ភ្នំពេញៈ សាលាដំបូងខេត្តកំពង់ចាមកាលពីម្សិលមិញបានសម្រេចចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួន សកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ ខណៈសាលាដំបូងខេត្តប៉ៃលិនបានចោទប្រកាន់ ៤ នាក់ហើយសាលាដំបូងខេត្តឧត្តរមានជ័យ និងខេត្តស្វាយរៀង កំពុងបន្តនីតិវិធីដើម្បីបង្គាប់ឱ្យកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួន សកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ២ នាក់ ពីបទ «រួមគំនិតក្បត់»។
អយ្យការអមសាលាដំបូងខេត្តប៉ៃលិនបានសម្រេចចោទប្រកាន់សមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន ៤ នាក់ ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ខណៈពួកគេកំពុងគេចខ្លួន។
បើតាមសេចក្ដីប្រកាសព័ត៌មានចេញកាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា អយ្យការអមសាលាដំបូងខេត្តប៉ៃលិនបានសម្រេចចោទប្រកាន់មនុស្សចំនួន ៤ នាក់ ក្នុងនោះរួមមាន ទី១ ឈ្មោះ វែន ដារ៉ា ហៅ ប៉ុច ភេទស្រី អាយុ ៦០ ឆ្នាំ ទី២ ឈ្មោះ ឈុន សិទ្ធី ហៅគ្រូធី ភេទប្រុស អាយុ ៤០ ឆ្នាំ ទី៣ ឈ្មោះ ឃិន ប៉ុន ភេទប្រុស អាយុ ៦៤ ឆ្នាំ និងទី៤ ឈ្មោះ ហ៊ុយ ហួន ភេទប្រុស អាយុ ៦៨ ឆ្នាំ ពីបទ «រួមគំនិតក្បត់» ដោយយោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌដែលរងនូវការជាប់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ។
សេចក្ដីប្រកាសព័ត៌មានបន្ថែមថា មនុស្សទាំង ៤ នាក់ ដែលអយ្យការអមសាលាដំបូងខេត្តប៉ៃលិនចោទប្រកាន់នេះមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ដោយពួកគេបានចាកចេញពីមូលដ្ឋាន។ «ការចោទប្រកាន់ខាងលើគឺពាក់ព័ន្ធនឹងអំពើរបស់ឈ្មោះ វែន ដារ៉ា ហៅ ប៉ុច បានផ្តល់នូវបទសម្ភាសតាមវិទ្យុអាស៊ីសេរីកាលពីអំឡុងខែសីហា ឆ្នាំ ២០១៩។ ចំណែកឈ្មោះ ឈុន សិទ្ធី ហៅគ្រូធី ឈ្មោះ ហ៊ុយ ហួន និងឈ្មោះ ឃិន ប៉ុន គឺពាក់ព័ន្ធនឹងការផ្ដល់ទីកន្លែងសម្រាប់ជួបជុំ និងការផ្សព្វផ្សាយតាមរយៈបណ្ដេញ Facebook រួមជាមួយអត្ថបទដែលមានលក្ខណៈជាការកៀរគរបំផុសបំផុលឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលជាមួយក្រុមឧទ្ទាមក្រៅច្បាប់ក្រោមឧបាយកល «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក»។
លោក ប៉ូលី ឧត្តម អ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិនមិនអាចទាក់ទងសុំអធិប្បាយបន្ថែមបានទេ។
ជាមួយគ្នានេះលោក ជុំ ណារ៉ាន អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាមឲ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តនេះកាលពីម្សិលមិញបានបញ្ជូនឈ្មោះ ដុង សុវណ្ណារិទ្ធ អាយុ ៤៧ ឆ្នាំទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារពីបទរួមគំនិតក្បត់តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម អយ្យការបានចោទប្រកាន់ឈ្មោះ ដុង សុវណ្ណារិទ្ធ ថាបានចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលក្រោមឧបាយកលនៃផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី។
សេចក្តីប្រកាសបញ្ជាក់ថា៖ «តាមរយៈការកៀរគរ និងធ្វើការប្រមូលផ្តុំប្រជាពលរដ្ឋនៅក្នុងស្រុកបាធាយ ធ្វើការផ្សព្វផ្សាយ និងថតរូបភាពលើកដៃជាសញ្ញាក្នុងការគាំទ្រឧក្រិដ្ឋជនឈ្មោះ សម រង្ស៊ី ដើម្បីឈានទៅចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ តាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក»។
សេចក្ដីប្រកាសព័ត៌មាននេះ លើកឡើងថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នឹងត្រូវប្រឈមការចោទប្រកាន់ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពីបទរួមគំនិតក្បត់។
សូមបញ្ជាក់ថាកាលពីថ្ងៃទី ២៧ ខែកញ្ញាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាមបានបញ្ជូនឈ្មោះ សឿន ស៊ាង អាយុ ៤៣ ឆ្នាំ ទៅឃុំខ្លួននៅពន្ធនាគារពាក់ព័ន្ធនឹងបទចោទប្រកាន់ដូចគ្នានេះ។
ចំណែកអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យបានស្នើសុំឲ្យចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ម៉ោញ សារ៉ាត់ សកម្មជនអតីតគណបក្សសង្គ្រោះជាតិពីបទរួមគំនិតក្បត់តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីអយ្យការបានចោទប្រកាន់រួចហើយ។
លោក ហង់ ហ្រ៊ីដា អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យបានថ្លែងថា ការស្នើសុំដីកាបង្គាប់ចាប់ខ្លួននេះធ្វើឡើងដោយសារតែជនខាងលើបាននិងកំពុងរត់គេចខ្លួន។ «ព្រះរាជអាជ្ញាធ្វើដីកាសន្និដ្ឋានដើម្បីសុំឲ្យចៅក្រមស៊ើបសួរចេញដីកាចាប់ ប៉ុន្តែចៅក្រមមិនទាន់បានចេញដីកានៅឡើយទេ។ ឥឡូវនេះមានតែជនសង្ស័យម្នាក់ហ្នឹងទេ ពាក់ព័ន្ធករណីរួមគំនិតក្បត់ជាមួយនឹងលោក សម រង្ស៊ី»។
ពាក់ព័ន្ធនឹងករណីបទចោទ «រួមគំនិតក្បត់» នេះដែរ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀងបាននិងកំពុងបន្តនីតិវិធីទៅលើឈ្មោះ ម៉ៅ វិបុល ភេទប្រុស អាយុ ៣៧ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់ពីអយ្យការបានចោទពីបទរួមគំនិតក្បត់ និងពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ដោយយោងតាមមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌខណៈជននេះកំពុងរត់គេចខ្លួន។
លោក ទេព ផល្លា អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀងថ្លែងថា៖ «ព្រះរាជអាជ្ញាបានចោទប្រកាន់ពីបទរួមគំនិតក្បត់ទៅលើឈ្មោះ ម៉ៅ វិបុល ហើយពាក់ព័ន្ធនឹងការងារហ្នឹងគឺ (ឈ្មោះ ម៉ៅ វិបុល) មិនបានបង្ហាញខ្លួនទេ ហើយសំណុំរឿងបានបញ្ជូនដល់ចៅក្រមស៊ើបសួរ ហើយលោកកំពុងចាត់ការតាមនីតិវិធី»។
កាលពីខែកញ្ញា សកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន ៩ នាក់ ត្រូវបានចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាតិ»៕