ភ្នំពេញៈ មន្ត្រី​សង្គម​ស៊ីវិល​សរសើរ​ពី​កិច្ចប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​ការលាង​សម្អាត​ប្រាក់ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពេល​ថ្មីៗ​នេះ​បាន​ផ្តន្ទាទោស​ជនជាតិ​ចិន​ចំនួន​ ៥ ​នាក់​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការលាង​សម្អាត​ប្រាក់​ ២ ​ករណី​ដែល​មាន​តម្លៃ​ទឹកប្រាក់​ជាង​ ១,៧៥ ​លាន​ដុល្លារ​។

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​កក្កដា ឆ្នាំ​ ២០២០ បាន​កាត់ទោស​ជនជាតិ​ចិន​ចំនួន​ ៥ ​នាក់​ (​ម្នាក់​កំបាំងមុខ​) ​ដាក់​ពន្ធនាគារ​ដោយ​កំណត់​ម្នាក់ៗ​ ២ ​​ឆ្នាំ ​ពាក់ព័ន្ធ​នឹង​បទល្មើស​លាង​លុយកខ្វក់​សរុប​ជាង​ ១,៧៥ ​លាន​ដុល្លារ ក្នុង​ករណី​ ២ ដាច់​ដោយ​ឡែក​ពីគ្នា​ដែល​ប្រព្រឹត្ត​កាលពី​ឆ្នាំ​ ២០១៩​។

សំណុំរឿង​ទី​ ១ មាន​ជនជាប់ចោទ​ចំនួន​ ៤ ​នាក់​រួមមាន​ឈ្មោះ Yang Yongwei, Huang Canming, Wu Li, Li Zheng Zheng ជា​ជនជាតិ​ចិន​ទាំងអស់​។ ជនជាប់ចោទ Yang Yongwei, Huang Canming និង Li Zheng Zheng ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៩ ខែកក្កដា ឆ្នាំមុន​ពាក់ព័ន្ធ​នឹង​ការនាំចូល​សាច់ប្រាក់​ចំនួន​ ៩០ ​ម៉ឺន​ដុល្លារ​ ដែល​គ្មាន​ប្រភព​ច្បាស់លាស់​មកកាន់​កម្ពុជា​តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

បើ​តាម​សាលក្រម​ដែល​បានប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃទី​ ១៣ ខែ ​កក្កដា ឆ្នាំ​ ២០២០ បាន​បញ្ជាក់ថា ជនសង្ស័យ​ ៣ ​នាក់ ​រួមមាន​ឈ្មោះ Yang Yongwei, Li Zheng Zheng, និង​ឈ្មោះ​ Huang Canming បាន​ប្រាប់​តុលាការ​ថា ពួកគេ​បាន​យកប្រាក់​ទាំង​ ៩០ ​ម៉ឺន​ដុល្លារ​ ពី​ក្រុង​ហុងកុង​ចូល​កម្ពុជា​តាម​បញ្ជា​របស់​ស្ត្រី​ជនជាតិ​ចិន​ឈ្មោះ Wu Li អាយុ​ ៣៥ ​ឆ្នាំ​។

ជនជាប់ចោទ​ទាំង​ ៤ ​នាក់​ ក៏​ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​បង់ប្រាក់​ម្នាក់ៗ​ចំនួន​ ៤០ ​លាន​រៀល​។ តុលាការ​ក៏​បាន​ចេញ​ដីកា​ឲ្យ​ចាប់​ស្ត្រី​ឈ្មោះ Wu Li និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ផងដែរ​។

រីឯ​សំណុំរឿង​ ១ ​ទៀត​ត្រូវ​បាន​ប្រកាស​សាលក្រម​ជា​សាធារណៈ​កាលពី​ថ្ងៃទី​ ៣០ ខែ​កក្កដា ​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ​ Liao Jingoing អាយុ​ ៤៩ ​ឆ្នាំ ជនជាតិ​ចិន​រស់នៅ​ក្រុង​ឈាន​ចូវ ខេត្ត​ហ្វូចៀន ប្រទេស​ចិន​។ ជនជាប់ចោទ Liao Jingoing ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២ ​ឆ្នាំ និង​ពិន័យ​ប្រាក់​ ១២ ​លាន​រៀល​។ ចំណែក​ប្រាក់​ដែល​នាំចូល​ទាំង​ ៨៥៥ ០០០ ​ដុល្លារ ​ត្រូវ​បាន​រឹបអូស​។ ប៉ុន្តែ​សាលក្រម​មិនបាន​បញ្ជាក់ថា តើ​ជន​រូបនេះ​ពាក់ព័ន្ធ​នឹង​បុគ្គល​ណា​ផ្សេងទៀត​ទេ​។

ជនជាប់ចោទ​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ២៩ ខែ​ ឧសភា ឆ្នាំ​ ២០១៩ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​រកឃើញ​សាច់ប្រាក់​ចំនួន​ ៨៥៥ ០០០ ​ដុល្លារ​អាមេរិក​ នាំចូល​ពី​ហុងកុង គ្មាន​ប្រភព​ច្បាស់លាស់​។ មុនពេល​ចាប់ខ្លួន​ជនជាប់ចោទ បម្រើការ​នៅ​ក្រុមហ៊ុន​ជួសជុល​កែលម្អ និង​សាងសង់​អគារ​នៅ​ក្រុង​ឈានចូវ ខេត្ត​ហ្វូចៀន ប្រទេស​ចិន​។

លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​កោតសរសើរ​ចំពោះ​ការស៊ើបអង្កេត និង​ការផ្ដន្ទាទោស​នេះ​។

លោក​បាន​ថ្លែងថា​៖ «​ការស៊ើបអង្កេត​ដោយ​ប្រសិទ្ធភាព​ដែល​ឈានដល់​ការផ្ដន្ទាទោស​ជនល្មើស ពាក់ព័ន្ធ​នឹង​អំពើ​លាង​លុយ​គឺជា​ជំហាន​ដ៏សំខាន់​បំផុត​មួយ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការសម្អាត​ប្រាក់​នៅ​កម្ពុជា ដូច​ដែល​ក្រុមការងារ​ហិរញ្ញវត្ថុ FATF បាន​លើក​ជា​អនុសាសន៍​»​។

លោក​បន្តថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​ដល់​ក្រសួងយុត្តិធម៌ និង​តុលាការ​ក្រុង​ភ្នំពេញ​សម្រាប់​ការប្រឹងប្រែង​នេះ ហើយ​ខ្ញុំ​ចង់ឃើញ​ការអនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​លើ​បញ្ហា​នេះ ដោយសារ​តែ​កម្ពុជា​ត្រូវ​បានដាក់​ក្នុង​បញ្ជី​រដ្ឋ​មាន​ហានិភ័យ​ខ្ពស់​។ ការប្រយុទ្ធ​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នឹង​ចូលរួម​ធ្វើឲ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​»​។

កាលពី​ពេល​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ចំនួន​ ២ គឺ​ច្បាប់​ថ្មី​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្ដីពី​ការប្រឆាំង​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ​ដែល​ជា​ផ្នែក​ ១ ​នៃ​ការតាំង​ចិត្ត និង​កិច្ចខិតខំ​របស់​ខ្លួន ដើម្បី​សហការ​ជាមួយ​នឹង​ស្ថាប័ន​អន្តរជាតិ និង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការលាង​លុយ និង​អំពើ​ភេរវកម្ម​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១១ ខែ​សីហា ថា​ កម្ពុជា​ស្ថិតក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការសម្អាត​ប្រាក់​។ ​កម្ពុជា​តែង​ធ្វើ​បច្ចុប្បន្ន​ភាពស្រប​ទៅតាម​លក្ខខណ្ឌ​នានា​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អង្គភាព​ប្រឆាំង​អំពើ​លាង​លុយ​អន្តរជាតិ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការផ្ដន្ទាទោស​ជនល្មើស​ទាំងនេះ​ពី​បទ​លាងសម្អាត​ប្រាក់ គឺជា​សារ​មួយ​សម្រាប់​អន្តរជាតិ ជាពិសេស​សម្រាប់​ក្រុម​ ឬ​បណ្ដាញ​លាង​លុយ​ឲ្យ​បាន​យល់ច្បាស់​ថា កម្ពុជា​មាន​ជំហរ​ប្រឆាំង​នឹង​ការលាង​លុយកខ្វក់​»៕