
លោក ជា ហ៊ាន សកម្មជនព្រៃឈើដែលស្នើមន្ត្រីជំនាញចុះពិនិត្យការរំលោភដីនៅឱរ៉ាល់។ រូប ហ្វេសប៊ុក
កំពង់ស្ពឺៈ សកម្មជនការពារព្រៃឈើនៅខេត្តកំពង់ស្ពឺគ្រោងនឹងដាក់លិខិតទៅកាន់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនៅថ្ងៃទី ៨ មករា ដើម្បីស្នើសុំឱ្យមន្ត្រីចុះពិនិត្យការរំលោភយកដីក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដោយសកម្មជនបានអះអាងថាផ្ទៃដីជិត ១០០ ហិកតាស្ថិតក្នុងដែនជម្រកសត្វព្រៃនេះកំពុងរងការឈូសឆាយយកធ្វើជាកម្មសិទ្ធិឯកជន។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ការដាក់លិខិតនេះគឺដើម្បីស្នើឱ្យមន្ត្រីជំនាញរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះត្រួតពិនិត្យនិងចុច GPS កំណត់ទីតាំងដី ១ កន្លែងស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលកំពុងរងការឈូសឆាយយកធ្វើជាកម្មសិទ្ធិ ហើយមិនបានឃើញមន្ត្រីគ្រប់គ្រងដែនជម្រកចាត់វិធានការតាមផ្លូវច្បាប់ឡើយ។
លោកបន្តថារយៈពេលជាង ១០ ថ្ងៃមកនេះមានផ្ទៃដីក្នុងដែនជម្រកសត្វព្រៃ ២ កន្លែងក្នុងឃុំត្រពាំងជោរទំហំប្រហែល ២៥ ហិកតាត្រូវបានឈូសឆាយរំលោភ ហើយសកម្មភាពនេះគ្រោងនឹងឈូសឆាយទំហំផ្ទៃដីជិត ១០០ ហិកតា។
លោកថា អ្នកដែលឈូសដីព្រៃក្នុងដែនការពារនោះគឺមានឈ្មោះ ម៉ម អាន អធិការរងស្រុកឱរ៉ាល់ទទួលបន្ទុកខាងចរាចរណ៍ ឈ្មោះ ម៉ន តុល មន្ត្រីប៉ូលិសប៉ុស្ដិ៍ឃុំរស្មីសាមគ្គី និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះដែលជាជំនួយការស្មៀននៅឃុំត្រពាំងជោរ។
សកម្មជនរូបនេះបញ្ជាក់ថា៖ «នៅពេលដែលមានការឈូសឆាយហ្នឹង ខ្ញុំបានរាយការណ៍ជូនទៅឯកឧត្តម នេត្រ ភក្ដ្រា (រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន) កាលពីថ្ងៃចន្ទ (ទី ៣០ ធ្នូ)។ អ៊ីចឹង! ឯកឧត្តម នេត្រ ភក្ដ្រា ក៏បានអន្តរាគមន៍មកមន្ទីរ ហើយមន្ទីរក៏ឱ្យទៅនាយកដែន (ជម្រក) ហើយដែន (ជម្រក) ឱ្យទៅមន្ត្រីខ្លួនចុះត្រួតពិនិត្យមើល។ មន្ត្រីចុះពិនិត្យមើលប៉ុន្តែអត់ចាត់វិធានការទេ»។
លោកបន្តថា គិតមកដល់ថ្ងៃទី ៤ មករាគ្រឿងចក្រចំនួន ៣ គ្រឿងត្រូវបានដកចេញទាំងយប់ពីកន្លែងឈូសឆាយក្នុងដែនជម្រក បន្ទាប់ពីលោកបានព្យាយាមទូរស័ព្ទប្រាប់ឱ្យលោកនៅ ណាក់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទទួលបន្ទុកតំបន់ការពារធម្មជាតិជាច្រើនលើក ឱ្យចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យ។ លោក ហ៊ាន បញ្ជាក់ថា គ្រឿងចក្រទាំងនេះត្រូវដកម្ដងហើយ ប៉ុន្តែក្រោយមកបានត្រឡប់មកឈូសឆាយដូចដើមវិញ នៅពេលឃើញមានស្ថានភាពស្ងប់ស្ងាត់។
លោកអះអាងថា៖ «លោក នៅ ណាក់ បានបញ្ជាឱ្យមន្ត្រីថ្នាក់ក្រោមឱវាទសហការគ្នាអនុវត្តច្បាប់ តែមន្ត្រីក្រោមឱវាទអត់ស្ដាប់បង្គាប់ទេ រហូតគេអាចដឹកគ្រឿងចក្រចេញទៅវិញ។ ស្អែកនេះ (ថ្ងៃទី ៦ មករា) លោក នៅ ណាក់ បានផ្ដល់យោបល់ឱ្យខ្ញុំដាក់លិខិតមកមន្ទីរ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃទាំងអស់គ្នា»។
ពីម្សិលមិញមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីប៉ូលិសឈ្មោះ ម៉ន តុល បានទេ ប៉ុន្តែលោក ម៉ម អាន អធិការរងស្រុកឱរ៉ាល់បញ្ជាក់ថា លោកពិតជាមានដីកំពុងឈូសឆាយក្នុងតំបន់នោះមែន គឺជាង ២ ហិកតា។ ប៉ុន្តែលោកថា ជាដីដែលមានប្លង់បញ្ជាក់អំពីកម្មសិទ្ធិត្រឹមត្រូវដែលបញ្ជាក់ដោយក្រុមនិស្សិតចុះវាស់វែងរបស់រដ្ឋាភិបាលកាលពីឆ្នាំ ២០១២។
លោកប្រាប់ថា៖ «មានប្លង់ត្រឹមត្រូវរបស់ខ្ញុំតើ។ អ៊ីចឹង! ប្រាប់លោក ជា ហ៊ាន ផង ប្រសិនបើគាត់នឹងចោទត្រូវជួបម្ចាស់គេ (សួរ) ឱ្យបានច្បាស់លាស់»។
ប៉ុន្តែលោក ជា ហ៊ាន អះអាងថាតំបន់ដែលមានការឈូសឆាយក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះពិតជាត្រូវក្រុមនិស្សិតចុះវាស់វែងចេញប្លង់ជាកម្មសិទ្ធិឯកជនមែន ដោយសារតែមានការក្លែងឯកសារថា ដីនោះគឺជាដីស្រែអាស្រ័យផលជាក់ស្ដែងរបស់ពលរដ្ឋ ប៉ុន្តែការពិតជាដីព្រៃរេចរឹលស្ថិតក្នុងដែនជម្រកសត្វព្រៃ។
សកម្មជនដដែលបញ្ជាក់ថា ការកាត់ឆ្វៀលដីព្រៃមិនមែនជាដីស្រែដែលកំពុងអាស្រ័យផលជាក់ស្ដែងគឺអនុវត្តខុសទៅនឹងបទបញ្ជា ០១ របស់រដ្ឋាភិបាល។
ជុំវិញបញ្ហានេះលោក នៅ ណាក់ ហាក់ដូចមិនច្បាស់ថា លោកជា ហ៊ាន ទូរស័ព្ទរាយការណ៍ពីករណីឈូសឆាយដីក្នុងតំបន់ដែនជម្រកនេះទេ។
លោកថា៖ «ខ្ញុំដូចអត់បានចាំ ថាគាត់(ជា ហ៊ាន) បានរាយការណ៍មក»។
តាមលោក ជា ហ៊ាន លោកចង់ឱ្យមន្ត្រីជំនាញចុះចុចប្រព័ន្ធ GPS ដើម្បីបញ្ជាក់ថា ដីនោះគឺពិតជាដីរបស់ដែនជម្រកសត្វព្រៃមែន ហើយដែលមន្ទីរត្រូវតែដកហូតមកទុកជាសម្បត្តិរដ្ឋវិញ៕