ភ្នំពេញៈ ​នៅ​ពេល​លោក កែម ឡី ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ កាលពី​ជាង​មួយ​ឆ្នាំ​កន្លះ​មុន វា​បាន​បណ្តាល​ឲ្យ​មាន​ការ​កាន់ទុក្ខ​ដ៏ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ការ​កាន់​ទុក្ខ​នៃ​ការ​សោយ​ទិវង្គត​របស់​សម្តេច នរោត្តម សីហនុ ដែល​ជា​ស្ថាបនិក​នាំ​មក​នូវ​ឯករាជ្យ​សម្រាប់​ប្រទេស​កម្ពុជា​។

ខណៈ​ត្រូវ​បាន​កោត​សរសើរ​ចំពោះ​សមត្ថភាព​របស់​លោក​ក្នុង​ការ​វិភាគ​អំពី​បញ្ហា​នយោបាយ​ និង​សង្គម​សម្រាប់​ប្រជាជន​កម្ពុជា​ព្រម​ទាំង​ភាព​មិន​ភ័យខ្លាច​របស់​លោក​នៅ​ក្នុង​ការ​​រិះគន់​ឥត​សំចៃ​លើ​រដ្ឋាភិបាល​លោក​ កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ក្នុង​ស្ដារ​ម៉ាត​នៅ​ការ៉ាស់សាំង​កាល់តិច​បូកគោ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​មនុស្ស​ច្រើន​កុះករ បន្ទាប់ពី​លោក​ធ្វើ​អត្ថាធិប្បាយ​នៅ​ក្នុង​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​វីអូអេ ស្តីពី​របាយការណ៍​របស់​អង្គការ Global Witness អំពី​គ្រួសារ​ និង​អត្ថប្រយោជន៍​អាជីវកម្ម​របស់​ក្រុមគ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

មនុស្ស​ជាច្រើន​ជឿ​ថា​ការ​បាញ់​សម្លាប់​នេះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ហើយ​ការ​លើក​ហេតុផល​ដោយ​ឃាតករ​ដែល​ថា​គាត់​សម្លាប់​លោក កែម ឡី ដោយសារ​លោក កែម ឡី ​ជំពាក់​លុយ​មិន​សង​ត្រូវ​បាន​ច្រាន​ចោល​ដោយ​មជ្ឈដ្ឋាន​​ទូទៅ និង​ភរិយា​របស់​លោក​ កែម ឡី ដោយ​ផ្ទាល់​។

ខណៈ​មជ្ឈដ្ឋាន​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​ការ​ខ្វះ​វឌ្ឍនភាព​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក កែម ឡី នៅ​ក្នុង​រយៈកាល​ជាច្រើន​ខែ បន្ទាប់ពី​ការ​សម្លាប់​លោក​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន​ដើម្បី​រក្សា​ការ​ចងចាំ​អំពី​លោក កែម ឡី បាន​ធ្វើ​ឡើង​តាំងពី​ការ​សាងសង់​កន្លែង​រំឭក​វិញ្ញាណក្ខន្ធ រហូត​ដល់​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​រំឭក​ដល់​វីរភាព​របស់​លោក កែម ឡី​។

ប៉ុន្តែ​ឥឡូវ​នេះ​ខណៈ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​ទៅ​លើ​អ្នក​ប្រឆាំង កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​កេរ​ដំណែល​របស់​លោក កែម ឡី កំពុង​សាបរលាប​បាត់​បន្តិច​ម្តងៗ ហើយ​អ្នក​ដែល​នៅ​ពី​ក្រោយ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​កំពុង​តែ​មាន​ភាព​ភ័យខ្លាច​កាន់តែ​ខ្លាំង​ឡើង​។ នេះ​បើ​តាម​អតីត​មិត្តភក្តិ និង​សហការី​របស់​បណ្ឌិត កែម ឡី​។

ភាព​តានតឹង​រវាង​ការ​ចង់​ឲ្យ​មាន​ការ​ចងចាំ​ពី​លោក កែម ឡី និង​ភាព​ចាំបាច់​នៃ​ការ​ទៅ​បណ្ណាល័យ​ កែម ឡី ត្រូវ​បិទ​ទ្វារ​របស់​ខ្លួន​កាលពី​ខែ​ធ្នូ​។

សកម្មជន​បងប្អូន​ភ្លោះ​លោក ជុំ ហួរ និង លោក ជុំ ហួត គឺជា​ផ្នែក​នៃ​គម្រោង​របស់​លោក កែម ឡី ដើម្បី​បង្កើត​បណ្ណាល័យ​នៅ​គ្រប់​ខេត្ត​ដើម្បី​ជួយ​សិស្ស​និស្សិត​រៀន​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ភូមិវិទ្យា និង​ទស្សនវិជ្ជា​។ ពួកគេ​បាន​ថ្លែង​ថា ប៉ុន្តែ​ភាគច្រើន​បំផុត​នៃ​បណ្ណាល័យ​ទាំង​នោះ​មិន​ដែល​កើត​ចេញ​ជា​រូបរាង​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មិន​អនុញ្ញាត​ឲ្យ​កើត​មាន​។

ប៉ុន្តែ​តាមរយៈ​ការ​ប្រើ​ថវិកា​បរិច្ចាគ​ដែល​ទទួល​បាន​ពី​មុន​ការ​សម្លាប់​លោក កែម ឡី បងប្អូន​ទាំង​ ២ ​នាក់​នេះ​ដែល​ជា​អតីត​សកម្មជន​បរិស្ថាន​បាន​ព្យាយាម​បង្កើត​បណ្ណាល័យ​មួយ​បែប​នេះ​នៅ​ក្នុង​សង្កាត់​បឹងកក់ រាជធានី​ភ្នំពេញ ប្រហែល​ពាក់​កណ្តាល​ឆ្នាំ​មុន​ហើយ​បាន​ដាក់​ឈ្មោះ​លោក កែម ឡី​។

សាធារណជន​ចោមរោម​សព​លោក កែម ឡី នៅ​ការ៉ាស់សាំង​កាល់តិច​បូកគោ​កាលពី​ខែ​កក្កដា ២០១៦។ហេង ជីវ័ន

ពួកគេ​ថ្លែង​ថា​កាលពី​ដំបូង​បណ្ណាល័យ​នេះ​ដំណើរការ​បាន​រលូន​ហើយ​មាន​សៀវភៅ​ជាង ១០០០០ ​ក្បាល​ហើយ​មាន​សិស្ស​និស្សិត​ប្រហែល​បី​ ៤ ​នាក់​មក​អាន​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​នេះ​ក្នុង​ ១ ​ថ្ងៃៗ ប៉ុន្តែ​នៅ​ពេល​ស្ថានភាព​នយោបាយ​កាន់តែ​មាន​ភាព​តានតឹង​សិស្ស​និស្សិត​ឈប់​ទៅ​អាន​សៀវភៅ​។ លោក​ ហួត ថ្លែង​ថា​៖ «​បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា លែង​មាន​សិស្ស​មក​»​។

លោក ហួរ បញ្ជាក់​ថា​បណ្ណាល័យ​នេះ​ត្រូវ​បាន​គេ​ឃ្លាំមើល ជាពិសេស​នៅ​យប់​មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ ដែល​កាល​នោះ​មាន​មន្ត្រី​កងរាជ​អាវុធហត្ថ​ប្រមាណ ២០ នាក់​មក​ពិនិត្យ​មើល​កន្លែង​នេះ​។

ទោះ​យ៉ាង​ណា​ក្តី​នាយប៉ុស្តិ៍​សង្កាត់​បឹងកក់​ ១ លោក ហម គា បាន​បដិសេធ​ថា មិន​មាន​ការ​ចុះ​ទៅ​កន្លែង​នោះ​ទេ​ដោយ​ថ្លែង​ថា​លោក​ «​មិន​បាន​ដឹង​ថា តើ​ [​បណ្ណាល័យ​នោះ​] ​នៅ​កន្លែង​ណា​ទេ​»​។

បងប្អូន​ភ្លោះ​ទាំង​ ២ ​នាក់​នេះ​បាន​ទទូច​ថា​ការ​ចុះ​ទៅ​របស់​មន្ត្រី​អាជ្ញាធរ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ័យខ្លាច​។ ជាង​នេះ​ទៀត​កិច្ចខិតខំ​ប្រឹងប្រែង​ចងចាំ​ពី​ភាព​សកម្ម​ផ្នែក​នយោបាយ​របស់​លោក កែម ឡី កាន់តែ​សាប​បន្តិច​ម្តងៗ បន្ទាប់ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាច្រើន​ថ្កោលទោស​។

លោក​ ហួត ថ្លែង​ថា ​ការ​បរិច្ចាគ​ថវិកា​ដែល​ពួកលោក​ទាំង​ ២ ​នាក់​បងប្អូន​ទទួល​បាន​ពី​បរទេស​ឥឡូវ​នេះ​បាន​ទៅ​សមាជិក​គណបក្ស​ប្រឆាំង​វិញ​។

ពួកគេ​និយាយ​ថា​ខណៈ​សិស្ស និស្សិត នៅ​តែ​នៅ​ឆ្ងាយ​ឈប់​មក​អាន​សៀវភៅ​បណ្ណាល័យ​នេះ​ត្រូវ​បិទទ្វារ​កាលពី​ខែ​ធ្នូ​។ «​វា​ពិបាក​ដើម្បី​ឲ្យ​ក្មេង​មក​ចូល​អាន​ដោយសារ​ពួកគេ​បារម្ភ​។ ពួកគេ​បាន​សួរ​យើង​ថា​៖ «​តើ​អ្នក​​ចង់​ក្លាយ​ជា កែម ឡី ទី​ ២ ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ឬ​?»​។

ប៉ុន្តែ​បងប្អូន​ភ្លោះ​ទាំង​ ២ ​នាក់​ប្តេជ្ញា​ចិត្ត​បន្ត​ចក្ខុវិស័យ​របស់​លោក កែម ឡី បើ​ទោះបី​ជា​ពួកគេ​មិន​ប្រាកដ​ថា តើ​ពួកគេ​នឹង​ទទួល​បាន​ថវិកា​ពី​កន្លែង​ណា​ក៏ដោយ​។ បើ​ទោះបី​ជា​បណ្ណាល័យ កែម ឡី ឥឡូវ​នេះ​បាន​បិទ​ទ្វារ​លោក ហួរ បាន​ថ្លែង​ថា​ពួកគេ​នឹង​បើក​បណ្ណាល័យ​ថ្មី​មួយ​លើក​នេះ​មិន​មាន​ឈ្មោះ​មិន​មាន​ស្លាក​នៅ​លើ​ទ្វារ​ទេ​។

ទន្ទឹម​នេះ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ក្រុម​និស្សិត​មួយ​ក្រុម​ទៀត​ក៏​បាន​បើក​បណ្ណាល័យ​តូច​មួយ​ជា​ការ​គោរព​ដល់​លោក កែម ឡី ផង​ដែរ​។ បណ្ណាល័យ​នេះ​ស្វាគមន៍​សិស្ស​និស្សិត​ប្រមាណ ១០ នាក់​ក្នុង​មួយ​ថ្ងៃ និង​មាន​សៀវភៅ​ប្រហែល​ពី ៥០០ ​ទៅ ៦០០ ​ក្បាល​។ នេះ​បើ​តាម​លោក និល តំណាង ដែល​ជា​អ្នក​ធ្វើការ​ស្ម័គ្រ​ចិត្ត​។

ប៉ុន្តែ​លោក តំណាង ពន្យល់​ថា​បណ្ណាល័យ​នេះ​គ្រាន់​តែ​ជា​វិធានការ​ពាក់កណ្តាល​ប៉ុណ្ណោះ​។ អ្នក​វិភាគ​រួម​ទាំង​ក្រុម​និស្សិត​ចង់​បង្កើត​ឲ្យ​មាន​វិទ្យាស្ថាន​មួយ​ដើម្បី​បង្រៀន​សិស្ស​និស្សិត​អំពី​ការ​តាម​ដាន​សិទ្ធិ​មនុស្ស​ និង​សកម្មភាព​វាយតម្លៃ​។ លោក​បន្ថែម​ថា​៖ «​គាត់​ (​កែម ឡី​) ​បាន​ទៅ​ប្រទេស​អូស្ត្រាលី​ហើយ​ទទួល​បាន​ថវិកា​មួយ​ចំនួន ប៉ុន្តែ​យើង​មិន​ទទួល​បាន​ថវិកា​នោះ​ដោយសារ​គាត់​ត្រូវ​បាន​បាញ់​សម្លាប់​»​។

លោក​ពន្យល់​ថា​ លោក ឡី ទើប​តែ​ត្រឡប់​មក​វិញ​ប្រហែល​មួយ​ខែ​ពី​មុន​ពេល​គាត់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​។

លោក​បន្ត​ថា​ បន្ទាប់ពី​ការ​សម្លាប់ លោក ឡី ក្រុម​របស់​លោក​មាន​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង​ក្នុង​ការ​ជំរុញ​សកម្មភាព​បន្ថែម​ទៀត​ឲ្យ​មាន​ការ​បើក​វិទ្យាស្ថាន​នេះ​ហើយ​មិន​មាន​ថវិកា​បន្ត​សកម្មភាព​ទេ​។ ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក​ពួកគេ​យ៉ាង​ហោច​ណាស់​បាន​សម្រេច​ចិត្ត​បង្កើត​បណ្ណាល័យ​ដោយ​ប្រើ​ថវិកា​ដែល​និស្សិត​ ២ ​នាក់​ក្នុង​ចំណោម​និស្សិត​ទាំង​នោះ​ទទួល​បាន​ពី​កម្មវិធី​ភាព​ជា​អ្នក​ដឹកនាំ​វ័យ​ក្មេង​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានទូត​អាមេរិក​។

បណ្ណាល័យ​នេះ​ក៏​បាន​រៀបចំ​ធ្វើ​សិក្ខាសាលា​មិន​គិត​ថ្លៃ​ស្តីពី​ការ​អប់រំ​របស់​មុខ​អាជីព​ការ​បណ្តុះបណ្តាល​ជំនាញ​ ប៉ុន្តែ​លោក​ តំណាង ​ថ្លែង​ថា​ការ​ភ័យខ្លាច​កំពុង​កើត​មាន​នៅ​ជុំវិញ​ពួកគេ​។ «​យើង​ភ័យខ្លាច​ និង​បារម្ភ​អំពី​ការ​គំរាម​កំហែង​នយោបាយ​សម្រាប់​ក្រុម​របស់​យើង​»​។

លោក​ថា ​នគរបាល សន្តិសុខ និង​អ្នក​ដទៃៗ​ទៀត​យូរៗ​ម្តង​បាន​មក​សួរ​ពួក​លោក​នៅ​បណ្ណាល័យ​ថា​តើ​ពួកលោក​ទទួល​បាន​ថវិកា​ពី​ណា​។ លោក តំណាង ថ្លែង​បន្ត​ថា​ការ​ត្រួតពិនិត្យ​នេះ​បាន​ធ្វើឲ្យ​មាន​ការ​ភ័យខ្លាច​បើ​សូម្បី​តែ​មាន​ការ​ព្យួរ​រូបថត​លោក​ កែម ឡី នៅ​ក្នុង​បណ្ណាល័យ​ក៏ដោយ​។

នគរបាល​ខេត្ត​បាត់ដំបង​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​។

លោក តំណាង​បញ្ជាក់​ថា​៖ «​យោង​តាម​ការ​សង្កេត​របស់​ខ្ញុំ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ហាក់​ដូចជា​ស្ងប់ស្ងាត់ ប៉ុន្តែ​មិន​មាន​សុខដុម​ទេ​។ បើ​ទោះបី​ជា​ពួកគេ​មិន​បង្ហាញ​ក៏ដោយ ប៉ុន្តែ​ពួកគេ​ក៏​នៅ​តែ​មាន​កំហឹង​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ​នៅ​ឡើយ​»​។

នៅក្នុង​រាជធានី​ភ្នំពេញ​លោក សេង សារី ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក កែម ឡី បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាស​មួយ​កាលពី​ដើម​ខែ​នេះ​ថា​រូបលោក និង​អ្នក​ដទៃ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​និង​កំពុង​ធ្វើការ​ដើម្បី​បង្កើត​មូលនិធិ កែម ឡី មួយ​ឡើង ប៉ុន្តែ​អ្វីៗ​បាន​ជាប់គាំង​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​កាលពី​ ៣ ​ខែ​មុន​...​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​យើង​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពី​ក្រសួង​មក​វិញ​ទេ​»​។

លោក ឈឹម កាន ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា​នេះ​មិនមែន​ជា​ការពិត​ទេ​។

លោក​ថា​៖ «​ខ្ញុំ​ទើប​តែ​បាន​ទទួល​ឯកសារ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ហ្នឹង​ហើយ​ឥឡូវ​នេះ​ខ្ញុំ​កំពុង​ពិនិត្យ​មើល​សំណើ​របស់​ពួកគេ​»​។

កាលពី​សប្តាហ៍​មុន​លោក​ សារី បាន​ឲ្យ​ដឹង​ថា​ក្រុម​របស់​លោក​មិន​បាន​ឮ​ដំណឹង​អ្វី​ពី​ក្រសួង​ទេ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​។ លោក​បាន​លើក​ឡើង​ថា ​មូលនិធិ​នេះ​គាំទ្រ​ជាពិសេស​ដល់​ក្រុម​អ្នក​ស្រាវជ្រាវ​បរិស្ថាន​វ័យ​ក្មេង ជាមួយ​នឹង​មធ្យោបាយ​ហិរញ្ញវត្ថុ និង​ការ​បណ្ដុះបណ្ដាល​ដោយ​ឲ្យ​យុវជន​កម្ពុជា​ចូលរួម​ក្នុង​ឆាក​នយោបាយ​ «​ដូច​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ពី​មុន​»​។

លោក​ សារី ថ្លែង​ថា​លោក​ ឡី​ ៖ «​គួរ​ត្រូវ​បាន​គេ​ចងចាំ​ថា ជា​វីរបុរស ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា​វប្បធម៌​កម្ពុជា​មិន​ទាន់​បាន​គិត​ដល់​ចំណុច​នេះ​ទេ​។ ពាក្យ​ថា វីរបុរស មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​ពិតប្រាកដ​នៅ​ឡើយ​។ ដូច្នោះ​ហើយ​ទើប​អ្នក​នយោបាយ​ជាច្រើន​ចង់​បាន​មុខងារ​នេះ​»​។

ប៉ុន្តែ​សម្រាប់​លោក​ សារី លោក​ ឡី គឺជា​គំរូ​មួយ​ដែល​ត្រូវ​ធ្វើ​តាម​។ លោក​បញ្ជាក់​ថា​៖ «​យើង​ត្រូវ​តែ​កសាង​វប្បធម៌​មួយ​ដើម្បី​គាំទ្រ​ដល់​មនុស្ស​ល្អ និង​វីរបុរស​។ ប៉ុន្តែ​សម្រាប់​ពេល​នេះ​មនុស្ស​ល្អ​តែងតែ​មាន​បញ្ហា​»​។

ទន្ទឹម​នឹង​នេះ​ដែរ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ត្រូវ​បាន​ចូលរួម​បង្កើត​ឡើង​ដោយ​លោក កែម ឡី ​កំពុង​ស្វែងរក​ការ​បន្ត​កេរដំណែល​របស់​លោក ឡី នៅ​ក្នុង​វិស័យ​នយោបាយ​។ នេះ​បើ​យោង​តាម​លោក​ សាម អ៊ីន អ្នក​នាំពាក្យ​គណបក្ស​នេះ​។

លោក​លើក​ឡើង​ថា​៖ «​យើង​ចាត់​ទុក​លោក កែម ឡី ដូចជា​បិតា​ស្ថាបនិក​របស់​យើង​ហើយ​យើង​បាន​ដាក់​រូបថត​របស់​គាត់​នៅ​ក្នុង​ខិត្តប័ណ្ណ​របស់​យើង​ថា​ជា​បិតា​ស្ថាបនិក​របស់​យើង​»​។

លោក​បាន​សរសើរ​ការ​ប្តេជ្ញាចិត្ត​របស់​លោក​ ឡី ចំពោះ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ និង​ «​ភាព​ក្លាហាន​របស់​គាត់​ក្នុង​ការ​និយាយ​ការពិត​»​។ លោក​ អ៊ីន ​ថ្លែង​ថា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​មាន​គម្រោង​កសាង​រូប​ចម្លាក់​លោក ​ឡី ដើម្បី​ជា​ការ​ផ្តល់​កិត្តិយស​ដល់​លោក​ផង​ដែរ​នៅ​ពេល​ដែល​គណបក្ស​មាន​ឱកាស​ដឹកនាំ​រដ្ឋាភិបាល​។

ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​ទោះបី​ជា​មាន​ការ​សន្យា​ថា​នឹង​ដាក់​បេក្ខជន​តំណាង​ឈរ​ឈ្មោះ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​ក្តី ក៏​គណបក្ស​តូចតាច​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​នៅ​ចំពោះ​មុខ​គណបក្ស​ប្រជាជន​កម្ពុជា​។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទទួល​បាន​ជ័យជម្នះ​ចំនួន ០,០៧ ភាគរយ​នៃ​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ សង្កាត់ កាលពី​ឆ្នាំ​ ២០១៧​។

អតីត​មិត្ត​រួម​ការងារ និង​ជា​មិត្តភក្តិ​ម្នាក់​របស់​លោក កែម ឡី គឺ​លោក ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​នយោបាយ​ម្នាក់​ផង​ដែរ​នោះ​ថ្លែង​ថា​មធ្យោបាយ​ដ៏ល្អ​បំផុត​មួយ​ក្នុង​ការ​ផ្តល់​កិត្តិយស​ដល់​កេរដំណែល​របស់​លោក កែម ឡី គឺ​ឃើញ​ការ​ស៊ើបអង្កេត​អំពើ​ឃាតកម្ម​លើ​រូបគាត់​ឲ្យ​បាន​ពេញលេញ ខណៈ​ដែល​ជា​ញឹកញាប់​នៅ​ពេល​មាន​ការ​សម្លាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​តែងតែ​មិន​មាន​ដំណោះស្រាយ​។

ទោះបី​ជា​ជនល្មើស​ដែល​សម្លាប់​លោក កែម ឡី ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់ពី​ការ​ធ្វើ​ឃាត​នោះ​ក៏ដោយ​ក៏​នៅ​មាន​សំណួរ​ជាច្រើន​លើក​ឡើង​ជុំវិញ​មូលហេតុ​ដែល​ជន​នោះ​បាន​លើក​ឡើង​ដែល​មិន​គួរ​ឱ្យ​ជឿ ហើយ​សូម្បី​តែ​មន្ត្រី​រដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា​ពួកគេ​ជឿ​ថា​គាត់​ (​ជួប សម្លាប់​) មិនមែន​ធ្វើ​សកម្មភាព​នោះ​តែ​ម្នាក់ឯង​ដែរ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​ស្វែងរក​អ្នក​រួម​គំនិត​នៅ​ឡើយ​ទេ​។

លោក​ ឡៅ ម៉ុងហៃ បន្ត​ថា​៖ «​តែងតែ​មាន​ការ​លើក​ឡើង​ដោយ​បង្ហាញ​អំពី​ការ​នាំ​យក​យុត្តិធម៌​ជូន​គាត់​។ ប៉ុន្តែ​សកម្មភាព​ជាក់ស្តែង​គឺ​គ្មាន​ទេ​»​។

លោក​ថ្លែង​ថា​៖ «​ដោយសារ​តែ​មាន​ការ​ភ័យខ្លាច​ដូច្នេះ​ហើយ​គ្មាន​នរណា​ម្នាក់​ផ្តួចផ្តើម​ស្នើសុំ​ជា​ផ្លូវការ ឬ​មិន​ផ្លូវការ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​ទេ​...»​។

លោក​ថ្លែង​ថា​ លោក​មាន​អារម្មណ៍​ថា​លោក​ជំពាក់​អ្វី​មួយ​ចំពោះ​លោក​ ឡី​។ បើ​សិន​ស្ថានភាព​នយោបាយ​ស្ងប់ស្ងាត់​ជាង​នេះ​លោក ម៉ុងហៃ ចង់​ស្នើ​ឲ្យ​មាន​ក្រុម​ស៊ើបអង្កេត​មួយ​ចំពោះ​ករណី​ធ្វើ​ឃាត​នេះ​»៕ PS/NS