ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង​ ៥០០ ​ស្ថាប័ន​ ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ច្បាប់​ស្តីពី​ការរៀបចំ​ និង​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​តុលាការ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​។

ការស្នើសុំ​របស់​អង្គការ​សង្គមស៊ីវិល​នេះ​ធ្វើឡើង​ក្នុង​វេទិកា​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ទី​ ៤ ​ដែល​ត្រូវបាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​ ៣ ​ខែ​កុម្ភៈ​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​តំណាង​ក្រសួង​ពាក់ព័ន្ធ ប្រតិភូ​រាជរដ្ឋាភិបាល អាជ្ញាធរ​រាជធានី-ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ប្រមាណ​ជាង​ ៣០០ ​នាក់​។

លោក​ សឿង សារឿន នាយកប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​បាន​ថ្លែង​ជំរុញ​និង​លើក​ទឹកចិត្ត​រាជរដ្ឋាភិបាល ពិចារណា​ការធ្វើ​វិសោធនកម្ម​ច្បាប់​ ៣ រួមមាន ១. ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ២. ​ច្បាប់​ស្តីពី​ការរៀបចំ​ និង​ការប្រព្រឹត្ត​ទៅ​នៃ​អង្គការ​តុលាការ ៣. ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​។

លោក​បញ្ជាក់ថា​៖ «​តាមពិត ពួកគេ​ [​ចៅក្រម​ និង​ព្រះរាជអាជ្ញា​] ​នៅតែ​មាន​សេរីភាព សិទ្ធិ​ចូលរួម និង​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ​ណាមួយ​តាម​បំណង​របស់​ពួកគេ​ជា​បុគ្គល​ម្នាក់​។ ការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​ពួកគេ​ចូលរួម​ក្នុង​ជីវិត​នយោបាយ​អាច​ជា​ជម្រើស​ប្រសើរ ដើម្បី​ធានា​នូវ​អព្យាក្រឹត​នៃ​ផ្នត់គំនិត​»​។

មន្ត្រី​សង្គម​ស៊ីវិល​រូបនេះ​បន្ថែម​ថា​ប្រទេស​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្តីពី​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម តែ​ប្រទេស​កម្ពុជា​មិន​អនុវត្ត​ប្រព័ន្ធ​បារាំង​នៅក្នុង​ករណីនេះ​ទេ​។ លោក​ថា ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​អង្គការ​តុលាការ​គួរតែ​មាន​ឯករាជភាព​បន្ថែម​ពី​រដ្ឋបាល​សាធារណៈ​។ ជាពិសេស​ឯករាជភាព​នៃ​ការចំណាយ​ថវិកា​ក្នុង​ដំណើរការ​រដ្ឋបាល​ដោយ​ឯករាជ្យ​ពី​នីតិប្រតិបត្តិ ហើយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​តុលាការ​នៅក្រោម​រដ្ឋបាល​នៃ​ក្រសួង​យុត្តិធម៌​។

លោក​ សារឿន លើក​ឡើង​ដែរ​ថា អង្គការ​សង្គម​ស៊ីវិល​ក៏​ជំរុញ​ និង​លើក​ទឹកចិត្ត​ក្រសួង​មហាផ្ទៃ​បន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ខ្លឹមសារ​សេចក្តី​ជូនដំណឹង​ស្តីពី​ការលុបចោល​ការជូន​ដំណឹង​មុន​ធ្វើ​សកម្មភាព​បន្ថែមទៀត​។ លោក​ក៏​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​អនុវត្ត​ដោយ​ស្មើភាព​គ្នា​ចំពោះ​គ្រប់​និន្នាការ​ប្រតិបត្តិការ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​។ អនុវត្ត​ដោយ​គ្មាន​ការរើសអើង និង​បញ្ចប់​នូវ​រាល់​រូបភាព​នៃ​ការតាមដាន ការឃ្លាំមើល​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​អាច​ជះឥទ្ធិពល​ដោយផ្ទាល់ និង​ប្រយោល​ទៅ​លើ​ការបំពេញ​ការងារ​មនុស្សធម៌​។

លោក​បញ្ជាក់ថា​៖ «[​ក្រសួង​] ​បន្ត​យកចិត្ត​ទុកដាក់​ពង្រឹង​ និង​ពង្រីក​ការផ្សព្វផ្សាយ​ [​បទបញ្ជា​របស់​ក្រសួង​មហាផ្ទៃ​] ​ឲ្យ​បានជា​ប្រចាំ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ ក្រសួងមហាផ្ទៃ​គួរ​មាន​វិធានការ​ដាក់ទោស ពិន័យ​ផ្នែក​រដ្ឋបាល​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​រូប​ណា​ដែល​មិន​ព្រម​អនុវត្ត ឬ​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​បទបញ្ជា​នេះ​»​។

លោក​បន្ថែមថា​អង្គការ​សង្គម​ស៊ីវិល​ក៏​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពន្លឿន​ការតាក់តែង និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​ស្នើ​ពិចារណា​ទទួលយក​ធាតុ​ចូល​ដែល​ដាក់​ស្នើ​ដោយ​អង្គការ​សង្គមស៊ីវិល​។ លោក​ថា​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ការធ្វើ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​លើ​ការពង្រឹង​អព្យាក្រឹតភាព​មន្ត្រីរាជការ​សាធារណៈ​។

ទន្ទឹមនេះដែរ​លោក​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា មូលហេតុ​ដែល​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា ដោយសារ​តែ​ច្បាប់​នេះ​មិន​ចែង​ច្បាស់​អំពី​ការដាក់​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​ឲ្យ​នៅ​ឆ្ងាយ​ពី​អព្យាក្រឹតភាព​នយោបាយ​។

លោក​ ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ថ្លែងថា​ប្រព័ន្ធតុលាការ​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​រង​ការរិះគន់​ថា ពុំទាន់​អាច​ផ្តល់​យុត្តិធម៌​សង្គម ដោយសារ​តែ​មន្ត្រី​តុលាការ​មួយចំនួន​ធំ​មាន​ការជាប់​ពាក់ព័ន្ធ​ទៅ​នឹង​និន្នាការ​នយោបាយ និង​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​អំពើ​ពុករលួយ​។

លោក​បញ្ជាក់ថា​៖ «​ទាល់តែ​មាន​ច្បាប់​មួយ​ល្អ​ និង​ការអនុវត្ត​ល្អ​ហ្នឹង​បាន​ធ្វើឲ្យ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​អាច​ស្តារ​មុខមាត់​ឡើងវិញ​ និង​ជំនឿ​ពី​ប្រជាពលរដ្ឋ​ និង​សាធារណៈ​បើ​មិន​ដូច្នេះ​ទេ​នៅ​តែ​ទទួល​ការរិះគន់​»​។

លោក​ ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែងថា ការស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការធ្វើ​វិសោធនកម្ម​ពាក់ព័ន្ធ​នឹង​ច្បាប់​ទាំង​ ៣ ​នេះ​វា​អាស្រ័យ​ទៅលើ​ការសម្រេចចិត្ត​របស់​ក្រសួងយុត្តិធម៌ ថា​តើ​ក្រសួង​យុត្តិធម៌​ពិនិត្យមើល​សំណើ​ហ្នឹង​ ឬ​មិន​ពិនិត្យ​ពិចារណា​ទៅលើ​ការស្នើសុំ​នេះ​។

ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន លោក​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ហើយ​ថា ច្បាប់​នេះ​នឹងត្រូវ​ចេញ​ក្នុង​ឆ្នាំ​ ២០២០ នេះ​។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក​ ជិន ​ម៉ាលីន បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​យើង​ស្វាគមន៍​នូវ​ការស្នើសុំ​ក៏ដូចជា​មតិយោបល់​របស់​អង្គការ​សង្គម​ស៊ីវិល​ថា តើ​កន្លែង​ណា​ដែល​អនុវត្ត​ទៅ​មិនបាន និង​មិនមាន​ប្រសិទ្ធភាព​ហើយ​ស្នើសុំ​ការកែប្រែ ហើយ​យើង​នឹង​ធ្វើការ​ពិចារណា​ប្រសិនបើ​មាន​មូលដ្ឋាន​ច្បាស់លាស់​។ ពីព្រោះ​ការធ្វើ​ច្បាប់​ទាំងអស់​នេះ​យើង​ផ្អែក​ទៅ​លើ​មូលដ្ឋាន​បទពិសោធ និង​ការអនុវត្ត​អន្តរជាតិ​របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍ និង​ប្រជាធិបតេយ្យ​មួយ​ចំនួន​ធំ​»៕