រតនគីរីៈ សង្ឃ​មួយ​អង្គ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​រតនគិរី​នៅ​ថ្ងៃ​សុក្រ​នេះ​បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៩ ឧសភា ពាក់ព័ន្ធ​ការចូល​លួច​ព្រះពុទ្ធរូប​ ១ ​អង្គ​នៅ​ក្នុង​កុដិ​ចៅអធិការ​វត្ត​វ៉ឺនសៃ ក្នុង​ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី​។

លោក ទី នូថង អធិការ​នគរបាល​ស្រុក​វ៉ឺនសៃ​បាន​ប្រាប់​ឲ្យ​ដឹងថា​ករណី​សង្ឃ​ ១ ​អង្គ​ដែល​បាន​លួច​ព្រះពុទ្ធរូប​នៅ​ក្នុង​វត្ត​វើនសៃ​នៅ​ភូមិ-ឃុំ-ស្រុក​វ៉ឺនសៃ​នោះ​ខាង​ជំនាញ​បាន​សាកសួរ​ និង​កសាង​សំណុំ​រឿង​ចប់​ហើយ​ហើយ​នៅ​ថ្ងៃ​សុក្រ​នឹង​បញ្ជូន​ជនសង្ស័យ​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ហើយ​។

លោក​ថ្លែង​ប្រាប់​ថា​៖ «​អតីត​សង្ឃ​អង្គ​នេះ​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​ហើយ​សមត្ថកិច្ច​របស់​ខ្ញុំ​បាន​កសាង​សំណុំ​រឿង​ចប់​ហើយ​ដើម្បី​បន្ត​នីតិវិធី​ទៅ​តុលាការ​»​។

លោក​អធិការ​ប្រាប់​ថា​ជនសង្ស័យ​ឈ្មោះ​ ឡុង សុខន ​អាយុ​ ៣២ ​ឆ្នាំ​ជា​សង្ឃ​គង់​នៅ​​វត្ត​ ១ ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​មាន​ស្រុក​កំណើត​ភូមិ​តាលន់ ឃុំ​ស្លាម៉ាត ស្រុក​ស្អាង ខេត្ត​កណ្តាល​បាន​លួច​ព្រះពុទ្ធរូប​ធ្វើ​ពី​ស្ពាន់​ទម្ងន់​ជាង​ ៣៦ ​គីឡូក្រាម​។

លោក​ ទី នូថង រំឭក​ប្រាប់​ថា​មុន​កើតហេតុ​ព្រះចៅអធិការ​វត្ត​វ៉ឺនសៃ ព្រះនាម​ លឿន ថងមី ​បាន​និមន្ត​ទៅ​ខេត្ត​ចំនួន​ ២ ​ទៅ​ ៣ ​ថ្ងៃ​ហើយ​ព្រះអង្គ​បាន​ចាក់សោ​ទ្វារ​កុដិ​ផង​ដែរ​។ លុះ​ដល់​ថ្ងៃទី​ ៩ ឧសភា ព្រះចៅអធិការ​វត្ត​ក៏​និមន្ត​មក​វត្ត​វិញ​ប៉ុន្តែ​ពេល​លោក​ចាក់សោ​ចូល​ទៅ​ក្នុង​កុដិ​ក៏​ឃើញ​បាត់​ព្រះពុទ្ធ​រូប​នោះ​តែ​ម្តង​។

សង្ឃ​នោះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​គាត់​បាន​ចូល​លួច​ព្រះពុទ្ធ​រូប​នោះ​នៅ​ពេល​យប់ និង​ចូល​តាម​បង្អួច​ក្រោយ​កុដិ​ដោយ​យក​ព្រះពុទ្ធ​រូប​នោះ​ច្រក​ក្នុង​ការុង​ហើយ​សម្រូត​ចុះ​មក​ដី​។ ​បន្ទាប់ពី​សម្រូត​ព្រះពុទ្ធ​រូប​នោះ​ដល់​ដី​ហើយ​សង្ឃ​កំហូច​នោះ​បាន​លី​ព្រះពុទ្ធ​រូប​នោះ​ទៅ​លាក់ទុក​នៅ​ក្នុង​ព្រៃ​៕