ភ្នំពេញៈ សកម្មជន​ព្រៃឈើ​ និង​សិទ្ធិមនុស្ស​បាននាំគ្នា​ធ្វើ​យុទ្ធនាការ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​លុបបំបាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ដោយ​លុបបំបាត់​រោងចក្រ​អារឈើ​នៅ​ទូទាំងប្រទេស​ដែល​យុទ្ធនាការ​នេះ​បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ១ មេសា​រហូតដល់​ការទាមទារ​ទទួលបាន​ជោគជ័យ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​ចំពោះ​ការធ្វើ​យុទ្ធនាការ​នេះ​ទេ ដោយ​ថ្លែង​ថា ការទប់ស្កាត់​បទល្មើស​ព្រៃឈើ​គឺ​ត្រូវបាន​ធ្វើឡើង​តាមច្បាប់​។

យុទ្ធនាការ​របស់​យុវជន​ដែល​ជា​សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស​នេះ​គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការផ្ដល់​លិខិតអនុញ្ញាត​ឱ្យ​ដឹកជញ្ជូនផល និង​អនុផល​ព្រៃឈើ បិទ​រោងចក្រ​អារឈើ​នៅ​ទូទាំង​ប្រទេស និង​ដើម្បី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ និង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​។

លោក ហេង ស្រស់ សកម្មជន​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា យុទ្ធនាការ​នេះ​គឺ​ធ្វើ​ឡើង ៣ ​ដំណាក់កាល​ដោយ​ទី​ ១ ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​អ៊ីនធឺណិត​ចាប់ពី​ថ្ងៃទី​ ១ ​ដល់​ថ្ងៃទី​ ១០​។ ទី​ ២ ​ដើរ​ជិះ​ម៉ូតូ​ ឬ​គោយន្ត​នៅ​ទូទាំង​ខេត្ត​ទាំង ៤ ​នៃ​តំបន់​ព្រៃឡង់​ចាប់ពី​ថ្ងៃទី​ ២២​ ​ដល់​ថ្ងៃទី​ ២៧ ​មេសា និង​ទី​ ៣ ​ធ្វើ​យុទ្ធនាការ​ដើរ ជិះ​ម៉ូតូ ឬ​គោយន្ត​នៅ​ទូទាំង​ប្រទេស​រហូត​ទាល់តែ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​។

លោក​ថ្លែងថា​៖ «​នៅ​ទូទាំងប្រទេស​គឺ​យើង​ធ្វើ​យុទ្ធនាការ​ដើម្បី​ផ្សព្វផ្សាយ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យល់​អំពី​សារៈសំខាន់​នៃ​ការការពារ​ធនធានធម្មជាតិ​ហើយ​ប្រសិនបើ​បាត់បង់​ធនធានធម្មជាតិ​ទៅ តើ​រង​ផលប៉ះពាល់​អី​ខ្លះ​។ អ៊ីចឹង​ធ្វើ​យុទ្ធនាការ​ហ្នឹង​ដើម្បីឱ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​»​។

លោក​បន្តថា​៖ «​យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​បរិស្ថាន និង​សិទ្ធិមនុស្ស​ដោយ​មិនមាន​ស្ថាប័ន​ណា​ជា​អ្នក​ផ្ដួចផ្ដើម​ទេ គឺ​រួមគ្នា​ធ្វើ​ដែល​សុទ្ធតែជា​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ និង​មាន​ទាំង​បណ្ដាញ​សហគមន៍​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ក៏បាន​ចូលរួម​ដែរ​»​។

លោក ហេង ស្រស់ បញ្ជាក់ថា​មកដល់​ពេលនេះ​គឺមាន​អ្នកចូលរួម​ជិត​ ១០០ ​នាក់​ហើយ ខណៈ​លោក​អះអាង​ថា ការធ្វើ​យុទ្ធនាការ​នៅពេលនេះ​គឺ​ស្វាគមន៍​មនុស្ស​គ្រប់​ប្រភេទ​ដែល​ចង់​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​រាប់​ចាប់តាំងពី​ព្រះសង្ឃ ក្រុមយុវជន​រហូតដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ត្រី​តុលាការ​ជាដើម​។

ក្រុមយុវជន​មួយចំនួន​បាន​ចាប់ផ្ដើម​ថត​បង្ហោះ​រូបថត​នៅលើ​ទំព័រ​ហ្វេសប៊ុក​ដោយ​កាន់​បដា​ដែល​ខ្លះ​សរសេរ​ថា​ «​បិទ​រោងចក្រ​អារឈើ​នៅ​ទូទាំង​ប្រទេស​»​។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​មិន​បាន​ចាប់​អាម្មរណ៍​ចំពោះ​ការធ្វើ​យុទ្ធនាការ​នេះឡើយ ដោយបាន​អះអាង​ថា​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ​គឺ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់​។

លោក សួន សុវណ្ណ អ្នកនាំពាក្យ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​លើកឡើងថា កន្លងមក​មាន​រោងចក្រ​អារឈើ​ខុសច្បាប់​ជា​បន្តបន្ទាប់​ត្រូវបាន​បង្ក្រាប ហើយ​ចំពោះ​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​គឺ​អនុញ្ញាត​ឱ្យ​កាប់​ឈើ​ក្នុង​ដី​សម្បទាន​ប៉ុណ្ណោះ ដើម្បី​កែច្នៃ​យកទៅ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​។ លោក​បន្តថា រដ្ឋាភិបាល​មិន​អាច​លុបបំបាត់​រោងចក្រ​កែច្នៃ​ឈើ​បាន​ឡើយ ព្រោះ​កម្ពុជា​មាន​តម្រូវការ​ឈើ​ដែល​កែច្នៃ​ទាំងនោះ ហើយ​រោងចក្រ​ទាំងនោះ​ក៏បាន​បង់ពន្ធ​ជូន​រដ្ឋ​ដែរ​។

លោក​បន្តថា​៖ «​កាលណា​ (​ក្រុមហ៊ុន​) ​ឈូសឆាយ​ទៅ​គឺ​អាច​យក​ផល និង​អនុផល​ព្រៃឈើ​យក​មក​កែច្នៃ​ហើយក៏​បាន​បង់ពន្ធ​ជូន​រដ្ឋ​គ្រប់​ចំនួន​ដែរ​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​យ៉ាងខ្លី​ថា រដ្ឋាភិបាល​ការពារ​ធនធាន​ធម្មជាតិ​គឺ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់​។ លោក​បន្តថា​៖ «​ក្រសួងបរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​គឺ​អនុវត្ត​ទៅតាម​ការងារ​របស់​យើង​ហើយ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ និង​ច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ​»​។

ការធ្វើ​យុទ្ធនាការ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សកម្មជន​ព្រៃឈើ និង​បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​រាយការណ៍​កាលពី​ចុងសប្ដាហ៍​មុន​ថា នៅក្នុង​អំឡុង​នៃ​ការ​ផ្ទុះឡើង​ជំងឺឆ្លង​កូវីដ​១៩ បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​កំពុង​មានការកើនឡើង​ខ្លាំង​ជាង​មុន ដោយសារ​ក្រុមហ៊ុន​ចំនួន ៣ ​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ព្រៃឡង់​មានដូចជា​ក្រុមហ៊ុន ស៊ីងបាយអូថេក (Think BIOTECH CAMBODA) ក្រុមហ៊ុន​អង្គរប្លាយវូដ (Angkor Plywood) និង​ក្រុមហ៊ុន ធីង៉ា បាន​ប្រើ​ក្រុមកម្មករ​ចូល​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃឡង់​ដោយ​កាប់​ផ្ដួលរំលំ​ដើមឈើ ហើយ​ដឹកឈើ​ទាំងនោះ​ចូលទៅ​រោងចក្រ​ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ព្រៃឡង់​មុន​នឹង​ដឹក​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​​ធំ​។

ប៉ុន្តែ​ទោះយ៉ាងណា​មន្ត្រី​ក្រសួងបរិស្ថាន​អះអាង​ថា បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ព្រៃឡង់​គឺ​នៅសល់​តែ​បទល្មើស​ខ្នាតតូច​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ព្រៃ​ការពារ​នេះ​ប៉ុណ្ណោះ​ ខណៈដែល​ក្រុមហ៊ុន​ទាំង​ ៣ ​ខាងលើ​ដែល​រងការចោទប្រកាន់​មិនអាច​ទាក់ទង​សុំ​អធិប្បាយ​បាន​៕