បន្ទាយមានជ័យៈ គណៈសង្ឃខេត្តបន្ទាយមានជ័យបានសម្រេចចាប់ផ្សឹកព្រះសង្ឃមួយអង្គកាលពីម្សិលមិញនៅក្នុងវត្តភ្នំបាក់លើ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីរកឃើញភ័ស្តុតាងពីការរំលោភផ្លូវភេទលើស្ត្រីវ័យក្មេងម្នាក់ដែលត្រូវបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
លោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យបានថ្លែងថាគណៈសង្ឃខេត្តបានសម្រេចផ្សឹកព្រះសង្ឃនាម ស្រិល វណ្ណា អតីតចៅអធិការវត្តភ្នំបាក់លើកាលពីវេលាម៉ោង ១ និង ១៥ នាទីរសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៨ នេះហើយ បន្ទាប់ពីគណៈសង្ឃខេត្តបានចាប់ផ្តើមធ្វើសភាធម្មវិន័យសង្ឃ (ប្រជុំស៊ើបសួរសង្ឃ) ចាប់តាំងពីល្ងាចថ្ងៃទី ៤ ខែមិថុនា។ តាមការប្រជុំស៊ើបសួរគណៈសង្ឃខេត្តបានរកឃើញភ័ស្តុតាងជាអាបត្តិបរាជិកកាមេក្នុងវិន័យសង្ឃហើយក៏ស្របទៅតាមការសារភាពទទួលកំហុសរបស់សង្ឃអង្គនេះផ្ទាល់តែម្តង។
នៅក្នុងវីដេអូឃ្លីបអំពីការផ្សឹកព្រះសង្ឃ ស្រិល វណ្ណា ដែលត្រូវបានគេបង្ហោះកាលពីរសៀលម្សិលមិញបង្ហាញពីប្រជាពុទ្ធបរិស័ទជាច្រើនទស្សនាបាន Like និងស៊ែរចែករំលែកការបញ្ចេញមតិមានទាំងការអាណិត និងរិះគន់ភាគីទាំងសងខាង។
លោក សុភ័ត ថ្លែងថាយោងតាមការឆ្លើយបំភ្លឺនៅក្នុងសភាធម្មវិន័យសង្ឃខេត្ត អតីតសង្ឃ ស្រិល វណ្ណា អាយុ ៣៦ ឆ្នាំបានឲ្យដឹងថាករណីបរាជិកកាមេរហូតឈានដល់សេពមេថុននោះគឺកើតឡើងនៅឯផ្ទះខាងស្រីទេ ពុំមែននៅកុដិរបស់លោកទេ ហើយក៏ជាការយល់ព្រមនឹងគ្នាដែរគឺពុំបានចាប់បង្ខំអ្វីឡើយ។
លោក សុភ័ត ថ្លែងថា៖ «តាមទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំជា បុថុជ្ជនធម្មតាទេ ករណីនេះវាត្រូវនឹងពាក្យខ្មែរបុរាណពោលថា ប្រុសប្រកែក ស្រីប្រកាន់ នោះឯង»។ «នេះជាករណីចម្លែកមួយដែលភាគីខាងស្រីបានទៅចូលរួមស្តាប់សភាសង្ឃនោះដែរ ហើយថែមទាំងបានផ្តល់ឯកសារភ័ស្តុតាងមួយចំនួនថែមទៀតនៅក្នុងការជំនុំជម្រះសង្ឃនោះភាគីខាងស្រីក៏បានឆ្លើយដាក់បន្ទុកថាព្រះសង្ឃ ស្រិល វណ្ណា បានចាប់រំលោភសេពសន្ធវៈលើរូបនាង»។
លោក សុភ័ត អះអាងថាអតីតចៅអធិការរូបនោះបានសារភាពទទួលកំហុសហើយបានដោះបន្ទុកថា នៅពេលនោះមានការវង្វេងវង្វាន់ស្មារតី។
លោកបានអះអាងថែមទៀតថារឿងរ៉ាវដើមចមគឺប្រហែលជាពាក់ព័ន្ធតាំងពីរយៈពេល ២-៣ ឆ្នាំមកហើយគឺពេលដែលនាងនោះ (Nhom Lyta ឈ្មោះនៅក្នុងបណ្តាញ Facebook និងមានអាយុ ១៩ ឆ្នាំ) មានជំងឺធ្ងន់ធ្ងររកពេទ្យហ្មព្យាបាលពុំជាសះស្បើយ លុះក្រោយពីម្តាយខាងស្រីបាននិមន្តលោកគ្រូចៅអធិការ (ស្រិល វណ្ណា) ឲ្យទៅស្រោចទឹក ដាក់ថ្នាំព្យាបាលដល់ផ្ទះនៅឯក្រុងប៉ោយប៉ែតជាច្រើនដងរហូតបានជាសះស្បើយ ម្តាយខាងស្រីនោះក៏ប្រគេនបច្ច័យមួយចំនួនធំដល់ព្រះសង្ឃអង្គនេះ ប៉ុន្តែលោកបដិសេធពុំទទួលបច្ច័យនោះទេ រហូតដល់ស្ត្រីជាម្តាយបានទូលព្រះសង្ឃថា បើដូច្នេះប្រគេនកូនស្រីនេះដល់សង្ឃអង្គនោះតែម្តងហើយ។
លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានថ្លែងថា សមត្ថកិច្ចមិនទាន់មានវិធានការផ្លូវច្បាប់ទេព្រោះរឿងនេះជារឿងសាសនានៅក្នុងសមត្ថកិច្ចរបស់គណៈសង្ឃ។
លោក អាត់ ខែម ថ្លែងថា៖ «យើងអាចធ្វើការអ្វីទៅបានទាល់តែបទល្មើសជាក់ស្តែង ឬមានពាក្យបណ្តឹង»។
លោក ទូច ធុល ប្រធានអាចារ្យវត្តប៉ាលិលេយ្យក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានថ្លែងថាការផ្សឹកសង្ឃនេះជាគំរូកុំឲ្យខូចដល់ព្រះពុទ្ធសាសនា។
លោក សេង សុមនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ប្រសិនបើវិន័យធម៌លោកពិនិត្យទៅឃើញថាទោសទណ្ឌធ្ងន់គឺសម្រេចតាមវិន័យរបស់សង្ឃត្រឹមត្រូវហើយ»៕