រតនគិរី: អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​បង្ហាញ​​ក្ដីបារម្ភ​ពី​សត្វ​ត្រដក់​តូច​ដែល​មាន​វត្តមាន និង​ពងកូន​នៅ​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្តរតនគិរី កំពុង​រង​ការគំរាមកំហែង​ខ្លាំង ដោយសារ​ការបាត់បង់​ទីជម្រក និង​ការរំខាន​ពី​សកម្មភាព​មនុស្ស​។

លោក ប៊ូ វរសក្ស នាយក​កម្មវិធី​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​ឱ្យដឹង​ពី​ម្សិលមិញ​ថា សត្វ​ត្រដក់​តូច​ជា​ប្រភេទ​បក្សី​កំពុង​រងគ្រោះ​ដែល​មាន​វត្តមាន និង​ពងកូន​ជាប្រចាំ​នៅ​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្តរតនគិរី​។ ក្នុង​រដូវកាល​ពងកូន​ឆ្នាំ​ ២០២០ ​នេះ​ក្រុម​ការងារ​បាន​រក​ឃើញ​ចំនួន ៥ ​សម្បុក​នៅ​ដែនជម្រកសត្វព្រៃ​ក្នុងនោះ​មាន​ ២ ​សម្បុក​ត្រូវបាន​បំផ្លាញ​ដោយ​កត្តា​ធម្មជាតិ​។

លោក​បន្តថា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៩ ​សម្បុក​សត្វ​នេះ​មាន​ការថយចុះ​គួរឱ្យ​ព្រួយបារម្ភ ដោយសារ​កត្តា​ជាច្រើន​ដូចជា ការបាត់បង់​ទីជម្រក​ដែលមាន​មនុស្ស​ចេញចូល​ច្រើន ហើយ​ទីតាំង​នោះ​ចាប់ផ្ដើម​មាន​អាជីវកម្ម​រ៉ែ​ថ្ម​ដែល​ធ្វើឱ្យមាន​ការរំខាន​អារម្មណ៍​ពួកវា​។ ដូច្នេះ​អ្នកជំនាញ​កំពុង​តាមដាន​ការបំផ្លាស់​ទី​របស់​ពួកវា ដោយ​គេ​មិនទាន់​ដឹងថា ពួកវា​បាន​ផ្លាស់​ទី​ទៅ​កន្លែង​ណាខ្លះ​ទេ​។

លោក ប៊ូ សវរក្ស បាន​ថ្លែងថា​៖ «​យើង​មិនទាន់​មាន​វិធីសាស្ត្រ​ក្នុង​ការធ្វើ​ជំរឿន​សត្វ​ត្រដក់​តូច​នេះ​នៅឡើយ​ទេ អ៊ីចឹង​ខ្ញុំ​មិនទាន់​ដឹង​ពី​ស្ថិតិ​សរុប​សត្វ​ត្រដក់​តូច​នេះដែរ ប៉ុន្ដែ​គ្រាន់តែ​យើង​រកឃើញ​តាម​ការប្រៀបធៀប​សម្បុក​ប្រចាំឆ្នាំ​ប៉ុណ្ណោះ​»​។

លោក​បញ្ជាក់ថា​៖ «​យើង​នឹង​ព្យាយាម​ស្តារ​ទីជម្រក​វា​ដែល​បាន​បាត់បង់​ឡើងវិញ ពួកយើង​នឹង​ធ្វើការ​រួមគ្នា ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ទាំងអស់​នេះ ដើម្បី​ការពារ​ដែនជម្រក​សត្វព្រៃ​ដែលជា​មរតក​មិនអាច​កាត់ថ្លៃ​ឱ្យបាន​គង់វង្ស​»​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា សត្វ​ត្រដក់​តូច​ជា​ប្រភេទ​សត្វស្លាប​កម្រ​ដែល​ស្ថិតក្រោម​ការអភិរក្ស​ពី​ក្រសួង​បរិស្ថាន និង​មានការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល​នានា​ដែល​ស្រឡាញ់​ធនធាន​ធម្មជាតិ​ទាំងនេះ​។ ដោយ​ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ព្យាយាម​អភិរក្ស​សត្វ​កម្រ​ទាំងអស់​តាមរយៈ​ការដោះស្រាយ​បញ្ហា​នានា​ដែល​កំពុង​ប្រឈម​។

លោក​បញ្ជាក់ថា​៖ «​យើង​ក៏​យល់ឃើញ​ដូច​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​គឺ​សត្វ​ត្រដក់​តូច​នេះ​ពិតជា​មាន​ការប្រឈម​ខ្លាំង​មែន​។ អ៊ីចឹង​បានជា​យើង​ត្រូវខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​តាម​ជំហានៗ ដើម្បី​ការពារ និង​អភិរក្ស​បន្ថែម​តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់ ការអប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​ដល់​សហគមន៍ ឬ​ពលរដ្ឋ​ឱ្យបាន​យល់ដឹង​ទាំងអស់​គ្នា​ពី​កិច្ចអភិរក្ស​សត្វ​កម្រ​ទាំងអស់នេះ​»​។

លោក ភក្ត្រា ថ្លែងថា ទន្ទឹមនឹង​ការអប់រំ​ផ្សព្វផ្សាយ​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតែ​បន្ត​ជំរុញ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ព្រោះ​ការបង្ក្រាប​ជា​ការងារ​ចាំបាច់​បំផុត​ក្នុង​ចំណោម​វិធានការ​ជាច្រើន​ទៀត​៕