយ​ផង គឺ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​លើសឈាម ហើយ​ក្រោយពី​ពេទ្យ​ចាក់​ថ្នាំ និង​ព្យួរសេរ៉ូម​គឺ​លោក​អាច​ចាប់ផ្ដើម​និយាយ​បាន​ឡើងវិញ ប៉ុន្តែ​នៅ​ពុំទាន់​អាច​ដើរ​បាន​ស្រួល​ដូច​មុន​នៅឡើយ ខណៈ​ខ្លួន​ប្រាណ​លោក​នៅ​មាន​ស្នាមជាំ​ និង​ហើម​។

លោក ផល្លា អះអាង​ទៀត​ថា នៅ​ក្រោយពី​មាន​ករណី​ហិង្សា​នេះ​គឺ​បាន​ធ្វើឱ្យ​សកម្មជន​ការពារ​ព្រៃឈើ​ចំនួន ៧ ​នាក់​ផ្សេងទៀត ​ដែល​រស់នៅ​ក្នុង​ឃុំ​ជាមួយ​លោក​ដែល​សហការ​ដាក់​ពាក្យ​ប្ដឹង​បរិហារ​រឿង​បាត់បង់​ព្រៃឈើ​បាន​រត់​ភៀសខ្លួន​ចេញពី​ផ្ទះ ដើម្បី​ទៅ​លាក់ខ្លួន​នៅ​ទី​រួមខេត្ត ដោយសារ​ភ័យខ្លាច​រង​ការវាយដំ​ដូច​រូបលោក​។

លោក​ ខាំ លោក សកម្មជន​ព្រៃឈើ​ម្នាក់​ដែល​រត់គេចខ្លួន​ថ្លែង​ថា ការរត់​គេចខ្លួន​នេះ​គឺ​ ១ ​ថ្ងៃ​បន្ទាប់ពី​ដឹងថា លោក ឆន ផល្លា ត្រូវបាន​គេ​ព្រួតវាយ និង​បន្ទាប់ពី​មាន​ប្រជាការពារ​ភូមិ​ ៦ ​នាក់ ​បាន​ចុះទៅ​ឃ្លាំមើល​ដល់​ផ្ទះ​របស់លោក​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​លោក​បាន​សម្រេចចិត្ត​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ ក្រោយពី​ទទួល​បាន​ដំណឹង​ពី​គ្រួសារ​ថា លែង​មាន​អ្នក​ចុះទៅ​ឃ្លាំមើល​ដល់​ផ្ទះ​ដូច​មុន​។

ទោះជា​យ៉ាងណា​លោក នូ ថេរ អភិបាលស្រុក​លំផាត់​បាន​បដិសេធ​ការលើកឡើង​របស់​លោក ឆន ផល្លា និង​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ពុំ​បាន​វាយ​សកម្មជន​រូបនេះ​ឱ្យ​រងរបួស​ឡើយ ហើយ​សកម្មជន​រូបនេះ​បាន​រត់​មក​ស្នាក់នៅ​ភ្នំពេញ​ជាមួយ​មន្ត្រី​សមាគម​អាដហុក​ប៉ុណ្ណោះ​។ លោក​ថា​៖ «​វា​ហ្នឹង​សម្ភាសន៍​ថា វា​ត្រូវ​បាន​ប្រជាពលរដ្ឋ​វ៉ៃ​វា​បាក់ជើង​ហើយ​មើល​វា​បាក់ជើង​អត់ តែ​ការពិត​វា​រត់​ភៀសខ្លួន​ទៅ​នៅ​ជាមួយ ប៉ែន ប៊ុណ្ណារ៍​ (​មន្ត្រី​អាដហុក​) នៅ​ភ្នំពេញ​»​។

កាលពី​ថ្ងៃទី​ ៨ ​ខែ​កក្កដា​ លោក នូ ថេរ បាន​ធ្វើ​លិខិត​ប្រាប់​ទៅ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​ថា លោក ឆន ផល្លា បាន​ចូល​មក​ក្នុង​វេទិកា​ដោយ​គ្មាន​ការអញ្ជើញ ហើយ​បាន​និយាយ​ខុសពី​ប្រធានបទ អុកឡុក​បង្ក​ការរំខាន​ក្នុង​វេទិកា និង​ថត​បង្ហោះ​គ្មាន​ការអនុញ្ញាត ហើយ​នៅពេល​អាជ្ញាធរ​ឃាត់​មិន​ព្រមស្ដាប់​ទើប​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ដកហូត​ទូរស័ព្ទ​មក​រក្សាទុក​។

ចំណែក​លិខិត​របស់​ស្នងការ​នគរបាល​ខេត្ត​រតនគិរី​ផ្ញើមក​អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជាក់​ដែរថា លោក ផល្លា បាន​ឡើង​និយាយ​ក្នុង​វេទិកា​បរិហារកេរ្តិ៍​ចោទប្រកាន់​ពលរដ្ឋ​ និង​អាជ្ញាធរ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខឹងសម្បា​ងើប​តវ៉ា បង្កឱ្យ​មាន​ភាពច្របូកច្របល់​ក្នុង​ពិធី​ហើយ​ត្រូវ​អាជ្ញាធរ​ឃាត់​រារាំង​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ឡើងវិញ​។

ទោះជា​យ៉ាង​លោក លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក​បាន​ថ្លែងថា តាម​ចម្លើយ​ពី​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​វេទិកា​នោះ និង​សុំ​លាក់​អត្តសញ្ញាណ​បាន​អះអាង​ថា ពួកគាត់​ពិតជា​បានឃើញ​មាន​ការព្រួត​វៃ​ទៅ​លើ​លោក ឆន ផល្លា មែន ហើយ​បច្ចុប្បន្ន​ក្រុម​ការងារ​របស់​សមាគម​អាដហុក​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែមទៀត​អំពី​ករណី​ហិង្សា​នេះ​។

លោក​ថ្លែងថា ក្នុង​នាម​ជា​សហគមន៍​លោក ឆន ផល្លា គឺ​បានដាក់​បណ្ដឹង​បរិហារ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​មាន​តួនាទី​ទទួល​ខុសត្រូវ​ក្នុងការបំពេញ​តួនាទី​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ដោយ​មិនត្រូវ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការបំផ្លិចបំផ្លាញ​ព្រៃឈើ ដី​សាធារណៈ​របស់​រដ្ឋ ឬ​ដី​សហគមន៍​ជាដើម​។

លោក​បន្តថា​នៅពេល​មាន​ការប្រើ​អំពើហិង្សា​ក្រៅច្បាប់​ទៅលើ​សហគមន៍​វិញ​បែបនេះ វា​គឺជា​រឿង​មួយ​ធ្វើឱ្យ​មាន​ការសោកស្ដាយ​យ៉ាងខ្លាំង​។

លោក​ថា​៖ «​អ៊ីចឹង​! យើង​អំពាវនាវ​ឱ្យ​ថ្នាក់ជាតិ​កុំ​ជឿ​តែ​របាយការណ៍​ពី​ថ្នាក់ក្រោម​ជាតិ​ពេក ហើយ​គួរតែ​មាន​ការចុះ​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់ ព្រោះ​រឿងរ៉ាវ​ទាំងនេះ យើង​ពិនិត្យ​ឃើញ​ថា មាន​ភាព​មិនប្រក្រតី​ច្រើន ហើយ​កើតឡើង​ស្ទើរ​ជា​ប្រព័ន្ធ​ទៅ​ហើយ​នៅក្នុង​តំបន់​ហ្នឹង​ដែល​គួរ​មាន​ការស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ​ដើម្បី​រក​យុត្តិធម៌​ដល់​ភាគី​ (​ជន​ត្រូវ​គេ​វាយ​) ចៀសវាង​គ្រាន់តែ​ទទួល​បាន​របាយការណ៍​តែ​ពី​ថ្នាក់ក្រោម​...»​។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា លោក​ពុំទាន់​បាន​ទទួល​របាយការណ៍​ស្ដីអំពី​ការប្រើ​អំពើហិង្សា​នេះ​នៅ​ឡើយ ដូច្នេះ​លោក​មិន​អាច​ធ្វើការ​បកស្រាយ​បាន​ទេ​៕